គំនូរគូរដោយ Raphaël វិចិត្រករអ៊ីតាលីសម័យកាល Renaissance បង្ហាញអំពីអ្នកប្រាជ្ញក្រិកសម័យបុរាណ

នៅក្នុងសតវត្សរ៍ទី១៥ និងទី១៦ នៅពេលដែលអេស្ប៉ាញកំពុងតែវាតទីពង្រីកអាណានិគមនៅលើទ្វីបអាមេរិក ដែលគេហៅថា “ដែនដីថ្មី” នៅអឺរ៉ុបដែលជាដែនដីចាស់ឯណេះវិញ គេបានស្គាល់នូវការវិវឌ្ឍដ៏សំខាន់មួយ គឺការវិវឌ្ឍខាងវប្បធម៌ ដែលគេឲ្យឈ្មោះតាមភាសាបារាំងថា “La Renaissance”។ Renaissance ពីព្រោះថា នៅពេលនោះ អឺរ៉ុបបានចាប់ផ្តើមស្គាល់ឡើងវិញនូវវប្បធម៌រុងរឿងដែលគេធ្លាប់មាន កាលពីក្នុងសម័យបុរាណ ហើយដែលត្រូវរលាយបាត់បង់ស្ទើរតែបាត់សូន្យនៅក្រោយការដួលរលំនៃ ចក្រភពរ៉ូម។

យើងដឹងហើយថា នៅក្រោយការដួលរលំនៃចក្រភពរ៉ូម នៅសតវត្សរ៍ទី៥ តំបន់អឺរ៉ុបដែលធ្លាប់តែស្ថិតនៅក្នុងមហារដ្ឋតែមួយ គឺចក្រភពរ៉ូម ត្រូវបានបំបែកទៅជានគរផ្សេងៗគ្នា ហើយនគរអស់ទាំងនោះបានចំណាយពេលច្រើនទៅលើការធ្វើសង្រ្គាមរវាងគ្នា និងគ្នា ឬធ្វើសង្រ្គាមដណ្តើមអំណាចផ្ទៃក្នុងនគររបស់ខ្លួន។ អឺរ៉ុបត្រូវធ្លាក់ក្នុងភាពអនាធិបតេយ្យ សេដ្ឋកិច្ចត្រូវខ្ទេចខ្ទាំ ប្រជាជនគ្មានសុខសន្តិភាព និងគ្មានការអប់រំ ដែលជាហេតុធ្វើឲ្យវប្បធម៌ដ៏រុងរឿងកាលពីមុន ត្រូវរលាយបាត់បង់បន្តិចម្តងៗ រហូតធ្លាក់ក្នុងដំណាក់កាលមួយ ដែលអ្នកប្រវត្តិសាស្រ្តឲ្យឈ្មោះថា “យុគខ្មៅងងឹត”។

នៅឆ្នាំ១៤៥៣ មានហេតុការណ៍ដ៏សំខាន់មួយ ដែលធ្វើឲ្យយុគខ្មៅងងឹតនៅអឺរ៉ុបចាប់ផ្តើមទទួលពន្លឺឡើងវិញ។ ចក្រភពអូតូម៉ង់របស់ពួកតួកគីបានវាយផ្តួលរំលំទីក្រុងកុងស្តង់ទីណូប ដែលជារាជធានីនៃចក្រភពប៊ីហ្សង់តាំង (អតីតចក្រភពរ៉ូមខាងកើត)។ អ្នកប្រាជ្ញជាច្រើនរបស់ប៊ីហ្សង់តាំងក៏បាននាំគ្នារត់ភៀសខ្លួនទៅ កាន់អឺរ៉ុប ដោយនាំយកទៅជាមួយនូវឯកសារល្អៗ ដែលបន្សល់ទុកពីអ្នកប្រាជ្ញក្រិកសម័យបុរាណ។ អ្នកប្រាជ្ញ និងឯកសារក្រិកទាំងនេះហើយ ដែលជាគ្រឹះដ៏សំខាន់មួយ ដែលនាំទៅរកការស្តារឡើងវិញនៃវប្បធម៌រុងរឿងនៅអឺរ៉ុប ហើយឆ្នាំ១៤៥៣ ត្រូវបានអ្នកប្រវត្តិសាស្រ្តអឺរ៉ុប ជាពិសេស អ្នកប្រវត្តិសាស្រ្តបារាំង ចាត់ទុកថាជាឆ្នាំចុងក្រោយនៃយុគសម័យកណ្តាល និងជាឆ្នាំចាប់ផ្តើមនៃសម័យកាល Renaissance។

ប្រទេសដែលបានដើរតួនាទីសំខាន់បំផុត នៅក្នុងការធ្វើឲ្យរស់ឡើងវិញ នៃវប្បធម៌រុងរឿងនេះ គឺអ៊ីតាលី។ គេសង្កេតឃើញថា អ្នកប្រាជ្ញល្បីៗ ទាំងខាងសិល្បៈ ស្ថាបត្យកម្ម ទស្សនវិជ្ជា នយោបាយ ហិរញ្ញវត្ថុ និងតារាសាស្រ្ត ភាគច្រើនចេញមកពីអ៊ីតាលី។

រូបគំនូរ Monalisa គូរដោយ Léonard de Vinci (ឬ Leonardo da Vinci)

Michel-Ange, Raphael និង Léonard de Vinci ដែលត្រូវបានគេចាត់ទុកថាជាវិចិត្រករ ដែលមានស្នាដៃឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺពូកែខាងចម្លាក់ គំនូរ ស្ថាបត្យកម្ម និងវិស្វកម្ម សុទ្ធសឹងជាអ្នកប្រាជ្ញអ៊ីតាលី។ រហូតមកទល់នឹងពេលសព្វថ្ងៃនេះ ក្នុងមួយថ្ងៃៗ គេឃើញមានហ្វូងមនុស្សណែនណាន់តាន់តាប់ នាំគ្នាឈរតម្រង់ជួរចាំមើលរូបគំនូរ Monalisa ដែលគូរដោយ Léonard de Vinci ហើយដែលគេដាក់តាំងនៅក្នុងសារមន្ទីរ Louvre នៅប៉ារីស។ ចំណែក Michel-Ange វិញ ក្រៅពីគំនូរ និងចម្លាក់ បានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញជាច្រើន ជាពិសេស គឺវិហារ Saint Pierre នៅបុរីវ៉ាទីកង់ ហើយដែលត្រូវបានគេចម្លងតាម នៅក្នុងការសាងសង់អគារជាច្រើនផ្សេងទៀត រួមមាន វិហារ Saint Paul នៅអង់គ្លេស និងវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ជាដើម។

អ្នកប្រាជ្ញមួយរូបទៀតរបស់អ៊ីតាលី នាសម័យកាល Renaissance គឺទស្សនវិទូនយោបាយ ឈ្មោះ Machiavelli បាននិពន្ធសៀវភៅមួយក្បាល ដែលល្បីសុះសាយរហូតមកដល់សព្វថ្ងៃ គឺសៀវភៅ ដែលមានចំណងជើងជាភាសាបារាំងថា “Le Prince”។ នៅក្នុងសៀវភៅនេះ Machiavelli បានសរសេរអំពីរបៀបដឹកនាំរដ្ឋ ដោយប្រើប្រាជ្ញាផង ប្រើកម្លាំងផង និងប្រើកលល្បិចផង។ បើតាម Machiavelli មេដឹកនាំរដ្ឋត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោ និងចេះក្រឡិចក្រឡុចដូចជាសត្វកញ្ជ្រោង ក៏ប៉ុន្តែ កម្លាំង និងភាពក្រឡិចក្រឡុចនេះ មិនមែនដើម្បីគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួន នោះទេ ប៉ុន្តែ គឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនទូទៅ។ រដ្ឋអាចរំលោភច្បាប់ ឬធ្វើនូវទង្វើដែលគ្មានសីលធម៌ បើសិនជាវាចាំបាច់ ដើម្បីផលប្រយោជន៍ជាតិ ដែលគេហៅតាមភាសាបារាំងថា “Raison d’Etat”។ គោលគំនិតរបស់ Machiavelli ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌ ក៏ប៉ុន្តែ ខ្លះទៀត យល់ថាវាជាគំនិតនយោបាយដែលមានលក្ខណៈប្រាកដនិយម។ មកទល់នឹងពេលបច្ចុប្បន្ននេះ សៀវភៅ “Le Prince” របស់ Machiavelli នៅតែជាសៀវភៅគោល ដែលគេយកមកបង្រៀននៅស្ទើរតែគ្រប់សាលាវិទ្យាសាស្រ្តនយោបាយ។

នៅសតវត្សរ៍ទី១៦ ចលនា Renaissance ដែលចាប់កំណើតនៅអ៊ីតាលី បានជះពន្លឺបន្តិចម្តងៗ ទៅដល់បណ្តាប្រទេសផ្សេងទៀត នៅទូទាំងតំបន់អឺរ៉ុប រាប់ចាប់តាំងពីអេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទៅដល់ប៉ូឡូញ។

នៅឆ្នាំ១៥៤៣ តារាវិទូប៉ូឡូញម្នាក់ឈ្មោះ Nicolas Corpernic ដែលធ្លាប់បានទៅសិក្សានៅអ៊ីតាលី បានចេញផ្សាយសៀវភៅមួយ អំពីទ្រឹស្តីថ្មីនៃតារាសាស្រ្ត ដែលត្រូវបានគេចាត់ទុកថាជាបដិវត្តន៍នៃការយល់ដឹងរបស់មនុស្ស ទៅលើចក្រវាល។

តាំងពីដើមរៀងមក មនុស្សក្នុងសម័យបុរាណយល់ថា ផែនដីគឺជាចំណុចកណ្តាលនៃចក្រវាល។ គ្រប់អ្វីៗទាំងអស់ដែលនៅលើមេឃ ទាំងព្រះចន្ទ ព្រះអាទិត្យ និងគ្រប់ផ្កាយទាំងអស់ សុទ្ធតែធ្វើដំណើរជុំវិញផែនដី។ Nicolas Copernic ដែលបានចំណាយពេលរាប់ឆ្នាំ សិក្សាអំពីតារាស្រ្ត បានបង្កើតនូវទ្រឹស្តីដ៏ថ្មីស្រឡាងមួយ គឺថា មិនមែនព្រះអាទិត្យទេ ដែលវិលជុំវិញផែនដី គឺផែនដីវិញទេ ដែលជុំវិញព្រះអាទិត្យ។ ហេតុដែលគេមើលទៅឃើញហាក់ដូចជាព្រះអាទិត្យ និងអ្វីៗទាំងអស់នៅលើមេឃវិលជុំវិញផែនដី តាមការពិត គឺដោយសារតែផែនដីវិលជុំវិញខ្លួនឯង ដែលក្នុងមួយជុំៗ មានរយៈពេល ២៤ម៉ោង។ យោងតាមទ្រឹស្តីរបស់ Copernic ផែនដីគ្រាន់តែជាភពមួយ ក្នុងចំណោមភពជាច្រើនផ្សេងទៀតប៉ុណ្ណោះ ហើយមិនមែនជាចំណុចកណ្តាលនៃចក្រវាល ដូចដែលគេធ្លាប់ជឿពីមុននោះទេ។ ទ្រឹស្តីរបស់ Nicolas Copernic គឺជាចំណុចចាប់ផ្តើមនៃតារាសាស្រ្តសម័យទំនើប ក៏ប៉ុន្តែ វាផ្ទុយទៅនឹងជំនឿរបស់វិហារកាតូលិក នាសម័យកាលនោះ។ ហេតុដូច្នេះហើយបានជា Copernic រង់ចាំរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់លោក ទើបចេញផ្សាយសៀវភៅ ស្តីពីបដិវត្តន៍នៃតារាស្រ្ត។

រូបគំនូរបង្ហាញពី Nicolas Copernic តារាវិទូប៉ូឡូញ ដែលគេចាត់ទុកថាជាបិតានៃតារាស្រ្តសម័យបុរាណ

និយាយអំពីវិហារកាតូលិក យុគសម័យ Renaissance ក៏ជាយុគសម័យដែលមានការបែកបាក់នៃគ្រឹស្តសាសនានិកាយកាតូលិក ផងដែរ។ យើងដឹងហើយថា នៅពេលដែលចក្រភពរ៉ូមត្រូវពុះចែកជាពីរ គ្រឹស្តសាសនាត្រូវបាក់បែកជាពីរនិកាយរួចមកហើយ គឺនិកាយអ័រតូដុក្ស៍ (Orthodox) នៅចក្រភពរ៉ូមខាងកើត (ចក្រភពប៊ីហ្សង់តាំង) និងនិកាយកាតូលិក នៅចក្រភពរ៉ូមខាងលិច (អឺរ៉ុបខាងលិច)។ ក្រោយពេលចក្រភពរ៉ូមខាងលិចដួលរលំបែកខ្ញែកទៅជានគរផ្សេងៗគ្នា គ្រប់នគរទាំងអស់នៅអឺរ៉ុបខាងលិចនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារ កាតូលិកដដែល ដោយមានសម្តេចប៉ាប នៅទីក្រុងរ៉ូម ជាអ្នកមានអំណាចកំពូលខាងសាសនា។

ក៏ប៉ុន្តែ នៅឆ្នាំ១៥១៧ បុព្វជិតកាតូលិកអាល្លឺម៉ង់ម្នាក់ ឈ្មោះ Martin Luther (សូមកុំច្រឡំជាមួយ Martin Luther King ដែលជាសកម្មជនការពារសិទ្ធិជនជាតិស្បែកខ្មៅនៅអាមេរិក!) បានចេញមុខជាសាធារណៈរិះគន់សេចក្តីបង្រៀន រចនាសម្ព័ន្ធ និងរបៀបដឹកនាំរបស់សម្តេចប៉ាប ព្រមទាំងបានទាមទារឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅនៃវិហារកាតូលិក។ នៅឆ្នាំ១៥២១ Marthin Luther ត្រូវបានសម្តេចប៉ាបបណ្តេញចេញពីវិហារកាតូលិក ព្រមទាំងត្រូវបានអធិរាជ Charles Quint ចាត់ទុកថាជាឧទ្ទាមក្រៅច្បាប់។ ក៏ប៉ុន្តែ គំនិតរបស់ Martin Luther បានទទួលនូវការគាំទ្រកាន់តែច្រើន ហើយចលនាប្រឆាំងនឹងថ្នាក់ដឹកនាំវិហារកាតូលិកចេះតែបន្តរីករាលដាល កាន់តែធំឡើង រហូតបង្កើតទៅជានិកាយមួយថ្មីទៀត ដែលគេឲ្យឈ្មោះថា “ប្រូតេស្តង់” (Protestant)។ ប្រូតេស្តង់ ដោយសារតែពួកគេជាអ្នកតវ៉ាប្រឆាំងនឹងអំណាចរបស់សម្តេចប៉ាប និងសេចក្តីបង្រៀនជាទូទៅរបស់វិហារកាតូលិក។

នៅឆ្នាំ១៥៣៤ នៅអង់គ្លេស ដែលស្ថិតនៅក្រោមអំណាចរបស់សម្តេចប៉ាបដែរនោះ ព្រះបាទ Henri VIII ចង់លែងព្រះមហេសីរបស់ព្រះអង្គ ប៉ុន្តែ សម្តេចប៉ាបមិនអនុញ្ញាត។ ព្រះបាទ Henri VIII ក៏បានផ្តាច់ខ្លួនចេញពីអំណាចរបស់សម្តេចប៉ាប ដោយបានបង្កើតជានិកាយថ្មីមួយទៀត សម្រាប់អង់គ្លេស គឺនិកាយ Anglican។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ វិហារគ្រឹស្តសាសនានិកាយ Anglican នៅតែត្រូវកាត់ផ្តាច់ពីអំណាចរបស់សម្តេចប៉ាប។ ប្រមុខដឹកនាំវិហារ Anglican គឺ ព្រះមហាក្សត្រអង់គ្លេស៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements