ពីរ៉ាមីដ នៅអេហ្ស៊ីប ដែលជាអច្ឆរិយវត្ថុរបស់ពិភពលោក GettyImages

ប្រមាណជា ៨ពាន់ឆ្នាំមុនគ្រឹស្តសករាជ (ប្រមាណជា ១ម៉ឺនឆ្នាំមុន) មនុស្សចាប់ផ្តើមចេះធ្វើកសិកម្ម ដើម្បីចិញ្ចឹមជីវិត ជំនួសឲ្យការបរបាញ់។ បដិវត្តន៍កសិកម្មនេះបានធ្វើឲ្យមនុស្សចាប់ផ្តើមមានតម្រូវការ សំខាន់មួយ គឺត្រូវការឲ្យមានអ្នកដឹកនាំ និងរចនាសម្ព័ន្ធសហគមន៍ត្រឹមត្រូវ ដែលជាទម្រង់ដំបូងនៃរដ្ឋ ដើម្បីចាត់ចែងបែងចែកធនធានទឹកឲ្យបានស្មើភាពគ្នា ដើម្បីប្រើប្រាស់ក្នុងការប្រកបរបរកសិកម្ម ព្រមទាំងរក្សាសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់ប្រជាកសិករ។

រដ្ឋ និងអរិយធម៌បានចាប់កំណើតឡើងមុនគេ នៅតាមតំបន់ដែលមនុស្សចាប់ផ្តើមបង្កើតរបរកសិកម្ម គឺតំបន់ទាំង ៤ ដែលជាប់នឹងទន្លេសំខាន់ៗ រួមមាន អេហ្ស៊ីប ជាប់នឹងទន្លេនីល មេសូប៉ូតាមី ជាប់នឹងដងទន្លេអឺហ្រ្វាត និងទន្លេទីហ្រ្គីស ឥណ្ឌា ជាប់នឹងដងទន្លេឥណ្ឌុស និងចិន ជាប់នឹងដងទន្លេលឿង។

ដោយសារតែសកម្មភាពដាំដុះ និងចិញ្ចឹមសត្វ ជាសកម្មភាពដែលអាចផ្តល់ផលបានយ៉ាងច្រើនលើសពីតម្រូវការប្រចាំថ្ងៃ រដ្ឋត្រូវមានភារៈដ៏សំខាន់មួយទៀត គឺចាត់ចែងស្តុកផលិតផលកសិកម្ម ដើម្បីបម្រុងទុកសម្រាប់ឆ្នាំណាដែលការដាំដុះមិនសូវផ្តល់ផលច្រើន។ ដើម្បីចាត់ចែងស្តុកផលិតផលដ៏ច្រើន និងក្នុងរយៈពេលយូរអង្វែងបែបនេះ គេចាំបាច់ត្រូវការឲ្យមានបញ្ជីកត់ត្រាចំណាំឲ្យបានច្បាស់លាស់ ហើយដើម្បីអាចកត់ត្រាបាន គេចាំបាច់ត្រូវបង្កើតអក្សរ។

ការបង្កើតអក្សរត្រូវបានគេចាត់ទុកថាជាដែនកំណត់ ពីសម័យកាលបុរេប្រវត្តិ ឈានចូលក្នុងសម័យកាលប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែ ដែនកំណត់នៃបុរេប្រវត្តិ មិនដូចគ្នាទាំងអស់ នៅគ្រប់ទីកន្លែងទូទាំងពិភពលោកនោះទេ ពីព្រោះថា ក្រុមមនុស្សដែលនៅកន្លែងផ្សេងៗគ្នា មិនបានចាប់ផ្តើមបង្កើតអក្សរក្នុងពេលព្រមគ្នានោះទេ។ នៅកន្លែងណា ដែលមិនទាន់មានការបង្កើតអក្សរ មនុស្សបន្តរស់នៅ ក្នុងសម័យកាលបុរេប្រវត្តិ។ ក្នុងពេលជាមួយគ្នានោះ នៅកន្លែងផ្សេងទៀត ដែលមានការបង្កើតអក្សរ មនុស្សចាប់ផ្តើមបោះជំហានចូលក្នុងសម័យកាលនៃប្រវត្តិសាស្រ្ត។

នៅអេហ្ស៊ីប មនុស្សចាប់ផ្តើមបង្កើតអក្សរ នៅប្រមាណជា ៣ពាន់ ទៅ៤ពាន់ឆ្នាំមុនគ្រឹស្តសករាជ (៥ពាន់ ទៅ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន) ហើយទម្រង់រដ្ឋដំបូងបង្អស់ក្នុងប្រវត្តិមនុស្សជាតិ គឺបានចាប់កំណើតឡើង នៅអេហ្ស៊ីបនេះឯង។

រដ្ឋចាប់កំណើតដំបូងនៅអេហ្ស៊ីប តាមដងទន្លេនីល គឺមកពីតម្រូវការចាំបាច់នៃអាកាសធាតុ។ អេហ្ស៊ីប ដែលស្ថិតនៅក្បែរវាលខ្សាច់សាហារ៉ា ជាតំបន់ដែលកម្រនឹងមានភ្លៀងធ្លាក់ ហើយប្រជាកសិករដែលរស់នៅទីនោះ ត្រូវការឲ្យមេដឹកនាំ និងរចនាសម្ព័ន្ធរដ្ឋ ដើម្បីជួយចាត់ចែងបែងចែកធនធានទឹកប្រើប្រាស់ឲ្យបានស្មើភាពគ្នា ចៀសវាងវិវាទ។

អេហ្ស៊ីបនៅក្នុងសម័យកាលនោះ គឺជាអាណាចក្រដែលមានប្រជាជនយ៉ាងច្រើន គឺប្រមាណពី ៧ ទៅ ៨លាននាក់ ហើយអាណាចក្រអេហ្ស៊ីបបានស្គាល់នូវភាពរុងរឿង និងឯករាជ្យ អស់រយៈពេលប្រមាណជា ២៥សតវត្សរ៍។ គឺនៅក្នុងអាណាចក្រអេហ្ស៊ីបសម័យបុរាណ និងសម័យកាលរុងរឿងនេះហើយ ដែលមានការសាងសង់ពីរ៉ាមីតជាច្រើន បន្សល់ទុកជាអច្ឆរិយវត្ថុរបស់មនុស្សជាតិរហូតមកទល់នឹងពេលបចុប្បន្ន។

អាណាចក្រអេហ្ស៊ីបឯករាជ្យ ត្រូវបានបញ្ចប់ នៅឆ្នាំ៥២៥មុនគ.ស. នៅពេលដែលអេហ្ស៊ីបត្រូវបានអាណាចក្រពែរ្ស៍វាយដណ្តើមកាន់កាប់។ ចាប់ពីពេលនោះមក អេហ្ស៊ីបក៏ត្រូវធ្លាក់ដុនដាប លែងស្គាល់ឯករាជ្យ រហូតទាល់តែដល់អំឡុងឆ្នាំ១៩៥០ថ្មីៗនេះប៉ុណ្ណោះ ទើបអេហ្ស៊ីបសម័យទំនើប និងឯករាជ្យបានចាប់កំណើតឡើងវិញ។

បន្ទាប់ពីអេហ្ស៊ីប រចនាសម្ព័ន្ធរដ្ឋក៏បានចាប់ផ្តើមចេញជារូបរាងឡើងដែរ នៅមេសូប៉ូតាមី (អ៊ីរ៉ាក់បច្ចុប្បន្ន)។ នៅតាមដងទន្លេអឺហ្វ្រាត និងទីហ្គ្រីស គេឃើញមានអាណាចក្រជាច្រើនបានចាប់កំណើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ អាណាចក្រមួយ ដែលត្រូវបានគេស្គាល់ទូទៅច្រើនជាងគេ គឺបាប៊ីឡូន។ អាណាចក្របាប៊ីឡូន មានរាជធានី នៅក្បែររដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់នាពេលបច្ចុប្បន្ន ហើយអាណាចក្របាប៊ីឡូនសម័យបុរាណ មានមហាក្សត្រមួយអង្គ គឺព្រះចៅហាមូរ៉ាប៊ី (Hammourabi) ដែលមានឈ្មោះល្បីក្នុងការយកមាត្រាច្បាប់មកចងក្រងធ្វើជាក្រម ច្បាប់ដ៏ពេញលេញមួយ ដែលគេស្គាល់ជាទូទៅថាជា “ក្រមហាមូរ៉ាប៊ី” បង្កើតឡើង តាំងពីប្រមាណជា ១៧៥០ឆ្នាំមុនគ.ស ហើយជាក្រមច្បាប់ដ៏ពេញលេញដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ។

អាណាចក្រនៅក្នុងតំបន់មេសូប៉ូតាមីក៏ជាអាណាចក្រដែលមានស្ថាបត្យកម្ម ដ៏រុងរឿងមិនចាញ់អេហ្ស៊ីបប៉ុន្មានដែរ ក៏ប៉ុន្តែ នៅមេសូប៉ូតាមី សំណង់ភាគច្រើន សង់ពីដីឥដ្ឋ ដែលមិនអាចនៅគង់វង់បានយូរដល់ពេលបច្ចុប្បន្ន ដូចជាសំណង់នៅអេហ្ស៊ីប ដែលសង់ពីថ្ម។

កាលពីសម័យដើម អេហ្ស៊ីប និងមេសូប៉ូតាមី ដែលមានព្រំប្រទល់ដែនជាប់គ្នា នៅប៉ាឡេស្ទីន គឺជាគូប្រជែងនឹងគ្នាយ៉ាងស្រួចស្រាវ។

ចេញពីមេសូប៉ូតាមី បើគេធ្វើដំណើរឆ្ពោះទៅទិសខាងកើត ហើយធ្វើដំណើរឆ្លងកាត់ពេលវេលា ប្រមាណជា ១ពាន់ ៥រយឆ្នាំក្រោយមកទៀត គេនឹងឃើញមានអរិយធម៌ពីរទៀត គឺឥណ្ឌា នៅតាមដងទន្លេឥណ្ឌុស (Indus) និងចិន នៅតាមដងទន្លលឿង។

ហេតុអ្វីបានជា ១ពាន់ ៥រយឆ្នាំ ក្រោយមក ទើបរដ្ឋចាប់កំណើតនៅ ឥណ្ឌា និងចិន? នៅក្នុងតំបន់នេះ ថ្វីដ្បិតតែ ការប្រែប្រួលអាកាសធាតុបណ្តាលឲ្យបាត់បង់ព្រៃឈើ បង្កជាវាលខ្សាច់ច្រើន ក៏ប៉ុន្តែ ខុសពីអេហ្ស៊ីប និងមេសូប៉ូតាមី តំបន់ជុំវិញដងទន្លេឥណ្ឌុស និងទន្លេលឿង គឺជាតំបន់ដែលសម្បូរភ្លៀង។ ហេតុដូច្នេះហើយបានជាដំណើរវិវឌ្ឍ ឆ្ពោះទៅការបង្កើតរដ្ឋ នៅឥណ្ឌា និងចិន បានធ្វើឡើងដោយសន្សឹមៗ ដោយសារតែ មនុស្សនៅក្នុងតំបន់នេះ មិនសូវជាមានតម្រូវការចាំបាច់ និងបន្ទាន់ខ្លាំង ក្នុងការបង្កើតជារចនាសម្ព័ន្ធរដ្ឋ ដើម្បីគ្រប់គ្រងបែងចែកធនធានទឹក ដូចជា នៅអេហ្ស៊ីប និងមេសូប៉ូតាមីនោះទេ។

១ពាន់ឆ្នាំមុនគ.ស (ជាង ៣ពាន់ឆ្នាំមុនសម័យកាលយើងបច្ចុប្បន្ន) អរិយធម៌ចំនួន ៤ បានចាប់កំណើតនៅលើភពផែនដី៖ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន ដោយមួយៗ មានប្រជាជនសរុបប្រមាណជា ១០លាននាក់ ហើយមានទំនាក់ទំនងជាមួយគ្នាច្រើន ទាំងការធ្វើសង្រ្គាម និងការជួញដូរ។

សូត្រ ដែលពេលនោះ មានផលិតតែនៅចិន ត្រូវបានគេនាំយកទៅលក់រហូតទៅដល់អេហ្ស៊ីប ដោយឆ្លងកាត់តាមផ្លូវគោកដ៏វែងឆ្ងាយ ដែលគេឲ្យឈ្មោះថា “ផ្លូវសូត្រ” ចេញពីឆាងអាន កាត់តាមឥណ្ឌា និងមេសូប៉ូតាមី រហូតទៅដល់អេហ្ស៊ីប។

និយាយពីសង្រ្គាមវិញ ចិន និងឥណ្ឌា ក្នុងសម័យបុរាណ មិនសូវជាធ្វើសង្រ្គាមនឹងគ្នាដោយផ្ទាល់ ច្រើនដូចជា អេហ្ស៊ីប និងមេសូប៉ូតាមីនោះទេ ក៏ប៉ុន្តែ រដ្ឋ និងបុរី នៅខាងផ្ទៃក្នុងអាណាចក្រចិនវិញ មានការធ្វើសង្រ្គាមស៊ីសាច់ហុតឈាមរវាងគ្នានិងគ្នា ដោយឥតត្រាប្រណី រហូតដល់ជាប់ឈ្មោះថាជា “អាណាចក្រសង្រ្គាម”។ រហូតដល់ឆ្នាំ២២០មុនគ.ស. ទើបអាណាចក្រចិនបានស្គាល់ការរួបរួមគ្នា ក្រោមការដឹកនាំរបស់អធិរាជ “ឈីន” (Qin)។

នៅក្នុងប្រវត្តិសាស្រ្តចិនសម័យបុរាណ គេឃើញមានយុគសម័យកាលរួបរួម និងរុងរឿង គឺសម័យរាជវង្សហាន (ពីឆ្នាំ២០០មុនគ.ស ដល់ឆ្នាំ២០០គ.ស.) រាជវង្សថាង (នៅអំឡុងសតវត្សរ៍ទី៧ ដល់ទី១០) រាជវង្សសុង (ចុងសតវត្សរ៍ទី១០ ដល់សតវត្សរ៍ទី១៣) រាជវង្សមីង (ចន្លោះសតវត្សរ៍ទី១៤ ដល់ទី១៧) ដែលត្រូវបានគេចាត់ទុកថាជាសម័យកាលរុងរឿងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តចិន ក៏ដូចជាប្រវត្តិមនុស្សជាតិ។

នៅចន្លោះសម័យកាលដ៏រុងរឿងអស់ទាំងនេះ ចិនធ្លាក់ក្នុងសម័យកាលខ្មៅងងឹត ដែលប្រជាជនស្គាល់នូវភាពបាក់បែក ប្រកាប់ប្រចាក់គ្នា និងភាពអនាធិបតេយ្យ ដូចជា សម័យកាលនគរទាំងបី ជាដើម ដែលជាសម័យកាលមួយមានការបង្ហូរឈាមខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តចិន និងដែលគេច្រើនយកមកសរសេរជារឿង ជាល្ខោន ឬផលិតជាកុន ដូចជា រឿង “សាមកុក” ជាដើម។

ក្រៅពីហេតុការណ៍បះបោរ រដ្ឋប្រហារ ការធ្វើសង្រ្គាមផ្ទៃក្នុងគ្នាឯង អាណាចក្រចិនសម័យបុរាណ ក៏ប្រឈមមុខនឹងការគំរាមកំហែងដ៏ធំមួយទៀតដែរ គឺការឈ្លានពានពីសំណាក់ពួកក្រុមកុលសម្ព័ន្ធ ដែលបន្តរស់នៅតាមរបៀបសម័យបុរេប្រវត្តិ។ ដើម្បីការពារខ្លួនពីការឈ្លានពាន ពីសំណាក់ពួកទាំងនេះហើយ ដែលចិនបានសង់ជាមហាកំផែង ដែលបន្តទុករហូតមកទល់នឹងសព្វថ្ងៃនេះ។

អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា ចិន… នេះហើយគឺជាអរិយធម៌ដំបូងបង្អស់នៃមនុស្សជាតិ។ គឺជាទីកន្លែងចាប់កំណើតនៃកសិកម្ម តាំងពីរាប់ពាន់ឆ្នាំមុន។ របៀបរស់នៅ ដែលយើងនៅតែបន្តឃើញមានមកទល់នឹងពេលបច្ចុប្បន្ន។ គំនិតច្នៃប្រឌិត និងរបកគំហើញមួយចំនួន ដូចជា ត្រីវិស័យ រំសេវផ្ទុះ ក្រមច្បាប់ ជាដើម គឺសុទ្ធសឹងជាមរតក ដែលបន្សល់ទុកដោយអរិយធម៌ដ៏ចំណាស់ទាំង ៤នេះ ឲ្យមនុស្សជាតិយើងបន្តប្រើប្រាស់ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ នៅពេលដែលយើងអាន ស្តាប់ និងមើលព័ត៌មានជារៀងរាល់ថ្ងៃ យើងនៅតែឃើញ ចិន ឥណ្ឌា អេហ្ស៊ីប និងតំបន់ដើមបូព៌ា បន្តជាប្រធានរឿងធំៗ ជាចំណុចចាប់អារម្មណ៍នៃមនុស្សជាតិសម័យបច្ចុប្បន្ន៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements