រូបគំនូរ បង្ហាញពីសមរភូមិមួយ រវាងកងទ័ពសាធារណរដ្ឋបារាំង ទល់នឹងចលនាបះបោររបស់ប្រជាជន ដែលគេហៅថាជាចលនាប្រឆាំងបដិវត្តន៍ (ឆ្នាំ១៧៩៣)

នៅឆ្នាំ១៧៨៩ ចលនាបដិវត្តន៍ប្រជាជនបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ ហើយនាំប្រទេសបារាំង ទៅរករបបនយោបាយថ្មីមួយ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្របារាំង គឺព្រះបាទល្វីសទី១៦ បានបង្ខំចិត្តទទួលយករបបនយោបាយថ្មីនេះ ដោយសារតែមានសម្ពាធពីចលនាបដិវត្តន៍តែប៉ុណ្ណោះ។ រីឯក្នុងចិត្តវិញ ព្រះអង្គនៅតែចង់ឲ្យបារាំងវិលត្រឡប់ទៅរករបបរាជានិយមផ្តាច់ការ ដូចកាលពីសម័យដើម។

នៅយប់មួយ ក្នុងខែមិថុនា ឆ្នាំ១៧៩១ ព្រះបាទល្វីសទី១៦ ព្រមទាំងក្រុមគ្រួសារ ក៏បានលួចរត់ភៀសព្រះកាយចេញពីព្រះបរមរាជវាំង ដើម្បីទៅស្វះស្វែងរកជំនួយពីស្តេចអាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅតែប្រមាណជា ៣០គីឡូម៉ែត្រពីព្រំដែនអាល្លឺម៉ង់ ព្រះអង្គត្រូវគេចាប់ខ្លួនបាន រួចហើយបញ្ជូនឲ្យត្រឡប់មកកាន់ទីក្រុងប៉ារីសវិញ។

ចាប់ពីពេលនោះមក ប្រជាជនបារាំងបានបាត់បង់ទំនុកចិត្តលើព្រះមហាក្សត្រទាំងស្រុង ដោយពួកគេចាត់ទុកថា ការព្យាយាមរត់ភៀសព្រះកាយទៅរកជំនួយពីបរទេស គឺជាទង្វើក្បត់ជាតិ។ ចលនាបដិវត្តន៍ប្រជាជនក៏បានចាប់កក្រើកឡើងវិញ ហើយមានសន្ទុះកាន់តែខ្លាំងក្លាជាងមុន ដោយពេលនោះ ពួកគេទាមទារឲ្យរំលាយរបបរាជានិយមចោលទាំងស្រុង ដើម្បីបង្កើតជារបបសាធារណរដ្ឋជំនួសវិញ។

នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា ឆ្នាំ១៧៩២ ក្រុមបដិវត្តន៍បានបើកការវាយលុកចូលទៅដល់ក្នុងព្រះបរមរាជវាំង ក្នុងក្រុងប៉ារីស (Les Tuileries )។ របបរាជានិយមត្រូវគេលុបបំបាត់ចោលទាំងស្រុង ហើយរបបសាធារណរដ្ឋក៏ត្រូវបានបង្កើតឡើង។ ព្រះបាទល្វីសទី១៦ ត្រូវបានតុលាការបដិវត្តន៍កាត់ទោសប្រហារជីវិត ដោយកាត់ក្បាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៧៩៣។ ការប្រហារជីវិតព្រះបាទល្វីសទី១៦ ត្រូវបានធ្វើឡើងជាសាធារណៈ នៅកណ្តាលក្រុងប៉ារីស (នៅត្រង់ទីលានមួយ ដែលគេឲ្យឈ្មោះថា “ទីលានបដិវត្តន៍” ហើយបច្ចុប្បន្ន ត្រូវប្តូរឈ្មោះមកជា “Place de la Concorde”)។

សូមអាន៖ បដិវត្តន៍ផ្តួលរំលំរបបរាជានិយមនៅបារាំងឆ្នាំ១៧៨៩

ការផ្តួលរំលំរបបរាជានិយម និងប្រហារជីវិតស្តេចនៅបារាំង បានធ្វើឲ្យព្រះមហាក្សត្រនៅតាមបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ អឺរ៉ុបផ្ទុះកំហឹង ហើយនាំគ្នាលើកទ័ពវាយលុកមកលើរបបសាធារណរដ្ឋបារាំង។ ពីខាងក្រៅ របបសាធារណរដ្ឋដែលទើបនឹងបង្កើតថ្មីត្រូវប្រឈមមុខនឹងការឈ្លានពាន ពីគ្រប់ទិស គឺអង់គ្លេស និងប៊ែលហ្ស៊ិក ពីខាងជើង អាល្លឺម៉ង់ និងអូទ្រីសពីខាងកើត ហើយអេស្ប៉ាញ ពីខាងត្បូង។ ចំណែកនៅខាងក្នុងស្រុកវិញ សង្រ្គាមផ្ទៃក្នុងក៏បានឆាបឆេះយ៉ាងសន្ធោរសន្ធៅឡើងដែរ គឺសង្រ្គាមទល់នឹងក្រុមអ្នករាជានិយម។

ស្ថិតក្នុងស្ថានភាពចលាចលនេះ របបសាធារណរដ្ឋបារាំងបានដាក់ចេញនូវនយោបាយបែបផ្តាច់ការ និងឃោរឃៅមួយ ដែលនៅក្នុងប្រវត្តិសាស្រ្តបារាំងគេបានដាក់ឈ្មោះថា « La Terreur »។ នៅក្នុងសម័យកាលនោះ រាល់អ្នកណាដែលប្រឆាំងនឹងរដ្ឋាភិបាល ត្រូវគេចាប់ខ្លួន និងសម្លាប់ចោល ដោយចោទថាជាអ្នកប្រឆាំងនឹងបដិវត្តន៍។ អ្នកដែលត្រូវចាប់ខ្លួន និងសម្លាប់ ពីបទប្រឆាំងនឹងបដិវត្តន៍នេះ មានទាំងអតីតមន្រ្តីក្នុងរបបចាស់ ប្រជាជនធម្មតា រហូតដល់ជួរថ្នាក់ដឹកនាំនៃរបបសាធារណរដ្ឋគ្នាឯង។ របបសាធារណរដ្ឋ ដែលកើតចេញពីបដិវត្តន៍ប្រឆាំងនឹងរបបផ្តាច់ការរបស់ស្តេច ក៏បានក្លាយខ្លួនទៅជារបបផ្តាច់ការថ្មីមួយទៀត។

របបផ្តាច់ការ និងឃោរឃៅនេះបានបិទបញ្ចប់ នៅខែកក្កដា ឆ្នាំ១៧៩៤ នៅក្រោយពេលដែលមេដឹកនាំដ៏មានអំណាចម្នាក់ ឈ្មោះ Robespierre ត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិត ដោយត្រូវគេយកទៅកាត់ក្បាល នៅត្រង់កន្លែង ដែលគេធ្លាប់កាត់ក្បាលស្តេចល្វីសទី១៦ កាលពីជាង១ឆ្នាំមុន។ គិតជាសរុប មានមនុស្សប្រមាណជា ៥០ម៉ឺននាក់ត្រូវគេចាប់ដាក់ពន្ធនាគារ ហើយប្រមាណជា ១០ម៉ឺននាក់ត្រូវគេសម្លាប់ នៅក្រោមរបបសាធារណរដ្ឋផ្តាច់ការថ្មីនេះ។

សូមអាន៖ Siècle des Lumières នៅអឺរ៉ុប ចន្លោះសតវត្សរ៍ទី១៧ និងទី១៨

ក្រោយពេលដែល Robespierre ត្រូវបានចាប់ខ្លួន និងប្រហារជីវិត បិទបញ្ចប់របបឃោរឃៅ ដែលគេហៅថា “La Terreur” រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានគេតាក់តែងឡើង ដើម្បីបង្កើតរបបដឹកនាំថ្មីមួយទៀត។ ក៏ប៉ុន្តែ ជម្លោះផ្ទៃក្នុង រវាងក្រុមអ្នកសាធារណរដ្ឋ និងអ្នករាជានិយម នៅតែបន្តកើតមាន ដែលជាហេតុបង្កឲ្យមានអស្ថិរភាពនយោបាយជាប្រចាំ។ ទិដ្ឋភាពនយោបាយបារាំង នៅពេលនោះ តែងតែប្រែប្រួលឥតឈប់ រវាងការបោះឆ្នោត និងរដ្ឋប្រហារយោធា ដែលតែងតែកើតមានជារឿយៗ។

ស្ថិតនៅក្នុងភាពច្របូកច្របល់នេះ គេឃើញមានឥស្សរជនម្នាក់ចាប់ផ្តើមលេចមុខឡើង ហើយដែលក្រោយមកនឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងប្រវត្តិសាស្រ្តបារាំង ក៏ដូចជា ប្រវត្តិសាស្រ្តអឺរ៉ុប។ ឥស្សរជននោះ គឺណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte)។

ណាប៉ូឡេអុង កើតថ្ងៃទី១៥ ខែសីហា ឆ្នាំ១៧៦៩ នៅកោះ Corse ដែលជាអតីតកោះរបស់អ៊ីតាលី។ នៅឆ្នាំដែលណាប៉ូឡេអុងកើត កោះ Corse ទើបនឹងត្រូវបានអ៊ីតាលីកាត់មកឲ្យប្រទេសបារាំង។

នៅពេលដែលបដិវត្តន៍បារាំងផ្ទុះឡើង នៅឆ្នាំ១៧៨៩ ណាប៉ូឡេអុងទើបនឹងមានអាយុ ២០ឆ្នាំ ហើយគ្រាន់តែជានាយទាហានថ្នាក់ទាបម្នាក់ ដែលទើបនឹងបញ្ចប់សាលានាយទាហាន នៅប៉ារីស។ ក៏ប៉ុន្តែ នៅក្រោមរបបសាធារណរដ្ឋ ណាប៉ូឡេអុង ដែលមានស្នាដៃច្រើនក្នុងសមរភូមិ ក៏បានឡើងបុណ្យស័ក្តិជាបន្តបន្ទាប់។ នៅឆ្នាំ១៧៩៦ នៅពេលដែលរបបសាធារណរដ្ឋបារាំងកំពុងប្រឈមមុខនឹងការឈ្លានពានពីសំណាក់ កងទ័ពស្តេចនៃបណ្តាប្រទេស ដែលនៅជុំវិញ ណាប៉ូឡេអុងត្រូវបានគេតែងតាំងជាឧត្តមសេនីយ៍ ហើយបានដឹកនាំទ័ពយកជ័យជម្នះ នៅតាមបណ្តាសមរភូមិសំខាន់ៗជាច្រើន ជាពិសេស នៅប៉ែកខាងអ៊ីតាលី ដែលកងទ័ពរបស់ណាប៉ូឡេអុងវាយបំបាក់កងទ័ពអូទ្រីស រហូតធ្វើឲ្យអូទ្រីសត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយបារាំង។

នៅឆ្នាំ១៧៩៩ នៅពេលដែលកងទ័ពបារាំងបានបង្ហាញនូវកម្លាំងគួរឲ្យស្ញប់ស្ញែងចំពោះ សត្រូវពីខាងក្រៅ នៅផ្ទៃក្នុងប្រទេសបារាំងឯណេះវិញ វិបត្តិនយោបាយតែងតែកើតមានជាអចិន្រ្តៃយ៍។ ស្ថិតក្នុងស្ថានភាពបែបនេះ ណាប៉ូឡេអុង ដែលកំពុងគ្រប់គ្រងទ័ព ក្នុងប្រទេសអេហ្ស៊ីប ក៏បានធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងប៉ារីសវិញ។ នៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ណាប៉ូឡេអុងបានរៀបចំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដណ្តើមអំណាចយកមកកាន់កាប់។

របបដឹកនាំថ្មីនេះ មានរដ្ឋធម្មនុញ្ញ ដែលមានរូបភាពខាងក្រៅជារបបប្រជាធិបតេយ្យ ក៏ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង អំណាចទាំងអស់ស្ថិតក្នុងដៃរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ណាប៉ូឡេអុង។ ជាថ្មីម្តងទៀត ប្រជាជនបារាំង ដែលខិតខំរើខ្លួនចេញពីរបបផ្តាច់ការមួយ ប៉ុន្តែ តែងតែត្រូវធ្លាក់ចូលទៅក្នុងរបបផ្តាច់ការថ្មីជាបន្តបន្ទាប់។ លើសពីនេះទៅទៀត នៅឆ្នាំ១៨០៤ ណាប៉ូឡេអុង បូណាប៉ាត ដែលអះអាងថាជាអ្នកការពាររបបសាធារណរដ្ឋ ក៏ប៉ុន្តែ ស្រាប់តែបានប្រកាសខ្លួនជាអធិរាជ។ ១៥ឆ្នាំ ក្រោយបដិវត្តន៍ទម្លាក់របបរាជានិយមផ្តាច់ការ បារាំងបានវិលត្រឡប់ទៅរកការដឹកនាំតាមបែបរាជានិយមផ្តាច់ការដូចពីមុន វិញ គឺចក្រភពបារាំង ក្រោមអំណាចរបស់អធិរាជណាប៉ូឡេអុង៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

 

Advertisements