រូបគំនូរបង្ហាញពីស្តេចល្វីស ទី១៤ (Louis XIV) ទទួលជួបសមាជិករាជបណ្ឌិតសភាវិទ្យាសាស្រ្តបារាំង នៅឆ្នាំ១៦៦៧

សតវត្សរ៍ទី១៧… មហាអំណាចនៅអឺរ៉ុបបន្តវាតទីពង្រីកអាណានិគម នៅក្នុងទ្វីបអាមេរិក ដោយអេស្ប៉ាញ និងព័រទុយហ្កាល់គ្រប់គ្រងអាមេរិកខាងត្បូង ហើយបារាំង និងអង់គ្លេសគ្រប់គ្រងអាមេរិកខាងជើង ត្រង់ទឹកដីកាណាដា និងសហរដ្ឋអាមេរិកសព្វថ្ងៃ។

នៅអាស៊ី រាជវង្សមីងរបស់ចិនត្រូវបានពួកម៉ាន់ជូផ្តួលរំលំ នៅឆ្នាំ១៦៤៤។ ពួកម៉ាន់ជូក៏បានបង្កើតជារាជវង្សថ្មីមួយទៀត គឺរាជវង្សឈីង ដែលគ្រប់គ្រងប្រទេសចិនរហូតដល់ឆ្នាំ១៩១២ ទើបត្រូវក្រុមបះបោរដឹកនាំដោយស៊ុនយ៉ាតសេនផ្តួលរំលំ ហើយបង្កើតរបបសាធារណរដ្ឋ។

នៅអាស៊ីអាគ្នេយ៍ អាណាចក្រខ្មែរនៅតែបន្តធ្លាក់ដុនដាប ដោយទឹកដីចេះតែរួញបន្តិចម្តងៗ ដោយការលេបត្របាក់ពីប្រទេសជិតខាង។ ក្រោយពីការដួលរលំអង្គរ និងបន្ទាយលង្វែកដោយសារដៃសៀម អាណាចក្រខ្មែរក៏ចាប់ផ្តើមបាត់បង់ទឹកដីកូស៊ាំងស៊ីន (កម្ពុជាក្រោម) ទៅក្នុងដៃអាណ្ណាម នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទី២។ ព្រះបាទជ័យជេដ្ឋាទី២ ដែលបានឡើងគ្រងរាជ្យ នៅឆ្នាំ១៦១៨ បានយកក្សត្រិយអាណ្ណាមមកធ្វើជាព្រះរាជាយា រួចហើយអនុញ្ញាតឲ្យប្រជាជនអាណ្ណាមចូលមកតាំងទីលំនៅនៅក្បែរព្រៃនគរ។ ចាប់ពីពេលនោះហើយ ដែលពួកអាណ្ណាមចាប់ផ្តើមទន្រ្ទានដណ្តើមកាន់កាប់ទឹកដី ដែលយើងហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ។

នៅអឺរ៉ុបវិញ សង្រ្គាមដ៏ធំមួយបានផ្ទុះឡើង នៅឆ្នាំ១៦១៨ ហើយអូសបន្លាយរហូតដល់ឆ្នាំ១៦៤៨ ដែលគេឲ្យឈ្មោះថា “សង្រ្គាម ៣០ឆ្នាំ” (Guerre de Trente Ans)។ សង្រ្គាមនេះផ្ទុះឡើងពីដំបូងចេញពីជម្លោះសាសនា រវាងពួកកាតូលិក និងពួកប្រូតេស្តង់។ ក៏ប៉ុន្តែ ក្រោយមក សង្រ្គាមនេះក៏បានរាលដាលទៅជាសង្រ្គាមពេញក្នុងតំបន់អឺរ៉ុបទាំងមូល។ សង្រ្គាមនេះបានបិទបញ្ចប់ដោយសន្ធិសញ្ញាវេសហ្វាលី (Wesphalie) នៅឆ្នាំ១៦៤៨។ គឺសន្ធិសញ្ញាវេសហ្វាលីនេះហើយ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តរជាតិ សម័យទំនើប ដោយបណ្តាប្រទេសអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតជាគោលការណ៍ ដ៏សំខាន់មួយ គឺអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ ពោលគឺ រដ្ឋនីមួយៗមានព្រំដែនដែលមិនអាចរំលោភបាន ហើយត្រូវដឹកនាំដោយអំណាចនយោបាយ ដែលមានអធិបតេយ្យភាពកំពូល ដែលប្រទេសផ្សេងទៀតមិនអាចលូកដៃចូលមកជ្រៀតជ្រែកបាន។

រូបគំនូរបង្ហាញពីពិធីជប់លៀងក្រោយការចុះសន្ធិសញ្ញាវេសហ្វាលី (អាល្លឺម៉ង់) បញ្ចប់សង្រ្គាម ៣០ឆ្នាំ នៅអឺរ៉ុប

ឆ្នាំ១៦៤៩ មួយឆ្នាំក្រោយការចុះកិច្ចព្រមព្រៀងវេសហ្វាលីបញ្ចប់សង្រ្គាម៣០ឆ្នាំ ហេតុការណ៍ដ៏សំខាន់មួយបានកើតឡើង នៅអង់គ្លេស។ បដិវត្តន៍ប្រឆាំងនឹងរាជានិយមអង់គ្លេស ដែលបានបង្កជាសង្រ្គាមស៊ីវិលតាំងពីឆ្នាំ១៦៤២មកនោះ បានទទួលជោគជ័យ ហើយក្រុមបដិវត្តន៍បានចាប់ខ្លួនស្តេចអង់គ្លេស គឺស្តេច Charles ទី១ យកមកកាត់ទោសប្រហារជីវិត ដោយកាត់ក្បាល។ របបរាជានិយមត្រូវដួលរលំ ជំនួសមកវិញដោយរបបសាធារណរដ្ឋ ក៏ប៉ុន្តែ ជារបបសាធារណរដ្ឋបែបផ្តាច់ការ ដឹកនាំដោយមេដឹកនាំយោធាឈ្មោះ Oliver Cromwell។ ក៏ប៉ុន្តែ របបសាធារណរដ្ឋអង់គ្លេសមានអាយុកាលតែ ១០ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ១៦៥៩ មួយឆ្នាំក្រោយមរណភាពរបស់ Oliver Cromwell របបសាធារណរដ្ឋអង់គ្លេសត្រូវដួលរលំ ហើយអង់គ្លេសក៏វិលត្រឡប់ទៅរកការដឹកនាំតាមបែបរាជានិយមវិញ ក៏ប៉ុន្តែ របបរាជានិយមថ្មីនេះត្រូវបានគេធ្វើកំណែទម្រង់បន្តិចម្តងៗ ពីរាជានិយមផ្តាច់ការ រហូតឈានទៅបង្កើតជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៦៨៨។

នៅអឺរ៉ុប ក្នុងសតវត្សរ៍ទី១៧ ថ្វីដ្បិតតែមានភាពវឹកវរដោយសង្រ្គាមច្រើន ក៏ប៉ុន្តែ ចលនា Renaissance ពោលគឺការចាប់កំណើតឡើងវិញនៃអរិយធម៌អឺរ៉ុបសម័យបុរាណ នៅតែបន្តរីកសាយភាយកាន់តែធំឡើងៗ។ អ្នកប្រវត្តិសាស្រ្តជាទូទៅ ជាពិសេស អ្នកប្រវត្តិសាស្រ្តនៅតាមបណ្តាប្រទេសលោកខាងលិច ចាត់ទុកសម័យកាលពីពាក់កណ្តាលសតវត្សរ៍ទី១៧ ដល់ពាក់កណ្តាលសតវត្សរ៍ទី១៨ថា ជាយុគនៃពន្លឺ (Enlightenment/Siècle des Lumières) ពោលគឺ ជាសម័យកាលនៃចំណេះដឹង។

Montesquieu, Voltaire និង Jean-Jacques Rousseau នៅបារាំង, John Locke និង Thomas Hobbes នៅអង់គ្លេស, Spinoza (១៦៣២-១៦៧៧) នៅហូឡង់… សុទ្ធសឹងជាទស្សនវិទូល្បីៗ នៅក្នុងចន្លោះសតវត្សរ៍ទី១៧ និងទី១៨។ គឺនៅក្នុងអំឡុងពេលនោះហើយ ដែលទ្រឹស្តីនៃទស្សនវិជ្ជានយោបាយដ៏សំខាន់មួយ ដែលគេឲ្យឈ្មោះថា “កិច្ចសន្យាសង្គម” (Contrat Social) បានចាប់កំណើតឡើង  ហើយនៅតែបន្តមានឥទ្ធិពលមកទល់នឹងពេលបច្ចុប្បន្ន ជាពិសេស នៅក្នុងរបបដឹកនាំតាមបែបប្រជាធិបតេយ្យ។ តាមរយៈទ្រឹស្តីនេះ រដ្ឋអាចមានអំណាចទៅលើពលរដ្ឋបាន ដោយសារតែពលរដ្ឋនីមួយៗព្រមព្រៀងសុខចិត្តដាក់ខ្លួនឲ្យស្ថិតក្រោម អំណាចរបស់រដ្ឋ។ ទំនាក់ទំនង រវាងរដ្ឋ និងប្រជាជន ត្រូវចងភ្ជាប់ដោយកិច្ចសន្យាមួយ ដែលគេហៅថា “កិច្ចសន្យាសង្គម” ដែលតាមរយៈកិច្ចសន្យានេះ ប្រជាជននីមួយៗសុខចិត្តបោះបង់សេរីភាពរបស់ខ្លួនមួយផ្នែក ហើយដាក់ខ្លួនឲ្យស្ថិតក្រោមអំណាចរបស់អ្នកដឹកនាំរដ្ឋ។ ជាថ្នូរមកវិញ អ្នកដឹកនាំរដ្ឋត្រូវតែធានានូវសន្តិសុខ និងសិទ្ធិសេរីភាពមួយផ្នែកទៀតដែលនៅសេសសល់សម្រាប់ប្រជាជនជាទូទៅ។

ទ្រឹស្តីនេះគឺជាគន្លឹះក្នុងការស្វែងយល់អំពីទំនាក់ទំនង រវាងរដ្ឋ និងប្រជាជនដែលនៅចំណុះរដ្ឋ ទាំងនៅក្នុងរចនាសម្ព័ន្ធរដ្ឋសម័យទំនើប និងទាំងនៅក្នុងពេលមនុស្សចាប់បង្កើតរដ្ឋជាដំបូង នៅក្នុងសម័យកាលបដិវត្តន៍កសិកម្ម។

ទស្សនវិជ្ជានយោបាយ ស្តីពីការ “ការបែងចែកអំណាចរដ្ឋ” របស់ Montesquieu និង John Locke ក៏ជាទ្រឹស្តីនយោបាយដ៏មានឥទ្ធិពលខ្លាំងមួយដែរ នៅអឺរ៉ុបនៅចន្លោះសតវត្សរ៍ទី១៧ និងទី១៨។ ទ្រឹស្តីនេះ គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយដែលមានឥទ្ធិពលនៅទូទាំងពិភពលោក រហូតមកទល់នឹងសព្វថ្ងៃនេះ។

រូបគំនូរបង្ហាញពីលោកអ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសដ៏ល្បីល្បាញខាងរូបវិទ្យា

និយាយខាងផ្នែកវិទ្យាសាស្រ្តវិញ នៅចន្លោះសតវត្សរ៍ទី១៧ និងទី១៨ គេឃើញមានទ្រឹស្តីល្អៗជាច្រើនបានចាប់កំណើតឡើង ចេញពីអ្នកប្រាជ្ញល្បីៗជាច្រើន ដូចជា ខាងតារាស្រ្ត មាន Johannes Kepler នៅអាល្លឺម៉ង់, ខាងរូបវិទ្យា និងគណិតវិទ្យា មាន Blaise Pascal និង René Descartes នៅបារាំង និងជាពិសេស អ៊ីសាក់ ញូតុន Isacc Newton នៅអង់គ្លេស។ អ៊ីសាក់ ញូតុន ដែលកើតឆ្នាំ១៦៤២ ត្រូវបានគេចាត់ទុកថាជាអ្នកវិទ្យាសាស្រ្តដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ទ្រឹស្តីរបស់ញូតុន ដែលត្រូវបានគេស្គាល់ច្រើនជាងគេ គឺកម្លាំងនៃទំនាញផែនដី។

ចំណេះដឹងនៃអ្នកប្រាជ្ញអឺរ៉ុប ក្នុងចន្លោះសតវត្សរ៍ទី១៧ និងទី១៨នេះហើយ ដែលជាពន្លឺ បំភ្លឺផ្លូវ ឆ្ពោះទៅការធ្វើបដិវត្តន៍ធំៗជាច្រើន ទាំងបដិវត្តន៍ផ្នែកវិទ្យាសាស្រ្តសម័យទំនើប និងទាំងបដិវត្តន៍ខាងសង្គមនិងនយោបាយ ដូចជា បដិវត្តន៍នៅអង់គ្លេស នៅឆ្នាំ១៦៨៨ ដែលឈានទៅបង្កើតរាជានិយមអាស្រ័យធម្មនុញ្ញ, បដិវត្តន៍នៅអាមេរិក ដែលឈានទៅបង្កើតសហរដ្ឋអាមេរិកឯករាជ្យពីអាណានិគមអឺរ៉ុប នៅឆ្នាំ១៧៧៦ និងបដិវត្តន៍បារាំង នៅឆ្នាំ១៧៨៩ ដែលផ្តួលរំលំរបបរាជានិយមផ្តាច់ការ បង្កើតទៅជារបបសាធារណរដ្ឋ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements