គំនូរត្លុកស្តីពីចំណងសម្ព័ន្ធភាពប្រទាក់ក្រឡាគ្នា នៅមុនសង្រ្គាមលោកលើកទី១

នៅចុងសតវត្សរទី១៩ និងដើមសតវត្សរ៍ទី២០ ប្រទេសមហាអំណាចធំៗ ដែលត្រួតត្រាពិភពលោក ភាគច្រើនស្ថិតនៅក្នុងតំបន់អឺរ៉ុប។ ក្រៅពីនេះ សុទ្ធសឹងជាមហាអំណាចបន្ទាប់បន្សំ។

សហរដ្ឋអាមេរិក គឺជាមហាអំណាចមួយ ដែលទើបនឹងងើបមុខថ្មី ក៏ប៉ុន្តែ ជាមហាអំណាចខាងផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម ហើយមិនទាន់មានកម្លាំងទ័ពខ្លាំងក្លា ជាមហាអំណាចពិភពលោកនៅឡើយទេ។ ម្យ៉ាងទៀត សហរដ្ឋអាមេរិកនៅពេលនោះប្រកាន់យកនូវនយោបាយឯកោនិយម និងគោលការណ៍មិនធ្វើអន្តរាគមន៍នៅក្រៅប្រទេស។ សហរដ្ឋអាមេរិកគិតថា ខ្លួនមានសុវត្ថិភាព ដោយសារមានមហាសមុទ្រធំៗពីរនៅការពារទាំងសងខាង គឺមហាសមុទ្រប៉ាស៊ីហ្វិកនៅខាងលិច និងមហាសមុទ្រអាត្លង់ទិក នៅខាងកើត ដូច្នេះ ហើយបានជាមិនសូវជារវីរវល់នឹងកិច្ចការនៅក្រៅទ្វីបអាមេរិក ប៉ុន្មាននោះទេ។

សូមអាន៖ អាមេរិកទាមទារឯករាជ្យពីអង់គ្លេស

នៅអាស៊ីវិញ ជប៉ុនក៏ជាមហាអំណាចដែលទើបនឹងងើបមុខថ្មីមួយដែរ ប៉ុន្តែ ផ្ទុយពីសហរដ្ឋអាមេរិក ជប៉ុនបានបោះបង់ចោលនយោបាយឯកោនិយមរបស់ខ្លួន ហើយងាកមកចាប់យកនយោបាយអាណានិគមនិយម ដូចជាបណ្តាប្រទេសមហាអំណាចនៅអឺរ៉ុបដែរ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ ជប៉ុននៅពេលនោះ គ្រាន់តែជាមហាអំណាចក្នុងតំបន់អាស៊ីប៉ុណ្ណោះ ដោយនៅមិនទាន់មានកម្លាំងទ័ពខ្លាំងក្លា ជាមហាអំណាចពិភពលោកដូចជាបណ្តាប្រទេសនៅអឺរ៉ុបនោះទេ។

សូមអាន៖ ចក្រភពជប៉ុន មហាអំណាចអាណានិគមតែមួយគត់នៅអាស៊ី

នៅអឺរ៉ុប គេឃើញមានមហាអំណាចធំៗចំនួន ៥ ដែលប្រកួតប្រជែងគ្នា រហូតដល់ឈានទៅផ្ទុះជាសង្រ្គាមលោកលើកទី១ គឺរួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអូទ្រីសហុងគ្រី។

នៅក្នុងចំណោមប្រទេសទាំងនេះ មហាអំណាចធំជាងគេបំផុត គឺចក្រភពអង់គ្លេស ដែលនៅក្នុងចន្លោះសតវត្សរ៍ទី១៩ ដល់ដើមសតវត្សរ៍ទី២០ គឺជាមហាអំណាចពិភពលោកលំដាប់ទីមួយ ពោលគឺ ដូចទៅនឹងសហរដ្ឋអាមេរិកដែលជាមហាអំណាចពិភពលោក នៅក្នុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះដែរ។

ក៏ប៉ុន្តែ នៅចុងសតវត្សរ៍ទី១៩ មហាអំណាចថ្មីមួយបានចាប់លេចមុខមកប្រជែងជាមួយនឹងចក្រភពអង់គ្លេស គឺអាល្លឺម៉ង់។

នៅមុនឆ្នាំ១៨៧០ អាល្លឺម៉ង់មិនទាន់ជាប្រទេសរួបរួមគ្នាមួយនៅឡើយទេ ដោយត្រូវបែងចែកជារដ្ឋ ដែលមានរចនាសម្ព័ន្ធដឹកនាំដាច់ៗពីគ្នា ដោយក្នុងចំណោមនោះ នគរព្រុស្ស៊ី (Prusse/Prussia) គឺជានគរដែលមានទឹកដី និងកម្លាំងទ័ពខ្លាំងជាងគេ។

អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) ដែលត្រូវបានព្រះមហាក្សត្រ Wilhelm ទី១ តែងតាំងឲ្យធ្វើជាអធិការបតី (នាយករដ្ឋមន្រ្តី) ព្រុស្ស៊ី នៅឆ្នាំ១៨៦២ គឺជាអ្នកនយោបាយអភិរក្សនិយម ដែលមានក្តីបំណងចង់ឃើញអាល្លឺម៉ង់រួបរួមគ្នា បង្កើតទៅជាមហាអំណាចដ៏ធំមួយ។ ដើម្បីសម្រេចតាមក្តីបំណងនេះ ប៊ីស្មាក់បានរកឃើញយុទ្ធសាស្រ្តមួយ គឺបង្កសង្រ្គាមជាមួយបារាំង ដែលជាគូសត្រូវរួមរបស់គ្រប់ដែនដីទាំងអស់របស់អាល្លឺម៉ង់។ ភាពជាសត្រូវដែលបានបន្សល់ទុក តាំងពីសម័យអធិរាជណាប៉ូឡេអុងទី១ (ណាប៉ូឡេអុង បូណាប៉ាត)។ ប៊ីស្មាក់ក៏បានគិតឃើញផងដែរថា ដើម្បីអាចដុតបញ្ឆេះចលនាជាតិនិយមអាល្លឺម៉ង់ឲ្យរួបរួមគ្នាច្បាំង នឹងបារាំងបាន ចាំបាច់ត្រូវតែឲ្យប្រជាជនអាល្លឺម៉ង់ទាំងអស់មើលឃើញថា បារាំង គឺជាអ្នកឈ្លានពានលើអាល្លឺម៉ង់។

ប៊ីស្មាក់ក៏បានចាប់ផ្តើមបង្ករឿងជាច្រើនជាមួយបារាំង រហូតធ្វើឲ្យអធិរាជណាប៉ូឡេអុងទី៣ (ល្វីស ណាប៉ូឡេអុង) ប្រកាសសង្រ្គាមលើនគរព្រុស្ស៊ី នៅខែកក្កដា ឆ្នាំ១៨៧០ ហើយប៊ីស្មាក់ក៏បានប្រមែរប្រមូលរដ្ឋទាំងអស់របស់អាល្លឺម៉ង់ឲ្យចងជា សម្ព័ន្ធភាព ដើម្បីទប់ទល់នឹងសកម្មភាពដែលប៊ីស្មាក់ហៅថាជា “ការឈ្លានពានរបស់បារាំង”។

កងទ័ពអាល្លឺម៉ង់បានយកឈ្នះបារាំង នៅឆ្នាំ១៨៧១ ហើយក្រោយពីទទួលបានជ័យជម្នះនេះ អាល្លឺម៉ង់បានរួបរួមគ្នាបង្កើតជាចក្រភពមួយឡើង ក្រោមការដឹកនាំរបស់អធិរាជ Wilhelm ទី១ និងដោយមានអូតូ វ៉ុន ប៊ីស្មាក់ ជាអធិការបតី ពោលគឺ ជាប្រមុខរដ្ឋាភិបាល។

អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) អធិការបតីនៃចក្រភពអាល្លឺម៉ង់

នៅពេលនោះ ចក្រភពអាល្លឺម៉ង់ គឺជាមហាអំណាចដ៏ធំមួយ ខាងផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម ក៏ប៉ុន្តែ អាល្លឺម៉ង់មានមហិច្ឆតាចង់បានអ្វីៗលើសពីនេះទៀត ដើម្បីអាចក្លាយជាមហាអំណាចស្មើមុខជាមួយនឹងមហាអំណាចផ្សេងទៀត ហើយអ្វីដែលមហាអំណាចផ្សេងមាន តែអាល្លឺម៉ង់មិនទាន់មាន គឺដែនដីអាណានិគម។

ចក្រភពអាល្លឺម៉ង់មានមហិច្ឆតាចង់ក្លាយជាមហាអំណាចអាណានិគម ដោយយល់ឃើញថា ការវាតទីពង្រីកដែនដីអាណានិគមអាចនឹងជួយឲ្យអាល្លឺម៉ង់ពង្រីកទីផ្សារ និងគ្រប់គ្រងធនធានធម្មជាតិបានកាន់តែច្រើនផង ព្រមទាំងធ្វើឲ្យអាល្លឺម៉ង់អាចក្លាយជាមហាអំណាចស្មើមុខនឹងមហាអំណាច អឺរ៉ុបផ្សេងទៀតផងដែរ។

អាល្លឺម៉ង់ក៏បានចាប់ផ្តើមដាក់ចេញនូវនយោបាយវាតទីពង្រីកដែនដី អាណានិគម ដោយផ្តោតជាពិសេសទៅលើតំបន់អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការពង្រីកដែនដីអាណានិគម ដែលធ្វើឲ្យអាល្លឺម៉ង់ត្រូវមានវិវាទជាមួយនឹងមហាអំណាចអាណានិគមចាស់ គឺបារាំង និងអង់គ្លេស។

ការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចនៅអឺរ៉ុប ដែលបានកើតមានឡើងកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានធ្វើឲ្យប្រទេសនីមួយៗខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួន ហើយការប្រណាំងប្រជែងផ្នែកសព្វាវុធបានកើតមានឡើងយ៉ាងពេញទំហឹង ជាពិសេស គឺការប្រណាំងប្រជែងសព្វាវុធខាងទ័ពជើងទឹក រវាងអាល្លឺម៉ង់ និងអង់គ្លេស។

ព្រមពេលជាមួយគ្នា នឹងការប្រណាំងប្រជែងខាងសព្វាវុធ មហាអំណាចនៅអឺរ៉ុប ក៏បានស្វះស្វែងចងសម្ព័ន្ធមិត្តនឹងគ្នាយ៉ាងប្រទាក់ក្រឡាផងដែរ។

សម្ព័ន្ធភាពទ្វេភាគី រវាងអាល្លឺម៉ង់ និងអូទ្រីសហុងគ្រី ត្រូវបានបង្កើតឡើង នៅឆ្នាំ១៨៧៩ ហើយ ៣ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះបានក្លាយជាសម្ព័ន្ធភាពត្រីភាគី ក្រោយពីមានការចូលរួមពីសំណាក់អ៊ីតាលី។

ដើម្បីទប់ទល់នឹងអាល្លឺម៉ង់និងសម្ព័ន្ធមិត្ត បារាំងក៏បានទៅបង្កើតសម្ព័ន្ធភាពជាមួយនឹងប្រទេសផ្សេងទៀតផងដែរ គឺសម្ព័ន្ធភាពបារាំង-រុស្ស៊ី នៅឆ្នាំ១៨៩២ និងសម្ព័ន្ធភាពបារាំង-អង់គ្លេស នៅឆ្នាំ១៩០៤។ នៅឆ្នាំ១៩០៧ ក្រោយពីអង់គ្លេស និងរុស្ស៊ី បានចុះសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាពនឹងគ្នា សម្ព័ន្ធភាពត្រីភាគី បារាំង-អង់គ្លេស-រុស្ស៊ី ក៏បានចាប់កំណើតឡើង។

សម្ព័ន្ធភាពទាំងពីរក្រុម គឺអាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី និង បារាំង-អង់គ្លេស-រុស្ស៊ីនេះហើយ ដែលជាតួអង្គដ៏សំខាន់ នៅក្នុងសង្រ្គាមលោកលើកទី១ នៅចន្លោះឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨៕

 

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements