Colosseum នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីបច្ចុប្បន្ន គឺជាស្លាកស្នាមនៃអរិយធម៌របស់ចក្រភពរ៉ូម

ឆ្នាំ២៧មុនគ.ស (២០៤០ឆ្នាំមុនសម័យកាលបច្ចុប្បន្ន) រ៉ូមបោះបង់របបដឹកនាំបែបសាធារណរដ្ឋ ដែលមានតុល្យភាពអំណាច រវាងព្រឹទ្ធសភា និងកុងស៊ុល ហើយងាកមកចាប់យករបៀបដឹកនាំបែបចក្រភព ដែលអំណាចទាំងអស់ត្រូវប្រមូលផ្តុំនៅលើមនុស្សតែម្នាក់ គឺអធិរាជ។ អធិរាជដំបូងបង្អស់ នៃចក្រភពរ៉ូម មានឈ្មោះថា អូហ្គូស (Auguste) ឬតាមភាសាឡាតាំង Augustus។

នៅក្នុងរយៈពេល ៥៦ឆ្នាំ ដែលលោកកាន់អំណាច អធិរាជអូហ្គូសបានស្តារប្រទេសជាតិឡើងវិញ ឲ្យចេញពីភាពប្រេះឆា នៃវិវាទផ្ទៃក្នុង ដែលបានអូសបន្លាយពេលអស់រយៈពេលប្រមាណជា ១សតវត្សរ៍កន្លងទៅ ហើយដឹកនាំចក្រភពរ៉ូម ឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាព។ កំណែទម្រង់សង្គមជាច្រើនត្រូវបានរៀបចំធ្វើ។ ក្នុងពេលជាមួយគ្នា ការការច្បាំងវាតទីពង្រីកទឹកដីនៃចក្រភពរ៉ូម ក៏ចេះតែបន្ត។

ទាក់ទងនឹងវិស័យយោធា រ៉ូមបានបង្កើតនូវរចនាសម្ព័ន្ធកងទ័ពថ្មីស្រឡាងមួយ ដែលមិនមានអ្នកណាធ្លាប់ធ្វើពីមុន គឺកងទ័ពអាជីព។ ទាហានរ៉ូម មិនមែនជាកសិករដែលគេកេណ្ឌយកមកច្បាំង នៅក្នុងពេលមានតម្រូវការ ហើយពេលចប់ចម្បាំង វិលត្រឡប់ទៅធ្វើស្រែចម្ការវិញ ដូចអ្វីដែលប្រទេសផ្សេងទៀតធ្លាប់ធ្វើពីមុននោះទេ។ នៅរ៉ូម ទាហានបំពេញមុខងារក្នុងជួរកងទ័ពជាអចិន្រ្តៃយ៍៖ ចេញច្បាំងនៅពេលមានចម្បាំង ហើយនៅពេលគ្មានចម្បាំង ត្រូវទទួលការហ្វឹកហ្វឺន ដោយទទួលប្រាក់បៀរវត្សរ៍ ដូចជាការបំពេញមុខរបរផ្សេងទៀតដែរ។ ហេតុដូច្នេះហើយបានជា នៅក្នុងសម័យកាលនោះ រ៉ូមមានកងទ័ពដែលមានជំនាញបំផុត ដែលធ្វើឲ្យប្រទេសផ្សេងៗទៀតមានការខ្លបខ្លាចគ្រប់ៗគ្នា។

តាមរយៈទាហានអាជីពនេះ ចក្រភពរ៉ូម ទាំងនៅក្រោមការដឹកនាំរបស់អធិរាជអូហ្គូស និងអធិរាជក្រោយៗមកទៀត បានទទួលជ័យជម្នះនៅស្ទើរតែគ្រប់សមរភូមិ ហើយច្បាំងវាតទីពង្រីកទឹកដីរបស់ខ្លួន ចាប់តាំងពីអង់គ្លេស និងតំបន់អឺរ៉ុប មកដល់តំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយចាក់ចុះទៅទិសខាងកើត រហូតទៅដល់អ៊ីរ៉ាក់បច្ចុប្បន្ន។ ក៏ប៉ុន្តែ ផ្ទុយពីម៉ាសេដ្វាន់ របស់ Alexandre le Grand ចក្រភពរ៉ូមមិនមានមហិច្ឆតាចង់ច្បាំងកាន់កាប់ពិភពលោកទាំងមូលនោះទេ។ ចក្រភពរ៉ូមចេះកម្រិតដែនកំណត់នៃការពង្រីកទឹកដីរបស់ខ្លួន។

ទឹកដីនៃចក្រភពរ៉ូមបានលាតសន្ធឹងដល់កម្រិតអតិបរមា នៅក្នុងអំឡុងសតវត្សរ៍ទី១ និងសតវត្សរ៍ទី២ នៃគ.ស។ នៅពេលនោះ ចក្រភពរ៉ូមមានផ្ទៃដីសរុបរហូតដល់ទៅ ៥លានគីឡូម៉ែត្រក្រឡា ដែលក្នុងសម័យកាលបច្ចុប្បន្ននេះ ត្រូវបានបែងចែកបង្កើតទៅជាប្រទេសប្រមាណជា ៤០ប្រទេសខុសៗ នៅក្នុងតំបន់អឺរ៉ុប អាហ្វ្រិកខាងជើង និងតំបន់មជ្ឈិមបូព៌ា៖ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក ប៉ែកខាងត្បូងអាល្លឺម៉ង់ ស្វ៊ីស អេ្សប៉ាញ ព័រទុយហ្កាល់ អ៊ីតាលី អូទ្រីស ហុងគ្រី ក្រូអាស៊ី ស៊ែរប៊ី អាល់បានី បូស្នី ក្រិក ប៊ុលហ្ការី រ៉ូម៉ានី តួកគី ស៊ីរី លីបង់ ប៉ាឡេស្ទីន អ៊ីស្រាអែល ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប លីប៊ី ទុយនីស៊ី អាល់ហ្សេរី និងម៉ារ៉ុក សុទ្ធសឹងតែជាអតីតទឹកដីរបស់ចក្រភពរ៉ូម។

ប្រជាជនសរុបរបស់ចក្រភពរ៉ូម ត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៥០លាន ទៅ១០០លាននាក់ ពោលគឺ ប្រមាណជា ១ភាគ៣ នៃប្រជាជនសរុបនៅទូទាំងពិភពលោក នៅក្នុងសម័យកាលនោះ។ នៅជុំវិញចក្រភពរ៉ូម គេឃើញមានប្រជាជនភាគច្រើន គឺជាកុលសម្ព័ន្ធ ដែលបន្តរស់នៅតាមលក្ខណៈបុរេប្រវត្តិ ឬទើបនឹងបោះជំហានចេញពីបុរេប្រវត្តិ មកប្រកបរបរកសិកម្ម តែនៅមិនទាន់បង្កើតជារដ្ឋនៅឡើយ។ លើកលែងតែនៅទិសខាងកើត ដែលគេឃើញមានរដ្ឋ និងអរិយធម៌ធំៗមួយចំនួន រួមមាន ពែរស៍ ចិន និងឥណ្ឌា។

នៅក្នុងអំឡុងពេលនោះ ពែរស៍ គ្រាន់តែជារដ្ឋតូចមួយប៉ុណ្ណោះ លែងជាអាណាចក្រដ៏សម្បើមដូចពីមុនទៀតហើយ។ ឥណ្ឌាវិញ បន្តមានបញ្ហាបាក់បែកផ្ទៃក្នុងច្រើន ក៏ប៉ុន្តែ នៅតែអាចចាប់ផ្តើមពង្រីកឥទ្ធិពលនៃអរិយធម៌របស់ខ្លួន ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (នគរជ្វា ខ្មែរ ម៉ាឡេ និងចំប៉ា ជាដើម)។  ចំណែកចិន ដែលបានបង្រួបបង្រួមគ្នា ក្រោមការដឹកនាំរបស់រាជវង្សហាន គឺជាអាណាចក្រដ៏សំខាន់មួយដែរ គ្រាន់តែមិនមែនជាមហាអំណាចកម្រិតពិភពលោក ដូចជាចក្រភពរ៉ូម។ អាណាចក្រទាំងពីរ ចិន និងរ៉ូម មានទំនាក់ទំនងជាមួយគ្នាច្រើន ទាំងទំនាក់ទំនងផ្នែកការទូត និងខាងផ្នែកជំនួញ ជាពិសេស ការជួញដូរសូត្រពីចិន។

ចក្រភពរ៉ូម ត្រូវបានគេកត់ត្រាឈ្មោះក្នុងប្រវត្តិសាស្រ្តថា ជាមហាអំណាចដ៏សម្បើមមួយ ក្នុងប្រវត្តិនៃមនុស្សជាតិ។ ជាការពិតថា នៅមុនចក្រភពរ៉ូម ពិភពលោកធ្លាប់បានស្គាល់មហាអំណាចធំៗ ដូចជា ពែរស៍ និងមាសេដ្វាន់របស់ Alexandre le Grand ហើយក្រោយចក្រភពរ៉ូម ក៏មានមហាអំណាចពិភពលោកដ៏សម្បើមផ្សេងទៀត ដូចជា អាណាចក្រម៉ុងហ្គោលរបស់ Gengis Khan និងចក្រភពអង់គ្លេស ជាដើម ដែលខ្លះជាមហាអំណាចដែលមានផ្ទៃដីធំជាងចក្រភពរ៉ូមទៅទៀត ក៏ប៉ុន្តែ មិនមានអាណាចក្រណា ដែលអាចរក្សាភាពរុងរឿងជាមហាអំណាចពិភពលោក បានយូរដូចជាចក្រភពរ៉ូមនោះទេ។

ក៏ប៉ុន្តែ ដូចមេដឹកនាំក្រិក ឈ្មោះ ពេរីគ្លែស (Périclès) ធ្លាប់ឡើង កាលពីប្រមាណជា ២ពាន់ ៥រយឆ្នាំមុនថា អ្វីៗក៏ត្រូវមានទីបញ្ចប់របស់វាដែរ។ យ៉ាងណាមិញ អំណាចរបស់ចក្រភពរ៉ូម បើទោះបីជាធំសម្បើមប៉ុណ្ណា ក៏ត្រូវមានទីបញ្ចប់របស់វាដែរ។

រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកប្រវត្តិសាស្រ្តនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយទេ អំពីដើមហេតុ ដែលនាំឲ្យចក្រភពរ៉ូមធ្លាក់ចុះដុនដាប ហើយពេលវេលាពិតប្រាកដ នៃការបញ្ចប់អំណាចរ៉ូម ក្នុងឋានៈជាមហាអំណាចពិភពលោក ក៏គេពិបាកនឹងកំណត់ឲ្យបានជាក់លាក់ដែរ ដោយសារតែការធ្លាក់ចុះនៃចក្រភពរ៉ូម បានកើតឡើងដោយសន្សឹមៗ ដោយអូសបន្លាយពេលរហូតដល់ទៅរាប់រយឆ្នាំឯណោះ។

នៅក្នុងការសិក្សាអំពីដើមហេតុ ដែលនាំឲ្យចក្រភពរ៉ូមធ្លាក់ដុនដាប អ្នកប្រវត្តិសាស្រ្តច្រើននាំគ្នាផ្តោតទៅលើកត្តាធំៗមួយចំនួន ដូចជា វិបត្តិសេដ្ឋកិច្ច និងសង្គម បូករួមជាមួយនឹងវិបត្តិនយោបាយ ដែលកើតពីជម្លោះដណ្តើមស្នងតំណែង នៅក្រោយការស្លាប់របស់អធិរាជរ៉ូមម្តងៗ និងការវាយប្រហារពីកុលសម្ព័ន្ធខាងក្រៅ។

នៅចុងសតវត្សរ៍ទី៣ នៃគ.ស ចក្រភពរ៉ូមត្រូវបានគេពុះចែកជាពីរចំណែក គ្រប់គ្រងដោយអធិរាជពីរផ្សេងគ្នា៖ ចក្រភពរ៉ូមខាងកើត និងចក្រភពរ៉ូមខាងលិច។ ចាប់ពីពេលនោះមក ស្ថាប័ននយោបាយ និងកងទ័ពរ៉ូម បានចាប់ផ្តើមបាត់បង់ស្ថិរភាពបន្តិចម្តងៗ។ ជម្លោះផ្ទៃក្នុងរ៉ូមចេះតែបន្តកើតមានឥតឈប់ឈរ។ ក្នុងពេលដែលរ៉ូមកំពុងជួបនឹងអស្ថិរភាពផ្ទៃក្នុង ក្រុមកុលសម្ព័ន្ធពីខាងក្រៅ ជាពិសេស ក្រុមកុលសម្ព័ន្ធមកពីអាល្លឺម៉ង់ និងតួកគី បានបង្កើនការវាយប្រហារកាន់តែខ្លាំង ទៅលើចក្រភពរ៉ូម។

នៅដើមសតវត្សរ៍ទី៥ ចក្រភពរ៉ូមក៏ចាប់ផ្តើមបាត់បង់ទឹកដីបន្តិចម្តងៗ ទៅក្នុងដៃពួកកុលសម្ព័ន្ធ ដោយចាប់ផ្តើមពីទឹកដីអង់គ្លេស នៅអំឡុងឆ្នាំ៤១០នៃគ.ស អេស្ប៉ាញ និងអាហ្វ្រិកខាងជើង នៅឆ្នាំ៤៣០ ហ្គោល (បារាំង) នៅឆ្នាំ៤៥០ ហើយនៅឆ្នាំ៤៧៦ ក្រុមកុលសម្ព័ន្ធមកពីអាល្លឺម៉ង់បានវាយលុកចូលកាន់កាប់អ៊ីតាលី រួចហើយទម្លាក់អធិរាជនៃចក្រភពរ៉ូមខាងលិចពីអំណាច។

ថ្វីដ្បិតតែចក្រភពរ៉ូមមិនទាន់ដួលរលំទាំងស្រុង ដោយនៅសល់ចក្រភពរ៉ូមខាងកើតមួយទៀត ដែលគេច្រើនហៅថា ចក្រភពប៊ីហ្សង់តាំង (Byzantin) ក៏ប៉ុន្តែ រ៉ូម ជាមហាអំណាចពិភពលោកបានឈានដល់ទីបញ្ចប់ នៅត្រឹមឆ្នាំ៤៧៥នេះ។

អាណាចក្រប៊ីហ្សង់តាំង ដែលមានរាជធានី នៅកុងស្តង់ទីណូប (Constantinoble) គឺនៅត្រង់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីបច្ចុប្បន្ន បានបន្តអំណាចរ៉ូម រហូតដល់សតវត្សរ៍ទី១៥នៃគ.ស។ នៅឆ្នាំ១៤៥៣ តួកគីបានវាយលុកកាន់កាប់ទីក្រុងកុងស្តង់ទីណូប ផ្ដួលរលំចក្រភពប៊ីហ្សង់តាំង ហើយបង្កើតជាចក្រភពភពថ្មីមួយទៀត គឺចក្រភពអូតូម៉ង់ (ឬចក្រភពតួកគី)៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements