រូបគំនូរស្តីពីការឆ្កាងព្រះយេស៊ូវ គូរដោយ Velazquez កាលពីសតវត្សរ៍ទី១៧

យើងដឹងហើយថា ប្រជាជនជ្វីហ្វ ដែលជាប្រទេសតូចមួយ នៅតំបន់មេឌីទែរ៉ាណេ ត្រង់ដែនដីប៉ាឡេស្ទីន និងអ៊ីស្រាអែលសម័យកាលបច្ចុប្បន្ន គឺជាប្រជាជន ដែលបានបង្កើតមុនគេ នូវមនោគមន៍វិជ្ជាសាសនាដ៏ថ្មីស្រឡាងមួយ ដោយមានមូលដ្ឋានលើជំនឿថា ព្រះពិតមានតែមួយ គឺព្រះជាម្ចាស់ ដែលបានបង្កើត និងមានអំណាចលើអ្វីៗទាំងអស់នៅលើចក្រវាលទាំងមូល។ មនោគមន៍វិជ្ជាសាសនារបស់ពួកជ្វីហ្វនេះ គេឲ្យឈ្មោះថា “សាសនាយូដា”។

ក៏ប៉ុន្តែ កាលពី២ពាន់ឆ្នាំមុន សាសនាយូដានេះបានបែកមែកធាង ទៅជាសាសនាថ្មីមួយទៀត គឺ គ្រឹស្តសាសនា។

យូដា និងគ្រឹស្តសាសនា៖ ដំណើររឿងរួម

សាសនាយូដា របស់ជនជាតិជ្វីហ្វ និងគ្រឹស្តសាសនា ដែលជាសាសនាគោរពដោយប្រជាជនភាគច្រើនលើសលុប នៅលើពិភពលោកនាពេលបច្ចុប្បន្ន តាមពិតមានដំណើររឿងដើមរួមគ្នា គឺដំណើររឿង ដែលមានកត់ត្រាទុកនៅក្នុងសញ្ញាចាស់នៃគម្ពីរប៊ីប ឬគម្ពីរតូរ៉ារបស់ពួកជ្វីហ្វ។

សាសនាយូដា និងគ្រឹស្តសាសនាមានជំនឿដូចគ្នាភាគច្រើន ដូចជា ជំនឿទៅលើព្រះតែមួយ ដែលបង្កើតគ្រប់អ្វីៗទាំងអស់។ ជំនឿបែបសុទិដ្ឋិនិយមថា ថ្ងៃអនាគតអ្វីៗអាចនឹងប្រសើរឡើង ហើយមនុស្សជាតិចាំបាច់ត្រូវតែខិតខំប្រឹងប្រែង ដើម្បីឲ្យស្ថានភាពរបស់ខ្លួនបានប្រសើរឡើង។ មនុស្សចាំបាច់ត្រូវតែចេះងើបឡើងរើបម្រះពីការជិះជាន់ ដោយមិនត្រូវដេករង់ចាំវាសនា ឬផ្តេកផ្តួលទទួលភាពអយុត្តិធម៌ ដោយចាត់ទុកថា ជាផល ដែលបានមកពីកម្ម ដែលខ្លួនបានធ្វើពីមុន។ ទាំងសាសនាយូដា ទាំងគ្រឹស្តសាសនា សុទ្ធតែមានជំនឿដូចគ្នាថា ព្រះបានបង្កើតមនុស្សទាំងអស់ឲ្យមានសិទ្ធិស្មើគ្នា មិនថាស្រី មិនថាប្រុស មិនថាជាតិសាសន៍ ឬពណ៌សម្បុរអ្វីនោះទេ ដែលនេះគឺជាចំណុចចាប់ផ្តើម ដែលឈានទៅបង្កើតទស្សនាទាននៃសិទ្ធិមនុស្សជាសកល ក្នុងពេលបច្ចុប្បន្ន។

ក៏ប៉ុន្តែ សាសនាយូដា និងគ្រឹស្តសាសនា បានដើរមកដល់ផ្លូវបំបែក ជាមួយនឹងការចាប់កំណើតរបស់ព្រះយេស៊ូវ នៅស្រុកណាសារ៉ែត ដែនដីអ៊ីស្រាអែល។ ការចាប់កំណើត ដែលជាចំណុចចាប់ផ្តើមនៃសករាជថ្មី ក្នុងប្រតិទិនរបស់ពិភពលោកបច្ចុប្បន្ន គឺ “គ្រឹស្តសករាជ”។

យូដា និងគ្រឹស្តសាសនា៖ ផ្លូវបំបែក

សម្រាប់អ្នកកាន់គ្រឹស្តសាសនា គេមានជំនឿថា ព្រះយេស៊ូវ គឺជាព្រះសង្រ្គោះ (ដែលគេហៅថា “យេស៊ូវគ្រីស្ត”) ដែលមកជួយរំដោះមនុស្សពីអំពើបាប និងពីទំនៀមទម្លាប់ដ៏ចាស់គំរឹល និងដ៏តឹងតែងរបស់សាសនាយូដា ដូចជា ការកាត់ស្បែក និងការហាមឃាត់មិនឲ្យទទួលទានសាច់នេះ ឬសាច់សត្វនេះ ឬសត្វនោះ ជាដើម។ ម្យ៉ាងទៀត តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ព្រះជាម្ចាស់ទ្រង់គឺជាវិញ្ញាណ ដែលមានវត្តមាន នៅគ្រប់ទីកន្លែងទាំងអស់ មិនមែននៅតែក្នុងវិហារនោះទេ។ ដូច្នេះ មនុស្សគ្រប់គ្នាទាំងអស់អាចអធិស្ថានទៅព្រះ ពីគ្រប់ទីកន្លែងទាំងអស់ ហើយអាចទាក់ទងដោយផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ ដោយមិនចាំបាច់ឆ្លងកាត់តាមមន្រ្តីសង្ឃ ដូចជាទំនៀមទម្លាប់របស់សាសនាយូដានោះទេ។

ការបង្រៀនទាំងអស់នេះហើយ ដែលធ្វើឲ្យមន្រ្តីសង្ឃនៃសាសនាយូដា ដែលមិនត្រឹមតែបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវថាជាព្រះសង្រ្គោះ នោះទេ ក៏ប៉ុន្តែ ថែមទាំងចាត់ទុកព្រះអង្គថាជាអ្នកបះបោរប្រឆាំងនឹងសាសនាយូដាទៀត ផង។ ដូច្នេះហើយបានជាពួកគេចាប់បញ្ជូនព្រះអង្គទៅឲ្យអាជ្ញាធររ៉ូមប្រហារ ជីវិត នៅលើឈើឆ្កាង។

សាវ័ករបស់ព្រះយេស៊ូវ ដែលមានជំនឿថា ព្រះអង្គបានរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី បាននាំគ្នាបន្តចែកចាយសេចក្តីបង្រៀនរបស់ព្រះអង្គ ទៅដល់មនុស្សគ្រប់គ្នា ហើយបានបង្កើតជាវិហារ ឬក្រុមជំនុំ និងសហគមន៍ ដែលគេហៅថា គ្រីស្ទាន គឺអ្នកដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ត។ សហគមន៍ដែលបានរីកសាយកាន់តែធំឡើងៗ រហូតទៅស្ទើរតែពាសពេញពិភពលោក។

គ្រឹស្តសាសនា និងចក្រភពរ៉ូម

នៅក្នុងពេលបច្ចុប្បន្ននេះ គ្រឹស្តសាសនា គឺជាសាសនា ដែលមានអ្នកគោរពច្រើនជាងគេបង្អស់ នៅលើពិភពលោក។ បើគិតជាសរុប គ្រប់ក្រុម និងនិកាយទាំងអស់ គ្រឹស្តសាសនិកជននៅទូទាំងពិភពលោក មានចំនួនជាង ២ពាន់លាននាក់ ធៀបនឹងអ្នកកាន់សាសនាអ៊ីស្លាម ដែលមានប្រមាណជា ១ពាន់ ៥រយលាននាក់ និងអ្នកកាន់ពុទ្ធសាសនា ប្រមាណជា ១ពាន់ ២រយលាននាក់។

មានអ្នកខ្លះបានចោទជាសំណួរឡើងថា តើហេតុអ្វីបានជាគ្រឹស្តសាសនាអាចពង្រីកឥទ្ធិពលរបស់ខ្លួន រហូតក្លាយទៅជាសាសនាដ៏ធំបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ? សម្រាប់អ្នកកាន់គ្រឹស្តសាសនា ចម្លើយ គឺសាមញ្ញបំផុត៖ ដោយសារតែនេះជាសាសនានៃសេចក្តីពិត ជឿទៅលើព្រះពិត ដែលមានតែមួយ។ សម្រាប់អ្នកប្រវត្តិសាស្រ្តខ្លះទៀត គេបានព្យាយាមបកស្រាយតាមបែបប្រវត្តិសាស្រ្ត ដោយគេគិតថា ការរីកសាយភាយនៃគ្រឹស្តសាសនា ក៏មិនខុសពីការរីកសាយភាយនៃអរិយធម៌ក្រិកដែរ គឺមានកត្តាចម្បងដូចគ្នា នោះគឺចក្រភពរ៉ូម។

ចក្រភពរ៉ូម ដែលពីដំបូងបានធ្វើការបៀតបៀន ធ្វើទុក្ខបុកម្នេញ ពួកអ្នកកាន់គ្រឹស្តសាសនា បានក្លាយបន្តិចម្តងៗទៅជាចក្រភពនៃគ្រឹស្តសាសនា។ នៅសតវត្សរ៍ទី៤គ.ស អធិរាជនៃចក្រភពរ៉ូម ឈ្មោះ កុងស្តង់តាំង (Constantin) ដែលកាន់អំណាចពីឆ្នាំ៣០៦ ដល់ឆ្នាំ៣៣៧គ.ស បានប្រែខ្លួនជាគ្រឹស្តសាសនិកជន ហើយបានកំណត់ឲ្យចក្រភពរ៉ូមយកគ្រឹស្តសាសនា ជាសាសនារបស់រដ្ឋ ហើយឥទ្ធិពលនៃគ្រឹស្តសាសនាក៏បានរីកសាយភាយ ទៅតាមអំណាចនៃចក្រភពរ៉ូម។

ក៏ប៉ុន្តែ ដោយសារតែចក្រភពរ៉ូមត្រូវបានពុះចែកជាពីរ គឺចក្រភពរ៉ូមខាងលិច មានរាជធានី នៅរ៉ូម និងចក្រភពរ៉ូមខាងកើត មានរាជធានីនៅកង់ស្តង់ទីណូប អាជ្ញាធរគ្រប់គ្រងវិហារគ្រឹស្តសាសនានៃចក្រភពរ៉ូមក៏មានការបែងចែក ជាពីរដែរ គឺខាងកើត និងខាងលិច។

គ្រឹស្តសាសនា៖ កាតូលិក និងអ័រតូដុក្ស៍

នៅពេលដែលចក្រភពរ៉ូមត្រូវដួលរលំ នៅឆ្នាំ៤៧៦ គ្រឹស្តសាសនាខាងកើត និងខាងលិច ក៏ត្រូវស្ថិតក្រោមអំណាចនយោបាយដាច់ពីគ្នាស្រឡះ ហើយគ្រឹស្តសាសនាទាំងពីរក៏ចាប់ផ្តើមដើរតាមគន្លងផ្លូវផ្សេងគ្នា បន្តិចម្តងៗ រហូតដល់ឆ្នាំ១០៥៤ ក៏បែកទៅជានិកាយពីរដាច់ពីគ្នាស្រឡះ គឺគ្រឹស្តសាសនានៃអតីតចក្រភពរ៉ូមខាងលិច បង្កើតទៅជានិកាយរ៉ូម៉ាំងកាតូលិក ដែលមានសម្តេចប៉ាប នៅបុរីវ៉ាទីកង់ គឺជាប្រមុខដឹកនាំ ហើយគ្រឹស្តសាសនានៃចក្រភពរ៉ូមខាងកើត (ប៊ីហ្សង់តាំង) បង្កើតទៅជានិកាយអ័រតូដុក្ស៍ (Orthodox) ដែលបច្ចុប្បន្នមានវត្តមានច្រើននៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើត និងនៅតំបន់មជ្ឈិមបូព៌ា។

នៅដើមសតវត្សរ៍ទី១៦ គ្រឹស្តសាសនានិកាយរ៉ូម៉ាំងកាតូលិកក៏បានបែកទៅជានិកាយថ្មីមួយទៀត ដែលជានិកាយធំទី៣ នៃគ្រឹស្តសាសនាបច្ចុប្បន្ន គឺនិកាយប្រូតេស្តង់៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements