ការរកឃើញបច្ចេកវិទ្យាផលិតម៉ាស៊ីនដើរដោយចំហាយទឹក គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងបដិវត្តន៍ឧស្សាហកម្ម


គិតមកត្រឹមសតវត្សរ៍ទី១៨ ប្រជាជនទូទៅនៅលើពិភពលោក ភាគច្រើនលើសលុបរស់នៅក្នុងភូមិតូចៗ នៅតាមទីជនបទ ហើយប្រកបរបរចិញ្ចឹមជីវិត ដោយការដាំដុះ ចិញ្ចឹមសត្វ ឬសកម្មភាពសិប្បកម្មផ្សេងទៀត។ ប្រជាជនបរិភោគចំណីអាហារ ដែលបានមកពីដំណាំដែលគេដាំដោយខ្លួនឯង ស្លៀកសម្លៀកបំពាក់ និងប្រើប្រាស់សម្ភារៈ ដែលគេផលិតដោយខ្លួនឯង ហើយសកម្មភាពទិញដូរកើតមានយ៉ាងតិចតួចបំផុត។

នៅពេលនោះអ្វីៗទាំងអស់ត្រូវធ្វើឡើងដោយដៃ ដោយកម្លាំងមនុស្ស ឬសត្វចិញ្ចឹម ដូចជា គោ ក្របី ឬសេះ ជាដើម ហើយសកម្មភាពផលិតភាគច្រើនធ្វើឡើងតែតាមផ្ទះជាលក្ខណៈគ្រួសារ ដែលផ្តល់ផលក្នុងកម្រិតទាប ប្រាក់ចំណូលតិចតួច ហើយប្រជាជនភាគច្រើនមានជីវភាពខ្សត់ខ្សោយ។

ក៏ប៉ុន្តែ នៅចុងសតវត្សរ៍ទី១៨ ពិភពលោកបានស្គាល់នូវការវិវឌ្ឍដ៏សំខាន់បំផុតមួយ ដែលគេឲ្យឈ្មោះថា “បដិវត្តន៍ឧស្សាហកម្ម” ជាចំណុចរបត់នៃការផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សជាតិ ពីការពឹងផ្អែកជាចម្បងលើសកម្មភាពកសិកម្ម ទៅជាការប្រកបរបរចិញ្ចឹមជីវិត ដោយសកម្មភាពឧស្សាហកម្ម។

អ្វីៗបានចាប់ផ្តើមឡើង ជាដំបូង នៅក្នុងចក្រភពអង់គ្លេស។ បដិវត្តន៍ឧស្សាហកម្មចាប់ផ្តើមចេញពីអង់គ្លេស ដោយសារកត្តាច្រើនយ៉ាង។

កត្តាសំខាន់ទីមួយ គឺវត្ថុធាតុដើម។ អង់គ្លេស គឺជាប្រទេសដែលសម្បូរទៅដោយរ៉ែធ្យូងថ្ម និងរ៉ែដែក ដែលជាវត្ថុធាតុដើមសំខាន់បំផុត ក្នុងវិស័យឧស្សាហកម្ម។

កត្តាសំខាន់ទីពីរ គឺចំណេះដឹង។ នៅក្នុងអំឡុងសតវត្សរ៍ទី១៨ អង់គ្លេសមានអ្នកប្រាជ្ញល្បីៗជាច្រើន។ អ៊ីសាក់ ញូវតុន (Isaac Newton) ដែលជា អ្នកប្រាជ្ញមានឈ្មោះល្បីល្បាញបំផុតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺជាអ្នកប្រាជ្ញអង់គ្លេស។ ក្រៅពីញូវតុន អង់គ្លេសនៅមានអ្នកប្រាជ្ញជាច្រើនទៀត ជាពិសេស ខាងផ្នែករូបវិទ្យា និងវិស្វកម្ម។ ចំណេះដឹងរបស់អ្នកប្រាជ្ញទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា ការបង្កើនប្រសិទ្ធភាពក្នុងការប្រើថាមពលទឹក, ការប្រើធ្យូងថ្មជាប្រភពថាមពលជំនួសអុស, ការបង្កើតម៉ាស៊ីនដើរដោយចំហាយទឹក, បច្ចេកទេសក្នុងការផលិតដែកជាលក្ខណៈឧស្សាហកម្ម ព្រមទាំងបច្ចេកទេសខាងផ្នែកមេកានិក ក្នុងការបង្កើតគ្រឿងម៉ាស៊ីនផ្សេងទៀត សម្រាប់ប្រើក្នុងវិស័យផលិតកម្មជំនួសដោយការផលិតដោយដៃ។ ការផលិតដោយប្រើម៉ាស៊ីនទាំងនេះធ្វើឲ្យគេទទួលបានទិន្នផលច្រើនជាងការផលិតដោយដៃរាប់រយ ឬរហូតដល់រាប់ពាន់ដង។

កត្តាដ៏សំខាន់មួយទៀត ដែលនាំឲ្យមានបដិវត្តន៍ឧស្សាហកម្ម នៅអង់គ្លេស គឺកត្តានយោបាយ និងសង្គម។ ចាប់តាំងពីមានបដិវត្តន៍បង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅចុងសតវត្សរ៍ទី១៧ អង់គ្លេសគឺជាប្រទេសមួយ ដែលមានស្ថិរភាពទាំងផ្នែកនយោបាយ និងសង្គម។ ម្យ៉ាងទៀត រដ្ឋាភិបាលអង់គ្លេសតែងតែប្រកាន់យកនូវនយោបាយបើកចំហក្នុងវិស័យឯកជន។ ជានយោបាយដែលលើកទឹកចិត្តដល់អ្នកបង្កើតសហគ្រាសឯកជន និងអ្នកបង្កើតទ្រឹស្តី ឬបច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើនប្រសិទ្ធភាពក្នុងការផលិត។

លើសពីនេះទៅទៀត អង់គ្លេស នៅពេលនោះ គឺជាមហាអំណាច ដែលមានដែនដីអាណានិគមយ៉ាងធំធេង នៅទូទាំងពិភពលោក។ ដែនដីអាណានិគមទាំងនេះ គឺជាប្រភពវត្ថុធាតុដើមដ៏សំខាន់មួយផង ហើយវាក៏ជាទីផ្សារដ៏ចម្បងមួយដែរ សម្រាប់លក់ផលិតផលរបស់អង់គ្លេស។ នៅពេលដែលទីផ្សារកើនឡើង វាធ្វើឲ្យសហគ្រាសអង់គ្លេសកាន់តែនាំគ្នាខិតខំប្រឹងប្រែង ដើម្បីរកវិធីផលិតទំនិញឲ្យបានកាន់តែច្រើន និងកាន់តែលឿន។

ទាំងអស់នេះហើយដែលនាំឲ្យវិស័យឧស្សាហកម្មនៅអង់គ្លេសស្គាល់នូវភាពជឿនលឿនជាងគេ នៅអំឡុងចុងសតវត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩។ នៅពេលនោះ រដ្ឋាភិបាលអង់គ្លេសបានព្យាយាមទប់ស្កាត់មិនឲ្យបច្ចេកវិទ្យាឧស្សាហកម្មរបស់ខ្លួនត្រូវរីកសាយភាយទៅកាន់ប្រទេសផ្សេង។ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះត្រូវទទួលបរាជ័យ ដោយសារតែមានវិស្វករ ឬកម្មករជំនាញ ព្រមទាំងសហគ្រិនអង់គ្លេសខ្លះ បាននាំគ្នាធ្វើចំណាកស្រុក ដើម្បីទៅស្វែងរកឱកាសការងារ ឬឱកាសធ្វើជំនួញ នៅបរទេស។

បដិវត្តន៍ឧស្សាហកម្មក៏បានរីកសាយភាយចេញពីអង់គ្លេស ទៅកាន់ប្រទេសផ្សេងទៀតនៅអឺរ៉ុប ដោយចាប់ផ្តើមពីប៊ែលហ្ស៊ិក បន្តទៅដល់បារាំង អាល្លឺម៉ង់ និងស៊ុយអែដ ហើយបន្ទាប់មកទៀត ចេញពីអឺរ៉ុប ទៅដល់សហរដ្ឋអាមេរិក។

គិតត្រឹមពាក់កណ្តាលសតវត្សរ៍ទី១៩ បដិវត្តន៍ឧស្សាហកម្មបានចាក់គ្រឹះយ៉ាងមាំ នៅទូទាំងតំបន់អឺរ៉ុបខាងលិច និងនៅឆ្នេរប៉ែកខាងកើតនៃសហរដ្ឋអាមេរិក។ វិស័យដែលមានការជឿនលឿនខ្លាំងជាងគេ នៅពេលនោះ គឺវិស័យវាយនភ័ណ្ឌ ការផលិតដែក និងបច្ចេកវិទ្យាក្នុងការផលិតម៉ាស៊ីន ជាពិសេស ម៉ាស៊ីនដើរដោយចំហាយទឹក។

នៅតាមបណ្តាប្រទេស ដែលឆ្លងកាត់នូវបដិវត្តន៍ឧស្សាហកម្ម គេសង្កេតឃើញមានរោងចក្រថ្មីៗរីកដុះដាលដូចផ្សិតនៅគ្រប់ទីកន្លែង ហើយហេដ្ឋារចនាសម្ព័ន្ធខាងផ្នែកដឹកជញ្ជូនក៏មានការរីកចម្រើនមិនធ្លាប់មាន។

កាលពីមុន មនុស្សធ្វើដំណើរ ឬដឹកជញ្ជូនទំនិញ ពីកន្លែងមួយទៅកន្លែងមួយ ដោយថ្មើរជើង ឬដោយរទេះសេះ។ ការធ្វើដំណើរតាមផ្លូវទឹកវិញ ត្រូវធ្វើឡើងតាមទូកដោយប្រើក្តោង ឬចែវ។ ក៏ប៉ុន្តែ បដិវត្តន៍ឧស្សាហកម្មបាននាំទៅរកការបង្កើតមធ្យោបាយដឹកជញ្ជូនថ្មី ដែលអាចដឹកទំនិញបានច្រើន បានលឿន និងក្នុងរយៈចម្ងាយឆ្ងាយជាងមុន។

នៅដើមសតវត្សរ៍ទី១៩ វិស្វករអាមេរិកបានសាងសង់កប៉ាល់ពាណិជ្ជកម្មដើរដោយម៉ាស៊ីនប្រើចំហាយទឹកជាលើកដំបូង ហើយក្រោយមកទៀត នៅពាក់កណ្តាលសតវត្សរ៍ទី១៩ កប៉ាល់ដើរដោយចំហាយទឹកបានក្លាយជាមធ្យោបាយដឹកជញ្ជូនឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

នៅដើមសតវត្សរ៍ទី១៩នោះដែរ បច្ចេកវិទ្យានៃម៉ាស៊ីនដើរដោយចំហាយទឹកក៏ត្រូវបានវិស្វករយកទៅប្រើនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែកផងដែរ តាមរយៈការផលិតក្បាលរថភ្លើងដើរដោយចំហាយទឹក។ នៅឆ្នាំ១៨៣០ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូង ដោយតភ្ជាប់ពីទីក្រុង Liverpool ទៅទីក្រុង Manchester។

ប្រព័ន្ធទូរគមនាគមន៍វិញក៏ស្គាល់នូវភាពជឿនលឿនដ៏គួរឲ្យកត់សម្គាល់ដែរ នៅក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ជាពិសេស តាមរយៈការបង្កើតតេឡេហ្ក្រាហ្វ (Télégraphe) ដោយវិស្វករអង់គ្លេស នៅអំឡុងឆ្នាំ១៨៣០។

បើនិយាយខាងផ្នែកសង្គមវិញ បដិវត្តន៍ឧស្សាហកម្មបានធ្វើឲ្យប្រជាជន ដែលកាលពីមុនរស់នៅតាមទីជនបទ នាំគ្នាមករស់នៅប្រមូលផ្តុំគ្នា នៅតាមទីក្រុង ដែលជាកន្លែងសម្បូររោងចក្រ និងសម្បូរការងារធ្វើ។ ការកើនឡើងនៃសមត្ថភាពផលិតបានធ្វើឲ្យថ្លៃសម្ភារៈប្រើប្រាស់ ជាពិសេស ក្រណាត់ និងសម្លៀកបំពាក់ មានការធ្លាក់ចុះ។ ប្រជាជនទូទៅមានប្រាក់ចំណូលច្រើន និងមានជីវភាពធូរធារជាងមុន។

ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មានអ្នកខ្លះបានរិះគន់ថា បដិវត្តន៍ឧស្សាហកម្មក៏បានបង្កជាបញ្ហាយ៉ាងច្រើនផងដែរ ទាក់ទងនឹងលក្ខខណ្ឌការងាររបស់កម្មករ។ កម្មករត្រូវធ្វើចំណាកស្រុក ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងភូមិកំណើត ដើម្បីទៅធ្វើការនៅតាមទីក្រុង។ កម្មករនីមួយៗត្រូវធ្វើការពី១២ម៉ោង ទៅ១៤ម៉ោងក្នុងមួយថ្ងៃ ហើយរោងចក្រត្រូវបានសាងសង់ដោយមិនបានគិតគូរម៉ត់ចត់ អំពីសន្តិសុខ និងសុខមាលភាពរបស់កម្មករ។

នៅសហរដ្ឋអាមេរិកវិញ ការកើនឡើងនៃសកម្មភាពផលិតនៅក្នុងវិស័យវាយនភ័ណ្ឌបានធ្វើឲ្យតម្រូវការកប្បាសមានការកើនឡើងខ្លាំង ហើយការទិញដូរទាសករស្បែកខ្មៅ ដើម្បីយកទៅធ្វើការក្នុងចម្ការកប្បាសក៏មានការកើនឡើងខ្លាំង។ បញ្ហាទាសករ ដែលធ្លាប់ជាបញ្ហាចម្រូងចម្រាសស្រាប់ ចាប់តាំងពីពេលកកើតសហរដ្ឋអាមេរិក ក៏បានក្លាយជាបញ្ហាកាន់តែធំ រហូតរាលដាលទៅជាសង្រ្គាមស៊ីវិល រវាងរដ្ឋរបស់អាមេរិក នៅឆ្នាំ១៨៦១៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements