វិមានសពកងទ័ពបារាំង ដែលពលីជីវិតនៅក្នុងសង្រ្គាមលោកលើកទី១

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ នៅវេលាម៉ោង ១១ព្រឹក ស្នូរជួងបានបន្លឺឡើង នៅតាមបណ្តាវិហារកាតូលិកទាំងអស់ នៅទូទាំងប្រទេសបារាំង ដើម្បីអបអរសាទរបទឈប់បាញ់ ដែលបានចុះដោយភាគីជម្លោះ នៅក្នុងសង្រ្គាមលោកលើកទី១។ គេត្រូវរង់ចាំរហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំបន្ទាប់ ទើបសន្ធិសញ្ញាសន្តិភាពមួយត្រូវបានចុះហត្ថលេខា នៅទីក្រុង Versailles ប្រទេសបារាំង ដើម្បីបញ្ចប់សង្រ្គាមជាផ្លូវការ ក៏ប៉ុន្តែ រាល់ការវាយប្រយុទ្ធគ្នានៅលើសមរភូមិត្រូវបានបញ្ចប់ ចាប់ពីថ្ងៃទី១១ ខែ១១ ម៉ោង ១១ ឆ្នាំ១៩១៨។

ការវាយប្រយុទ្ធគ្នា អស់រយៈពេល ៤ឆ្នាំ ៤ខែ ក្នុងសង្រ្គាមលោកលើកទី១ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសជាប់ជម្លោះ ទាំងផលវិបាកខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

គិតជាសរុប សង្រ្គាមលោកលើកទី១បានសម្លាប់ជីវិតមនុស្សប្រមាណ ១៧លាននាក់ ក្នុងនោះ មានទាហាន ១០លាននាក់ និងជនស៊ីវិល ៧លាននាក់។ ចំនួនអ្នករបួសវិញ មានរហូតដល់ទៅប្រមាណជា ២០លាននាក់។ ប្រទេសដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ គឺអាល្លឺម៉ង់ និងបារាំង។

ក្រៅពីការបាត់បង់ជីវិតមនុស្ស សង្រ្គាមលោកលើកទី១ ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ខាងផ្នែកសេដ្ឋកិច្ច ជាពិសេស ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់កម្លាំងពលកម្ម។ ម្យ៉ាងទៀត ប្រទេសជាប់ជម្លោះនីមួយៗសុទ្ធតែបាននាំគ្នាចំណាយលុយរាប់សិបពាន់លាន ដុល្លារក្នុងការធ្វើសង្រ្គាម ហើយភាគច្រើនលុយទាំងនេះបានមកពីការខ្ចីបំណុល ទាំងនៅក្នុង និងក្រៅប្រទេស។

ក្រោយពីសង្រ្គាមបញ្ចប់ទៅ បំណុលអស់ទាំងនេះក៏ត្រូវដល់ពេលសងគេវិញ ហើយក្នុងពេលជាមួយគ្នា តម្រូវការចំណាយក៏មានច្រើន ដើម្បីស្តារការខូចខាត ជាពិសេស ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបំផ្លិចបំផ្លាញដោយសារសង្រ្គាម ចំណែកឯសេដ្ឋកិច្ចវិញក៏មិនមានកំណើន ដោយសារតែខ្វះខាតកម្លាំងពលកម្ម។

ប្រឈមមុខនឹងបញ្ហានេះ ប្រទេសនីមួយៗបាននាំគ្នាធ្វើការបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកបង្រ្គប់ការចំណាយ ដែលជាហេតុធ្វើឲ្យអត្រាអតិផរណាត្រូវកើនឡើងខ្ពស់កប់ពពក ជាពិសេស នៅអាល្លឺម៉ង់។ នៅអំឡុងចុងឆ្នាំ១៩២៣ លុយម៉ាក (Mark) របស់អាល្លឺម៉ង់បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ស្ទើរតែលែងមានតម្លៃអ្វីទាំងអស់ ពោលគឺ ជាង៤ពាន់ពាន់លានម៉ាក (៤ ០០០ ០០០ ០០០ ០០០) ទើបដូរបានមួយដុល្លារអាមេរិក។

នៅក្នុងពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងភាពចលាចលខាងផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ សហរដ្ឋអាមេរិកវិញ ដែលបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដល់បណ្តាប្រទេសអឺរ៉ុប ដើម្បីយកទៅធ្វើសង្រ្គាម ក៏បានលេចមុខឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ មណ្ឌលហិរញ្ញវត្ថុពិភពលោកលែងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដូចជាពីពេលមុនទៀតហើយ ក៏ប៉ុន្តែ ទៅស្ថិតនៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកឯណោះវិញ។

សង្រ្គាមលោកលើកទី១ក៏បានបង្កផលវិបាកខាងផ្នែកភូមិសាស្រ្តនយោបាយ យ៉ាងសម្បើមផងដែរ ដល់តំបន់អឺរ៉ុប។ របបរាជានិយមត្រូវដួលរលំជាបន្តបន្ទាប់ ដោយនាំយកទៅជាមួយនូវក្រុមគ្រួសាររាជវង្សធំៗ ដែលធ្លាប់តែគ្រប់គ្រងអឺរ៉ុបជាច្រើនតំណកន្លងមកហើយ។

ចក្រភពធំៗនៅអឺរ៉ុប រួមមាន ចក្រភពអាល្លឺម៉ង់ អូទ្រីសហុងគ្រី រុស្ស៊ី និងអូតូម៉ង់ត្រូវដួលរលំ ដោយបែកខ្ញែកគ្នាទៅជាប្រទេសតូចៗជាច្រើន ដូចជា ប្រទេសអូទ្រីស ហុងគ្រី ឆេកូស្លូវ៉ាគី ប្រទេសក្នុងអតីតយូហ្គោស្លាវី កើតចេញពីការដួលរលំនៃចក្រភពអូទ្រីសហុងគ្រី ប្រទេសហ្វាំងឡង់ និងប្រទេសជុំវិញសមុទ្របាល់ទិក កើតចេញពីការដួលរលំនៃចក្រភពរុស្ស៊ី ចំណែកតួកគី និងបណ្តាប្រទេសជាច្រើនផ្សេងទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ាសព្វថ្ងៃ កើតចេញពីការដួលរលំនៃចក្រភពអូតូម៉ង់។

ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ក្រុង Versailles ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩១៩

 

នៅអាល្លឺម៉ង់ របបរាជានិយមរបស់ព្រះបាទ Wilhem II ត្រូវដួលរលំ ហើយបង្កើតទៅជារបបសាធារណរដ្ឋ ដែលគេឲ្យឈ្មោះថា សាធារណរដ្ឋវ៉ៃម៉ា (Weimar)។ តំបន់អាល់សាស់-ឡូរ៉ែន (Alsace-Lorraine) ដែលអាល្លឺម៉ង់ដណ្តើមយកពីបារាំង កាលពីអំឡុងសង្រ្គាមអាល្លឺម៉ង់-បារាំង ឆ្នាំ១៨៧១ ត្រូវបានកាត់ប្រគល់ទៅឲ្យប្រទេសបារាំងវិញ។ លើសពីនេះទៅទៀត អាល្លឺម៉ង់ ដែលជាប្រទេសចាញ់សង្រ្គាម ត្រូវគេបង្ខំឲ្យសងការខូចខាត រហូតដល់ទៅជាង រាប់ពាន់លានដុល្លារ ដល់ប្រទេសដែលជាអ្នកឈ្នះសង្រ្គាម។ សន្ធិសញ្ញាសន្តិភាពក្រុង Versailles ក៏បានតម្រូវផងដែរឲ្យអាល្លឺម៉ង់កាត់បន្ថយចំនួនកងទ័ពឲ្យនៅយ៉ាង ច្រើនបំផុតត្រឹម ១០ម៉ឺននាក់ ហើយការផលិតគ្រឿងសព្វាវុធធុនធ្ងន់ ដូចជា រថក្រោះ យន្តហោះចម្បាំង និងនាវាចម្បាំងធំៗក៏ត្រូវបានហាមឃាត់។

ការដាក់កម្រិតបែបនេះ ត្រូវបានធ្វើឡើង ក្នុងគោលដៅបញ្ចៀសកុំឲ្យមហិច្ឆតាឈ្លានពានពង្រីកទឹកដីរបស់អាល្លឺម៉ង់ ត្រូវផ្ទុះឡើងវិញ ហើយបង្កទៅជាសង្រ្គាមសាជាថ្មីទៀត។ ក្នុងពេលជាមួយគ្នា ស្ថាប័នអន្តរជាតិដ៏ថ្មីស្រឡាងមួយក៏ត្រូវបានបង្កើតឡើងដែរ គឺ “សង្គមប្រជាជាតិ” (League of Nations/Société des nations) ក្នុងបេសកកម្មធានាឲ្យបាននូវសុខសន្តិភាពនៅទូទាំងពិភពលោក។

ក៏ប៉ុន្តែ ទាំងការបង្កើតសង្គមប្រជាជាតិ និងទាំងការដាក់កម្រិតផ្នែកយោធាដល់អាល្លឺម៉ង់ មិនបានទទួលជោគជ័យក្នុងការបញ្ចៀសពិភពលោកពីសង្រ្គាមសាជាថ្មីទៀត នោះទេ។

ប្រជាជនអាល្លឺម៉ង់ជាច្រើនយល់ថា សន្ធិសញ្ញាក្រុង Versailles មានភាពអយុត្តិធម៌ច្រើនចំពោះអាល្លឺម៉ង់ ហើយមិនយូរប៉ុន្មាន រដ្ឋាភិបាលអាល្លឺម៉ង់ក៏ចាប់ផ្តើមឈប់គោរពទៅតាមបម្រាម ដែលមានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាព ហើយបានលួចផលិតគ្រឿងសព្វាវុធទំនើបៗ និងបង្កើតកម្លាំងទ័ពរបស់ខ្លួនឡើងវិញ។

ចំណែកឯសង្គមប្រជាជាតិវិញ គឺជាស្ថាប័នដែលមិនមានអំណាច ដោយសារតែបណ្តាប្រទេសធំៗមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក បានបដិសេធមិនព្រមចូលជាសមាជិក។

ប្រមាណជា ២០ឆ្នាំ ក្រោយការបញ្ចប់សង្រ្គាមលោកលើកទី១ សង្រ្គាមលោកមួយថ្មីទៀត ក៏ត្រូវផ្ទុះឡើង នៅឆ្នាំ១៩៣៩ ហើយសង្រ្គាមថ្មីនេះបង្កឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរជាង សង្រ្គាមលោកលើកទី១ទៅទៀត៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements