ទង់ជាតិកម្ពុជាដោយនៅលើប្រាសាទព្រះវិហារ ©Reuters

ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ។

បណ្តឹងរបស់កម្ពុជាទៅតុលាការក្រុងឡាអេ

ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ មិនអាចរកដំណោះស្រាយបាន កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ មកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។

នៅថ្ងៃទី៨ ធ្នូ ឆ្នាំ១៩៥៩ តុលាការបានចេញដីកាបង្គាប់ កំណត់កាលបរិច្ឆេទ ដែលកម្ពុជា និងថៃត្រូវបញ្ជូនសារណា និងសារណាតបទៅតុលាការ។ សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការ តាមពេលកំណត់។ ចំណែកថៃវិញ ដល់ពេលកំណត់ត្រូវបញ្ជូនសារណាតប ថៃបែរជាបានបញ្ជូនពាក្យបណ្តឹងមួយ បដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការជំនុំជម្រះបណ្តឹងរបស់កម្ពុជា។

បណ្តឹងរបស់ថៃច្រានចោលសមត្ថកិច្ចរបស់តុលាការ

សវនាការសាធារណៈ ដើម្បីជុំនំជម្រះលើបណ្តឹងទាស់របស់ថៃ ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ មេសា ឆ្នាំ១៩៦០។ គណៈប្រតិភូតំណាងភាគីកម្ពុជា ដឹកនាំដោយលោកទ្រឿង កាង សមាជិកឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក អមដោយអ្នកច្បាប់ល្បីឈ្មោះពីរនាក់៖ ម្នាក់ជាមេធាវីប្រចាំតុលាការកំពូលអាមេរិក និងម្នាក់ទៀតជាសាស្រ្តាចារ្យច្បាប់បារាំង។ ចំណែកខាងភាគីថៃ ដឹកនាំដោយព្រះអង្គម្ចាស់ វង់សាម៉ាហ៊ីប ចាយ៉ាន់គូរ៉ា (Vongsamahip Jayankura) ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់។

នៅថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៦១ តុលាការក្រុងឡាអេបានចេញសេចក្តីសម្រេចច្រានចោលបណ្តឹងជំទាស់របស់ថៃ ហើយប្រកាសថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការជំនុំជម្រះលើបណ្តឹងរបស់កម្ពុជា។
 
ការជំនុំជម្រះលើអង្គសេចក្តី

នៅក្នុងសារណាជាលាយលក្ខណ៍អក្សរ ព្រមទាំងនៅក្នុងអំឡុងសវនាការផ្ទាល់មាត់ជាបន្តបន្ទាប់ កម្ពុជាបានលើកយក “ផែនទីដងរែក” (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

ក៏ប៉ុន្តែ ភាគីថៃបានវិញបានលើកឡើងថា នៅក្នុងពាក្យបណ្តឹងដំបូង កម្ពុជាទាមទារតែរឿងប្រាសាទព្រះវិហារប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហាព្រំដែននោះទេ។ ដូច្នេះ តុលាការមិនអាចសម្រេចសេចក្តីទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃបានទេ។

នៅក្នុងសាលក្រមឆ្នាំ១៩៦២ ចៅក្រមតុលាការក្រុងឡាអេបានលើកឡើងថា ដើម្បីទាមទារអធិបតេយ្យលើប្រាសាទព្រះវិហារ ទាំងភាគីកម្ពុជា និងទាំងភាគីថៃ សុទ្ធតែបានអះអាងរៀងៗខ្លួនថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ ដូច្នេះ ធាតុពិតនៃជម្លោះរវាងកម្ពុជា និងថៃ ដែលនាំមកដល់តុលាការនេះ គឺជាជម្លោះស្តីពីអធិបតេយ្យដែនដី។ ដើម្បីកាត់សេចក្តីទៅលើអធិបតេយ្យដែនដី នៅក្នុងតំបន់ព្រះវិហារ តុលាការចាំបាច់ត្រូវតែកំណត់អំពីព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងតំបន់នេះ (សាលក្រម ១៩៦២ ទំព័រទី១៤)។

ដោយមិនអាចរារាំងតុលាការមិនឲ្យសម្រេចសេចក្តីលើខ្សែបន្ទាត់ព្រំដែន បាន ភាគីថៃក៏បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលលើកឡើងដោយកម្ពុជា។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងនៅក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង (ដែលពេលនោះជាអាណាព្យាបាលរបស់កម្ពុជា) បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែន នៅតំបន់ដងរែក គឺត្រូវយកតាម “ខ្សែបែងចែកផ្លូវទឹក” (មាត្រា ១ នៃសន្ធិសញ្ញា ១៩០៤)។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។

ក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានលើកឡើងថា មាត្រា ១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ក៏ប៉ុន្តែ នៅក្នុងមាត្រា ៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដនឹងត្រូវធ្វើឡើងដោយ គណៈកម្មការចម្រុះបារាំង-សៀម។

ដូច្នេះ គេអាចសន្និដ្ឋានបានថា មាត្រា ១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ កំណត់ត្រឹមតែលក្ខណៈវិនិច្ឆ័យជាគោលការណ៍ប៉ុណ្ណោះ។ ចំណែកឯខ្សែបន្ទាត់ព្រំដែនពិតប្រាកដ គឺ គណៈកម្មការចម្រុះ ដែលជាអ្នកកំណត់។ ដូច្នេះ ខ្សែបន្ទាត់ព្រំដែនដែលគេអាចយកជាផ្លូវការបាន គឺព្រំដែនដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះ។ នៅតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង (ទំព័រទី២១ សាលក្រម ឆ្នាំ១៩៦២)។ ដូច្នេះ គេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹក អ្វីនោះទេ។

ភាគីថៃបានបដិសេធថា ផែនទីនេះមិនមែនកើតចេញពីគណៈកម្មការចម្រុះបារាំង-សៀមទេ ហើយថៃក៏មិនដែលទទួលស្គាល់ផែនទីនេះដែរ។

ចៅក្រមបានសម្រេចថា ផែនទីឧបសម្ព័ន្ធទី១ គឺស្ថិតក្នុងចំណោមផែនទីទាំង១១ផ្ទាំង ដែលត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។ ផែនទីនេះត្រូវបានចែកចាយទៅឲ្យរដ្ឋាភិបាលបារាំងផង រដ្ឋាភិបាលសៀមផង និងទៅឲ្យក្រុមអ្នកជំនាញខាងភូមិសាស្រ្តផង ទាំងអ្នកភូមិសាស្រ្តបារាំង អ្នកភូមិសាស្រ្តសៀម និងអ្នកភូមិសាស្រ្តធំៗ នៅក្នុងតំបន់។ លើសពីនេះទៅទៀត ផែនទីឧបសម្ព័ន្ធទី១ ត្រូវបានរដ្ឋាភិបាលថៃចែកចាយទៅតម្កល់ទុក នៅឯស្ថានតំណាងរបស់ថៃ ប្រចាំប្រទេសធំៗមួយចំនួន រួមមាន អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ ឆ្លងកាត់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះ ថៃមិនអាចអះអាងថា ខ្លួនមិនបានដឹង មិនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី១បានទេ។

ភស្តុតាងដ៏ជាក់ច្បាស់មួយទៀត គឺចាប់ពីខែមីនា ឆ្នាំ១៩០៩ គណៈកម្មការចម្រុះបារាំង-សៀម បានជួបប្រជុំគ្នាជាច្រើនខែ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះមានគោលដៅរៀបចំចងក្រងផែនទីទាំងអស់ធ្វើជាឯកសារ តែមួយ និងកំណត់អំពីពាក្យទាំងអស់ដែលត្រូវប្រើនៅក្នុងផែនទីទាំងនេះ ដើម្បីឲ្យស៊ីសង្វាក់គ្នារវាងភាសាបារាំង និងភាសាថៃ។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនទីនេះ ថៃមិនដែលតវ៉ាជំទាស់នឹងខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះទេ។

ម្យ៉ាងវិញទៀត ការដែលថៃលើកឡើងថា ខ្លួនមានការភាន់ច្រឡំ ហើយមើលមិនឃើញពីភាពមិនប្រក្រតី នៅលើផែនទីដងរែក ក៏ជារឿងមិនសមហេតុផលដែរ ពីព្រោះថា គ្រាន់តែគេមើលផែនទីឧបសម្ព័ន្ធទី១ គេអាចមើលឃើញយ៉ាងច្បាស់អំពីតំបន់ប្រាសាទព្រះវិហារ មិនអាចចន្លោះបានទេ។ នៅលើផែនទីនេះ ទីតាំងប្រាសាទព្រះវិហារត្រូវបានកំណត់ ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ ដែលមានរាងជាប្លង់តួប្រាសាទ និងជណ្តើរប្រាសាទ។ ចំណែកខ្សែបន្ទាត់ព្រំដែនត្រូវបានគេគូសបង្ហាញយ៉ាងច្បាស់ នៅខាងជើងប្រាសាទព្រះវិហារ ហើយមិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកទេ។ ដូច្នេះ វាជារឿងដែលមិនអាចទៅរួចទេ ដែលថា អ្នកដែលបានមើលផែនទីនេះហើយ តែមើលមិនឃើញអំពីចំណុចនេះ។

លើសពីនេះទៅទៀត ខាងភាគីថៃ អ្នកដែលបានឃើញផែនទីឧបសម្ព័ន្ធទី១នេះ (ដូចជា រដ្ឋមន្រ្តីក្រសួងការបរទេស, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សមាជិកគណៈកម្មការចម្រុះបារាំង-សៀម, ព្រមទាំងអភិបាលខេត្ត នៅជាប់នឹងតំបន់ប្រាសាទព្រះវិហារ) សុទ្ធសឹងជាអ្នកដែលមានជំនាញខាងភូមិសាស្រ្ត និងស្គាល់ភូមិសាស្រ្តនៅតំបន់ព្រះវិហារយ៉ាងច្បាស់លាស់។ ដូច្នេះ វាកាន់តែមិនអាចទៅរួចទៅទៀតដែលថា អ្នកទាំងនេះមិនអាចមើលដឹងថា នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។

សេចក្តីសម្រេចរបស់តុលាការថ្ងៃទី១៥ មិថុនា ១៩៦២

តាមរយៈហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។

ដោយយោងទៅលើខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា៖

  • ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា (អនុម័តដោយ ៩សំឡេង ទល់នឹង៣)។
  • ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា (៩សំឡេង ទល់នឹង៣)។
  • ថៃត្រូវប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណ ដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី ។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤មក (៧សំឡេង ទល់នឹង ៥)៕

សូមចុចត្រង់នេះ ដើម្បី អានឯកសារផ្លូវការក្នុងវិបសៃត៍របស់តុលាការក្រុងឡាអេ ស្តីពី សំណុំរឿងព្រះវិហារ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២។

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements