ទឹកដីរបស់ចក្រភពរ៉ូម នៅក្នុងអំឡុងសម័យកាលរុងរឿង

កាលពីជាង២ពាន់ឆ្នាំមុន នៅក្នុងអំឡុងពេលដែលម៉ាសេដ្វាន់ ក្រោមការដឹកនាំរបស់ Alexandre le Grand កំពុងវាតទីកាន់កាប់ដែនដី តាំងពីតំបន់មេឌីទែរ៉ាណេ រហូតដល់តំបន់អាស៊ី នៅទិសខាងកើត នៅប៉ែកខាងលិចមេឌីទែរ៉ាណេឯណេះវិញ គឺនៅក្នុងតំបន់អឺរ៉ុប ក្រុមកុលសម្ព័ន្ធបុរេប្រវត្តិមួយចំនួន បានផ្លាស់ប្តូររបៀបរស់នៅ ពីការបរបាញ់ មកប្រកបរបរកសិកម្មវិញ។ ក្នុងចំណោមនោះ មានប្រជាជនមួយក្រុម ដែលមានការវិវឌ្ឍលឿនជាងគេ បង្កើតទៅជារដ្ឋ ហើយរហូតឈានទៅបង្កើតអរិយធម៌ដ៏រុងរឿងថ្មីមួយទៀត គឺអរិយធម៌រ៉ូម។

តាមពិត ពួករ៉ូមបានបង្កើតជារដ្ឋ តាំងពីឆ្នាំ៧៥៣មុនគ.សម៉្លេះ ដោយនៅពេលដំបូង រ៉ូមប្រកាន់យករបបដឹកនាំបែបរាជានិយម ដូចជាបណ្តារដ្ឋភាគច្រើនផ្សេងទៀត នៅសម័យកាលនោះ។ ប៉ុន្តែ ប្រជាជនរ៉ូមជាទូទៅ មិនចូលចិត្តស្តេច ក៏បានផ្លាស់ប្តូររបបដឹកនាំទៅជារបបសាធារណរដ្ឋវិញ នៅអំឡុងឆ្នាំ៥០០មុនគ.ស។ សាធារណរដ្ឋរ៉ូម នៅពេលនោះ ប្រកាន់យករបៀបដឹកនាំស្រដៀងនឹងប្រជាធិបតេយ្យក្រិកដែរ ដោយមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ដែលមានចែងពីការបែងចែកអំណាចរដ្ឋ។ ប្រមុខដឹកនាំអំណាចនីតិប្រតិបត្តិ ដែលគេឲ្យឈ្មោះថា “កុងស៊ុល” ត្រូវបានជ្រើសតាំងឡើង តាមរយៈការបោះឆ្នោត ដោយមានអាណត្តិ ១ឆ្នាំ។

អរិយធម៌រ៉ូម ស្ថិតក្នុងចំណោមអរិយធម៌ធំៗ ដែលបន្សល់ទុកនូវឥទ្ធិពល និងកេរមរតកដល់មនុស្សជាតិរហូតដល់សម័យកាលបច្ចុប្បន្ន។ ក្រិកបង្កើតទស្សនវិជ្ជា និងសិល្បៈល្ខោន។ ហ្វេនីស៊ី (លីបង់) បង្កើតប្រព័ន្ធសំណេរបែបអក្ខរក្រម។ ចំណែករ៉ូមវិញ បង្កើតប្រព័ន្ធច្បាប់ និងសិទ្ធិ ជាពិសេស សិទ្ធិលើកម្មសិទ្ធិឯកជន។

សាធារណរដ្ឋរ៉ូម ដែលមានកម្លាំងខ្លាំងឡើងៗ បានចាប់ផ្តើមវាតទីពង្រីកទឹកដីរបស់ខ្លួន ដោយបានគ្រប់គ្រងអ៊ីតាលីទាំងមូល នៅឆ្នាំ២៧២មុនគ.ស។ មិនយូរប៉ុន្មាន ការកើនឡើងនៃអំណាចរបស់រ៉ូម ក៏បានធ្វើឲ្យប៉ះទង្គិចទៅដល់រដ្ឋមួយទៀត គឺការតាហ្ហ្ស (Carthage)។ Carthage ដែលមានទីតាំងនៅម្តុំប្រទេសទុយនីស៊ីបច្ចុប្បន្ន គឺជាអតីតបុរីរដ្ឋរបស់លីបង់ ដែលនៅពេលនោះ បានក្លាយទៅជារដ្ឋឯករាជ្យមួយ ហើយជាមហាអំណាចមួយនៅក្នុងតំបន់មេឌីទែរ៉ាណេ។

សង្រ្គាមរវាងរ៉ូម និង Carthage ដែលគេឲ្យឈ្មោះថា សង្រ្គាមពុយនិក (Punique) ក៏បានផ្ទុះឡើង នៅឆ្នាំ២៦៤មុនគ.ស ហើយបានអូសបន្លាយពេលរហូតដល់ឆ្នាំ១៤៦មុនគ.ស។ នៅក្នុងរយៈពេលជាង១សតវត្សរ៍នេះ រ៉ូម និង Carthage ច្បាំងគ្នា ដើម្បីដណ្តើមកាន់កាប់តំបន់មេឌីទែរ៉ាណេ។

នៅពេលមួយ កងទ័ព Carthage ដែលស្ថិតក្រោមការដឹកនាំរបស់មេទ័ពដ៏ល្បីមួយរូប ឈ្មោះហានីបាល (Hannibal) និងដែលមានទ័ពដំរីនាំចូលមកពីឥណ្ឌា មានប្រៀបយ៉ាងខ្លាំង លើទាហានរ៉ូម ដោយបានវាយកាន់កាប់អេស្ប៉ាញ និងប៉ែកខាងត្បូងហ្គោល (Gaule) ពោលគឺប្រទេសបារាំងបច្ចុប្បន្ន ហើយវាយលុករហូតដល់ប៉ែកខាងជើងអ៊ីតាលី ដែលជាមូលដ្ឋានធំរបស់រ៉ូម។

នៅក្នុងពេលដែលកងទ័ព Carthage កំពុងឡោមព័ទ្ធអ៊ីតាលី កងទ័ពរ៉ូម ក៏បានបញ្ជូនទ័ពរបស់ខ្លួនតាមកប៉ាល់ ចេញពីប៉ែកខាងត្បូងអ៊ីតាលី ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឲ្យវាយលុកចូលទៅក្នុងទុយនីស៊ី ដែលជាមូលដ្ឋានធំរបស់ Carthage។ ដោយមានការភិតភ័យ Carthage ក៏បានបញ្ជាឲ្យហានីបាល ដកទ័ពចេញពីអ៊ីតាលីមកវិញ ដើម្បីមកជួយការពារទុយនីស៊ី។ ក៏ប៉ុន្តែ ពេលមកដល់ទុយនីស៊ី កងទ័ពរបស់ហានីបាលត្រូវទាហានរ៉ូមវាយបំបាក់។ Carthage ក៏បានសុំចុះចាញ់ ហើយរ៉ូមក៏ដណ្តើមកាន់កាប់អេស្ប៉ាញ និងប៉ែកខាងត្បូងនៃដែនដីរបស់ពួកហ្គោល (បារាំង)។

លទ្ធផលនៃសង្រ្គាម រវាងរ៉ូម និង Carthage គឺជាចំណុចរបត់ដ៏សំខាន់មួយ នៃប្រវត្តិសាស្រ្តលោកខាងលិច។ បើសិនណាជារ៉ូមចាញ់ Carthage វិញ ពេលនេះ ប្រជាជននៅអឺរ៉ុបប្រហែលជាកំពុងប្រើភាសា ដែលមានដើមកំណើតពីអារ៉ាប់ ហើយមិនមែននិយាយភាសា ដែលមានដើមកំណើតឡាតាំង (បារាំង អ៊ីតាលី អេស្ប៉ាញ) ដូចជាពេលបច្ចុប្បន្ននេះទេ។

ក្រោយពីបានឈ្នះសង្រ្គាមលើ Carthage អំណាចរបស់សាធាណរដ្ឋរ៉ូមក៏បានកើនឡើងកាន់តែខ្លាំង ហើយបន្តិចម្តងៗ បានវាតទីដណ្តើមកាន់កាប់ទឹកដីកាន់តែច្រើន នៅក្នុងតំបន់មេឌីទែរ៉ាណេ។ អាណាចក្រម៉ាសេដ្វាន់ ដែលបន្សល់ទុកពី Alexandre le Grand ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់រ៉ូម ហើយនៅឆ្នាំ១៦៨មុនគ.ស រ៉ូមក៏បានដាក់អាណានិគមលើក្រិកទាំងមូល។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ វប្បធម៌ និងអរិយធម៌ក្រិក នៅតែមានឥទ្ធិពលខ្លាំងជាងគេ នៅក្នុងតំបន់មេឌីទែរ៉ាណេ ពីព្រោះថា ពួករ៉ូមខ្លួនឯងក៏ទទួលឥទ្ធិពលពីវប្បធម៌ក្រិកតាំងពីយូរណាស់មកហើយ ដែរ ហើយនៅទីបំផុតទៅ វប្បធម៌ក្រិក និងវប្បធម៌រ៉ូមត្រូវរលាយចូលគ្នាតែមួយ ហើយគឺមហាអំណាចរ៉ូម ដែលជាអ្នកចែកចាយបន្តនូវឥទ្ធិពលវប្បធម៌ក្រិក។ រ៉ូមពង្រីកទឹកដីទៅដល់ទីណា ឥទ្ធិពលនៃវប្បធម៌របស់ក្រិកក៏រីកសាយភាយទៅដល់ទីនោះ។

គិតត្រឹមឆ្នាំសតវត្សរ៍ទី២ មុនគ.ស ជាលើកទីមួយ និងជាលើកចុងក្រោយ នៅក្នុងប្រវត្តិសាស្រ្តតំបន់នៅជុំវិញសមុទ្រមេឌីទែរ៉ាណេទាំងមូល ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋ និងអរិយធម៌តែមួយគត់ គឺសាធារណរដ្ឋរ៉ូម។ នៅពេលនោះ គ្មានសត្រូវណា ពីខាងក្រៅ ដែលហ៊ានងើបឡើងប្រឈមមុខជាមួយនឹងរ៉ូមនោះទេ ក៏ប៉ុន្តែ រ៉ូមត្រូវប្រឈមមុខនឹងសត្រូវមួយផ្សេងទៀត គឺជម្លោះផ្ទៃក្នុង។

រូបសំណាករបស់ Jules César នៅក្នុងសួនច្បារមួយ ក្នុងក្រុងប៉ារីស

ប្រជាជនរ៉ូមមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ហើយមានចំនួនកាន់តែច្រើន ចំណែកឯស្ថាប័ននយោបាយនៃសាធារណរដ្ឋរ៉ូម ដែលបង្កើតឡើងដំបូង សម្រាប់គ្រប់គ្រងរដ្ឋតូចមួយ ក៏ត្រូវប្រឈមមុខនឹងបញ្ហា ហើយលែងអាចគ្រប់គ្រងរដ្ឋដ៏ធំ និងដែលមានប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះតទៅទៀតបាន។ រ៉ូមក៏ត្រូវធ្លាក់ក្នុងសង្រ្គាមស៊ីវិល និងការបះបោររបស់ប្រជាជន ដូចជា ការបះបោរនៅក្រិក និងនៅអេស្ប៉ាញ ជាដើម ហើយចលាចលផ្ទៃក្នុងរ៉ូមនេះ បានអូសបន្លាយពេលរហូតដល់ទៅ១សតវត្សរ៍។

ក៏ប៉ុន្តែ បើទោះបីជាមានវិវាទផ្ទៃក្នុងរ៉ាំរ៉ៃបែបនេះក៏ដោយ អំណាចរ៉ូមនៅក្នុងតំបន់មេឌីទែរ៉ាណេមិនបានធ្លាក់ចុះនោះទេ។ រ៉ូមនៅតែបន្តជាមហាអំណាចនៅក្នុងតំបន់មេឌីទែរ៉ាណេដដែល។

នៅប្រមាណជាពាក់កណ្តាលសតវត្សរ៍ទី១មុនគ.ស នៅពេលដែលរ៉ូមកំពុងស្ថិតក្នុងភាពចលាចលផ្ទៃក្នុង ឥស្សរជនដ៏សំខាន់មួយក៏បានលេចមុខឡើង នៅក្នុងប្រវត្តិសាស្រ្តរ៉ូម គឺហ្ស៊ុលស៍ សេហ្សា (Jules César)។

សេហ្សា បានជាប់ឆ្នោតជាកុងស៊ុលរ៉ូម (អំណាចនីតិប្រតិបត្តិនៃសាធារណរដ្ឋរ៉ូម) នៅឆ្នាំ៥៩មុនគ.ស។ ក្រោយមក សេហ្សា បានដឹកនាំកងទ័ពរ៉ូមធ្វើសង្រ្គាមវាតទីកាន់កាប់តំបន់ជាច្រើន នៅក្នុងទ្វីបអឺរ៉ុប។ នៅឆ្នាំ៥២មុនគ.ស សេហ្សា បានវាយបំបាក់ពួកហ្គោល (ប្រទេសបារាំងបច្ចុប្បន្ន) នៅត្រង់កន្លែងមួយ ដែលគេហៅថា សមរភូមិអាលេស៊ីយ៉ា (Alésia)។

ក្រោយពីជ័យជម្នះនេះ សេហ្សាបាននាំទ័ពវិលត្រឡប់ទៅកាន់រ៉ូមវិញ ដោយបានប្រើកម្លាំងទ័ពវាយដណ្តើមអំណាចទាំងអស់មកកាន់កាប់។ ក្រោយពីបានក្តាប់អំណាចពេញដៃ សេហ្សា បានធ្វើសង្រ្គាមពង្រីកទឹកដីរ៉ូម ហើយបានប្រកាសខ្លួនឯងជាមេដឹកនាំផ្តាច់ការនៃសាធារណរដ្ឋរ៉ូម។ ក៏ប៉ុន្តែ សេហ្សាត្រូវបានគេលបធ្វើឃាត នៅឆ្នាំ៤៤មុនគ.ស។

មរណភាពរបស់ហ្ស៊ុល សេហ្សា គឺជាចំណុចចាប់ផ្តើមមួយ ដែលធ្វើឲ្យរបបសាធារណរដ្ឋ នៅរ៉ូម ឈានទៅរកការដួលរលំ ដោយជំនួសមកវិញ ដោយរបបដឹកនាំថ្មីមួយទៀត គឺ ចក្រភពរ៉ូម។ ចក្រភពរ៉ូម ដែលចាប់កំណើតឡើង នៅឆ្នាំ២៧មុនគ.ស ហើយបន្តជាមហាអំណាចគ្រប់គ្រងពិភពលោក រហូតដល់ឆ្នាំ៤៧៦នៃគ.ស។ គិតជាសរុបទៅ រ៉ូម (ទាំងក្នុងសម័យកាលសាធារណរដ្ឋ និងក្នុងសម័យកាលជាចក្រភពរ៉ូម) បានធ្វើជាមហាអំណាចគ្រប់គ្រងពិភពលោក អស់រយៈពេល ជិត ៧០០ឆ្នាំ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements