រូបគំនូរបង្ហាញអំពីកងទ័ពបារាំងចូលកាន់កាប់ខេត្តត្រាតរបស់នគរសៀម នៅក្នុងឆ្នាំ១៩០៤

ចាប់តាំងពីសតវត្សរ៍ទី១៦ ប្រទេសមហាអំណាចនៅអឺរ៉ុប បានប្រជែងគ្នា ក្នុងការពង្រីកដែនដីអាណានិគមរបស់ខ្លួន នៅស្ទើរតែគ្រប់ទីកន្លែង នៅទូទាំងពិភពលោក។ មហាអំណាចអាណានិគមអឺរ៉ុបដំបូងគេ គឺអេស្ប៉ាញ និងព័រទុយហ្កាល់ ហើយបន្ទាប់មកទៀត មានហូឡង់ បារាំង និងអង់គ្លេស។

ព័រទុយហ្កាល់ និងអេស្ប៉ាញបានចាប់ផ្តើមពង្រីកអាណានិគម នៅក្នុងទ្វីបអាមេរិក នៅក្រោយពេលដែល គ្រូស្តូហ្វ កូឡុំ បានរកឃើញទ្វីបនេះ នៅចុងសតវត្សរ៍ទី១៥។ អាណានិគមរបស់អេស្ប៉ាញ និងព័រទុយហ្កាល់ នៅទ្វីបអាមេរិក បានបន្សល់ទុកនូវស្លាកស្នាមរហូតមកទល់នឹងសព្វថ្ងៃ ដោយគេឃើញថា បណ្តាប្រទេសស្ទើរតែទាំងអស់ នៅអាមេរិកកណ្តាល និងអាមេរិកឡាទីន ចាប់តាំងពីម៉ិចស៊ិក រហូតទៅដល់អាហ្សង់ទីន សុទ្ធសឹងជាប្រទេសនិយាយភាសាអេស្ប៉ាញ ចំណែកប្រេស៊ីលវិញ ដែលមានដែនដីលាតសន្ធឹងស្ទើរតែពាក់កណ្តាលទ្វីបអាមេរិកឡាទីន គឺជាប្រទេសនិយាយភាសាព័រទុយហ្កាល់។

សូមអាន៖ ការរកឃើញទ្វីបអាមេរិកដោយគ្រីស្តូហ្វ កូឡុំ នៅចុងសតវត្សរ៍ទី១៥

អាណានិគមរបស់ព័រទុយហ្កាល់ត្រូវបានពង្រីករហូតទៅដល់តំបន់អាហ្វ្រិក និងអាស៊ី។ ក៏ប៉ុន្តែ ក្រោយមក មហាអំណាចអឺរ៉ុបផ្សេងទៀត ដូចជា ហូឡង់ បារាំង និងអង់គ្លេស ជាដើម ក៏បានលេចមុខឡើងដែរ ហើយនៅទីចុងបញ្ចប់ ការប្រកួតប្រជែងដណ្តើមដែនដីអាណានិគមបានកើតមានឡើង រវាងមហាអំណាចអឺរ៉ុបដ៏ធំពីរ គឺបារាំង និងអង់គ្លេស។ ការប្រកួតប្រជែងគ្នា ដែលបានបណ្តាលឲ្យផ្ទុះទៅជាសង្រ្គាមរវាងមហាអំណាចទាំងពីរ នៅចន្លោះពីឆ្នាំ១៧៥៦ ដល់ឆ្នាំ១៧៦៣ ដែលគេឲ្យឈ្មោះថា “សង្រ្គាម៧ឆ្នាំ”។

នៅទីបំផុត បារាំងត្រូវទទួលបរាជ័យ ហើយអង់គ្លេសក៏បានក្លាយទៅជាមហាអំណាចអាណានិគមដ៏ធំជាងគេបង្អស់ នៅលើពិភពលោក។ នៅទ្វីបអាមេរិក ចក្រភពអង់គ្លេសគ្រប់គ្រងទឹកដីអាមេរិកខាងជើងស្ទើរតែទាំងមូល ហើយក្រោយពីសហរដ្ឋអាមេរិកទទួលឯករាជ្យ ក៏អង់គ្លេសនៅបន្តគ្រប់គ្រងទឹកដីមួយចំណែកធំ នៅអាមេរិកខាងជើងដែរ ជាពិសេស គឺដែនដីដ៏ធំធេងរបស់កាណាដា។

នៅអាហ្វ្រិក អង់គ្លេសបានកាន់កាប់ទឹកដីស្ទើរតែពាក់កណ្តាល នៅប៉ែកខាងកើត ចាប់តាំងពីអាហ្វ្រិកខាងត្បូង រហូតទៅដល់អេហ្ស៊ីប ព្រមទាំងឆ្លងចូលទៅដល់ប៉ាឡេស្ទីន និងស៊ីរី។

នៅអាស៊ី អង់គ្លេសកាន់កាប់ប្រទេសឥណ្ឌា (ដែលមានដែនដីគ្រប់ដណ្តប់ទៅលើប្រទេសឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសបច្ចុប្បន្ន) ភូមា ម៉ាឡេស៊ី ព្រុយណេ ហុងកុង អូស្រ្តាលី និងនូវែលសេឡង់។

គិតត្រឹមដើមសតវត្សរ៍ទី២០ អង់គ្លេស គឺជាអាណាចក្រ ដែលមានប្រជាជនសរុប ប្រមាណជាជិត ៤៦០លាននាក់ (២០% នៃប្រជាជនសរុបនៅលើពិភពលោកនៅពេលនោះ) និងមានផ្ទៃដីសរុបរហូតដល់ទៅជាង ៣៣លានគីឡូម៉ែត្រក្រឡា (ប្រមាណ ២៥% នៃដែនដីគោកសរុបនៅលើពិភពលោក) លាតសន្ធឹងពីចុងម្ខាង រហូតទៅដល់ចុងម្ខាងទៀតនៃភពផែនដី។ គឺជាអាណាចក្រដែលព្រះអាទិត្យមិនដែលអស្តង្គត។

និយាយពីបារាំងវិញ។ បើទោះបីជាចាញ់សង្រ្គាមទល់នឹងអង់គ្លេស ក៏ប៉ុន្តែ បារាំងនៅតែរក្សាបាននូវទឹកដីអាណានិគមយ៉ាងធំធេងដែរ។ បារាំងបន្តកាន់កាប់ទឹកដីមួយផ្នែកនៅក្នុងទ្វីបអាមេរិក។ នៅអាហ្វ្រិកវិញ អង់គ្លេសកាន់កាប់មួយផ្នែកនៅខាងត្បូង និងខាងលិច ចំណែកឯបារាំងវិញ កាន់កាប់ស្ទើរតែពាក់កណ្តាលនៅប៉ែកខាងកើត និងប្រទេសនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ពោលគឺ បណ្តាប្រទេសអាហ្វ្រិក ដែលនៅបន្តនិយាយភាសាបារាំង រហូតមកទល់នឹងពេលបច្ចុប្បន្ន។ នៅក្នុងតំបន់មជ្ឈិមបូព៌ា លីបង់ និងស៊ីរី ត្រូវស្ថិតក្រោមអាណានិគមរបស់បារាំង។

នៅក្នុងទ្វីបអាស៊ីវិញ ក្រោយពីចាញ់អង់គ្លេសនៅឥណ្ឌា បារាំងនៅសល់ដែនដីអាណានិគមតែនៅតំបន់ឥណ្ឌូចិនមួយប៉ុណ្ណោះ។ បារាំងបានចាប់ផ្តើមចូលធ្វើអន្តរាគមន៍យោធា នៅឥណ្ឌូចិន ចាប់តាំងពីឆ្នាំ១៨៥៨ ក្រោមលេសថា ដើម្បីមកការពារបេសកជនកាតូលិក។

នៅក្នុងអំឡុងពេលនោះ នគរខ្មែរកំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ហើយប្រទេសជិតខាង រួមមាននគរសៀម និងនគរអាណ្ណាម បាននាំគ្នាឡោមព័ទ្ធ ច្បិចយកទឹកដីខ្មែរបន្តិចម្តងៗ ទាំងនៅខាងលិច និងខាងកើត។ នៅខាងលិច ខេត្តមួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុនត្រូវធ្លាក់ទៅក្នុងដៃសៀម។ ចំណែកនៅខាងកើតឯណោះវិញ ទឹកដីកូសាំងស៊ីន (Cochinchine) ឬកម្ពុជាក្រោម ត្រូវនគរអាណ្ណាមដណ្តើមកាន់កាប់។ ប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសជិតខាងបែបនេះ ព្រះមហាក្សត្រខ្មែរ គឺព្រះបាទអង្គឌួង ក៏បានស្វះស្វែងរកជំនួយពីបារាំង ដែលជាមហាអំណាចអាណានិគម។

ផែនទីបង្ហាញអំពីអាណានិគមនៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ១៨៩៨

នៅឆ្នាំ១៨៦២ បារាំងបានដណ្តើមយកទឹកដីកូសាំងស៊ីនពីវៀតណាមមកកាន់កាប់ ដោយយកមកដាក់ជាទឹកដីរបស់បារាំង បន្ទាប់មកទៀត បានដាក់អាណាព្យាបាលលើកម្ពុជា នៅឆ្នាំ១៨៦៣ និងលើវៀតណាម (អាណ្ណាម និងតុងកឹង) នៅឆ្នាំ១៨៦៤ រួចហើយយកដែនដីអាណានិគមអស់ទាំងនេះ បង្កើតទៅជាសហភាពឥណ្ឌូចិន។

ក្រោយមកទៀត នៅឆ្នាំ១៨៩៨ ប្រទេសឡាវក៏ត្រូវបានបារាំងដណ្តើមយកពីសៀម មកដាក់ជាដែនដីអាណានិគម ក្នុងសហភាពឥណ្ឌូចិន ជាមួយនឹងទឹកដីកូសាំងស៊ីន វៀតណាម និងកម្ពុជាផងដែរ។

នៅឆ្នាំដដែលនោះ បារាំងក៏បានពង្រីកដែនដីអាណានិគមរបស់ខ្លួន ចេញពីតំបន់ឥណ្ឌូចិន ចាក់ទៅទិសខាងជើង ដោយដណ្តើមយកខេត្តមួយចំនួន នៅប៉ែកខាងត្បូងប្រទេសចិនមកកាន់កាប់ ដើម្បីប្រជែងជាមួយនឹងចក្រភពអង់គ្លេស ដែលកាន់កាប់កោះហុងកុង និងព័រទុយហ្កាល់ ដែលកាន់កាប់ដែនដីម៉ាកាវ។

ក៏ប៉ុន្តែ នៅក្នុងការប្រកួតប្រជែងដណ្តើមដែនដីអាណានិគមគ្នានេះ បារាំង និងអង់គ្លេស បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបែងចែកដែនឥទ្ធិពលគ្នា ទាក់ទងនឹងនគរសៀម។ យោងតាមកិច្ចព្រមព្រៀង ចុះឆ្នាំ១៨៩៦ បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថានឹងទុកឲ្យនគរសៀមនៅជាប្រទេស ឯករាជ្យ ដើម្បីធ្វើជាតំបន់ទ្រនាប់ រវាងដែនដីអាណានិគមអង់គ្លេស (ភូមា និងម៉ាឡេស៊ី) និងដែនដីអាណានិគមបារាំង (សហភាពឥណ្ឌូចិន)។ ហេតុដូច្នេះហើយបានជា នៅពេលនោះ នគរសៀមបានរួចផុតពីអាណានិគមរបស់បារាំង និងអង់គ្លេស។

ក៏ប៉ុន្តែ យោងតាមកិច្ចព្រមព្រៀងបារាំង-អង់គ្លេស ឆ្នាំ១៨៩៦នេះ អង់គ្លេសបានកាត់យកខេត្តមួយចំនួន នៅប៉ែកពាយ័ព្យនគរសៀម ប្រគល់ទៅឲ្យភូមាវិញ ហើយខេត្តប៉ែកខាងត្បូងនគរសៀម ក៏ត្រូវបានកាត់យកទៅដាក់បញ្ចូលទៅក្នុងដែនដីម៉ាឡេស៊ីផងដែរ។

ចំណែកនៅប៉ែកឦសាននៃនគរសៀមវិញ ខេត្តមួយចំនួន ដែលសៀមបានដណ្តើមយកពីខ្មែរ កាលពីមុន ត្រូវបានបារាំងកាត់យកមកឲ្យខ្មែរវិញ គឺខេត្តម្លូព្រៃ និងទន្លេររពៅ នៅឆ្នាំ១៩០៤ និងខេត្តបាត់ដំបង និងសៀមរាប នៅឆ្នាំ១៩០៧៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements