រូបគំនូរបង្ហាញពីទិដ្ឋភាពនៃការចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៧ កញ្ញា ១៧៨៧

នៅពេលដែលដែនដីអាណានិគមទាំង ១៣ នៅអាមេរិកខាងជើង ច្បាំងទាមទារឯករាជ្យពីចក្រភពអង់គ្លេស នៅចន្លោះ ពីឆ្នាំ១៧៧៥ ដល់ឆ្នាំ១៧៨៣ ប្រជាជនប្រមាណ ៨៥% ដែលរស់នៅក្នុងទឹកដីអាណានិគមទាំង ១៣នេះ គឺជាអ្នកដែលមានដើមកំណើតមកពីចក្រភពអង់គ្លេស។ ហេតុដូច្នេះហើយបានជាគេច្រើនហៅសង្រ្គាមនេះថា “សង្រ្គាមបដិវត្តន៍” ជាជាង “សង្រ្គាមទាមទារឯករាជ្យ” ពីព្រោះ វាមិនមែនជាសង្រ្គាម រវាងប្រជាជាតិមួយ ដើម្បីទាមទារឯករាជ្យពីប្រជាជាតិមួយផ្សេងទៀតនោះទេ តែវាជាសង្រ្គាម រវាងប្រជាជនអង់គ្លេស ដើម្បីផ្តាច់ខ្លួនចេញពីប្រទេសកំណើតខ្លួនឯង ទៅបង្កើតជាប្រទេសថ្មី។

សូមអាន៖ អាមេរិក៖ ដំណើរឆ្ពោះទៅការទាមទារឯករាជ្យពីអង់គ្លេស

សភានៃដែនដីអាណានិគមទាំង ១៣ បានអនុម័តលើសេចក្តីប្រកាសឯករាជ្យពីចក្រភពអង់គ្លេស នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦។ ថ្ងៃ ៤កក្កដា ដែលត្រូវបានសហរដ្ឋអាមេរិកកំណត់ជាថ្ងៃបុណ្យឯករាជ្យរហូតមកទល់នឹង សព្វថ្ងៃ។ ក៏ប៉ុន្តែ នៅពេលប្រកាសឯករាជ្យ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦នោះ ដែនដីអាណានិគមទាំង ១៣ នៅមិនទាន់ទទួលបានឯករាជ្យពេញលេញ ពីចក្រភពអង់គ្លេសនៅឡើយទេ។ រហូតដល់ឆ្នាំ១៧៨៣ ទើបសង្រ្គាមបដិវត្តន៍ត្រូវបញ្ចប់ជាស្ថាពរ ហើយចក្រភពអង់គ្លេស តាមរយៈសន្ធិសញ្ញាក្រុងប៉ារីស បានសុខចិត្តទទួលស្គាល់ជាផ្លូវការថា អតីតដែនដីអាណានិគមអង់គ្លេសទាំង ១៣ គឺជាប្រទេសឯករាជ្យ។

អាមេរិក ក្នុងឋានៈជាប្រទេសឯករាជ្យ បានចាប់កំណើតជាផ្លូវការ ក៏ប៉ុន្តែ ប្រទេសដែលទើបនឹងចាប់កំណើតថ្មីនេះត្រូវឆ្លងកាត់នូវដំណាក់កាលដ៏ សំខាន់មួយទៀត ដែលជាចំណុចស្លាប់រស់ ក្នុងការកំណត់ជោគវាសនាប្រទេស សម្រាប់ថ្ងៃអនាគត គឺការកំណត់រចនាសម្ព័ន្ធ និងរបបនយោបាយ ដើម្បីដឹកនាំប្រទេសថ្មីនេះ។

តាមការពិត ប្រទេសដែលទើបនឹងចាប់កំណើតថ្មីនេះ មិនមែនជាប្រទេសតែមួយនោះទេ ប៉ុន្តែ ជាដែនដីចំនួន ១៣ ដែលមានរចនាសម្ព័ន្ធដឹកនាំដាច់ៗពីគ្នា ប្រៀបបាននឹងប្រទេសឯករាជ្យ ១៣ផ្សេងគ្នា។ រដ្ឋទាំង ១៣នេះ បានបង្កើតសភារួមគ្នា កាលពីឆ្នាំ១៧៧៤ ដែលគេឲ្យឈ្មោះថា “Continental Congress” ហើយក្រោយមកទៀតប្តូរឈ្មោះទៅជា “Confederation Congress”។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង សភានេះមានអំណាចតិចតួចបំផុតទៅលើរដ្ឋជាសមាជិកទាំង ១៣។

ការតាក់តែងរដ្ឋធម្មនុញ្ញថ្មី

ក្រោយពីទទួលបានឯករាជ្យពីអង់គ្លេស មេដឹកនាំអាមេរិកចាប់ផ្តើមមើលឃើញកាន់តែច្បាស់ថា ប្រទេសឯករាជ្យថ្មីនេះត្រូវការចាំបាច់នូវអំណាចរដ្ឋបាលកណ្តាលរឹងមាំ មួយ ទើបអាចរក្សាស្ថិរភាពប្រទេសបានយូរអង្វែង។ សភាអាមេរិក (Confederation Congress) ក៏បានកោះប្រជុំតំណាងរដ្ឋទាំង ១៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ កំណត់អំពីរបបនយោបាយប្រទេស។ កិច្ចប្រជុំនៃសភាធម្មនុញ្ញ (Constitution Convention) បានចាប់បើកធ្វើ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៧៨៧ នៅក្នុងទីក្រុង Philadelphia នៅក្នុងអគារ ដែលគេធ្លាប់ប្រជុំអនុម័តសេចក្តីប្រកាសឯករាជ្យ កាលពី១១ឆ្នាំមុន។ ចច វ៉ាស៊ីងតោន (George Washington) មកពីរដ្ឋ Virginia ដែលត្រូវបានគេចាត់ទុកថាជាវីរបុរសក្នុងសង្រ្គាមបដិវត្តន៍ ត្រូវបានគេបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានសភាធម្មនុញ្ញ ដែលមានសមាជិកសរុប ៥៥រូប មកពីគ្រប់រដ្ឋទាំងអស់ លើកលែងតែរដ្ឋ Rhode Island ដែលបដិសេធមិនចូលរួមប្រជុំ ដោយសាររដ្ឋនេះមិនចង់ឲ្យមានអំណាចរដ្ឋបាលកណ្តាលថ្មីណាមួយមក ត្រួតត្រាលើពួកគេ។

សូមអាន៖ ការរកឃើញទ្វីបអាមេរិកដោយគ្រីស្តូហ្វ កូឡុំ នៅចុងសតវត្សរ៍ទី១៥

ក្រោយពីជជែកតស៊ូមតិគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលរាប់ខែ សភាធម្មនុញ្ញនេះក៏បានឯកភាពគ្នាលើការបង្កើតរដ្ឋសហព័ន្ធមួយ ដែលមានអំណាចលើរដ្ឋជាសមាជិកទាំង ១៣ ហើយរដ្ឋសហព័ន្ធនេះមានអំណាចធំៗ៣ គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលជាអំណាចឯករាជ្យពីគ្នា ក៏ប៉ុន្តែ មានតុល្យភាពអំណាច ដែលអាចត្រួតមើលគ្នាទៅវិញទៅមក (Check and balance) ដោយមិនឲ្យស្ថាប័នណាមួយមានអំណាចហួសហេតុអាចធ្វើអ្វីតាមចិត្ត។

បញ្ហាចម្រូងចម្រាសក្នុងការតាក់តែងរដ្ឋធម្មនុញ្ញ

នៅក្នុងការតាក់តែងរដ្ឋធម្មនុញ្ញថ្មីរបស់រដ្ឋសហព័ន្ធអាមេរិក បញ្ហាដែលចម្រូងចម្រាសខ្លាំងជាងគេ ដែលរហូតដល់ពេលខ្លះស្ទើរតែនាំឲ្យកិច្ចប្រជុំសភាធម្មនុញ្ញត្រូវ ទទួលបរាជ័យ គឺភាពចម្រូងចម្រាស ស្តីអំពីទំនាក់ទំនង រវាងរដ្ឋសមាជិក និងរដ្ឋសហព័ន្ធ ជាពិសេស ការកំណត់របៀបជ្រើសរើសតំណាងរដ្ឋសមាជិក នៅក្នុងសភាសហព័ន្ធ។ គណៈប្រតិភូមកពីរដ្ឋ ដែលមានផ្ទៃដីធំ និងប្រជាជនច្រើន ទាមទារឲ្យធ្វើការកំណត់ចំនួនអាសនៈ ទៅតាមចំនួនប្រជាជន ពោលគឺ រដ្ឋដែលមានប្រជាជនច្រើនត្រូវមានអាសនៈច្រើននៅក្នុងសភា។ ចំណែកឯរដ្ឋតូចៗវិញទាមទារថា រដ្ឋសមាជិកទាំងអស់ ទោះតូច ទោះធំ ទោះមានប្រជាជនតិច ឬច្រើន ត្រូវតែមានចំនួនអាសនៈស្មើៗគ្នា នៅក្នុងសភាសហព័ន្ធ។

សូមអាន៖ អរិយធម៌អាមេរិកមុនគ្រីស្តូហ្វ កូឡុំ

នៅទីបំផុត គេក៏បានសម្រុះសម្រួលគ្នាដោយសម្រេចយកដំណោះស្រាយកណ្តាលមួយ គឺបង្កើតអំណាចនីតិប្បញ្ញត្តិ ដែលមានសភាពីរ។ រដ្ឋសភា (House of Representatives) ដែលចំនួនអាសនៈត្រូវបែងចែកទៅឲ្យរដ្ឋជាសមាជិក ទៅតាមចំនួនប្រជាជន និងព្រឹទ្ធសភា (Senate) ដែលគ្រប់រដ្ឋទាំងអស់ មានចំនួនអាសនៈស្មើៗគ្នា ដោយមិនគិតពីទំហំផ្ទៃដី ឬចំនួនប្រជាជន។

ការអនុម័តរដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅខែកញ្ញា ឆ្នាំ១៧៨៧ មុននឹងបញ្ជូនទៅឲ្យប្រជាជននៅតាមរដ្ឋសមាជិកបោះឆ្នោតអនុម័ត។ ដើម្បីឲ្យរដ្ឋធម្មនុញ្ញនេះចូលជាធរមានបាន គេត្រូវការឲ្យមានការយល់ព្រមពីសំណាក់រដ្ឋយ៉ាងតិច ៩ ក្នុងចំណោមរដ្ឋទាំង ១៣។

ដំណើរការបោះឆ្នោតតាមរដ្ឋសមាជិក ដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីនេះ បានចាប់ផ្តើមធ្វើនៅដើមខែធ្នូ ឆ្នាំ១៧៨៧ ដោយមានរដ្ឋចំនួន ៥ គឺ Delaware, Pennsylvania, New Jersey, Georgia និង Connecticut បានទទួលយករដ្ឋធម្មនុញ្ញនេះភ្លាមៗ។ ចំណែកឯរដ្ឋខ្លះទៀត ជាពិសេស រដ្ឋ Massachussetts បានបដិសេធមិនទទួលយក ដោយលើកហេតុផលថា រដ្ឋធម្មនុញ្ញថ្មីនេះ មិនមានចែងអំពីការការពារសិទ្ធិជាមូលដ្ឋានខាងផ្នែកនយោបាយ ដូចជា សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងសារព័ត៌មាន និងសិទ្ធិខាងជំនឿសាសនា ជាដើម។

សូមអាន៖ យុគនៃពន្លឺនៅអឺរ៉ុប ចន្លោះពីសតវត្សរ៍ទី១៧ ដល់ទី១៨

នៅទីបំផុត នៅពាក់កណ្តាលឆ្នាំ១៧៨៨ រដ្ឋ Massachussetts ព្រមទាំងរដ្ឋមួយចំនួនផ្សេងទៀត ក៏បានព្រមព្រៀងទទួលយករដ្ឋធម្មនុញ្ញថ្មីនេះ ក្រោយពីទទួលបាននូវការសន្យាថា រដ្ឋធម្មនុញ្ញនេះនឹងត្រូវធ្វើវិសោធនកម្ម ដើម្បីដាក់បញ្ចូលនូវចំណុចដែលពួកគេចង់បាន។ រដ្ឋ Massachussetts, Maryland និង South Carolina បានអនុម័តទទួលយករដ្ឋធម្មនុញ្ញនៃរដ្ឋសហព័ន្ធជាបន្តបន្ទាប់គ្នា ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៧៨៨ រដ្ឋធម្មនុញ្ញនេះក៏បានចូលជាធរមាន ក្រោយពីទទួលបានការអនុម័តយល់ព្រមពីសំណាក់រដ្ឋទី៩ គឺរដ្ឋ New Hamsphire។

ស្ថិរភាពនៃរដ្ឋធម្មនុញ្ញនិងរបបនយោបាយអាមេរិក

មួយឆ្នាំក្រោយការចូលជាធរមាននៃរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើង ហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ លោក ចច វ៉ាស៊ីងតោន បានចូលកាន់តំណែងជាប្រធានាធិបតីទីមួយ នៃសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានចាប់កំណើតឡើង ជារដ្ឋសហព័ន្ធ ដែលមានរដ្ឋសមាជិកចំនួន ១៣ (Delaware, Pennsylvania, New Jersey, Georgia, Connecticut, Massachusetts, Maryland, South Carolina, North Carolina, New Hampshire, Virginia, New York, និង Rhode Island)។

ជាង២០០ឆ្នាំក្រោយមក សហរដ្ឋអាមេរិកបានស្គាល់នូវការផ្លាស់ប្តូរជាច្រើនរាប់មិនអស់ ចាប់តាំងពីប្រទេសដែលមានទឹកដីមួយចម្រៀកតូចនៅឆ្នេរប៉ែកខាងកើត ទៅជាប្រទេសដែលមានទឹកដីលាតសន្ធឹងតាំងពីឆ្នេរសមុទ្រអាត្លង់ទិក រហូតដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយចំនួនរដ្ឋ ដែលមានពីដំបូងត្រឹមតែ ១៣រដ្ឋ បានកើនឡើងរហូតដល់ ៥០រដ្ឋ (បូករួមនឹងដែនដីនៅឯនាយសមុទ្រជាច្រើនទៀត)។ ក៏ប៉ុន្តែ  អ្វីដែលនៅស្ថិតស្ថិរជាប់ជានិច្ចរៀងមក គឺរដ្ឋធម្មនុញ្ញ និងរបបនយោបាយ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ត្រូវបានគេធ្វើវិសោធនកម្មបន្ថែមជំពូក និងមាត្រាថ្មីៗ ចំនួន ២៧លើក ដើម្បីសម្របទៅតាមការវិវឌ្ឍរបស់ប្រទេសជាតិ ក៏ប៉ុន្តែ របបនយោបាយ និងគោលគំនិតនៃរដ្ឋធម្មនុញ្ញដើម នៅតែស្ថិតជាធរមានរហូតមកទល់នឹងពេលបច្ចុប្បន្ន៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements