រហូតមកទល់នឹង សព្វថ្ងៃនេះ ប្រទេសជាច្រើននៅតែបន្តប្រារព្ធទិវារំឭកដល់ថ្ងៃដែលគ្រីស្តូហ្វ កូឡុំធ្វើដំណើរមកដល់អាមេរិក (Columbus Day)

អស់រយៈពេលរាប់សតវត្សរ៍ បណ្តាជនទូទៅ នៅលើពិភពលោកនាំគ្នាជឿថា អ្នកដែលបានរកឃើញទ្វីបអាមេរិកមុនគេបង្អស់ គឺ គ្រីស្តូហ្វ កូឡុំ (Christophe Colomb)។ ដំណើររឿងរបស់ គ្រីស្តូហ្វ កូឡុំ បានកើតឡើង នៅចុងសតវត្សរ៍ទី១៥។

នៅពេលនោះ អឺរ៉ុបបានងើបចេញពីយុគខ្មៅងងឹត នៃយុគសម័យកណ្តាល ហើយចាប់ផ្តើមស្គាល់នូវភាពរុងរឿងឡើងវិញបន្តិចម្តងៗ ហើយក្នុងនោះ គឺឃើញមានប្រទេសមហាអំណាចថ្មី ដែលចាប់ផ្តើមលេចមុខឡើង នៅអឺរ៉ុប គឺព័រទុយហ្កាល់ និងអេស្ប៉ាញ។ នៅពេលនោះ បណ្តាប្រទេសនៅអឺរ៉ុបកំពុងតែប្រជែងគ្នា ក្នុងការពង្រីកសេដ្ឋកិច្ចរបស់ពួកគេរៀងៗខ្លួន តាមរយៈការធ្វើអាណានិគម និងការគ្រប់គ្រងផ្លូវជំនួញ។ ការធ្វើជំនួញ ដែលកាក់កបជាងគេ នៅពេលនោះ គឺការជួញដូរជាមួយអាស៊ី ហើយជំនួញនេះត្រូវគេធ្វើតាមផ្លូវគោក ដែលគេហៅថា “ផ្លូវសូត្រ” តភ្ជាប់អឺរ៉ុប ទៅឥណ្ឌា និងចិន។ ក៏ប៉ុន្តែ ការធ្វើដំណើរតាមផ្លូវគោកពីអឺរ៉ុបទៅអាស៊ីត្រូវប្រឈមមុខនឹង គ្រោះថ្នាក់ច្រើន នៅក្រោយពេលដែលចក្រភពអូតូម៉ង់របស់តួកគី បានវាយយកទីក្រុងកុងស្តង់ទីណូប និងផ្តួលរំលំចក្រភពប៊ីហ្សង់តាំង នៅឆ្នាំ១៤៥៣។

ព័រទុយហ្កាល់ ដែលពេលនោះជាប្រទេសមួយជំនាញខាងផ្លូវសមុទ្រ ក៏បានងាកទៅធ្វើការជួញដូរតាមផ្លូវសមុទ្រវិញ ដោយចេញដំណើរពីព័រទុយហ្កាល់ តាមមហាសមុទ្រអាត្លង់ទិក ចាក់ចុះទៅទិសខាងត្បូង វាងមួយជុំទ្វីបអាហ្វ្រិក មុននឹងឆ្លងមហាសមុទ្រឥណ្ឌា ទៅកាន់តំបន់អាស៊ី។

ក៏ប៉ុន្តែ គ្រីស្តូហ្វ កូឡុំ ដែលជាអ្នកជំនាញខាងដើរកប៉ាល់មកពីអ៊ីតាលី បានបែកគំនិតមួយថ្មីថា ដោយសារតែផែនដីមានរាងមូល បើសិនជាគេធ្វើដំណើរចេញពីអឺរ៉ុប ឆ្ពោះទៅទិសខាងលិច កាត់តាមមហាសមុទ្រអាត្លង់ទិក គេនឹងអាចធ្វើដំណើរដោយត្រង់ទៅដល់ឥណ្ឌា ដោយចំណាយពេលតិចជាង ការធ្វើដំណើរទៅទិសខាងកើត ដែលត្រូវវាងមួយជុំទ្វីបអាហ្វ្រិក។ នៅចុងសតវត្សរ៍ទី១៥ ស្តេចអេស្ប៉ាញក៏បានជួលគ្រីស្តូហ្វ កូឡុំ ឲ្យដឹកនាំបេសកកម្ម ក្នុងនាមអេស្ប៉ាញ ធ្វើដំណើរតាមកប៉ាល់ កាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅអាស៊ី។

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៤៩២ គ្រីស្តូហ្វ កូឡុំ បានចេញដំណើរពីអេស្ប៉ាញ ជាមួយនឹងកប៉ាល់ ៣គ្រឿង ឆ្ពោះទៅទិសខាងលិច សំដៅទៅអាស៊ី។ ជាង ២ខែក្រោយមក នៅថ្ងៃទី១២ ខែតុលា កប៉ាល់របស់គ្រីស្តូហ្វ កូឡុំ ក៏បានធ្វើដំណើរមកដល់ឆ្នេរខាងកើតនៃទ្វីបអាមេរិក។ គ្រីស្តូហ្វ កូឡុំ នឹកស្មានថាខ្លួនមកដល់ឥណ្ឌា ក៏បានហៅជនជាតិដើម ដែលរស់នៅលើទ្វីបអាមេរិកថាជាពួកឥណ្ឌា។ ឈ្មោះ ដែលនៅជាប់រហូតមកទល់នឹងពេលបច្ចុប្បន្ន គឺ “ឥណ្ឌាស្បែកក្រហម”។

ចាប់តាំងពីពេលនោះមក គ្រីស្តូហ្វ កូឡុំ ត្រូវបានប្រវត្តិសាស្រ្តចារទុកថាជាអ្នកដែលបានរកឃើញទ្វីបអាមេរិក មុនគេបង្អស់។ ក៏ប៉ុន្តែ ក្រោយមក គេបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា គ្រីស្តូហ្វ កូឡុំ មិនមែនជាអ្នករកឃើញទ្វីបអាមេរិកមុនគេនោះទេ ហើយក៏មិនមែនជាជនជាតិអឺរ៉ុបទីមួយ ដែលបានធ្វើដំណើរទៅដល់ទឹកដីអាមេរិកនោះដែរ។

រូបគំនួរបង្ហាញពីលោកគ្រីស្តូហ្វ កូឡុំ

មុនពេលដែលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ នៅចុងសតវត្សរ៍ទី១៥ ទ្វីបអាមេរិកមានមនុស្សរស់នៅតាំងពីរាប់ម៉ឺនឆ្នាំមកហើយ។ ជនជាតិដើមនៅអាមេរិក (ដែលយើងហៅថា ជាជនជាតិឥណ្ឌាស្បែកក្រហម) តាមការពិត គឺជាមនុស្ស ដែលមានដើមកំណើតមកពីអាស៊ី។ ពួកគេបានធ្វើដំណើរចេញពីអាស៊ី មកអាមេរិក កាលពីប្រមាណជា ២ម៉ឺនឆ្នាំមុន ដោយឆ្លងកាត់តាមចក្រសមុទ្រ រវាងរុស្ស៊ី និងរដ្ឋអាឡាស្កា (Bering Sea) នៅក្នុងអំឡុងយុគសម័យទឹកក (Ice Age) ពេលដែលកម្ពស់មានកម្រិតទាប ហើយច្រកសមុទ្រនេះ នៅជាដីគោកនៅឡើយ ដែលអាចឲ្យគេដើរឆ្លងកាត់បាន។

ចាប់តាំងពីក្រោយយុគសម័យទឹកកក នៅពេលដែលកម្ពស់ទឹកសមុទ្រកើនឡើង ទ្វីបអាមេរិកត្រូវបានកាត់ផ្តាច់ពីតំបន់ផ្សេងទៀត ដោយមហាសមុទ្រប៉ាស៊ីហ្វិក នៅខាងលិច និងមហាសមុទ្រអាត្លង់ទិក នៅខាងកើត ដែលជាហេតុធ្វើឲ្យទ្វីបអាមេរិកនេះ ត្រូវបានគេបំភ្លេចចោលស្ទើរតែទាំងស្រុង។ រហូតទាល់តែក្រោយពេល គ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ទ្វីបនេះ ទើបមហាអំណាចនៅអឺរ៉ុប ជាពិសេស អេស្ប៉ាញ និងព័រទុយហ្កាល់ ចាប់ផ្តើមនាំគ្នាធ្វើដំណើរមកដាក់អាណានិគមលើទ្វីបអាមេរិក ហើយពិភពលោកទាំងមូលដឹងថា មានទ្វីបអាមេរិក ហើយក្នុងរយៈពេលជាច្រើនឆ្នាំ គេនាំគ្នាគិតថា គឺគ្រីស្តូហ្វ កូឡុំ ដែលជាអ្នកបានរកឃើញទ្វីបអាមេរិកនេះមុនគេ។

ក៏ប៉ុន្តែ ក្រោយមកទៀត អ្នកប្រវត្តិសាស្រ្តមួយចំនួនបានរកឃើញថា ទ្វីបអាមេរិកត្រូវបានគេរកឃើញ តាំងពីមុនគ្រីស្តូហ្វ កូឡុំ ទៅទៀត។

អ្នកប្រវត្តិសាស្រ្តខ្លះបានអះអាងថា សំពៅចិន ក្រោមការដឹកនាំរបស់មេទ័ពជើងទឹកនៃរាជវង្សមីង ឈ្មោះ Zheng He បានធ្វើដំណើរទៅដល់ទ្វីបអាមេរិក តាំងពីឆ្នាំ១៤២១ ពោលគឺ ប្រមាណជា ៧០ឆ្នាំ មុនគ្រីស្តូហ្វ កូឡុំ (១៤៩២)។ ក្រោយមកទៀត គេបានរកឃើញផែនទីគូរដោយចិន ដែលបង្ហាញអំពីផ្នែកខ្លះនៃទ្វីបអាមេរិក។ ផែនទីនេះត្រូវបានគូរតាំងពីមុនពេលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរទៅដល់ទ្វីបអាមេរិកទៅទៀត ហើយខ្លះត្រូវបានគូរ តាំងពីក្នុងសម័យកាល ដែលចិនស្ថិតក្រោមការគ្រប់គ្រងរបស់អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ ម៉្លេះ ដែលអាចបញ្ជាក់ថា ចក្រភពម៉ុងហ្គោលបានរកឃើញទ្វីបអាមេរិក តាំងពីមុន Zheng He នៃរាជវង្សមីងទៅទៀត។

ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ អ្នកប្រវត្តិសាស្រ្ត នៅតែមានការខ្វែងគំនិតគ្នាច្រើននៅឡើយ ជុំវិញការរកឃើញទ្វីបអាមេរិកដោយចិន ក្រោមរាជវង្សមីង ឬដោយចិន ក្រោមគូប៊ីឡៃ ខាន់ នៃចក្រភពម៉ុងហ្គោល។ តែទោះជាយ៉ាងណា គេបានយល់ស្របគ្នាថា អាមេរិកពិតជាត្រូវបានគេរកឃើញតាំងពីមុនគ្រីស្តូហ្វ កូឡុំមែន។

អ្នកដែលបានរកឃើញទ្វីបអាមេរិក មុនគ្រីស្តូហ្វ កូឡុំ ហើយដែលគេអាចបញ្ជាក់បានច្បាស់លាស់ តាមរយៈភស្តុតាងបុរាណវិទ្យា គឺពួកវីគីង (Viking) ពោលគឺ ជនជាតិក្នុងអម្បូរហ៊្សែរម៉ានិក ដែលរស់នៅតំបន់អឺរ៉ុបខាងជើង។ តាមរយៈកំណាយបុរាណវិទ្យា នៅប៉ែកខាងកើតប្រទេសកាណាដា (Newfoundland) គេបានរកឃើញថា ពួកវីគីង បានធ្វើដំណើរទៅដល់ និងតាំងទីលំនៅ ក្នុងទ្វីបអាមេរិក តាំងពីក្នុងអំឡុងដើមសតវត្សរ៍ទី១១ ពោលគឺ ប្រមាណជាជិត ៥០០ឆ្នាំ មុនគ្រីស្តូហ្វ កូឡុំ។

ក៏ប៉ុន្តែ បើទោះបីជាគ្រីស្តូហ្វ កូឡុំ មិនមែនជាអ្នកបានរកឃើញទ្វីបអាមេរិកមុនគេក៏ដោយ ការធ្វើដំណើររបស់គ្រីស្តូហ្វ កូឡុំ ទៅដល់ទ្វីបអាមេរិក នៅចុងសតវត្សរ៍ទី១៥ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយនៃការបើកចំហទ្វីបអាមេរិក ទៅកាន់ពិភពលោក។ គឺជាការបើកផ្លូវ ដល់មហាអំណាចអឺរ៉ុប ឆ្ពោះទៅស្វែងយល់ស៊ីជម្រៅ និងធ្វើអាជីវកម្មលើធនធាន នៅលើដែនដីថ្មីដ៏ធំមួយ ប៉ុន្តែ វាក៏ជាការបើកផ្លូវផងដែរ ឆ្ពោះទៅរកការវិនាសហិនហោច សម្រាប់ជនជាតិដើមអាមេរិក៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements