អធិរាជម៉ីជី (Meiji) នៅឆ្នាំ១៨៧៣

ថតកម្មវិធីនេះទុក

នៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ មហាអំណាចអាណានិគម ដែលត្រួតត្រាពិភពលោកស្ទើរតែទាំងមូល សុទ្ធសឹងតែជាបណ្តាប្រទេសមកពីលោកខាងលិច លើកលែងតែប្រទេសមួយ ដែលមកពីអាស៊ី គឺជប៉ុន។

ជប៉ុន គឺជាប្រជាជាតិដ៏ចំណាស់មួយ ដែលចំណាយពេលរាប់សតវត្សរ៍ រស់នៅជាប្រទេសឯកោ មិនទទួលរាប់រកបរទេសណាទាំងអស់ ជាពិសេស គឺពួកលោកខាងលិច។ ក៏ប៉ុន្តែ នយោបាយឯកោនិយមនេះត្រូវបានបិទបញ្ចប់ នៅពាក់កណ្តាលសតវត្សរ៍ទី១៩។

អ្វីៗបានចាប់ផ្តើមឡើង នៅឆ្នាំ១៨៥៣ នៅពេលដែលកងទ័ពជើងទឹកអាមេរិក ដឹកនាំដោយឧត្តមនាវី ឈ្មោះ Mathew Perry ជាមួយនឹងកប៉ាល់ចម្បាំងដ៏ទំនើបៗចំនួន ៤គ្រឿង បានធ្វើដំណើរចូលមកដល់ទីក្រុងតូក្យូ ហើយបង្ខំឲ្យរដ្ឋាភិបាលជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកកំពង់ផែជប៉ុន សម្រាប់ការធ្វើជំនួញ។ គឺជាកិច្ចព្រមព្រៀងមួយ ដែលមិនមានតុល្យភាព ក៏ប៉ុន្តែ ជប៉ុនត្រូវបង្ខំចិត្តទទួលយក ដោយសារតែខ្លាចកម្លាំងទ័ពអាមេរិក។

វត្តមានកងទ័ពជើងទឹកអាមេរិកបានដាស់ស្មារតីមេដឹកនាំជប៉ុនឲ្យ មើលឃើញពីភាពទន់ខ្សោយនៃបច្ចេកវិទ្យា និងកម្លាំងទ័ពរបស់ខ្លួន ធៀបនឹងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ហើយធ្វើជប៉ុនដឹងខ្លួនយ៉ាងច្បាស់ថា ប្រសិនបើជប៉ុននៅឈរឱបដៃមិនធ្វើអ្វីសោះ ជប៉ុននឹងត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសលោកខាងលិចដោយចៀស មិនរួច។

ប្រឈមមុខនឹងការគំរាមកំហែងពីមហាអំណាចលោកខាងលិច មានឥស្សរជនជប៉ុនមួយក្រុមយល់ថា ជប៉ុនគួរតែរឹតបន្តឹងនយោបាយឯកោនិយមបន្ថែមទៀត ដើម្បីទប់ស្កាត់ឥទ្ធិពលលោកខាងលិច។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ មានឥស្សរជនមួយក្រុមទៀត ដែលស្និទ្ធនឹងអធិរាជជប៉ុន បានដុះគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយមួយថា ដើម្បីទប់ទល់នឹងមហាអំណាចលោកខាងលិច ជប៉ុនត្រូវតែរៀនសូត្រតាមលោកខាងលិច ក្នុងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងកងទ័ពរបស់ខ្លួន។

នៅឆ្នាំ១៨៦៨ ព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ឈ្មោះ មូតស៊ូហ៊ីតូ (Mutsuhito) បានឡើងមកគ្រងរាជ្យជាអធិរាជជប៉ុន ដោយយកព្រះនាមថា “អធិរាជម៉ីជី” (Meiji)។ ក្រោយពីបានឡើងគ្រងរាជ្យ អធិរាជ្យម៉ីជី បានប្រមូលអំណាចរដ្ឋទាំងអស់យកមកកាន់កាប់ ហើយបានប្រកាសបើកទំព័រសករាជថ្មីមួយនៅជប៉ុន ដែលគេឲ្យឈ្មោះថា “សករាជម៉ីជី”។

នៅក្រោមការដឹកនាំរបស់អធិរាជម៉ីជី ជប៉ុនបានចាប់ផ្តើមបើកទ្វារទទួលអ្នកប្រាជ្ញបរទេសមកពីគ្រប់ទិសទី ជាពិសេស មកពីប្រទេសលោកខាងលិច។ រចនាសម្ព័ន្ធតាមបែបសក្តិភូមិត្រូវលុបបំបាត់ចោល ហើយការអប់រំត្រូវបានបើកចំហយ៉ាងទូលំទូលាយ។ វិស័យឧស្សាហកម្មត្រូវបានផ្លាស់ប្តូរ ពីការផលិតសម្លៀកបំពាក់ និងទំនិញធុនស្រាល ទៅជាការផលិតគ្រឿងម៉ាស៊ីន និងគ្រឿងសព្វាវុធធុនធ្ងន់។ កងទ័ពសាមូរ៉ៃរបស់ជប៉ុន ក៏ត្រូវបានកែប្រែឲ្យទៅជាកងទ័ពទំនើប ដែលមានឯកសណ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្រ្តទ័ពតាមបែបលោកខាងលិច។ ចំណែកវិស័យនយោបាយវិញ ក៏ត្រូវបានជប៉ុនរៀបចំធ្វើកំណែទម្រង់ស៊ីជម្រៅផងដែរ ដោយនៅឆ្នាំ១៨៨៩ អធិរាជម៉ីជី បានប្រកាសឲ្យប្រើនូវរដ្ឋធម្មនុញ្ញថ្មីមួយ ដែលចែងពីការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកគំរូតាមមហាអំណាចលោកខាងលិចមួយចំនួន ជាពិសេស អង់គ្លេស និងអាល្លឺម៉ង់។

កំណែទម្រង់ នៅក្នុងសម័យកាលអធិរាជម៉ីជី បានធ្វើឲ្យជប៉ុនប្រែក្លាយខ្លួនពីប្រទេសឯកោ និងទន់ខ្សោយ ទៅជាប្រទេសដែលមានកងទ័ព និងឧស្សាហកម្មជឿនលឿន ដើរទាន់ប្រទេសលោកខាងលិច ក្នុងរយៈពេលតែប្រមាណជា ២០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រៅពីផ្នែកឧស្សាហកម្ម និងកងទ័ព មានមេរៀនមួយទៀត ដែលជប៉ុនបានរៀនសូត្រពីប្រទេសលោកខាងលិចដែរ គឺនយោបាយឈ្លានពានដាក់អាណានិគមទៅលើប្រទេសដទៃ។

នៅឆ្នាំ១៨៩៤ ជប៉ុនបានប្រកាសសង្រ្គាមជាមួយចិន ដើម្បីដណ្តើមកាន់កាប់កូរ៉េ ដែលកន្លងមកធ្លាប់តែស្ថិតក្រោមឥទ្ធិពលរបស់អធិរាជចិន។ ក្រោយពីការវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ៨ខែ  កងទ័ពជប៉ុនបានបណ្តេញកងទ័ពចិនចេញពីកូរ៉េ ហើយថែមទាំងបានឈ្លានពានចូលកាន់កាប់កោះតៃវ៉ាន់ ព្រមទាំងដែនដីមួយផ្នែកនៃតំបន់ម៉ាន់ជូរីរបស់ចិនទៀតផង។

នេះ គឺជាចំណុចចាប់ផ្តើមនៃនយោបាយអាណានិគមនិយមរបស់ជប៉ុន។ ក៏ប៉ុន្តែ នៅក្នុងការឈ្លានពានវាតទីពង្រីកទឹកដីនេះ ជប៉ុនត្រូវប្រឈមមុខនឹងមហាអំណាចមួយទៀត ដែលនៅពេលនោះ កំពុងតែព្យាយាមវាតទីចូលកាន់កាប់កូរ៉េ និងតំបន់ម៉ាន់ជូរីដែរ នោះគឺចក្រភពរុស្ស៊ី។

នៅខែឧសភា ឆ្នាំ១៨៩៥ មួយខែក្រោយពីជប៉ុនទើបនឹងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ជាមួយចិន រុស្ស៊ី ដែលមានការគាំទ្រពីសំណាក់បារាំង និងអាល្លឺម៉ង់ បានរួមគ្នាដាក់សម្ពាធ បង្ខំឲ្យជប៉ុនដកខ្លួនថយចេញពីតំបន់ម៉ាន់ជូរី ដែលជប៉ុនទើបនឹងបានកាត់យកពីចិន។ ជប៉ុន ដែលមើលឃើញថា ខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងមហាអំណាចអឺរ៉ុបទាំង៣នេះបាន ក៏បង្ខំចិត្តដកខ្លួនថយចេញពីម៉ាន់ជូរី ទៅតាមការទាមទារនេះ ហើយក្រោយពីការដកថយរបស់ជប៉ុន រុស្ស៊ីក៏ស្រាប់តែបានចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីនេះភ្លាមៗដែរ ដែលជាហេតុធ្វើឲ្យជប៉ុនផ្ទុះកំហឹងយ៉ាងខ្លាំង ក៏ប៉ុន្តែ មិនហ៊ានធ្វើអ្វីរុស្ស៊ី ដោយសារតែជប៉ុនយល់ថា ខ្លួននៅមានកម្លាំងទ័ពខ្សោយជាងរុស្ស៊ី។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត ជប៉ុនបានផ្តោតអាទិភាពទៅលើការពង្រឹងកម្លាំងទ័ពរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នា ជប៉ុនបានព្យាយាមចរចាជាមួយរុស្ស៊ី ដើម្បីធ្វើការបែងចែកដែនឥទ្ធិពលគ្នា ពោលគឺ ជប៉ុនទុកឲ្យរុស្ស៊ីត្រួតត្រាតំបន់ម៉ាន់ជូរី ជាថ្នូរមកវិញ រុស្ស៊ីត្រូវទុកឧបទ្វីបកូរ៉េឲ្យជប៉ុនជាអ្នកត្រួតត្រា។ ក៏ប៉ុន្តែ រុស្ស៊ីមិនព្រម ដោយចង់ត្រួតត្រាទាំងតំបន់ម៉ាន់ជូរី និងទាំងឧបទ្វីបកូរ៉េ។

នៅឆ្នាំ១៩០២ ជប៉ុនក៏បានចងសម្រេចចងសម្ព័ន្ធភាពជាមួយអង់គ្លេស។ យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ប្រសិនបើប្រទេសណាហ៊ានចូលមកជួយរុស្ស៊ី ក្នុងករណីមានសង្រ្គាមជាមួយជប៉ុន អង់គ្លេសក៏នឹងចូលមកជួយខាងជប៉ុនវិញដែរ។ ដូច្នេះ ជប៉ុនអាចប្រឈមមុខជាមួយនឹងរុស្ស៊ីមួយទល់នឹងមួយ ដោយមិនបារម្ភខ្លាចបារាំង និងអាល្លឺម៉ង់លូកដៃចូលធ្វើអន្តរាគមន៍។

នៅខែកុម្ភៈឆ្នាំ១៩០៤ ជប៉ុនបានប្រកាសសង្រ្គាមជាមួយនឹងរុស្ស៊ី ហើយកងទ័ពជើងទឹកជប៉ុនក៏បានបើកការវាយប្រហារទៅលើទីតាំងទ័ពជើងទឹក រុស្ស៊ី ដែលកំពុងឈរជើង នៅក្នុងតំបន់ម៉ាន់ជូរី។ ក្រោយពីវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ១៨ខែ (ពីថ្ងៃទី៨ កុម្ភៈ ១៩០៤ ដល់ថ្ងៃទី៥ កញ្ញា ១៩០៥) កងទ័ពរុស្ស៊ីត្រូវទទួលបរាជ័យ ហើយស្នើសុំចរចាបញ្ចប់សង្រ្គាម ក្រោមកិច្ចសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក គឺលោក Theodore Roosevelt។ ការសម្របសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-ជប៉ុន ដែលបានធ្វើឲ្យលោកប្រធានាធិបតី Theodore Roosevelt ទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ១៩០៦។

នៅក្នុងសន្ធិសញ្ញាបញ្ចប់សង្រ្គាមរុស្ស៊ី-ជប៉ុននេះ រុស្ស៊ី ដែលជាអ្នកចាញ់សង្រ្គាមបានព្រមព្រៀងដកខ្លួនថយចេញពីតំបន់ ម៉ាន់ជូរី ព្រមទាំងទទួលស្គាល់ឧបទ្វីបកូរ៉េថាជាដែនឥទ្ធិពលផ្តាច់មុខរបស់ ជប៉ុន។ លើសពីនេះទៅទៀត កោះសាខាលីន (Sakhalin) ដែលជាដែនដីរបស់រុស្ស៊ី ក៏ត្រូវបានជប៉ុនកាត់យកមួយផ្នែកខាងត្បូងទៅកាន់កាប់ផងដែរ។

សង្រ្គាមរុស្ស៊ី-ជប៉ុន ត្រូវបានគេចាត់ទុកថាជាសង្រ្គាមសម័យទំនើបលើកដំបូងបង្អស់ ដែលមហាអំណាចអាស៊ី យកឈ្នះលើមហាអំណាចអឺរ៉ុប។ ជោគជ័យក្នុងសង្រ្គាមជាមួយរុស្ស៊ីបានលើកមុខលើកមាត់ជប៉ុន ឲ្យក្លាយទៅជាមហាអំណាចដ៏ធំមួយ ក្នុងចំណោមមហាអំណាចលោកខាងលិចផ្សេងទៀត ក៏ប៉ុន្តែ ជោគជ័យនេះក៏ជាការលើកទឹកចិត្តផងដែរ ឲ្យជប៉ុនបង្កើននយោបាយវាតទីពង្រីកអាណានិគម នៅក្នុងតំបន់អាស៊ី។

ក្រោយពីបានដាក់អាណាព្យាបាលលើកូរ៉េ នៅឆ្នាំ១៩០៥ ជប៉ុនបានកាត់យកប្រទេសកូរ៉េទាំងមូលមកបញ្ចូលជាដែនដីរបស់ជប៉ុន នៅឆ្នាំ១៩១០ ហើយ ៤ឆ្នាំក្រោយមកទៀត ជប៉ុនបានប្រឡូកចូលក្នុងសង្រ្គាមលោកលើកទី១ ដោយឈរនៅខាងក្រុមបក្សសម្ព័ន្ធបារាំង-អង់គ្លេស-រុស្ស៊ី ប្រយុទ្ធតទល់នឹងសម្ព័ន្ធមិត្តអាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

 

Advertisements