រូបគំនូរ ក្នុងល្អាង Lascaux ប្រទេសបារាំង ដែលជាគំនូរបន្សល់ទុកតាំងពីសម័យកាលបុរេប្រវត្តិ ក្នុងយុគថ្មបំបែក (Paléolithique)

 

ការសិក្សាប្រវត្តិសាស្រ្ត មិនថា ប្រវត្តិសាស្រ្តជាតិ ឬជាប្រវត្តិសាស្រ្តពិភពលោក គឺជារឿងដ៏សំខាន់មួយ ដើម្បីស្វែងយល់អំពីដំណើរដើមទង និងការវិវឌ្ឍរបស់យើងជាមនុស្សជាតិ អំពីហេតុការណ៍សំខាន់ៗ ដែលជាធាតុផ្សំចម្បងសម្រាប់យល់ពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន ព្រមទាំងជាមេរៀន និងបទពិសោធន៍សម្រាប់ថ្ងៃអនាគត។

ចាប់ពីថ្ងៃនេះតទៅ នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន។

ប្រវត្តិសាស្រ្ត ពិភពលោកចាប់ផ្តើមឡើង កាលពីប្រមាណជា ៦ពាន់ឆ្នាំមុន ជាមួយនឹងការបង្កើតសំណេរ ដើម្បីកត់ត្រាហេតុការណ៍ប្រវត្តិសាស្រ្ត ក៏ប៉ុន្តែ ដំណើររឿងរបស់មនុស្សជាតិយើង បានចាប់ផ្តើមឡើងតាំងពីយូរយារ មុនប្រវត្តិជាសំណេរនេះទៅទៀត ដែលគេហៅថាជាសម័យកាលបុរេប្រវត្តិ។

នៅមុនពេល មានការបង្កើតអក្សរ យើងមានត្រឹមតែឯកសារបែបបុរាណវិទ្យាប៉ុណ្ណោះ ដើម្បីសិក្សាស្វែងយល់អំពីដំណើររឿងបុព្វបុរសដើមរបស់យើង ដូចជា ឆ្អឹង ឧបករណ៍ប្រើប្រាស់ ឬរូបគំនូរ ជាដើម ដែលគេរកឃើញតាមរយៈកំណាយបុរាណវិទ្យា។ តាមរយៈឯកសារបុរាណវិទ្យាអស់ទាំងនេះ គេអាចរកឃើញថា តាមការពិត សម័យកាលបុរេប្រវត្តិមានរយៈពេលវែងជាងប្រវត្តិសាស្រ្តជាសំណេរឆ្ងាយ ណាស់។

បើនិយាយអំពីប្រវត្តិនៃភពផែនដីយើងទាំងមូលយើងឃើញថា ភពផែនដីបានចាប់កំណើតឡើង តាំងពីប្រមាណជាជាង ៤ពាន់លានឆ្នាំមុន។ គឺជាភពមួយ ក្នុងចំណោមភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែ ផែនដី គឺជាភព ដែលមិនស្ថិតនៅជិតព្រះអាទិត្យពេក ដែលនាំឲ្យមានកម្តៅខ្លាំងជ្រុល ហើយក៏មិននៅឆ្ងាយពីព្រះអាទិត្យពេក ដែលនាំឲ្យមានត្រជាក់ខ្លាំង ប៉ុន្តែ ស្ថិតនៅក្នុងរយៈចម្ងាយដ៏សមស្របមួយ ប្រកបដោយអំណោយផលដល់ការចម្រើនលូតលាស់នៃជីវចម្រុះ ដែលក្នុងនោះក៏រួមទាំងមនុស្សជាតិយើងផងដែរ។

តាមរយៈការសិក្សាទៅលើតម្រ៉ុយបុរាណវិទ្យា គេរកឃើញថា មនុស្សដើមដំបូងបានចាប់ផ្តើមមានវត្តមាននៅលើភពផែនដី នៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងកើត ក្បែរតំបន់ដើមបូព៌ាបច្ចុប្បន្ន។ ក៏ប៉ុន្តែ ចំពោះសំណួរថា តើមនុស្សចាប់ផ្តើមមានវត្តមាន នៅលើផែនដី ជាដំបូង នៅពេលណា? ចម្លើយអាចមានខុសៗគ្នា ដោយខ្លះថា រហូតដល់ទៅរាប់លានឆ្នាំមុន ខ្លះថា ២០ម៉ឺនឆ្នាំមុន ឬក៏ ៥ម៉ឺនឆ្នាំមុន អាស្រ័យទៅតាមទ្រឹស្តីខុសៗគ្នា។

ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងនរវិទ្យាបានព្រមព្រៀងគ្នាជាទូទៅថា មនុស្សដើមដំបូង ដែលមានលក្ខណៈជាមនុស្ស ពិសេសខុសប្លែកពីសត្វ មានវត្តមាន នៅលើផែនដី កាលពីប្រមាណ ៥ម៉ឺនឆ្នាំមុន។ ហើយលក្ខណៈពិសេស ដែលបែងចែកខុសគ្នាស្រឡះរវាងមនុស្ស និងសត្វ គឺមិនមានស្ថិតនៅត្រង់ការដើរជើងពីរ ការចេះយកវត្ថុមកប្រើជាឧបករណ៍ប្រើប្រាស់ ឬការមានមនោសញ្ចេតនានោះទេ។ លក្ខណៈពិសេសរបស់មនុស្ស គឺភាសា។

សត្វ ថ្វីដ្បិតតែមានសំឡេង មានសម្រែកខុសៗគ្នា ដែលអាចឲ្យពួកគេយល់គ្នាបានខ្លះៗ ក៏ប៉ុន្តែ វាមិនមែនជាភាសា ដែលមានលក្ខណៈជឿនលឿន អាចឲ្យមានការនិយាយយល់គ្នាបានដូចជាភាសារបស់មនុស្សនោះទេ។ ការដែលមិនមានភាសានិយាយគ្នាបាននេះ ធ្វើឲ្យសត្វ មានការវិវឌ្ឍជឿនលឿនទៅមុខយ៉ាងយឺតបំផុត។

ឆ្កែ សេះ ខ្លា ឬតោចំណាស់ មានបទពិសោធន៍ច្រើន ពីមេរៀនក្នុងជីវិត ក៏ប៉ុន្តែ នៅពេលសត្វទាំងនេះស្លាប់ទៅ បទពិសោធន៍ទាំងនេះនឹងត្រូវបាត់បង់ទៅជាមួយទាំងអស់ ដោយសារតែគ្មានភាសា ដើម្បីអាចនិយាយពន្យល់ ផ្ទេរបទពិសោធន៍នេះបាន ហើយសត្វជំនាន់ថ្មីត្រូវចាប់ផ្តើមរៀនសូត្រពីជីវិតសាជាថ្មី ពីចំណុចសូន្យសុទ្ធសាធ។

មនុស្សវិញ គឺផ្ទុយពីនេះ! ដោយសារតែមនុស្សមានភាសា ដែលអាចនិយាយរ៉ាយរ៉ាប់រឿងប្រាប់គ្នាបាន មនុស្សចាស់ ដែលមានបទពិសោធន៍ក្នុងជីវិត អាចរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ទៅឲ្យក្មេងៗជំនាន់ក្រោយអាចរៀនសូត្រពីបទពិសោធន៍នេះបាន។ ផ្អែកលើមេរៀន និងបទពិសោធន៍ ដែលទទួលបានពីមនុស្សចាស់ជំនាន់មុន ក្មេងជំនាន់ក្រោយអាចសិក្សាស្វែងយល់និងរកឃើញនូវបទពិសោធន៍កាន់តែ ថ្មីៗ និងកាន់តែជឿនលឿនជាងមនុស្សជំនាន់មុន រួចហើយផ្ទេរបទពិសោធន៍អស់ទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយៗជាបន្ត ទៅទៀត។

ដូច្នេះ ភាសា, ការប្រាស្រ័យទាក់ទង, ចែកចាយ និងផ្ទេរបទពិសោធន៍, ទំនាក់ទំនងគ្រូ និងសិស្ស គឺជាលក្ខណៈពិសេសរបស់មនុស្ស ដែលគេមិនឃើញមាន នៅក្នុងចំណោមពពួកសត្វ។ ដោយសារតែភាសានេះហើយ ដែលជួយឲ្យមនុស្សមានការវិវឌ្ឍទៅមុខយ៉ាងលឿនបំផុត បើធៀបនឹងការវិវឌ្ឍរបស់សត្វ។ ការវិវឌ្ឍរបស់សត្វ គឺជាការវិវឌ្ឍតាមបែប “ធម្មជាតិ”។ ចំណែកការវិវឌ្ឍរបស់មនុស្ស គឺជាការវិវឌ្ឍតាមបែប “វប្បធម៌” ពោលគឺ ការវិវឌ្ឍ តាមរយៈចំណេះដឹង, បទពិសោធន៍, វិទ្យាសាស្រ្ត, សិល្បៈ និងបច្ចេកវិទ្យា។

ភាសា ជួយឲ្យមនុស្សមានការវិវឌ្ឍខាងចំណេះដឹង និងប្រាជ្ញាស្មារតី ទៅមុខបានយ៉ាងលឿនខុសពីសត្វ ហើយក៏ដោយសារតែភាសានេះដែរ ដែលបង្កើតឲ្យមានចំណុចពិសេសមួយទៀតរបស់មនុស្ស ដែលខុសស្រឡះពីសត្វ គឺការខ្វល់ខ្វាយ ថប់បារម្ភ ពីអនាគត។

សត្វអាចមានការចងចាំពីអ្វីដែលវាបានឆ្លងកាត់ពីអតីតកាល ក៏ប៉ុន្តែ វាគ្មានគំនិតគិតគូរ ឬការខ្វល់ខ្វាយ ថប់បារម្ភ សម្រាប់ថ្ងៃអនាគតនោះទេ។ សត្វរស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ ឲ្យតែវាមានចំណីគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ វាអាចរស់នៅបានដោយរីករាយ ហើយវាមិនដែលគិតខ្វាយខ្វល់ បារម្ភ ឬភ័យព្រួយថា ថ្ងៃណាមួយវានឹងត្រូវស្លាប់នោះទេ។

ភាសាបង្កើតឲ្យមនុស្សមានការបារម្ភពីថ្ងៃអនាគត ពីព្រោះ តាមរយៈភាសា មនុស្សអាចជជែកគ្នា និយាយរ៉ាយរ៉ាប់ប្រាប់គ្នាពីអ្វីដែលបានកើតឡើង ឬអ្វីដែលយើងគិតឃើញ។ យើងអាចគិតស្រមៃឃើញបានថា នៅក្នុងសម័យកាលបុរេប្រវត្តិ ដែលមនុស្សរស់នៅដោយការបរបាញ់ នៅពេលត្រឡប់ពីការបរបាញ់វិញ យប់ឡើង មនុស្សអាចជជែកគ្នា រ៉ាយរាប់ប្រាប់គ្នា អំពីការបរបាញ់កាលពីថ្ងៃ។ នៅក្នុងការជជែកគ្នានេះ ពួកគេក៏ដឹងថា មានគ្នាគេម្នាក់ត្រូវបាត់ខ្លួនមិនវិលត្រឡប់មកវិញ… បាត់ខ្លួន ដោយសារត្រូវខ្លាស៊ី… មានន័យថា ត្រូវស្លាប់។

ការដែលអាចជជែករ៉ាយរ៉ាប់ប្រាប់គ្នា ពីការបរបាញ់ពីថ្ងៃ ធ្វើឲ្យមនុស្សដឹងខ្លួនថា មនុស្សយើងអាចស្លាប់ នៅក្នុងពេលបរបាញ់។ ដូច្នេះ នៅថ្ងៃស្អែក នៅពេលដែលយើងចេញទៅបរបាញ់ យើងក៏អាចស្លាប់បានដែរ។

ការដឹង ការយល់ ការបារម្ភ អំពីថ្ងៃអនាគត ធ្វើឲ្យមនុស្សចេះគិតគូរ ប្រុងប្រៀបរៀបចំផែនការ ត្រៀមទុក សម្រាប់ថ្ងៃអនាគត។ ការដឹងខ្លួនថា ថ្ងៃណាមួយខ្លួននឹងស្លាប់ ធ្វើឲ្យមនុស្សយើងមានតម្រូវការដ៏សំខាន់មួយទៀតដែរ ដែលយើងតែងតែចង់ធ្វើនៅក្នុងពេលបច្ចុប្បន្ន គឺរ៉ាយរ៉ាប់ និទាន ដំណាលសាច់រឿង ឬហេតុការណ៍ ដែលខ្លួនបានឃើញ បានជួប ប្រាប់ទៅអ្នកដទៃ។ ការរ៉ាយរាប់ ដំណាលសាច់រឿង ឬហេតុការណ៍នេះហើយ ដែលជាប្រវត្តិសាស្រ្ត បើទោះបីវាគ្រាន់តែជាការដំណាលដោយផ្ទាល់មាត់ ដោយគ្មានសំណេរក៏ដោយ។

ដូច្នេះ មនុស្សជាតិ នៅក្នុងសម័យកាលបុរេប្រវត្តិ ក៏មានប្រវត្តិសាស្រ្តរបស់ខ្លួនដែរ ពីព្រោះមនុស្សមានភាសា ដែលអាចនិយាយរ៉ាយរ៉ាប់ហេតុការណ៍ប្រាប់គ្នាទៅវិញទៅមក។ មនុស្សរៀបរាប់រឿងរ៉ាវពីអតីតកាល ដើម្បីស្វែងយល់ពីបច្ចុប្បន្នកាល និងត្រៀមខ្លួន សម្រាប់ថ្ងៃអនាគត។ មនុស្ស ដែលដឹងថា ខ្លួននឹងត្រូវស្លាប់ នៅថ្ងៃណាមួយ ក៏មានគំនិតចង់ចែកចាយ ផ្ទេរចំណេះដឹង និងបទពិសោធន៍ ទៅឲ្យមនុស្សជំនាន់ក្រោយ។

និយាយសរុបជារួមមកវិញ ភាសា ការជជែកគ្នា ការរ៉ាយរ៉ាប់រឿងរ៉ាវពីអតីតកាល គិតគូរសម្រាប់ថ្ងៃអនាគត ការចែកចាយ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ ទាំងអស់នេះ គឺជាលក្ខណៈពិសេសរបស់មនុស្សជាតិ។ លក្ខណៈពិសេស ដែលមានជាប់នឹងកំណើតដើមរបស់មនុស្ស តាំងពីសម័យកាលបុរេប្រវត្តិ ហើយបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ការដែលខ្ញុំកំពុងរៀបរាប់អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ហើយលោកអ្នកស្តាប់ ដែលកំពុងតាមដានស្តាប់ ចង់ដឹង ចង់យល់ អំពីដំណើរឿងពីអតីតកាលរបស់មនុស្សជាតិនេះ ក៏ជាផ្នែកមួយដែរ នៃបុគ្គលិកលក្ខណៈរបស់មនុស្ស។ គឺជាលក្ខណៈពិសេស ដែលមានជាប់នឹង “ធម្មជាតិ” របស់មនុស្ស ឬគួរនិយាយថា ជាប់នឹង “វប្បធម៌” របស់មនុស្ស ព្រោះមនុស្សមានការវិវឌ្ឍតាមបែប “វប្បធម៌” មិនមែនវិវឌ្ឍតាមតែ “ធម្មជាតិ” ដូចជាសត្វនោះទេ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements