ចលនាបដិវត្តន៍ ប្រជាជនវាយផ្តួលរំលំគុក Bastille នៅប៉ារីស ថ្ងៃទី១៤ កក្កដា ១៧៨៩។ ថ្ងៃ១៤ កក្កដានេះ ត្រូវបានបារាំងយកធ្វើជាថ្ងៃបុណ្យជាតិ រហូតមកទល់នឹងសព្វថ្ងៃ។

នៅឆ្នាំ១៧៨៩ បារាំង ដែលជាមហាអំណាចមួយនៅអឺរ៉ុប ត្រូវប្រឈមមុខនឹងហេតុការណ៍ដ៏ធំមួយ ដែលនឹងនាំមកនូវការផ្លាស់ប្តូរក្នុងប្រវត្តិសាស្រ្តបារាំងនិង អឺរ៉ុប នោះ គឺបដិវត្តន៍របស់ប្រជាជន ប្រឆាំងនឹងរបបរាជានិយម។

នៅក្នុងអំឡុងពេលនោះ បារាំងស្ថិតក្រោមការដឹកនាំរបស់ ព្រះបាទ ល្វីស ទី១៦ (Louis XVI) ដែលជាព្រះមហាក្សត្រគ្រងរាជ្យ ហើយកាន់អំណាច តាមបែបរាជានិយមផ្តាច់ការ។ របបរាជានិយមបារាំងពេលនោះ មានសភា ដែលចែកចេញជា ៣ផ្នែក គឺសភាតំណាងបុព្វជិតកាតូលិក (le clergé) សភាតំណាងអ្នកមានវណ្ណៈខ្ពង់ខ្ពស់ (la noblesse) និងសភាតំណាងប្រជាជនសាមញ្ញធម្មតា (tiers état) ដែលនេះជាការឆ្លុះបញ្ចាំងអំពីការបែងចែកវណ្ណៈ នៅក្នុងសង្គមបារាំង នាសម័យកាលនោះ។

នៅចុងសតវត្សរ៍ទី១៨ ដោយសារតែការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងសង្រ្គាម ដើម្បីជួយសហរដ្ឋអាមេរិកទាមទារឯករាជ្យពីអង់គ្លេសផង និងដោយសារតែការចាយវាយខ្ជះខ្ជាយរបស់ព្រះបាទល្វីសទី១៦ផង បារាំងត្រូវប្រឈមមុខនឹងបញ្ហាថវិកាដ៏ធ្ងន់ធ្ងរ រហូតស្ទើរតែត្រូវក្ស័យធន។

នៅចុងឆ្នាំ១៧៨៦ រដ្ឋាភិបាលបារាំងបានរៀបចំគម្រោងធ្វើកំណែទម្រង់ផ្នែកសារពើពន្ធ ដោយដំឡើងពន្ធ និងបង្កើតពន្ធថ្មីៗ ដើម្បីបង្កើនចំណូលរដ្ឋ។ ព្រះបាទល្វីសទី១៦ ក៏បានកោះប្រជុំសភាទាំង៣ ដើម្បីអនុម័តគម្រោងដំឡើងពន្ធនេះ។

កិច្ចប្រជុំពេញអង្គនៃសភាទាំង៣ ដែលគេហៅថា “Les états-généraux” បានបើកធ្វើ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៧៨៩ នៅព្រះបរមរាជវាំង Versailles ជាយក្រុងប៉ារីស។ ក៏ប៉ុន្តែ នៅពេលបើកកិច្ចប្រជុំ បញ្ហាដ៏ចម្រូងចម្រាសមួយបានកើតឡើង រវាងសភាទាំង៣។ សភាតំណាងប្រជាជនធម្មតាបានទាមទារឲ្យធ្វើការកែប្រែប្រព័ន្ធបោះឆ្នោត ជាមុន មុននឹងឈានទៅធ្វើការប្រជុំអនុម័តកំណែទម្រង់ស្នើឡើងដោយរដ្ឋាភិបាល។

តាមទម្លាប់ គិតមកទល់នឹងពេលនោះ សភានីមួយៗត្រូវធ្វើការបោះឆ្នោតដាច់ៗពីគ្នាជាមុន ទើបធ្វើការអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គ (états généraux) ជាក្រោយ។ នៅក្នុងកិច្ចប្រជុំពេញអង្គនៃសភាទាំង៣នេះ សភានីមួយៗមានមួយសំឡេងស្មើៗគ្នា ដែលមានន័យថា សភាតំណាងប្រជាជនធម្មតា ដែលតំណាងប្រជាជនរហូតដល់ទៅប្រមាណជា ៩៨% នៅទូទាំងប្រទេស អាចនឹងក្លាយជាសំឡេងភាគតិច ប្រសិនបើសភាពីរផ្សេងទៀតរួបរួមគ្នា។

ដោយមើលឃើញថា របៀបបោះឆ្នោតបែបនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្តទូទៅ សមាជិកសភាតំណាងប្រជាជនក៏បានទាមទារឲ្យធ្វើការកែប្រែប្រព័ន្ធ បោះឆ្នោត ពីការបោះឆ្នោតតាមសភា ទៅជាការបោះឆ្នោតដោយរាប់តាមចំនួនសមាជិកវិញ ពោលគឺ សមាជិកនីមួយៗត្រូវមានមួយសំឡេងស្មើៗគ្នា។ ក៏ប៉ុន្តែ សំណើនេះត្រូវបានច្រានចោលដោយសភាតំណាងវិហារកាតូលិក និងសភាតំណាងអ្នកមានវណ្ណៈខ្ពង់ខ្ពស់។

ភាពចម្រូងចម្រាសជុំវិញនីតិវិធីក្នុងការបោះឆ្នោតនេះបានធ្វើឲ្យ កិច្ចប្រជុំពេញអង្គនៃសភាទាំង៣ត្រូវជាប់គាំង។ ជាងមួយខែក្រោយមក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៧៨៩ សភាតំណាងប្រជាជន (tiers état) ដោយមានការចូលរួមពីសំណាក់សមាជិកមួយចំនួននៃសភាពីរផ្សេងទៀត ក៏បានប្រកាសបង្កើតជា “រដ្ឋសភា” (Assemblée nationale) ដែលជាសភាតំណាងប្រជាជនទូទាំងប្រទេស។

ព្រះមហាក្សត្រល្វីសទី១៦ បានព្យាយាមរារាំងមិនឲ្យរដ្ឋសភាថ្មីនេះជួបប្រជុំគ្នា ដោយបានបិទសាលប្រជុំនៅក្នុងព្រះបរមរាជវាំង ក៏ប៉ុន្តែ សមាជិករដ្ឋសភាបានទៅជួបប្រជុំគ្នានៅទីលានវាយកូនបាល់។ ព្រះមហាក្សត្របិទទីលានវាយកូនបាល់ រដ្ឋសភាក៏នាំគ្នាទៅប្រជុំ នៅក្នុងវិហារកាតូលិក។ ព្រះមហាក្សត្រក៏បានប្រមូលកម្លាំងទ័ព ដើម្បីត្រៀមបំបែកកិច្ចប្រជុំរបស់រដ្ឋសភា ក៏ប៉ុន្តែ បានប្តូរព្រះទ័យឈប់ប្រើកម្លាំងទ័ពវិញ ក្រោយពីឃើញមានសមាជិកសភាតំណាងវិហារកាតូលិកកាន់តែច្រើន ចូលរួមក្នុងរដ្ឋសភាថ្មីនេះ។

នៅទីបំផុត ដោយមិនអាចរារាំងកិច្ចប្រជុំរបស់រដ្ឋសភាថ្មីនេះបាន ព្រះបាទល្វីសទី១៦ ក៏បានចេញបញ្ជាឲ្យសភាតំណាងវិហារកាតូលិក និងសភាតំណាងអ្នកមានវណ្ណៈខ្ពង់ខ្ពស់ចូលរួមប្រជុំក្នុងរដ្ឋសភា ថ្មី ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ នៅថ្ងៃទី៩ ខែកក្កដា រដ្ឋសភាថ្មីនេះក៏បានប្រកាសខ្លួនទៅជាសភាធម្មនុញ្ញ ហើយចាប់ផ្តើមជជែកអំពីការបង្កើតរបបនយោបាយថ្មីមួយ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ព្រះបាទ ល្វីស ទី១៦ (Louis XVI) ព្រះមហាក្សត្រនៃរបបរាជានិយមបារាំង ដែលត្រូវចលនាបដិវត្តន៍ប្រជាជនផ្តួលរំលំ និងកាត់ក្បាលជាសាធារណៈ

នៅក្នុងពេលដែលសភាធម្មនុញ្ញកំពុងតែប្រជុំតាក់តែងរដ្ឋធម្មនុញ្ញ ថ្មី មានហេតុការណ៍មួយចំនួនបានកើតឡើង ដែលជាដើមហេតុជំរុញឲ្យស្ថានការណ៍កាន់តែធ្លាក់ដុនដាប រហូតបង្កើតទៅជាចលនាបដិវត្តន៍ប្រជាជន។

ទាហានប្រមាណជា ២ម៉ឺននាក់ ត្រូវបានព្រះបាទល្វីសទី១៦ចល័តចូលមកក្នុងក្រុងប៉ារីស ដែលជាហេតុ ធ្វើឲ្យបណ្តាជនមានការសង្ស័យខ្លាចព្រះអង្គប្រើកម្លាំងទ័ព បង្រ្កាបចលនាប្រឆាំងនៅរដ្ឋសភា។

ម្យ៉ាងទៀត នៅថ្ងៃទី១១ ខែកក្កដា ព្រះមហាក្សត្របានដកតំណែងរដ្ឋមន្រ្តីមួយចំនួន ដែលព្រះអង្គយល់ថា មានគំនិតគាំទ្របដិវត្តន៍។ ក្នុងចំណោមរដ្ឋមន្រ្តីដែលត្រូវដកតំណែងនោះ មានរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដែលប្រជាជនបារាំងស្រឡាញ់ចូលចិត្ត។ ដឹងពីដំណឹងនេះ បណ្តាជននៅក្នុងក្រុងប៉ារីសក៏បាននាំគ្នាងើបឡើងបះបោរប្រឆាំងនឹង ព្រះបាទល្វីសទី១៦។ ចលនាបដិវត្តន៍ ដែលកើតឡើងនៅក្នុងរដ្ឋសភា ក៏បានរាលដាលទៅជាចលនាបដិវត្តន៍ប្រជាជន។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ ចលនាបដិវត្តន៍ប្រជាជនបាននាំគ្នាវាយលុកទៅលើគុកមួយ ក្នុងក្រុងប៉ារីស គឺគុកឈ្មោះ Bastille ដែលក្រុមបដិវត្តន៍ចាត់ទុកថាជានិមិត្តរូបនៃអំណាចផ្តាច់ការរបស់ ស្តេច។ គុក Bastille ត្រូវបានចលនាបដិវត្តន៍វាយដណ្តើមយកបាន ហើយថ្ងៃទី១៤ កក្កដា ត្រូវបានបារាំងចាត់ទុកជាថ្ងៃបុណ្យឯករាជ្យ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ប្រឈមមុខនឹងចលនាបដិវត្តន៍របស់ប្រជារាស្រ្ត ព្រះបាទល្វីសទី១៦ ក៏បានសុខចិត្តដកកម្លាំងទ័ពចេញពីប៉ារីស ហើយតែងតាំងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុដ៏មានប្រជាប្រិយភាពឲ្យមក កាន់តំណែងវិញ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៧៨៩ សភាធម្មនុញ្ញបារាំងបានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ដែលមានចែងជាអាទិ៍ អំពីការមានសិទ្ធិស្មើគ្នារវាងប្រជាពលរដ្ឋ និងការលុបចោលនូវវណ្ណៈសក្តិភូមិពីសម័យបុរាណ។

របបរាជានិយមផ្តាច់ការត្រូវបិទបញ្ចប់ ជំនួសមកវិញដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះបាទល្វីសទី១៦ នៅតែកាន់អំណាចនីតិប្រតិបត្តិ ក៏ប៉ុន្តែ អំណាចរបស់ព្រះអង្គត្រូវកាត់បន្ថយ ដោយបង្វែរទៅឲ្យរដ្ឋសភា ដែលជាសភាតែមួយ តំណាងប្រជាជនទូទៅ ហើយលែងមានការបែងចែកទៅតាមវណ្ណៈដូចពីមុន។

អ្នកខ្លះគិតថា នេះគឺជាការបិទបញ្ចប់នៃបដិវត្តន៍ ក៏ប៉ុន្តែ នៅទីបំផុតទៅ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ របបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលទើបនឹងបង្កើតថ្មីត្រូវប្រឈមមុខនឹងអស្ថិរភាពឥតឈប់ឈរ។ ចលនាបដិវត្តន៍របស់ប្រជាជនបារាំងក៏បានកើតឡើងសាជាថ្មី។ ចលនាបដិវត្តន៍នេះមានសន្ទុះកាន់តែខ្លាំង រហូតឈានទៅរំលាយរបបរាជានិយមចោលទាំងស្រុង។ របបសាធារណរដ្ឋបារាំងត្រូវបានបង្កើតឡើង ហើយព្រះបាទល្វីសទី១៦ ដែលជាអតីតព្រះមហាក្សត្រ ត្រូវបានតុលាការបដិវត្តន៍កាត់ទោសប្រហារជីវិត ដោយកាត់ក្បាលជាសាធារណៈ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements