រូបគំនូររបស់អធិរាជម៉ុងហ្គោល ជិនហ្គីស ខាន់ ដែលគូរក្នុងអំឡុងសតវត្សរ៍ទី១៤

ឆ្នាំ១១៦២ (ឯកសារខ្លះថា ឆ្នាំ១១៥៥) នៅតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល ទារកមួយបានចាប់កំណើតឡើង។ ទារក ដែលពេលធំដឹងក្តីឡើង ក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺជិនហ្គីស ខាន់។

នៅពេលដែលជិនហ្គីស ខាន់ ចាប់កំណើត និងធំដឹងក្តី ម៉ុងហ្គោលនៅមិនទាន់ក្លាយជាប្រជាជាតិរួបរួមគ្នាមួយនៅឡើយទេ។ ប្រជាជនម៉ុងហ្គោលរស់នៅជាក្រុមកុលសម្ព័ន្ធ ដែលរស់នៅដាច់ៗពីគ្នា ហើយពេលខ្លះធ្វើសង្រ្គាមរវាងគ្នាឯងទៀតផង។ ចាប់តាំងពីសតវត្សរ៍ទី៧ ម៉ុងហ្គោលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ក្រោមរាជវង្សថាង និងបន្ទាប់មកទៀត ក្រោមការគ្រប់គ្រងរបស់រាជវង្សលៀវ (Liao)។

ជិនហ្គីស ខាន់ ដែលឈ្មោះកំណើតថា តេមូឈីន (Temutchin) គឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោល។ នៅពេលដែលតេមូឈីន នៅជាក្មេងប្រុសម្នាក់នៅឡើយ ឪពុករបស់តេមូឈីនត្រូវស្លាប់ដោយថ្នាំបំពុលរបស់កុលសម្ព័ន្ធ ដែលជាគូសត្រូវ ហើយតេមូឈីន ក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុក។

កុលសម្ព័ន្ធដែលកេរមរតកពីឪពុករបស់តេមូឈីន គ្រាន់តែជាកុលសម្ព័ន្ធតូច និងទន់ខ្សោយមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រោយមក តេមូឈីនបានពង្រីកកម្លាំងក្រុមសម្ព័ន្ធរបស់ខ្លួន តាមរយៈការចងសម្ព័ន្ធមិត្ត និងតាមរយៈការធ្វើសង្រ្គាមដណ្តើមកាន់កាប់កុលសម្ព័ន្ធផ្សេងទៀត។ នៅឆ្នាំ១២០៦ តេមូឈីន ដែលមានវ័យ ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជាប្រជាជាតិតែមួយ គឺចក្រភពម៉ុងហ្គោល។ តេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយ គឺ ជិនហ្គីស ខាន់ (មានន័យថាតាមភាសាម៉ុងហ្គោលថា “ស្តេចចក្រវាល”)។

ក្រោយពីបានបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោល បង្កើតទៅជាប្រទេសរួបរួមគ្នាមួយហើយ ជិនហ្គីស ខាន់ ត្រូវប្រឈមមុខនឹងសត្រូវដ៏ធំមួយទៀត គឺចិន ដែលស្ថិតនៅប៉ែកខាងត្បូងម៉ុងហ្គោល។ ជិនហ្គីស ខាន់ ដឹងខ្លួនថា ចិនដែលធ្លាប់តែត្រួតត្រាម៉ុងហ្គោលរាប់សតវត្សរ៍កន្លងមកនោះ ប្រាកដជានឹងមិនទុកបណ្តោយឲ្យម៉ុងហ្គោលនៅជាប្រទេសឯករាជ មានមេដឹកនាំ និងកងទ័ពខ្លាំងពូកែ នៅជាប់នឹងព្រំដែនរបស់ខ្លួននោះទេ។

ឆ្លៀតក្នុងពេលដែលចិនកំពុងធ្លាក់ចុះទន់ខ្សោយ ដោយមានការបែកបាក់ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏បានសម្រេចធ្វើការវាយលុកទៅលើចិនមុន។ នៅពេលនោះ ប្រទេសចិនត្រូវបានបែងចែកជាច្រើនចំណែក ដោយមាននគរធំៗបី គឺនគរលៀវ (Liao) នៅប៉ែកខាងជើង នគរសៀ (Xia) នៅខាងលិច និងនគរសុង (Song) នៅប៉ែកខាងត្បូង។ ជិនហ្គីស ខាន់ បាននាំទ័ពម៉ុងហ្គោលប្រមាណជា ៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅទៅវាយលុកចូលក្នុងនគរលៀវ គឺដែនដីចិនប៉ែកខាងជើង។

ពេលចូលទៅដល់ចិនកងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយ គឺមហាកំផែងរបស់ចិន។ ក៏ប៉ុន្តែ ដើម្បីឆ្លងកាត់មហាកំផែងដ៏ធំមហិមានេះ កងទ័ពរបស់ ជិនហ្គីស ខាន់ បានរកឃើញវិធីដ៏សាមញ្ញបំផុតមួយ គឺដើរវាងមហាកំផែង។

កងទ័ពរបស់ ជិនហ្គីស ខាន់ បានធ្វើដំណើរទៅដល់រាជធានីនៃនគរចិនខាងជើង ដែលមានទីតាំងនៅម្តុំទីក្រុងប៉េកាំងបច្ចុប្បន្ន។ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត កងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងកំផែងក្រុង ដែលមានកំពស់១២ម៉ែត្រ ប្រវែង ៣០គីឡូម៉ែត្រ ហើយការពារដោយប៉មយាមប្រមាណជា ៩០០រយ។ ខុសពីមហាកំផែង ដែលមានផ្លូវអាចដើរវាងបាន កងទ័ពរបស់ជិនហ្គីស ខាន់ ចាំបាច់ត្រូវតែឆ្លងកាត់កំផែងក្រុងប៉េកាំងដោយការប្រយុទ្ធ។

ក៏ប៉ុន្តែ ជិនហ្គីស ខាន់ មិនបានបើកការវាយប្រហារទៅលើកំផែងក្រុងប៉េកាំងភ្លាមៗទេ។ ផ្ទុយទៅវិញ កងទ័ពម៉ុងហ្គោលបានធ្វើការឡោមព័ទ្ធ ដើម្បីកាត់ផ្តាច់ការផ្លូវនាំស្បៀងចូលក្នុងក្រុង ហើយក្នុងពេលជាមួយគ្នា ពួកគេបានសាងសង់ឧបករណ៍សង្រ្គាមធុនធ្ងន់ ដើម្បីត្រៀមវាយទម្លុះកំផែងក្រុង។ នៅក្នុងទីក្រុងប្រជាជន និងកងទ័ពចិនដាច់ស្បៀង ហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លាន។ ចំណែកនៅខាងក្រៅក្រុងវិញ ទាហានម៉ុងហ្គោលមានស្បៀងហូរហៀរឥតខ្វះ ដោយសារការស្ទាក់ចាប់ស្បៀង ដែលចិននាំចូលក្នុងរាជធានី។

នៅឆ្នាំ១២១៥ កងទ័ពរបស់ជិនហ្គីស ខាន់ ក៏បើកប្រតិបត្តិការវាយលុកទៅលើរាជធានីប៉េកាំង។ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងបានហើយ កងទ័ពម៉ុងហ្គោលបានដុតកម្ទេចផ្ទះសម្បែង និងសម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់។ ដែនដីចិនខាងជើងក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភព ម៉ុងហ្គោល។

បន្ទាប់ពីវាយដណ្តើមកាន់កាប់ចិនខាងជើងបានហើយ ជិនហ្គីស ខាន់ បានងាកទៅសំឡឹងទៅទិសខាងលិចវិញម្តង គឺចក្រភពពែរស៍។ ក៏ប៉ុន្តែ ជាមួយពួកពែរស៍ ជិនហ្គីស ខាន់ មិនមានបំណងចង់ធ្វើសង្រ្គាមនោះទេ តែចង់ធ្វើជំនួញ។ ជិនហ្គីស ខាន់ ក៏បានបញ្ជូនមន្រ្តីទូតរបស់ខ្លួនឲ្យទៅជួបអធិរាជពែរស៍ ដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នា។

នៅពាក់កណ្តាលឆ្នាំ១២១៨ អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយ ពីអាណាចក្រពែរស៍ បញ្ជូនទៅឲ្យជិនហ្គីស ខាន់។ កញ្ចប់ ដែលនឹងនាំទៅរកការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តពិភពលោក។ នៅក្នុងកញ្ចប់នោះ គឺក្បាលមន្រ្តីទូតម៉ុងហ្គោល ដែលជិនហ្គីស ខាន់ បញ្ជូនឲ្យទៅជួបអធិរាជពែរស៍។

ជិនហ្គីស ខាន់ ផ្ទុះកំហឹង ក៏បានប្រមូលទ័ពប្រមាណជា ២០ម៉ឺននាក់ វាយលុកចូលឈ្លានពានអាណាចក្រពែរស៍ ដោយបានដាក់បញ្ជាថា អ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ត្រូវទុកឲ្យរស់ ចំណែកឯក្រុមណា ឬទីក្រុងណា ដែលមិនចុះចាញ់ត្រូវសម្លាប់ និងដុតកម្ទេចឲ្យរាបដល់ដី។ បំណងចង់ធ្វើជំនួញ ប្រែក្លាយទៅជាកំហឹងចង់ធ្វើសង្រ្គាម។ កងទ័ពរបស់ជិនហ្គីស ខាន់ បានវាយដណ្តើមកាន់កាប់អាណាចក្រពែរស៍ទាំងមូល នៅឆ្នាំ១២២០។ ប្រជាជនពែរស៍ប្រមាណជាជាង១លាននាក់ ទាំងស្រី ទាំងប្រុស ទាំងចាស់ ទាំងក្មេង ត្រូវស្លាប់បាត់បង់ជីវិត ក្នុងសង្រ្គាមនេះ។

ក្រោយពីបានវាយកាន់កាប់អាណាចក្រពែរស៍បានហើយ ជិនហ្គីស ខាន់ បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញ ដោយនៅតាមផ្លូវ បានឆ្លៀតវាយដណ្តើមយកអាហ្វហ្កានីស្ថាន និងប៉ែកខាងជើងឥណ្ឌា។ កងទ័ពមួយផ្នែកតូចទៀត ដែលមានគ្នាប្រមាណជា ២ម៉ឺននាក់ ត្រូវបានជិនហ្គីស ខាន់ បញ្ជូនឲ្យធ្វើការវាយលុកសំដៅទៅទិសខាងលិច ដើម្បីជាការពិសោធន៍មើលថា តើពួកគេអាចវាយលុកទៅដល់ត្រឹមណា ទើបមានអ្នកអាចចេញមុខមករារាំងបញ្ឈប់ដំណើររបស់ពួកគេបាន។ ក៏ប៉ុន្តែ កងទ័ពមួយក្រុមនេះវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុបខាងកើត ដោយមិនមានអ្នកណាអាចរារាំងបាន។

ឆ្នាំ១២២៦ ភ្លាមៗក្រោយពីវិលត្រឡប់ប្រតិបត្តិការយោធានៅពែរស៍ ជិនហ្គីស ខាន់ បាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិន ដែលនៅសេសសល់ពីការឈ្លានពានលើកមុន។ ក៏ប៉ុន្តែ នៅខែសីហា ឆ្នាំ១២២៧ នៅក្នុងពេលដែលកងទ័ពម៉ុងហ្គោលកំពុងវាយលុកទៅលើរាជធានីរបស់នគរសៀ នៅដែនដីប៉ែកខាងលិចប្រទេសចិន ជិនហ្គីស ខាន់ ក៏ស្រាប់ចូលទិវង្គត់ ក្នុងវ័យ ៦៥ឆ្នាំ (៧២ឆ្នាំ បើគិតតាមឯកសារខ្លះ ដែលថា ជិនហ្គីស ខាន់ កើតឆ្នាំ១១៥៥)។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកប្រវត្តិសាស្រ្តនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយ អំពីមូលហេតុនៃការស្លាប់របស់ជិនហ្គីស ខាន់។ ខ្លះថា ស្លាប់ក្នុងសមរភូមិ ក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀ។ ខ្លះទៀតថាស្លាប់ដោយជំងឺ ឬដោយធ្លាក់ពីលើខ្នងសេះ។

អធិរាជជិនហ្គីស ខាន់ ទទួលមរណភាពដោយបន្សល់ទុកនូវកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេលនោះ ចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំងពីមហាសមុទ្រ ប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដីនៃចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេដ្វាន់របស់ អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូម រហូតដល់ទៅ ២ដង។

មរណភាពរបស់ជិនហ្គីស ខាន់ មិនបានបញ្ចប់ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣របស់ជិនហ្គីស ខាន់ ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុក ព្រមទាំងអធិរាជជំនាន់ក្រោយៗមកទៀត បានបន្តធ្វើសង្រ្គាមវាតទីពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល រហូតកើនឡើងទ្វេដង លើសពីសម័យកាលអធិរាជជិនហ្គីស ខាន់៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements