រូបគំនូរអំពីណាប៉ូឡេអុង ដែលគេដាក់តាំងនៅក្នុងសារមន្ទីរមួយ ស្ថិតនៅជាយក្រុងប៉ារីស (Château de Malmaison)ថតកម្មវិធីនេះទុក

ណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte) បានឡើងកាន់អំណាចនៅប្រទេសបារាំង តាមរយៈការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៧៩៩ ដោយពីដំបូងណាប៉ូឡេអុង កាន់តំណែងជាកុងស៊ុល ដែលមានឋានៈជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋបារាំង។ ក៏ប៉ុន្តែ នៅឆ្នាំ១៨០៤ ពោលគឺ ១៥ឆ្នាំ ក្រោយការធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមផ្តាច់ការ បារាំងស្រាប់តែបានបោះបង់ចោលរបបសាធារណរដ្ឋ ហើយវិលត្រឡប់ទៅរករបបដឹកនាំបែបរាជានិយមផ្តាច់ការដូចកាលពីមុនវិញ តាមរយៈការបង្កើតចក្រភពបារាំង ដែលមានណាប៉ូឡេអុងជាអធិរាជ។

សូមអាន៖ បដិវត្តន៍ផ្តួលរំលំរបបរាជានិយមនៅបារាំង ឆ្នាំ១៧៨៩

ក៏ប៉ុន្តែ ថ្វីដ្បិតតែបារាំងវិលត្រឡប់ទៅរករបបរាជានិយមផ្តាច់ការវិញ ក៏ប៉ុន្តែ ក្រោមការដឹកនាំរបស់ណាប៉ូឡេអុង បារាំងបានស្គាល់នូវភាពរុងរឿង ហើយអធិរាជណាប៉ូឡេអុងបានទទួលនូវការគាំទ្រ និងស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជនបារាំងជាទូទៅ។ តាមការពិត ការបង្កើតចក្រភពបារាំង និងការតែងតាំងណាប៉ូឡេអុងជាអធិរាជ ត្រូវបានធ្វើឡើង ដោយមានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប ពីសំណាក់សភាបារាំង។

នៅខែធ្នូ ឆ្នាំ១៨០៤ ណាប៉ូឡេអុងបានទទួលការចាក់ប្រេងតាំងជាអធិរាជ ពីសំណាក់សម្តេចប៉ាប ទៅតាមទំនៀមទម្លាប់របស់មហាក្សត្រនៅអឺរ៉ុប។ នៅក្នុងប្រទេសបារាំង ណាប៉ូឡេអុង ត្រូវបានប្រជាជនចាត់ទុកជាស្តេច ក៏ប៉ុន្តែ នៅក្រៅប្រទេសវិញ ស្តេចនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប នៅតែចាត់ទុកណាប៉ូឡេអុងជានិមិត្តរូបនៃបដិវត្តន៍ប្រឆាំងនឹង របបរាជានិយម ហើយសង្រ្គាម រវាងបារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលបានផ្ទុះឡើង តាំងពីក្រោយបដិវត្តន៍ទម្លាក់ស្តេចល្វីសទី១៦ នៅតែបន្តកើតមាន។

ក៏ប៉ុន្តែ តាមរយៈយុទ្ធសាស្រ្តទ័ព និងនយោបាយការទូតដ៏ឆ្លាតវៃ ណាប៉ូឡេអុងបានដឹកនាំប្រទេសបារាំងឲ្យក្លាយទៅជាមហាអំណាច ដែលកាន់កាប់តំបន់អឺរ៉ុបស្ទើរតែទាំងអស់។

នៅឆ្នាំ១៨០៥ ចក្រភពរុស្ស៊ី និងចក្រភពអូទ្រីស ដែលមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់អង់គ្លេស បានរួមគ្នាបង្កើតសម្ព័ន្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងណាប៉ូឡេអុង។ ណាប៉ូឡេអុងក៏បាននាំទ័ព ឆ្លងកាត់តាមអាល្លឺម៉ង់ សំដៅវាយលុកទៅលើចក្រភពអូទ្រីស។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៥ នៅក្នុងសមរភូមិ Austerlitz កងទ័ពរបស់ណាប៉ូឡេអុង ដែលមានចំនួនតិចជាង បានវាយបំបាក់កងទ័ពរបស់អូទ្រីស និងរុស្ស៊ី។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំតមកទៀត ណាប៉ូឡេអុងបានបន្តប្រតិបត្តិការយោធាវាយកាន់កាប់ប្រទេសម្តងមួយៗ នៅអឺរ៉ុប ហើយគិតត្រឹមឆ្នាំ១៨១២ អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ប៊ែលហ្ស៊ិក ហូឡង់ និងមួយផ្នែករបស់ប៉ូឡូញ ពោលគឺ តំបន់អឺរ៉ុបស្ទើរតែទាំងមូល ត្រូវស្ថិតក្រោមការកាន់កាប់របស់បារាំង។ ចំណែកឯចក្រភពអូទ្រីស និងចក្រភពរុស្ស៊ីវិញ ដែលត្រូវបានកងទ័ពណាប៉ូឡេអុងវាយបំបាក់ជាច្រើនលើក បានចុះសន្ធិសញ្ញាសន្ធិភាពជាមួយបារាំង។ ណាប៉ូឡេអុងបាននាំចក្រភពបារាំងទៅក្នុងសម័យកាលដ៏រុងរឿងមួយ ក្នុងប្រវត្តិសាស្រ្តបារាំង។ ចក្រភពបារាំង គឺជាមហាអំណាចដែលត្រួតត្រាអឺរ៉ុបស្ទើរតែទាំងមូល! ក៏ប៉ុន្តែ ណាប៉ូឡេអុងមិនបានស្កប់ចិត្តតែត្រឹមនោះទេ។ ណាប៉ូឡេអុងមានមហិច្ឆតាចង់វាតទីពង្រីកអំណាចរបស់បារាំងឲ្យបាន កាន់តែធំជាងនេះថែមទៀត។ មហិច្ឆតាដែលនឹងនាំទៅដល់ការធ្លាក់ដុនដាបនៃចក្រភពបារាំង។

សូមអាន៖ សករាជខ្មៅងងឹតនៅបារាំងក្រោយបដិវត្តន៍ឆ្នាំ១៧៨៩

នៅខែមិថុនា ឆ្នាំ១៨១២ នៅក្នុងពេលដែលចក្រភពបារាំងត្រួតត្រាតំបន់អឺរ៉ុបបានស្ទើរតែ ទាំងមូលហើយនោះ ណាប៉ូឡេអុងនៅតែមានមហិច្ឆតាចង់ពង្រីកអំណាចរបស់បារាំងបន្ថែមទៀត ហើយបានលើកទ័ពចូលឈ្លានពានរុស្ស៊ី ដែលបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងរួចហើយ។ នៅខែកញ្ញា ឆ្នាំ១៨១២ បីខែក្រោយពីណាប៉ូឡេអុងប្រកាសសង្រ្គាមជាមួយរុស្ស៊ី កងទ័ពបារាំងបានវាយយកបានក្រុងម៉ូស្គូ ក៏ប៉ុន្តែ ខុសពីទម្លាប់ដែលគេធ្លាប់អនុវត្តជាទូទៅ ស្តេចត្សារ៍របស់រុស្ស៊ីបានបដិសេធមិនព្រមចុះចាញ់។ ផ្ទុយទៅវិញ កងទ័ពរុស្ស៊ីបានប្រើយុទ្ធសាស្រ្តវាយដកថយ ដោយដុតបំផ្លាញស្បៀង និងផ្ទះសម្បែង ទុកឲ្យទាហានរបស់ណាប៉ូឡេអុងប្រឈមមុខនឹងអាកាសធាតុត្រជាក់នៃរដូវ រងាររុស្ស៊ី ដោយគ្មានទីជម្រក។

ប្រឈមមុខនឹងអាកាសធាតុត្រជាក់ ការខ្វះស្បៀង និងជំងឺ ទាហានរបស់ណាប៉ូឡេអុងត្រូវបាក់កម្លាំង ហើយការរត់ចោលជួរក៏កើតមានកាន់តែច្រើន។ ទីបំផុត ណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដកទ័ពចេញពីរុស្ស៊ី។ ក៏ប៉ុន្តែ នៅក្នុងពេលដកថយ ទាហានរបស់ណាប៉ូឡេអុង ដែលកំពុងតែចុះខ្សោយស្រាប់ ត្រូវប្រឈមមុខនឹងការវាយឆ្មក់ពីសំណាក់ទាហានរុស្ស៊ី នៅស្ទើរតែជាប់តាមផ្លូវចេញពីរុស្ស៊ី។

ការឈ្លានពានទៅលើរុស្ស៊ី គឺជាបរាជ័យដ៏ធំមួយ សម្រាប់ណាប៉ូឡេអុង។ កងទ័ពបារាំង ដែលធ្លាប់តែជាទ័ពដ៏ខ្លាំង ធ្វើឲ្យគេខ្លាចរអាពេញអឺរ៉ុប ត្រូវទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងចំណោមទាហានប្រមាណជា ៦០ម៉ឺននាក់ ដែលណាប៉ូឡេអុងបញ្ជូនទៅឈ្លានពានរុស្ស៊ី នៅសល់តែប្រមាណជា ៣ម៉ឺននាក់ប៉ុណ្ណោះ ដែលវិលត្រឡប់មកវិញ។ ក្រៅពីនោះ ខ្លះត្រូវស្លាប់ ខ្លះទៀតត្រូវចាប់ជាឈ្លើយសឹកនៅរុស្ស៊ី ហើយខ្លះទៀតបានរត់ចោលជួរ។

នៅក្នុងពេលដែលទាហានបារាំងកំពុងធ្លាក់ចុះខ្សោយ ប្រទេសដែលធ្លាប់តែជាប្រទេសរណប ឬជាសម្ព័ន្ធមិត្តរបស់បារាំងក៏បាននាំគ្នាងើបឡើងប្រឆាំងនឹង ណាប៉ូឡេអុង ហើយនៅឆ្នាំ១៨១៤ អង់គ្លេស រុស្ស៊ី អូទ្រីស ស៊ុយអែដ និងអាល្លឺម៉ង់ ក៏បានរួមដៃគ្នាជាសម្ព័ន្ធមិត្ត ហើយលើកទ័ពចូលមកឈ្លានពានបារាំងសាជាថ្មីម្តងទៀត ដោយលើកនេះ ពួកគេបានវាយបំបាក់ទាហានរបស់ណាប៉ូឡេអុង ហើយបានវាយលុកចូលដល់ក្រុងប៉ារីស នៅខែមេសា ឆ្នាំ១៨១៤។ បារាំងសុំចុះចាញ់ ហើយណាប៉ូឡេអុងត្រូវបានគេបង្ខំឲ្យដាក់រាជ្យ និងនិរទេសខ្លួនទៅរស់នៅលើកោះមួយនៅក្បែរអ៊ីតាលី (កោះ Elbe)។

ក៏ប៉ុន្តែ រស់នៅនិរទេសបានប្រហែលជិតមួយឆ្នាំ ណាប៉ូឡេអុងនៅមិនសុខក៏វិលត្រឡប់មកប្រទេសបារាំង ហើយឡើងគ្រងរាជ្យជាលើកទីពីរ នៅខែមីនា ឆ្នាំ១៨១៥។

ភ្លាមៗក្រោយការវិលត្រឡប់មកគ្រងរាជ្យរបស់ណាប៉ូឡេអុង ប្រទេសដែលជាសត្រូវរបស់ណាប៉ូឡេអុងក៏បានរួមគ្នាបង្កើតសម្ព័ន្ធភាព យោធាសាជាថ្មី ហើយសង្រ្គាមរវាងកងទ័ពសម្ព័ន្ធមិត្ត និងកងទ័ពណាប៉ូឡេអុងក៏បានផ្ទុះឡើងម្តងទៀត។

សាកសពរបស់ណាប៉ូឡេអុង ដែលគេតម្កល់ទុកនៅក្នុងសារមន្ទីរ ឈ្មោះ Les Invalides ក្នុងក្រុងប៉ារីស

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៨១៥ នៅ Waterloo (ប្រទេសប៊ែលហ្ស៊ិក) កងទ័ពណាប៉ូឡេអុងត្រូវទទួលបរាជ័យ ហើយណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដាក់រាជ្យជាលើកទីពីរ និងជាលើកចុងក្រោយ។ ណាប៉ូឡេអុងត្រូវបានអង់គ្លេសចាប់និរទេសខ្លួនឲ្យទៅរស់នៅលើកោះ Saint Hélène ដែលជាកូនកោះតូចមួយ ស្ថិតនៅដាច់ស្រយាល កណ្តាលមហាសមុទ្រអាត្លង់ទិក។

ណាប៉ូឡេអុងទទួលមរណភាព នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨២១ ក្នុងវ័យ ៥២ឆ្នាំ។ បច្ចុប្បន្ន សាកសពរបស់ណាប៉ូឡេអុងត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរមួយ ក្នុងក្រុងប៉ារីស ឈ្មោះថា “Les Invalides”។

ណាប៉ូឡេអុងត្រូវបានគេចារឈ្មោះទុកថាជាមេដឹកនាំមួយរូប ប្រកបដោយភាពវាងវៃខាងផ្នែកយុទ្ធសាស្រ្តសង្រ្គាម។ ជាមេដឹកនាំដែលបាននាំប្រទេសបារាំងទៅរកភាពរុងរឿង និងមានទឹកដីធំធេងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបារាំង។ ក៏ប៉ុន្តែ ណាប៉ូឡេអុងក៏ជាប់ឈ្មោះផងដែរថាជាមេដឹកនាំដែលប្រកបដោយមហិច្ឆតា ខ្ពស់ហួសហេតុ ដែលបង្កជាសង្រ្គាមឈ្លានពានវាតទីពាសពេញតំបន់អឺរ៉ុប៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements