រូបគំនូរបង្ហាញពីសកម្មភាពកសិកម្មរបស់ប្រជាជនអេហ្ស៊ីប ទីដែលកកើតរដ្ឋដំបូងក្នុងប្រវត្តិមនុស្សជាតិ

ថតកម្មវិធីនេះទុក

មនុស្សសម័យបុរេប្រវត្តិ ដែលបានចាប់វត្តមានដំបូងនៅលើភពផែនដី ក្នុងតំបន់អាហ្រ្វិកខាងកើត បានចាប់ផ្តើមផ្លាស់ទី រីកសាយភាយបន្តិចម្តងៗ ទៅកាន់តំបន់ដើមបូព៌ា អាស៊ី និងអឺរ៉ុប ហើយនៅចុងយុគសម័យទឹកកក (Ice Age) ប្រមាណជា ១ម៉ឺន ២ពាន់ឆ្នាំមុន វត្តមានរបស់មនុស្សជាតិបានរីកសាយភាយទៅស្ទើរតែគ្រប់ទីកន្លែង នៅទូទាំងពិភពលោក។

នៅក្នុងអំឡុងយុគសម័យទឹកកក ទឹកសមុទ្រនៅលើភពផែនដីមានកម្រិតកម្ពស់ទាបជាងពេលបច្ចុប្បន្ននេះ ពោលគឺ ជាកម្រិតទាបបំផុតដែលនៅកន្លែងខ្លះ ដូចជា ច្រកសមុទ្ររវាងរុស្ស៊ី និងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក (Bering Sea) ជាដើម តាមពិត គឺជាដីគោក ដែលអាចឲ្យមនុស្សធ្វើដំណើរឆ្លងកាត់ដោយថ្មើជើងបាន។ គឺនៅត្រង់កន្លែងនេះហើយ ដែលកាលពីប្រមាណជា ២ម៉ឺនឆ្នាំមុន មនុស្សបានធ្វើដំណើរដោយថ្មើរជើង ចេញពីតំបន់អាស៊ី ឆ្ពោះទៅកាន់ទ្វីបអាមេរិក។

ដូច្នេះ ជនជាតិដើមនៅអាមេរិក ដែលបច្ចុបន្នយើងច្រើនហៅថាជាជនជាតិឥណ្ឌាស្បែកក្រហម តាមការពិត គឺជាមនុស្ស ដែលមានដើមកំណើតមកពីអាស៊ី។ បុគ្គលិកលក្ខណៈជាប្រជាជនមកពីអាស៊ី ទាំងខាងរូបរាងកាយ និងទាំងឫសគល់នៃភាសា ដែលគេនៅតែអាចមើលឃើញនៅក្នុងចំណោមជនជាតិឥណ្ឌាអាមេរិក នាពេលបច្ចុប្បន្ន។

នៅក្នុងមួយផ្នែកដំបូងនៃសម័យកាលបុរេប្រវត្តិ ដែលគេឲ្យឈ្មោះថា “យុគថ្មបំបែក” (Paléolitique) មនុស្សដើមដំបូងចេះប្រើឈើ និងថ្ម ជាឧបករណ៍ ហើយបរិភោគសាច់ឆៅ។ ក៏ប៉ុន្តែ បន្តិចម្តងៗ មនុស្សចាប់ផ្តើមចេះច្នៃឧបករណ៍ប្រើប្រាស់ ដែលមានលក្ខណៈកាន់តែទំនើបជាងមុន ហើយចាប់ផ្តើមចេះប្រើភ្លើង ដើម្បីចម្អិនអាហារ។

មនុស្ស នៅក្នុង “យុគថ្មបំបែក” រស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើការបរបាញ់ និងការបេះផ្លែឈើព្រៃជាអាហារ។ នៅពេលនោះ មនុស្សមានកន្លែងច្រើនក្នុងការបរបាញ់។ តំបន់សាហារ៉ា នៅទ្វីបអាហ្វ្រិក ដែលជាចំណុចចាប់ផ្តើមដំបូង នៃវត្តមានរបស់មនុស្សជាតិ នៅជាតំបន់សម្បូរស្មៅ និងព្រៃ ហើយមិនទាន់ក្លាយជាវាលខ្សាច់ខ្សោះហួតហែងដូចជាពេលបច្ចុប្បន្ននេះ នៅឡើយទេ។

ក៏ប៉ុន្តែ ការប្រែប្រួលនៃអាកាសធាតុ បានធ្វើឲ្យតំបន់ដែលធ្លាប់តែសម្បូរព្រៃ ត្រូវក្លាយជាវាលខ្សាច់។ មនុស្សត្រូវជួបនឹងគ្រោះអត់ឃ្លាន ហើយត្រូវបង្ខំចិត្តរត់ទៅរកកន្លែងដែលមានព្រៃ ជាពិសេស ទៅនៅតាមដងទន្លេធំៗមួយចំនួន ដែលជាប្រភពទឹក ដូចជា ដងទន្លេនីល (Nile) នៅអាហ្វ្រិក, ទន្លេអឺហ្វ្រាត (Euphrates) និងទន្លេទីហ្រ្គីស (Tigris/Tigre) នៅក្នុងតំបន់មេសូប៉ូតាមី (Mesopotamie) ពោលគឺ នៅប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន, ទន្លេសិន្ធុ (ឬ Indus) នៅប៉ាគីស្ថាន និងឥណ្ឌាបច្ចុប្បន្ន និងទន្លេហ៊័ងហេ ឬទន្លេលឿង នៅក្នុងប្រទេសចិន។

ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា អរិយធម៌ធំៗដំបូងបង្អស់នៃមនុស្សជាតិ គឺចាប់កំណើត នៅក្នុងតំបន់ជាប់នឹងដងទន្លេទាំងនេះ គឺ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន។

ចំនួនមនុស្សដែលគេចេញពីតំបន់វាលខ្សាច់ មកប្រមូលផ្តុំគ្នា នៅតាមតំបន់ជាប់នឹងដងទន្លេធំៗទាំងនេះ មានកាន់តែច្រើនឡើងៗ រហូតដល់ពេលមួយ កន្លែងដ៏តូចចង្អៀតនេះ ក៏លែងអាចទ្រទ្រង់ជីវភាពរបស់មនុស្សទាំងនេះបាន ដោយសារតែកន្លែងបរបាញ់មានតិចជាងមាត់ដែលត្រូវចិញ្ចឹម។

ប្រឈមមុខនឹងបញ្ហានេះ នៅប្រមាណជា ៨ពាន់ឆ្នាំមុនគ្រឹស្តសករាជ ពោលគឺ ប្រមាណជា ១ម៉ឺនឆ្នាំមុន មនុស្សក៏ចាប់ផ្តើមបែកគំនិតបង្កើតរបៀបរស់នៅថ្មីស្រឡាងមួយទៀត ដែលជាបដិវត្តន៍ដ៏សំខាន់បំផុតរបស់មនុស្សជាតិ ហើយដែលគេឲ្យឈ្មោះថាជា “បដិវត្តន៍នៃយុគថ្មរំលីង” (Néolitique) នោះ គឺការបង្កើតរបរកសិកម្ម។

នៅក្នុងតំបន់វាលទំនាបតាមដងទន្លេ គេឃើញមានប្រភេទធញ្ញជាតិ ដែលដុះតាមលក្ខណៈជាស្មៅព្រៃ ហើយដែលមនុស្សយើងធ្លាប់តែទៅបេះបោច យកមកធ្វើជាអាហារ ទៅតាមលក្ខណៈធម្មជាតិ។ ក៏ប៉ុន្តែ ក្រោយមក មនុស្សបានបែកគំនិតដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុន គឺមនុស្សទៅបេះសម្រាំងគ្រាប់ធញ្ញជាតិដែលល្អៗ ហើយយកវាទៅដាំបន្ត ដើម្បីរង់ចាំប្រមូលផល។ ក្នុងពេលជាមួយគ្នា មនុស្សក៏បានចាប់ផ្តើមបង្វែពីការបរបាញ់ ទៅជាការចាប់សត្វព្រៃមកចិញ្ចឹម។

ការដាំដុះ និងការចិញ្ចឹមសត្វនេះ គឺជាការវិវឌ្ឍដ៏សំខាន់បំផុតរបស់មនុស្សជាតិ ពីព្រោះថា នៅក្នុងផ្ទៃដី ដែលមានទំហំដូចគ្នា ការប្រកបរបរកសិកម្មអាចចិញ្ចឹមមនុស្សបានច្រើនជាងការបរបាញ់ រហូតដល់ទៅ ១រយដង មានន័យថា បើកាលពីមុន ដែលមនុស្សពឹងផ្អែកលើការបរបាញ់ ផ្ទៃដីដ៏តូចចង្អៀតមួយ អាចចិញ្ចឹមជីវិតបានត្រឹមតែ ១ម៉ឺននាក់ ការបង្កើតរបរកសិកម្មអាចផ្តល់ផល សម្រាប់ចិញ្ចឹមមនុស្សរហូតដល់ទៅ ១លាននាក់។

ក្រោយពីមនុស្សចេះប្រកបរបរកសិកម្ម ចំនួនប្រជាជនសរុបនៅលើភពផែនដី បានកើនឡើង ពីរាប់លាននាក់ ទៅរាប់រយលាននាក់ ក្នុងរយៈពេលដ៏ខ្លី។ មនុស្សជាតិ ដែលពីមុនទទួលរងនូវការគំរាមកំហែងពីធម្មជាតិ ក៏បានប្រែក្លាយទៅជាការគំរាមកំហែងដល់ធម្មជាតិវិញ ពីព្រោះថា ការដាំដុះ និងចិញ្ចឹមសត្វ គឺជាសកម្មភាព ដែលមានការបំពុលបរិយាកាសខ្លាំងបំផុត ជាពិសេស គឺការបញ្ចេញឧស្ម័នមេតាន (CH4) ដែលជាដើមហេតុដ៏សំខាន់មួយ ដែលបង្កឲ្យផែនដីឡើងកម្តៅ។

នៅក្នុងយុគសម័យថ្មរំលីង ក្រោយពីបដិវត្តន៍កសិកម្ម មនុស្សនៅតាមតំបន់ខ្លះ នៅតែបន្តរស់នៅដោយការបរបាញ់ដូចពីមុន។ ក៏ប៉ុន្តែ នៅក្នុងតំបន់ជាប់នឹងដងទន្លេសំខាន់ៗទាំង ៤ មានការវិវឌ្ឍយ៉ាងលឿនបំផុត ទាំងរបៀបរស់នៅ ទាំងចំនួនប្រជាជន និងរបៀបចាត់ចែងរៀបចំសហគមន៍។ ការវិវឌ្ឍដែលបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ក្នុងប្រវត្តិនៃមនុស្សជាតិ គឺការបង្កើតរដ្ឋ។

រដ្ឋចាប់កំណើតដំបូងបង្អស់ នៅអេហ្ស៊ីប ដែលជាតំបន់ជាប់នឹងដងទន្លេនីល។ រដ្ឋកើតឡើងមុនគេនៅទីនេះ ដោយសារតែកត្តាសំខាន់ពីរ។

កត្តាទីមួយ ទាក់ទងនឹងការបែងចែកទឹកប្រើប្រាស់ ក្នុងការប្រកបរបរកសិកម្ម។ ដោយសារតែអេហ្ស៊ីប ជាតំបន់ដែលកម្រនឹងមានភ្លៀងធ្លាក់ ប្រជាកសិករ នៅទីនេះ ពឹងផ្អែកទាំងស្រុងលើប្រភពទឹកដែលមាននៅលើដី ដើម្បីយកមកប្រកបរបរកសិកម្ម។ ទៅតាមធម្មជាតិរបស់មនុស្ស គេឃើញថា អ្នកដែលស្ថិតនៅដីលើ ច្រើនតែព្យាយាមចង់ទប់ទឹក ដើម្បីប្រើប្រាស់តែខ្លួនឯង ដោយមិនគិតដល់អ្នកនៅដីក្រោម ដែលជាហេតុធ្វើឲ្យមានជម្លោះ ប្រកាប់ប្រចាក់គ្នា ដណ្តើមទឹកប្រើប្រាស់។

ដើម្បីបញ្ចៀសនូវជម្លោះឥតឈប់ឈរនេះ មនុស្សចាប់ផ្តើមមូលគំនិតគ្នា បង្កើតឲ្យមានមេដឹកនាំម្នាក់ គឺ “ស្តេច” ដើម្បីទទួលបន្ទុកចាត់ចែងបែងចែកទឹកឲ្យសមាជិកសហគមន៍ទាំងអស់បាន ប្រើប្រាស់ដោយស្មើភាពគ្នា។

កត្តាទីពីរ ដែលនាំឲ្យមានការបង្កើតរដ្ឋ គឺតម្រូវការសន្តិសុខ និងសុវត្ថិភាព។ មនុស្សសម័យដើម ដែលជាអ្នកប្រមាញ់ ក៏ជាអ្នកដែលចូលចិត្តធ្វើសង្រ្គាមផងដែរ។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលចាប់ផ្តើមប្រកបរបរកសិកម្ម គេនាំគ្នាទុកពេលមួយថ្ងៃៗ សម្រាប់តែការសាបព្រោះ ភ្ជួរាស់ ដាំដុះ និងប្រមូលផល ហើយលែងចង់រវីរវល់នឹងការធ្វើសង្រ្គាមទៀតហើយ។ ក្នុងពេលជាមួយគ្នា ពួកគេក៏ត្រូវការផងដែរឲ្យមានអ្នកការពារសុវត្ថិភាពរបស់ពួកគេ ក្នុងករណីមានអ្នកមកយាយីរំខាន់ការរស់នៅ, មកលួចប្លន់សត្វ ឬភោគផលដំណាំរបស់ពួកគេ។

ដូច្នេះ ប្រជាកសិករទាំងអស់នេះក៏មានគំនិតចង់ឲ្យសហគមន៍របស់ពួកគេ មានការរៀបចំជារចនាសម្ព័ន្ធត្រឹមត្រូវ មានអ្នកដឹកនាំ រក្សាសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់ពួកគេ។ ដោយសារតែកសិកម្ម គឺជាសកម្មភាព ដែលអាចផ្តល់ផលច្រើនលើសពីតម្រូវការប្រចាំថ្ងៃ ប្រជាកសិករអាចយកភោគផលមួយផ្នែកដែលសល់ពីតម្រូវការនេះ ម្នាក់បន្តិចៗ រួមបញ្ចូលគ្នា ដើម្បីយកទៅផ្គត់សកម្មភាពរបស់រដ្ឋ ចិញ្ចឹមស្តេច និងកងទ័ព។ ការអនុវត្តបែបនេះហើយ ដែលគេហៅថា ការបង់ពន្ធជូនរដ្ឋ។ រដ្ឋយកពន្ធពីប្រជាជន ក៏ប៉ុន្តែ រដ្ឋមានកាតព្វកិច្ចរក្សាសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់ប្រជាជន ព្រមទាំងមានភារៈចាត់ចែងបែងចែកធនធានឲ្យប្រជាជនអាចប្រើប្រាស់ដោយ ស្មើភាពគ្នា៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements