គំនូរបង្ហាញអំពីលោក Georges Washington និងកងទ័ពអាមេរិក ក្នុងសង្រ្គាមទាមទារឯករាជ្យពីអង់គ្លេស


ចាប់តាំងពីក្រោយពេលដែលគ្រីស្តូហ្វ កូឡុំ រកឃើញទ្វីបអាមេរិក នៅចុងសតវត្សរ៍ទី១៥ មហាអំណាចនៅអឺរ៉ុប រួមមាន អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង និងអង់គ្លេស បាននាំគ្នាពង្រីកអាណានិគមរបស់ខ្លួន នៅលើដែនដីថ្មីនេះ ដោយអេស្ប៉ាញ និងព័រទុយហ្កាល់ កាន់កាប់តំបន់អាមេរិកខាងត្បូង ចំណែកឯបារាំង និងអង់គ្លេសវិញ កាន់កាប់អាមេរិកខាងជើង (នៅត្រង់ម្តុំសហរដ្ឋអាមេរិក និងកាណាដាសព្វថ្ងៃ)។

សូមអាន៖ ការរកឃើញទ្វីបអាមេរិកដោយគ្រីស្តូហ្វ កូឡុំ នៅចុងសតវត្សរ៍ទី១៥

ក៏ប៉ុន្តែ គិតត្រឹមសតវត្សរ៍ទី១៨ ដែនដីអាមេរិកខាងជើងភាគច្រើនស្ថិតក្រោមការកាន់កាប់របស់បារាំង។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គេឃើញមានទីក្រុងធំៗជាច្រើន នៅអាមេរិកខាងជើង នៅតែរក្សាឈ្មោះជាបារាំង ដូចជា Montréal នៅកាណាដា និង Nouvelle-Orléan (ដែលបច្ចុប្បន្នហៅជាភាសាអង់គ្លេសថា New Orlean), Détroit និង Saint-Louis នៅសហរដ្ឋអាមេរិក ជាដើម។

ចំណែកអង់គ្លេសវិញ កាន់កាប់ដែនដីតូចជាងបារាំង គឺដែនដី នៅតាមបណ្តោយឆ្នេរប៉ែកខាងកើតសហរដ្ឋអាមេរិក ដែលគេហៅថា ដែនដីអាណានិគមទាំង ១៣ ហើយដែលក្រោយមកនឹងត្រូវក្លាយជារដ្ឋដំបូងបង្អស់ នៃសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ដែនដីអាណានិគមអង់គ្លេសអស់ទាំងនេះ ថ្វីដ្បិតតែមានទំហំផ្ទៃដីតិច ប៉ុន្តែ មានប្រជាជនរស់នៅច្រើនជាងបារាំង ពោលគឺ ប្រមាណជា ១លាននាក់ ធៀបទៅនឹង ដែនដីអាណានិគមរបស់បារាំង ដែលមានប្រជាជនតែប្រមាណជា ១០ម៉ឺននាក់។ ដែនដីអាណានិគមបារាំងនៅអាមេរិកមានមនុស្សរស់នៅតិច គឺដោយសារតែប្រជាជនបារាំងភាគច្រើនមិនចង់ចាកចេញពីប្រទេសកំណើត ទៅតាំងទីលំនៅនៅលើដែនដីអាណានិគម។ រដ្ឋាភិបាលបារាំងវិញក៏មិនសូវជាយកចិត្តទុកដាក់លើដែនដីអាណានិគម ដូចជា រដ្ឋាភិបាលអង់គ្លេសនោះដែរ។

នៅឆ្នាំ១៧៥៦ សង្រ្គាមដណ្តើមកាន់កាប់ដែនដីអាណានិគមបានផ្ទុះឡើង រវាងបារាំង និងអង់គ្លេស។ សង្រ្គាមនេះ ដែលភាគច្រើនជាសង្រ្គាមខាងទ័ពជើងទឹក បានអូសបន្លាយពេលដល់ឆ្នាំ១៧៦៣ ហើយត្រូវបានគេឲ្យឈ្មោះថា “សង្រ្គាម៧ឆ្នាំ”។ នៅអាមេរិក សង្រ្គាមនេះត្រូវបានគេឲ្យឈ្មោះថា សង្រ្គាមបារាំងឥណ្ឌា (French and Indian War) ពោលគឺសង្រ្គាមរវាង បារាំង ដែលមានពួកជនជាតិដើមឥណ្ឌាស្បែកក្រហមជាសម្ព័ន្ធមិត្ត ទល់នឹងអង់គ្លេស រួមជាមួយនឹងដែនដីអាណានិគមទាំង ១៣។

សូមអាន៖ អរិយធម៌អាមេរិកមុនគ្រីស្តូហ្វ កូឡុំ

សង្រ្គាមនេះត្រូវបានបញ្ចប់ជាមួយនឹងការចុះសន្ធិសញ្ញាសន្តិភាព នៅទីក្រុងប៉ារីស នៅឆ្នាំ១៧៦៣ ដោយបារាំងត្រូវបាត់បង់ដែនដីអាណានិគមស្ទើរតែទាំងអស់នៅកាណាដា ដែលត្រូវប្រគល់ទៅឲ្យអង់គ្លេស ក្នុងនោះរួមមានទាំងទឹកដី Québec ផងដែរ។

អង់គ្លេសវិញ ថ្វីដ្បិតតែទទួលជ័យជម្នះលើបារាំង ហើយដណ្តើមកាន់កាប់ទឹកដីអាណានិគមយ៉ាងច្រើននៅអាមេរិក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ក៏ទទួលរងនូវការខូចខាតដោយសង្រ្គាមយ៉ាងធ្ងន់ធ្ងរដែរ។ ការគ្រប់គ្រងដែនដីដែលធ្លាប់ស្ថិតក្រោមអាណានិគមបារាំងក៏ជារឿង ស្មុគស្មាញ ហើយទំនាក់ទំនងជាមួយជនជាតិឥណ្ឌាស្បែកក្រហម ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់បារាំងក៏ចោទជាបញ្ហា។ ការខូចខាតផ្នែកសេដ្ឋកិច្ចដោយសារសង្រ្គាមមានទំហំធំធេង ដែលជាហេតុធ្វើឲ្យអង់គ្លេសស្ទើរតែនឹងត្រូវក្ស័យធន។

មិនយូរប៉ុន្មានក្រោយមក អង់គ្លេស ដែលទទួលជោគជ័យក្នុងសង្រ្គាមជាមួយបារាំង ក៏ត្រូវប្រឈមមុខនឹងសង្រ្គាមមួយថ្មីទៀត នៅអាមេរិកខាងជើង ហើយលើកនេះ ជាសង្រ្គាមតទល់ជាមួយនឹងទឹកដីអាណានិគមរបស់អង់គ្លេសខ្លួនឯងផ្ទាល់ គឺសង្រ្គាមទាមទារឯករាជ្យរបស់អាមេរិក។

បន្ទាប់ពីជ័យជម្នះ ក្នុងសង្រ្គាមដណ្តើមអាណានិគមជាមួយបារាំង អង់គ្លេសត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏បានសម្រេចដំឡើងពន្ធអាករ លើប្រជាជនអង់គ្លេស ដែលរស់នៅលើទឹកដីអាណានិគម នៅអាមេរិកខាងជើង។

ចក្រភពអង់គ្លេសយល់ថា ប្រជាជននៅដែនដីអាណានិគមអាមេរិកខាងជើងត្រូវតែចូលរួមវិភាគទានច្រើន នៅក្នុងវិស័យការពារជាតិអង់គ្លេស ពីព្រោះពួកគេទទួលបានការការពារពីសំណាក់ទាហានអង់គ្លេស។ ក៏ប៉ុន្តែ អាណានិគមជនអង់គ្លេសនៅអាមេរិកវិញយល់ថា ពួកគេមិនមានសិទ្ធជ្រើសរើសតំណាងនៅក្នុងសភាអង់គ្លេសដូចពលរដ្ឋ ដទៃទៀត ដូច្នេះ មិនគួរមានកាតព្វកិច្ចបង់ពន្ធច្រើនបែបនេះទេ។ ពួកគេក៏បាននាំគ្នាងើបឡើងប្រឆាំងនឹងអាជ្ញាធរអង់គ្លេស ហើយចលនាប្រឆាំងនេះក៏បានរាលដាលកាន់តែខ្លាំង រហូតផ្ទុះជាអំពើហិង្សា នៅឆ្នាំ១៧៧០ នៅពេលដែលទាហានអង់គ្លេសបានបើកការបាញ់ប្រហារលើក្រុមប្រឆាំង នៅបូស្តុន បណ្តាលឲ្យមនុស្ស ៥នាក់បាត់បង់ជីវិត។

ចាប់ពីពេលនោះមក ចលនាប្រឆាំងនឹងរដ្ឋាភិបាលចក្រភពអង់គ្លេសក៏កើតមានកាន់តែខ្លាំង ហើយគិតត្រឹមឆ្នាំ១៧៧៤ ដែនដីអាណានិគមទាំង ១៣ នៅអាមេរិកខាងជើង ក៏បានរៀបចំបង្កើតជាសភា និងរដ្ឋាភិបាលនៅតាមតំបន់រៀងៗខ្លួន ហើយនៅខែកញ្ញា ឆ្នាំ១៧៧៤ តំណាងដែនដីអាណានិគមទាំង ១៣ បានជួបប្រជុំគ្នានៅ Philadelphia ដែលគេរាប់ថាជាកិច្ចប្រជុំនីតិកាលទី១នៃសភារួមរបស់ដែនដីអាណានិគម ទាំង ១៣ (Continental Congress)។ ក៏ប៉ុន្តែ នៅពេលនោះ អាមេរិកមិនទាន់ប្រកាសឯករាជ្យដាច់ចេញពីចក្រភពអង់គ្លេសនៅឡើយទេ។

ចក្រភពអង់គ្លេសវិញ ឆ្លើយតបនឹងចលនាប្រឆាំងនៅអាមេរិក ក៏បានចាត់វិធានការកាន់តែតឹងរ៉ឹង ព្រមទាំងបានបញ្ជូនទាហានកាន់តែច្រើនឲ្យទៅអាមេរិក ក្នុងគោលដៅពង្រឹងអំណាចរបស់ខ្លួន ទៅលើដែនដីអាណានិគម។ វិធានការរឹតតែតឹងរ៉ឹង ចលនាប្រឆាំងក៏រឹតតែកើនឡើង។ មិនយូរប៉ុន្មាន ចលនាប្រឆាំងនៅក្នុងដែនដីអាណានិគមនៅអាមេរិកក៏បានក្លាយជាចលនា បះបោរប្រដាប់អាវុធ ហើយបានប៉ះប្រយុទ្ធជាមួយនឹងទាហានអង់គ្លេសជាលើកទី១ នៅ Massachusetts នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៧៧៥។ គឺថ្ងៃនោះហើយ ដែលគេចាត់ទុកថាជាថ្ងៃចាប់ផ្តើមនៃសង្រ្គាមឯករាជ្យ ឬសង្រ្គាមបដិវត្តន៍អាមេរិក។

សូមអាន៖ យុគនៃពន្លឺនៅអឺរ៉ុប (Siècle des Lumières)

នៅខែឧសភា ឆ្នាំ១៧៧៥ គណៈប្រតិភូមកពីដែនដីអាណានិគមទាំង ១៣ ដោយក្នុងនោះរួមមាន Georges Washington, John Adams, Benjamin Franklin និង Thomas Jefferson បានបើកកិច្ចប្រជុំសភាជាថ្មីម្តងទៀត ហើយសម្រេចបង្កើតកងទ័ពរួម (Continental Army) ដោយមាន Georges Washington ជាអគ្គបញ្ជាការ ដើម្បប្រយុទ្ធតទល់ជាមួយនឹងកងទ័ពនៃចក្រភពអង់គ្លេស។

នៅពាក់កណ្តាលឆ្នាំ១៧៧៦ នៅក្នុងពេលដែលសង្រ្គាមបដិវត្តន៍អាមេរិកកំពុងតែឆាបឆេះពេញបន្ទុក ប្រជាជននៅក្នុងដែនដីអាណានិគមទាំង ១៣ កាន់តែច្រើនឡើងបង្ហាញពីជំហរចង់បានឯករាជ្យដាច់ចេញពីចក្រភព អង់គ្លេសទាំងស្រុង។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ សភានៃដែនដីអាណានិគមទាំង ១៣ (Continental Congress) ក៏បានអនុម័តសេចក្តីប្រកាសឯករាជ្យពីអង់គ្លេស។ គិតមកត្រឹមពេលនោះ ដែនដីអាណានិគមទាំង ១៣ ភាគច្រើនស្ថិតក្រោមការកាន់កាប់របស់កងទ័ពអាមេរិក ក៏ប៉ុន្តែ អង់គ្លេស ដែលនៅតែមិនសុខចិត្តបោះបង់ដែនដីអាណានិគមរបស់ខ្លួន ក៏បានបញ្ជូននាវាចម្បាំង ព្រមទាំងទាហានកាន់តែច្រើន ដើម្បីទៅវាយបង្រ្កាបទាហានអាមេរិក ដែលអង់គ្លេសចាត់ទុកថាជាក្រុមបះបោរ។

នៅដើមឆ្នាំ១៧៧៨ បារាំង ដែលច្បាំងចាញ់អង់គ្លេស ក្នុងសង្រ្គាមដណ្តើមដែនដីអាណានិគមអាមេរិក កាលពី១៥ឆ្នាំមុន មើលឃើញសន្ទុះនៃកម្លាំងទ័ពអាមេរិកថាជាឱកាសល្អ ដើម្បីសងសឹកចំពោះអង់គ្លេស ក៏បានលូកដៃចូលអន្តរាគមន៍ជួយអាមេរិក ក្នុងការច្បាំងជាមួយនឹងកងទ័ពអង់គ្លេស។ អង់គ្លេសក៏ប្រកាសសង្រ្គាមជាមួយបារាំង។ អេស្ប៉ាញ និងហូឡង់ ដែលជាសម្ព័ន្ធមិត្តរបស់បារាំងបាននាំគ្នាចូលមកជួយបារាំង ចំណែករដ្ឋខ្លះរបស់អាល្លឺម៉ង់បានចូលមកជួយអង់គ្លេស។ សង្រ្គាមឯករាជ្យអាមេរិកក៏បានរាលដាលទៅជាសង្រ្គាមអន្តរជាតិ ដែលអូសបន្លាយពេលរហូតដល់ឆ្នាំ១៧៨៣ ទើបបញ្ចប់ តាមរយៈការចុះសន្ធិសញ្ញា នៅទីក្រុងប៉ារីស ថ្ងៃទី៣ កញ្ញា ឆ្នាំ១៧៨៣។ នៅក្នុងសន្ធិសញ្ញានេះ អង់គ្លេសបានសុខចិត្តទទួលស្គាល់អាមេរិកថា ជាប្រទេសដែលមានឯករាជ្យពេញលេញ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements