រូបគំនូរបង្ហាញពីការឈ្លានពានរបស់ក្រុមកុលសម្ព័ន្ធ ទៅលើរ៉ូម នៅឆ្នាំ៤៥៥

នៅឆ្នាំ៤៧៦គ.ស ចក្រភពរ៉ូម ដែលត្រួតត្រាពិភពលោករាប់រយឆ្នាំមកហើយនោះ ត្រូវដួលរលំ។ ចក្រភពរ៉ូមខាងកើត នៅបន្តអត្ថិភាពរបស់ខ្លួនតទៅទៀត ដែលគេច្រើនតែហៅថា ជាចក្រភពប៊ីហ្សង់តាំង ដែលមានរាជធានី នៅកុងស្តង់ទីណូប។ ក៏ប៉ុន្តែ ចក្រភពរ៉ូមខាងលិចវិញ ត្រូវរលំបាត់រូប ក្រោយពីអធិរាជរ៉ូមចុងក្រោយ ឈ្មោះ រ៉ូមូលូស អូហ្គូសទូស (Romulus Augustus) ត្រូវបានក្រុមសម្ព័ន្ធមកពីអម្បូរហ្ស៊ែរម៉ានិក (Germanique) ផ្តួលរំលំ។

តំបន់អឺរ៉ុប ដែលធ្លាប់តែស្ថិតក្នុងមហារដ្ឋតែមួយ គឺចក្រភពរ៉ូម ត្រូវបានបំបែកទៅជានគរតូចៗជាច្រើន។ ស្តេចដែលគ្រប់គ្រងនគរអស់ទាំងនោះ ភាគច្រើនជាប្រជាជនចេញពីអម្បូរហ្ស៊ែរម៉ានិកដូចគ្នា ក៏ប៉ុន្តែ ស្ថិតក្នុងកុលសម្ព័ន្ធផ្សេងគ្នា ហើយតែងតែធ្វើសង្រ្គាមនឹងគ្នាទៅវិញទៅមកជារឿយៗ។

ក្នុងចំណោមកុលសម្ព័ន្ធ នៃអម្បូរហ្ស៊ែរម៉ានិក ដែលគ្រប់គ្រងដែនដីអឺរ៉ុប ក្រោយការដួលរលំនៃចក្រភពរ៉ូម គេឃើញមាន ពួកហ្វ្រង់ (Franc) គ្រប់គ្រងអឺរ៉ុបខាងលិច ដែលក្រោយមក ត្រូវបានគេយកឈ្មោះមកដាក់ឲ្យប្រទេស និងប្រជាជនបារាំង (La France/Les français)។ ពួកអង់គ្លី (Anglii) និងពួកសាក់សុង (Saxon) ដែលក្រោយមកបានរំលាយបញ្ចូលគ្នា ជាពួក អង់ហ្គ្លោ-សាក់សុង (Anglo-Saxon) បានចេញពីអឺរ៉ុបដីគោក ទៅបោះទីតាំង នៅលើកោះដ៏ធំមួយ នៅប៉ែកខាងត្បូងអឺរ៉ុប គឺដែនដីនៃរាជាណាចក្រអង់គ្លេសបច្ចុប្បន្ន។ ឯពួកស្កង់ឌីណាវ (Scandinave) គ្រប់គ្រងតំបន់អឺរ៉ុបប៉ែកខាងជើង នៅត្រង់ម្តុំ ប្រទេសន័រវែស ដាណឺម៉ាក និងស៊ុយអែដបច្ចុប្បន្ន។

នៅក្នុងចំណោមប្រជាជន ក្នុងអម្បូរហ្ស៊ែរម៉ានិកនេះ គេសង្កេតឃើញថា ពួកហ្វ្រង់ គឺជាក្រុមដែលមានអំណាចខ្លាំងជាងគេ នៅក្នុងយុគសម័យកណ្តាល (Moyen Age/Middle Age)។ អំណាចរបស់ពួកហ្វ្រង់បានស្គាល់ភាពរុងរឿងបំផុត នៅក្នុងរជ្ជកាលនៃអធិរាជស្ហាឡឺម៉ាញ (Charlemagne) ក្នុងអំឡុងឆ្នាំ៨០០គ.ស។ ដែនដីរបស់ពួកហ្វ្រង់ នៅក្នុងយុគសម័យកណ្តាលនោះ លាតសន្ធឹងនៅស្ទើរតែពាសពេញតំបន់អឺរ៉ុបខាងលិចទាំងមូល។ ក៏ប៉ុន្តែ នៅក្រោយរជ្ជកាលនៃអធិរាជស្ហាឡឺម៉ាញ អាណាចក្រហ្វ្រង់ ត្រូវបានបែងចែកជាពីរផ្នែក គឺហ្វ្រង់ខាងលិច (Francie occidentale) និងហ្វ្រង់ខាងកើត (Francie orientale)។ ក្រោយមក ហ្វ្រង់ខាងលិចបានបង្កើតទៅជារាជាណាចក្របារាំង ដែលមានទីតាំងស្ថិតនៅម្តុំប្រទេសបារាំងសម័យបច្ចុប្បន្ន។ ចំណែកហ្វ្រង់ខាងកើតបានបង្កើតជារាជាណាចក្រអាល្លឺម៉ង់ ដែលមានទីតាំងនៅម្តុំប្រទេសអាល្លឺម៉ង់សម័យបច្ចុប្បន្ន។

ការដួលរលំនៃចក្រភពរ៉ូម គឺជារបត់ដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តអឺរ៉ុប។ ដែនដីអឺរ៉ុបដែលធ្លាប់តែរួបរួមគ្នា ក្រោមចក្រភពរ៉ូម ត្រូវបែកជាចំណែកៗ។ សង្រ្គាម និងភាពចលាចលបានកើតមានឡើងឥតឈប់ ដែលនាំឲ្យអឺរ៉ុបធ្លាក់ក្នុងភាពអនាធិបតេយ្យ គ្មានច្បាប់ គ្មានទម្លាប់ ហើយប្រជាជនគ្មានការអប់រំ។

ចាប់តាំងពីពេលចាប់ផ្តើមនៃប្រវត្តិសាស្រ្ត គេសង្កេតឃើញថា មនុស្សជាតិតែងតែស្គាល់នូវភាពរីកចម្រើនជឿនលឿនទៅមុខជាលំដាប់។ ក្នុងរយៈពេល ៣៥សតវត្សរ៍ ចាប់តាំងពីការចាប់កំណើតនៃអរិយធម៌អេហ្ស៊ីបមក មនុស្សជាតិមានចំណេះដឹងកាន់តែប្រសើរឡើង ហើយរបៀបរស់នៅកាន់តែមានលក្ខណៈទំនើបឡើង ពីសតវត្សរ៍មួយ ទៅសតវត្សរ៍មួយ តាមរយៈភាពឆ្លាតវៃ និងគំនិតច្នៃប្រឌិតរបស់ប្រជាជនអេហ្ស៊ីប ចិន ក្រិក ហ្វេនីស៊ី និងពួករ៉ូម៉ាំង។ ដោយសារប្រជាជនអស់ទាំងនេះ មនុស្សមានប្រព័ន្ធសំណេរតាមបែបអក្ខរក្រម(បង្កើតឡើងដោយពួក ហ្វេនីស៊ី) មានត្រីវិស័យ (បង្កើតឡើងដោយចិន) មានរូបមន្តធរណីមាត្រ និងទស្សនវិជ្ជា (ក្រិក) មានប្រព័ន្ធច្បាប់ជាសំណេរ (បង្កើតឡើងដោយពួករ៉ូម៉ាំង) ។ល។ និង ។ល។

ក៏ប៉ុន្តែ នៅអឺរ៉ុប ភាពរីកចម្រើនជឿនលឿនអស់ទាំងនេះត្រូវបានបញ្ចប់ ជាមួយនឹងការដួលរលំនៃចក្រភពរ៉ូម នៅសតវត្សរ៍ទី៥ នៃគ.ស ជំនួសមកវិញដោយភាពអនាធិបតេយ្យ សង្រ្គាម និងការកាប់សម្លាប់គ្នាឥតឈប់។ ស្ថិតក្នុងស្ថានភាពសង្រ្គាមឥតឈប់បែបនេះ ស្តេចនីមួយៗ ក្នុងតំបន់អឺរ៉ុប នាំគ្នាគិតតែពីការពង្រឹងកងទ័ពរៀងៗខ្លួន ដោយបំភ្លេចចោល លែងគិតគូរពីការអប់រំ និងសុខមាលភាពរបស់ប្រជាជន។

នៅស្ទើរតែគ្រប់នគរក្នុងតំបន់អឺរ៉ុប គេឃើញមានសង្រ្គាមដណ្តើមរាជបល្ល័ង្កបានកើតមានឡើងឥតឈប់ឈរ។ ការស្នងរាជ្យពីក្សត្រមួយទៅក្សត្រមួយទៀត ច្រើនតែកើតមានឡើង ដោយការបង្ហូរឈាម។

ម្យ៉ាងទៀត គេសង្កេតឃើញថា នៅក្នុងអំឡុងពេលនោះ ស្ទើរតែគ្រប់រដ្ឋទាំងអស់ នៅទូទាំងតំបន់អឺរ៉ុបទាំងមូល អំណាចនៃរដ្ឋបាលកណ្តាលមានការធ្លាក់ចុះខ្សោយ។ ចំណែកឯមេកន្ទ្រាញនៅតាមខេត្តវិញ មានអំណាចកំពូលៗ ដោយខ្លះស្ទើរតែមានអំណាចលើសស្តេចទៅទៀត។ ទាំងនេះ ធ្វើឲ្យរដ្ឋនីមួយៗ កាន់តែធ្លាក់ក្នុងភាពអនាធិបតេយ្យកាន់តែខ្លាំង។ ប្រទេសលែងមានច្បាប់។ អ្នកណាខ្លាំង អ្នកនោះឈ្នះ។

តាមការសិក្សារបស់អ្នកបុរាណវិទ្យា គេឃើញថា អឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូម ខុសគ្នាពីអឺរ៉ុបនៅក្រោមចក្រភពរ៉ូម ដូចមេឃនិងដី។ នៅក្រោមចក្រភពរ៉ូម អឺរ៉ុបគឺជាតំបន់មានច្បាប់ (ច្បាប់ដែលមានការចងក្រងជាសំណេរ) មានសកម្មភាពជំនួញ មានការរៀបចំដែនដី ជាទីប្រជុំជន ឬទីក្រុង ដែលមានសណ្តាប់ធ្នាប់ មានអគារប្រកបដោយស្នាដៃស្ថាបត្យកម្មដ៏វិចិត្រ ប្រជាជនមានការអប់រំ មានការចេះដឹងខ្ពង់ខ្ពស់។ នៅក្រោយការដួលរលំនៃចក្រភពរ៉ូម អ្វីៗទាំងអស់នេះត្រូវរលុបបាត់រូបទាំងស្រុង ពីអឺរ៉ុប៖ ប្រជាជនមាន សកម្មភាពសំខាន់ៗតែពីរប៉ុណ្ណោះ គឺធ្វើស្រែ និងធ្វើសង្រ្គាម។ អរិយធម៌នៅក្នុងតំបន់អឺរ៉ុបត្រូវលិចលង់បាត់ទាំងស្រុង។ មានអ្នកប្រវត្តិសាស្រ្តខ្លះបានឲ្យឈ្មោះសម័យកាលនោះថាជាយុគខ្មៅ ងងឹត (Age Sombre/Dark Age)។

យុគខ្មៅងងឹតនៃអរិយធម៌អឺរ៉ុប បានអូសបន្លាយពេលជាច្រើនសតវត្សរ៍ ពោលគឺ ចាប់តាំងពីការដួលរលំនៃចក្រភពរ៉ូម (សតវត្សរ៍ទី៥) រហូតដល់សម័យកាល ដែលគេឲ្យឈ្មោះថា ឲ្យឈ្មោះថា La Renaissance (អំឡុងសតវត្សរ៍ទី១៤) នៅពេលដែលអរិយធម៌អឺរ៉ុបបានចាប់ផ្តើមលេចធ្លោឡើងវិញ ជាមួយនឹងអ្នកប្រាជ្ញល្បីៗនៅអ៊ីតាលី ដូចជា Léonard de Vinci (វិចិត្រករ ស្ថាបត្យករ វិស្វករ ទស្សនវិទូ) Machiavel (អ្នកជំនាញខាងយុទ្ធសាស្រ្ត និងនយោបាយ) និង Michel-Angle (ស្ថាបត្យករ និងវិចិត្រករ)៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements