សូរ្យគ្រាសនៅលើពីរ៉ាមីដបន្សល់ទុកដោយពួកម៉ាយ៉ា Getty Images/Bjorn Holland

នៅចុងសវត្សរ៍ទី១៥ នៅពេលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ទ្វីបអាមេរិក មនុស្សរាប់លាននាក់កំពុងតែរស់នៅលើទឹកដីនេះស្រាប់ទៅហើយ។ ជនជាតិដើមអាមេរិក ដែលយើងតែងតែហៅថាជាជនជាតិ “ឥណ្ឌាស្បែកក្រហម” បានធ្វើដំណើរមកដល់ទឹកដីអាមេរិក តាំងពីរាប់ម៉ឺនឆ្នាំមុនម៉្លេះ ដោយធ្វើដំណើរចេញពីអាស៊ីឆ្លងកាត់តាមច្រកសមុទ្រនៅចន្លោះរុស្ស៊ី និងអាឡាស្កា (ច្រកសមុទ្រ Bering) ដែលកាលណោះ គឺជាដីគោក ដែលអាចធ្វើដំណើរដោយថ្មើរជើងបាន។

អ្នកប្រវត្តិសាស្រ្តបានប៉ាន់ស្មានថា គិតត្រឹមសតវត្សរ៍ទី ១៥ នៅពេលដែលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ ទ្វីបអាមេរិកទាំងមូលមានមនុស្សរស់នៅសរុបប្រមាណជា ៥០លាននាក់ ក្នុងនោះ ប្រមាណជា ១០លាននាក់ រស់នៅត្រង់ម្តុំទឹកដីសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ។

ជនជាតិដើមអាមេរិក ក៏ដូចជាមនុស្សនៅតំបន់ផ្សេងទៀតដែរ បានស្គាល់នូវការវិវឌ្ឍក្នុងរបៀបរស់នៅ ចាប់តាំងពីការរស់នៅដោយការបរបាញ់ និងបេះផ្លែឈើ តាមរបៀបបុរេប្រវត្តិ បន្ទាប់មកបានចាប់យករបរកសិកម្ម បង្កើតជារដ្ឋ ដែលខ្លះមានអរិយធម៌រុងរឿងមិនចាញ់មនុស្សនៅតំបន់ផ្សេងទៀតប៉ុន្មាន នោះទេ។ ពួកគេចេះបង្កើតអក្សរសរសេរ ហើយមានចំណេះដឹងខ្ពង់ខ្ពស់ខាងសិល្បៈ ស្ថាបត្យកម្ម តារាស្រ្ត គណិតវិទ្យា និងកសិកម្ម។

រុក្ខជាតិមួយចំនួន ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ និងបរិភោគជាទូទៅ ទាំងនៅអឺរ៉ុប ក៏ដូចជា នៅកន្លែងផ្សេងទៀតនៅទូទាំងពិភពលោក ដូចជា ដំឡូងបារាំង, ដើមកាកាវ ដែលគេយកមកធ្វើជាសូកូឡា (Chocolat), ស្លឹកកូកា ដែលគេយកមកធ្វើជាភេស្ជៈកូកាកូឡា, ពោត, ប៉េងប៉ោះ ឬថ្នាំជក់ ជាដើម សុទ្ធសឹងជារុក្ខជាតិ ដែលមានដើមកំណើតដំបូងចេញពីវប្បធម៌កសិកម្មនៃជនជាតិដើមអាមេរិក។

ជាទូទៅ គេសង្កេតឃើញថា ជនជាតិដើមអាមេរិក ដែលបានបង្កើតជារដ្ឋមានអរិយធម៌រុងរឿងខ្លាំង ច្រើនតែពួកអ្នកនៅក្នុងតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។

ពួកម៉ាយ៉ា (Maya) បង្កើតរដ្ឋនៅត្រង់ម្តុំទឹកដីដែលបច្ចុប្បន្នក្លាយទៅជា ប្រទេសក្វាតេម៉ាឡា (Guatemala), ហុងឌូរ៉ាស់ (Honduras), អេលសាល់វ៉ាឌ័រ (El Salvador) និងមួយផ្នែកនៃប្រទេសម៉ិចស៊ិក។ ម៉ាយ៉ាគឺជាអរិយធម៌ដ៏ចំណាស់ជាងគេបំផុតនៅអាមេរិក ដោយមានដើមកំណើតតាំងពីប្រមាណជា ២៦០០ឆ្នាំមុនគ.ស ហើយបានស្គាល់នូវភាពរុងរឿងខ្លាំង នៅចន្លោះសតវត្សរ៍ទី៦ ដល់ ទី៩គ.ស មុននឹងត្រូវធ្លាក់ដុនដាប រហូតរលាយបាត់រូប នៅសតវត្សរ៍ទី១៦។

ជនជាតិដើមអាមេរិកផ្សេងទៀត ដែលមានអរិយធម៌រុងរឿងមួយដែរ គឺពួកអាស្ទែក (Aztèque) ដែលមានទីតាំងនៅត្រង់ម្តុំប្រទេសម៉ិចស៊ិកបច្ចុប្បន្ន និងពួកអ៊ីងកា (Inca) ដែលមានទឹកដីលាតសន្ធឹងចាប់តាំងពីប្រទេសអេក្វាទ័រ កាត់តាមបូលីវី និងប៉េរូ រហូតដល់ស៊្ហីលី។

បច្ចុប្បន្ន អរិយធម៌នៃជនជាតិដើមអាមេរិកអស់ទាំងនេះត្រូវរលាយបាត់រូប ក៏ប៉ុន្តែ បានបន្សល់ទុកនូវស្លាកស្នាមជាច្រើន ដែលបញ្ជាក់ពីអរិយធម៌របស់ពួកគេ ក្នុងសម័យរុងរឿង ដូចជា ពីរ៉ាមីដ នៅម៉ិចស៊ិក និងអាមេរិកកណ្តាល ដែលបន្សល់ទុកដោយពួកម៉ាយ៉ា និងពួកអាស្ទែក និងក្រុងបុរាណ ម៉ាឈូពីឈូ (Machu Pichu) នៅប៉េរូ ដែលបន្សល់ទុកដោយពួកអ៊ីងកា ហើយដែលបច្ចុប្បន្ន ត្រូវបានគេចាត់បញ្ចូលក្នុងចំណោមអច្ឆរិយវត្ថុរបស់ពិភពលោក។

ដំណើរមកដល់ទ្វីបអាមេរិករបស់គ្រីស្តូហ្វកូឡុំ នៅចុងសតវត្សរ៍ទី១៥ គឺជារបត់ដ៏សំខាន់បំផុតមួយ នៃប្រវត្តិសាស្រ្តរបស់ជនជាតិដើមអាមេរិក ពីព្រោះវាជាចំណុចចាប់ផ្តើមនៃការវាតទីធ្វើអាណានិគមរបស់អឺរ៉ុប ជាពិសេស អេស្ប៉ាញ ទៅលើទឹកដីអាមេរិក។ ការដាក់អាណានិគមដោយកម្លាំង ដែលនាំទៅរកការស្លាប់រង្គាលជនជាតិដើមអាមេរិក។

ក្រុងបុរាណ Machu Pichu បន្សល់ទុកដោយពួកអ៊ីងកា នៅប្រទេសប៉េរូបច្ចប្បន្ន

ជាការពិតថា នៅពេលទាហានអេស្ប៉ាញ ដែលគេហៅថា ពួក Conquestador ធ្វើដំណើរមកដល់អាមេរិក នៅចុងសតវត្សរ៍ទី១៥ អរិយធម៌ម៉ាយ៉ាបានធ្លាក់ចុះខ្សោយ ស្ទើរតែរលាយបាត់រូបទៅហើយ។ ក៏ប៉ុន្តែ ពួកអាស្ទែក និងពួកអ៊ីងកាវិញ នៅជាអាណាចក្រធំមួយនៅឡើយ។

នៅចុងឆ្នាំ១៥១៩ ទាហានអេស្ប៉ាញ ដែលធ្វើដំណើរចេញពីគុយបា បានទៅដល់រាជធានីរបស់ពួកអាស្ទែក (ដែលមានទីតាំងនៅត្រង់រដ្ឋធានីម៉ិចស៊ិកបច្ចុប្បន្ន)។ ស្តេចអាស្ទែក ឈ្មោះម៉ុងតេហ៊្សូម៉ា (Montezuma) បានទទួលឲ្យទាហានអេស្ប៉ាញស្នាក់នៅដោយសុខស្រួល ក៏ប៉ុន្តែ ក្រោយមក ទាហានអេស្ប៉ាញក៏បានវាយប្រហារកាប់សម្លាប់មេដឹកនាំជាច្រើនរបស់ពួក អាស្ទែក ក្នុងនោះក៏រួមមានទាំងស្តេចម៉ុងតេហ៊្សូម៉ាផងដែរ។ ក្រោយមកទៀត អេស្ប៉ាញបាននាំទ័ពមកវាយលុកចូលរាជធានីរបស់ពួកអាស្ទែក និងផ្តួលរំលំអាណាចក្រអាស្ទែកទាំងស្រុង នៅពាក់កណ្តាលឆ្នាំ១៥២១ មុននឹងវាតទីចាក់ចុះទៅទិសខាងត្បូង រហូតទៅដល់ដែនដីរបស់ពួកម៉ាយ៉ា។

នៅឆ្នាំ១៥៣១ ទាហានអេស្ប៉ាញមួយក្រុមផ្សេងទៀត បានធ្វើដំណើរសសៀរតាមឆ្នេរប៉ែកខាងលិចអាមេរិក ចាក់ចុះទៅទិសខាងត្បូង សំដៅទៅប៉េរូ ទីតាំងធំរបស់អាណាចក្រអ៊ីងកា។ អេស្ប៉ាញ ដែលមានគ្នាមិនដល់ ២០០នាក់ផង បានបើកការវាយប្រហារ និងចាប់ខ្លួនស្តេចអ៊ីងកា ធ្វើឲ្យអាណាចក្រអ៊ីងកាត្រូវដួលរលំ នៅចុងឆ្នាំ១៩៣២។

ការពង្រីកអាណានិគមរបស់អឺរ៉ុបនៅលើទ្វីបអាមេរិកបានបង្កនូវវិនាសកម្ម យ៉ាងមហាធំធេងដល់ជនជាតិដើម។ ក្រៅពីរងគ្រោះដោយការកាប់សម្លាប់រង្គាល ក្នុងអំឡុងសង្រ្គាមវាតទីពង្រីកអាណានិគមរបស់ពួកអេស្ប៉ាញ ជនជាតិដើមអាមេរិកបន្តរងគ្រោះរាប់ទសវត្សរ៍ជាបន្តបន្ទាប់មកទៀត នៅក្រោមអាណានិគមអឺរ៉ុប ជាពិសេស រងគ្រោះដោយការកេងប្រវ័ញ្ចការងារតាមបែបទាសករ និង ជាពិសេស រងគ្រោះដោយជំងឺ ដែលពួកអឺរ៉ុបនាំយកមកតាមខ្លួន ដែលសុទ្ធសឹងជាប្រភេទជំងឺថ្មីៗ ដែលពួកជនជាតិដើមអាមេរិកមិនមានអង់ទីគ័រ ដើម្បីការពារខ្លួន។ មេរោគដែលចម្លងពីពួកអឺរ៉ុបបានរាតត្បាតសម្លាប់ជនជាតិដើមអាមេរិក ទាំងលានៗនាក់។

ប្រជាជនអ៊ីងកា ដែលអ្នកប្រវត្តិសាស្រ្តប៉ាន់ប្រមាណថា មានចំនួនប្រហែលពី ១២លាន ទៅ ១៥លាននាក់ នៅមុនអាណានិគមអេស្ប៉ាញ បានធ្លាក់ចុះមកនៅត្រឹមតែប្រមាណជា ៦០ម៉ឺននាក់ប៉ុណ្ណោះ មួយសតវត្សរ៍ក្រោយអាណានិគម។ ប្រជាជនអាស្ទែកវិញ បានធ្លាក់ចុះ ពីប្រមាណជា ២០លាននាក់ មកនៅត្រឹមតែប្រមាណ ១,៦លាននាក់ ពោលគឺ ធ្លាក់ចុះរហូតដល់ទៅជាង ៩០%។

បច្ចុប្បន្ននេះ នៅតែមានជនជាតិដើមអាមេរិក ប្រមាណជាជាង ៥០លាននាក់ កំពុងរស់នៅលើទ្វីបអាមេរិក។ ក៏ប៉ុន្តែ នៅសល់តែមនុស្សប៉ុណ្ណោះ ដែលរស់នៅរាយប៉ាយជាជនជាតិភាគតិច នៅតាមបណ្តាប្រទេសផ្សេងៗគ្នា នៅស្ទើរតែពាសពេញក្នុងទ្វីបអាមេរិក ចាប់តាំងពីកាណាដា រហូតទៅដល់ស្ហ៊ីលី។ ចំណែកឯអរិយធម៌ដ៏រុងរឿងរបស់ពួកគេវិញត្រូវរលាយបាត់បង់អស់ទៅហើយ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា