ទង់ជាតិអាមេរិកនៅ Fort Sumter ទីតាំងដែលចាប់ផ្ទុះអាវុធក្នុងសង្រ្គាមស៊ីវិល
ថតកម្មវិធីនេះទុក

នៅក្នុងសតវត្សរ៍ទី១៨ នៅក្នុងពេលដែលអឺរ៉ុបកំពុងវក់វីនឹងសង្រ្គាមជាមួយនឹងអធិរាជ ណាប៉ូឡេអុង នៅឯត្រើយម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក សហរដ្ឋអាមេរិក ដែលបានឈ្នះសង្រ្គាមទាមទារឯករាជ្យពីអង់គ្លេស កាលពីឆ្នាំ១៧៨៣ បានស្គាល់នូវភាពរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងទាំងការពង្រីកទឹកដី។

សូមអាន៖ បារាំងក្រោមការដឹកនាំរបស់អធិរាជណាប៉ូឡេអុង

នៅឆ្នាំ១៨០៣ សហរដ្ឋអាមេរិកបានទិញដែនដី Louisiane ពីណាប៉ូឡេអុង ក្នុងតម្លៃប្រមាណជា ១៥លានដុល្លារ (ប្រហែល ២៣៤លានដុល្លារ បើគិតតាមតម្លៃលុយបច្ចុប្បន្ន)។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិកមានរដ្ឋមួយ នៅប៉ែកខាងត្បូង ជាប់នឹងឈូងសមុទ្រម៉ិចស៊ិក ឈ្មោះថា “Louisiana”។ ក៏ប៉ុន្តែ ទឹកដី Louisiane ដែលអាមេរិកទិញពីណាប៉ូឡេអុង មិនមែនមានព្រំដែនត្រឹមរដ្ឋ Louisiana បច្ចុប្បន្ននេះទេ តែជាដែនដី ដែលមានទំហំរហូតដល់ទៅជាង ២លានគីឡូម៉ែត្រក្រឡា លាតសន្ធឹងស្ទើរតែពេញមួយផ្នែកកណ្តាលនៃសហរដ្ឋអាមេរិក ចាប់តាំងពីឈូងសមុទ្រម៉ិចស៊ិក នៅប៉ែកខាងត្បូង រហូតទៅដល់កាណាដា នៅប៉ែកខាងជើង។ បើគិតតាមភូមិសាស្រ្តរដ្ឋបាលបច្ចុប្បន្ន អតីតដែនដី Louisiane របស់បារាំង គ្របដណ្តប់ទៅលើរដ្ឋចំនួន ៦ ព្រមទាំងផ្នែកខ្លះនៃរដ្ឋចំនួន ៩ផ្សេងទៀត។

ក្រៅពីការទិញទឹកដី Louisiane ពីបារាំង អាមេរិកបានពង្រីកទឹកដីរបស់ខ្លួន តាមរយៈការចាប់ដីថ្មី និងការធ្វើសង្រ្គាមដណ្តើមដែនដីអាណានិគម ពីអង់គ្លេស និងអេស្ប៉ាញ។ គិតត្រឹមពាក់កណ្តាលសតវត្សរ៍ទី១៩ ទឹកដីអាមេរិក ដែលពីដំបូង មានចំនួនតែ ១៣រដ្ឋ បានកើនឡើងរហូតដល់ទៅ ៣៤រដ្ឋ។

ក្រៅពីបានពង្រីកទឹកដី សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏បានស្គាល់នូវការរីកចម្រើនយ៉ាង ខ្លាំងក្លាមិនធ្លាប់មានផងដែរ ជាពិសេស គឺដោយសារបដិវត្តន៍ឧស្សាហកម្មដែលបានរីកសាយភាយចេញពីអង់គ្លេស។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចអាមេរិកត្រូវបែងចែកជាពីរដាច់ពីគ្នា ស្រឡះ រវាងរដ្ឋនៅប៉ែកខាងជើង និងរដ្ឋនៅប៉ែកខាងត្បូង។

សូមអាន៖ បដិវត្តន៍ឧស្សាហកម្មនៅសតវត្សរ៍ទី១៨-១៩

តំបន់នៅប៉ែកខាងជើងមានមូលដ្ឋានសេដ្ឋកិច្ចចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងវិស័យឧស្សាហកម្ម។ ចំណែករដ្ឋនៅប៉ែកខាងត្បូងវិញ ពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេស គឺការដាំដំណាំកប្បាស និងថ្នាំជក់ ដែលជាការធ្វើកសិកម្មដោយពឹងផ្អែកខ្លាំងទៅលើកម្លាំងពលកម្មរបស់ ទាសករស្បែកខ្មៅ។

បញ្ហាទាសករនេះហើយ ដែលជាបញ្ហាចម្រូងចម្រាស ដែលបណ្តាលឲ្យមានការប្រឈមមុខដាក់គ្នា រវាងរដ្ឋនៅខាងជើង និងរដ្ឋនៅខាងត្បូង។ បណ្តារដ្ឋនៅប៉ែកខាងជើង ទាមទារឲ្យលុបបំបាត់ទាសភាព នៅទូទាំងសហរដ្ឋអាមេរិក។ ចំណែករដ្ឋនៅប៉ែកខាងត្បូងវិញ ជំទាស់ដាច់ខាតមិនឲ្យមានការលុបបំបាត់ទាសភាព។ សម្រាប់រដ្ឋនៅប៉ែកខាងត្បូង ទាសករ គឺជាធនធានសេដ្ឋកិច្ចដ៏ចម្បងបំផុតមួយ។ ក្រៅពីការប្រើកម្លាំងទាសករ ដើម្បីធ្វើការក្នុងចម្កាកប្បាស ឬថ្នាំជក់ ការទិញដូរទាសករក៏ជាមុខជំនួញដ៏ធំមួយដែរ សម្រាប់ប្រជាជនដែលរស់នៅខាងត្បូងសហរដ្ឋអាមេរិក។

នៅអំឡុងឆ្នាំ១៨៥០ ជម្លោះរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងការលុបបំបាត់ទាសភាព បានកើតមានកាន់តែខ្លាំងឡើងៗ រហូតបង្កទៅជាអំពើហិង្សា ហើយជម្លោះនេះបានឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលមិនអាចស្តារឡើងវិញបាន នៅក្រោយការជាប់ឆ្នោតរបស់លោកប្រធានាធិបតី អាប្រាហាំ លីនកុន (Abraham Lincoln) ដែលមាននិន្នាការប្រឆាំងនឹងទាសភាព។

លោកអាប្រាហាំ លីនកុន (Abraham Lincoln) ប្រធានាធិបតីអាមេរិក ក្នុងសម័យសង្រ្គាមស៊ីវិល

លោកអាប្រាហាំ លីនកុន សមាជិកគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Ilinois បានជាប់ឆ្នោតជាប្រធានាធិបតីទី១៦ នៃសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ១៨៦០។ នៅខែធ្នូ នៅពេលដែលលោកអាប្រាហាំ លីនកុន មិនទាន់បានស្បថចូលកាន់តំណែងផងនោះ បណ្តារដ្ឋដែលនៅប៉ែកខាងត្បូង ដែលសម្បូរទាសករ ក៏បាននាំគ្នាប្រកាសផ្តាច់ខ្លួនម្តងមួយៗ ចេញពីសហរដ្ឋអាមេរិក។ គិតត្រឹមពេលលោកអាប្រាហាំ លីនកុន ស្បថចូលកាន់តំណែង នៅខែមីនា ឆ្នាំ១៨៦១ រដ្ឋចំនួន ៧ រួមមាន South Carolina, Mississippi, Florida, Alabama, Georgia, Louisiana និង Texas បានផ្តាច់ខ្លួនទៅបង្កើតជារដ្ឋសហព័ន្ធថ្មី ដោយដាក់ឈ្មោះថា « The Confederate States of America »។

ក្រោយពីបានផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក រដ្ឋនៅប៉ែកខាងត្បូងបានធ្វើការរឹបអូសរាល់ទ្រព្យសម្បត្តិរបស់ រដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលស្ថិតនៅលើទឹកដីរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេបានទាមទារឲ្យរដ្ឋាភិបាលសហព័ន្ធអាមេរិកដកទាហានចេញមូលដ្ឋាន ទ័ពមួយកន្លែង ឈ្មោះ « Fort Sumter » ដែលស្ថិតនៅក្នុងរង្វង់ដែនដីរបស់រដ្ឋ South Carolina។ នៅព្រឹកព្រលឹម១២ខែមេសា ឆ្នាំ១៨៦១ ក្រោយពីរដ្ឋាភិបាលរបស់លោកអាប្រាហាំ លីនកុន បដិសេធមិនដកទ័ព កងទ័ពរបស់រដ្ឋផ្តាច់ខ្លួនក៏បានបើកការវាយប្រហារទៅលើ Fort Sumter។

ក្រោយពីទទួលរងការវាយប្រហារ នៅ Fort Sumter លោកអាប្រាហាំ លីនកុន ក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមបើកការវាយប្រហារទៅលើកងទ័ពរបស់រដ្ឋប៉ែកខាងត្បូង ដែលលោកចាត់ទុកថាជាក្រុមឧទ្ទាម។ ការកេណ្ឌកម្លាំងទ័ពនេះបានធ្វើឲ្យរដ្ឋ ចំនួន៤ទៀត គឺរដ្ឋ Virginia, Arkansas, North Carolina និង Tennessee ប្រកាសផ្តាច់ខ្លួនទៅចូលរួមជាមួយនឹងសហព័ន្ធនៃរដ្ឋប៉ែកខាង ត្បូងដែរ។

សូមអាន៖ សង្រ្គាមអាមេរិកទាមទារឯករាជ្យពីអង់គ្លេស

សង្រ្គាមស៊ីវិលអាមេរិកក៏ចាប់ផ្ទុះឡើង រវាងរដ្ឋប៉ែកខាងជើង (២៣រដ្ឋ) ដែលមានប្រជាជនសរុបប្រមាណជាង ២០លាននាក់ មានកងទ័ពប្រមាណ ២លាននាក់ ហើយមានឧស្សាហកម្មជឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ទល់នឹងរដ្ឋប៉ែកខាងត្បូង (១១រដ្ឋ) ដែលមានប្រជាជនតែប្រមាណជា ៩លាននាក់ កងទ័ពតែជាង ១លាននាក់ ក៏ប៉ុន្តែ សម្បូរមេទ័ពដែលពូកែខាងសឹកសង្រ្គាម។

នៅឆ្នាំ១៨៦៣ នៅក្នុងពេលដែលសង្រ្គាមស៊ីវិលកំពុងឆាបឆេះពេញបន្ទុក លោកអាប្រាហាំ លីនកុន បានចេញក្រឹត្យមួយ ដោយសម្រេចរំដោះទាសករទាំងប្រមាណជាង ៣លាននាក់ នៅក្នុងរដ្ឋប៉ែកខាងត្បូងឲ្យមានសេរីភាពពេញលេញ។ តាមរយៈសេចក្តីសម្រេចនេះ លោកអាប្រាហាំ លីនកុន បានទាក់ទាញនូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនអាមេរិកស្បែកខ្មៅ ដែលបាននាំគ្នាស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធតទល់នឹងរដ្ឋប៉ែកខាងត្បូង។ កងទ័ពសហរដ្ឋអាមេរិក ដែលមានចំនួនច្រើនលើសលុបស្រាប់ ក៏កាន់តែកើនចំនួនថែមទៀត។ ចំណែកឯរដ្ឋប៉ែកខាងត្បូងវិញ ការរំដោះទាសករបានធ្វើឲ្យបាត់បង់នូវកម្លាំងពលកម្ម ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ពួកគេ។

គិតត្រឹមឆ្នាំ១៨៦៤ កងទ័ពនៃរដ្ឋខាងជើងមានប្រៀបកាន់តែខ្លាំងលើរដ្ឋខាងត្បូង។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៦៥ កងទ័ពនៃរដ្ឋសហព័ន្ធខាងត្បូងបានប្រកាសសុំចុះចាញ់ ក៏ប៉ុន្តែ ៥ថ្ងៃក្រោយមក លោកអាប្រាហាំ លីនកុន ត្រូវបានអ្នកគាំទ្ររដ្ឋប៉ែកខាងត្បូងមួយរូប បាញ់សម្លាប់ នៅពេលលោកកំពុងអង្គុយមើលល្ខោន នៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន។

ក៏ប៉ុន្តែ បើទោះបីជាលោកអាប្រាហាំ លីនកុន ត្រូវបានគេធ្វើឃាតហើយក៏ដោយ មេដឹកនាំរដ្ឋប៉ែកខាងត្បូងនៅតែសុខចិត្តប្រកាសចុះចាញ់សង្រ្គាម ជាផ្លូវការ។ សង្រ្គាមស៊ីវិលអាមេរិក ដែលបានអូសបន្លាយពេលជាង ៤ឆ្នាំ ត្រូវបិទបញ្ចប់ ហើយរដ្ឋខាងជើង និងខាងត្បូងក៏បានរួមគ្នាជារដ្ឋសហព័ន្ធតែមួយដូចពីមុនវិញ។ គិតជាសរុប ប្រជាជនអាមេរិក ទាំងនៅរដ្ឋខាងត្បូង និងរដ្ឋខាងជើង ជាង ១លាននាក់ ត្រូវបាត់បង់ជីវិត ពោលគឺ ប្រមាណជា ៣% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក នៅពេលនោះ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements