លោក Woodrow Wilson ប្រធានាធិបតីអាមេរិកដែលប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី១

ថតកម្មវិធីនេះទុក

នៅពេលដែលសង្រ្គាមលោកលើកទី១ចាប់ផ្តើមផ្ទុះឡើង នៅឆ្នាំ១៩១៤ កងទ័ពអាល្លឺម៉ង់ត្រូវប្រឈមមុខនឹងសមរភូមិទាំងពីរទិស គឺបារាំង (ដែលមានជំនួយពីអង់គ្លេស) នៅទិសខាងលិច និងចក្រភពរុស្ស៊ី នៅទិសខាងកើត។

នៅដើមខែសីហា ឆ្នាំ១៩១៤ អាល្លឺម៉ង់បានលើកទ័ពវាយសម្រុកចូលតាមប្រទេសប៊ែលហ្ស៊ិក សំដៅចូលកាន់កាប់ប្រទេសបារាំង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា អាល្លឺម៉ង់ត្រូវបង្វែរកងទ័ពមួយផ្នែកធំ យកទៅទប់ទល់នឹងកងទ័ពរុស្ស៊ី ដែលវាយលុកចូលក្នុងតំបន់ប៉ែកខាងកើតអាល្លឺម៉ង់ និងក្នុងដែនដីប៉ូឡូញ ដែលស្ថិតក្រោមការកាន់កាប់របស់អាល្លឺម៉ង់។

សូមអាន៖ ហេតុការណ៍សំខាន់ៗ ដែលនាំទៅរកសង្រ្គាមលោកលើកទី១

នៅចុងខែសីហា កងទ័ពអាល្លឺម៉ង់ ដោយមានជំនួយពីកងទ័ពអូទ្រីសបានវាយបំបាក់កងទ័ពរុស្ស៊ី លែងឲ្យរុលទៅមុខទៀតបាន។ ក៏ប៉ុន្តែ ការបំបែកកងទ័ពជាពីរមុខព្រួញបានធ្វើឲ្យកងទ័ពអាល្លឺម៉ង់ត្រូវ ធ្លាក់ចុះខ្សោយ នៅក្នុងសមរភូមិប៉ែកខាងលិច ហើយត្រូវកងទ័ពបារាំង ដែលមានជំនួយពីកងទ័ពអង់គ្លេស វាយទប់ស្កាត់មិនឲ្យវាយលុកចូលកាន់កាប់ក្រុងប៉ារីសបាន។

នៅក្នុងរយៈពេល ៣ឆ្នាំ បន្តមកទៀត សង្រ្គាមលោកលើកទី១ត្រូវស្ថិតក្នុងស្ថានភាពគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ នៅខាងលិចកងទ័ពអាល្លឺម៉ង់ និងកងទ័ពបារាំង ប្រឈមមុខដាក់គ្នា ក្នុងសង្រ្គាមលេណដ្ឋាន។ ចំណែកឯនៅសមរភូមិខាងកើតវិញ ទាហានអាល្លឺម៉ង់ និងទាហានរុស្ស៊ី បានវាយរុញច្រានគ្នាទៅវិញទៅមក ដោយគ្មានខាងណាអាចវាយបំបាក់គូបដិបក្ខឲ្យបរាជ័យទាំងស្រុងបាន។

ក៏ប៉ុន្តែ មកដល់ចុងឆ្នាំ១៩១៧ ការវិវឌ្ឍដ៏សំខាន់មួយបានកើតឡើង នៅសមរភូមិខាងកើត។ ប្រជាជនរុស្ស៊ី ដែលភាគច្រើនជាកម្មករ និងកសិករក្រីក្រ ចាប់ផ្តើមធុញទ្រាន់នឹងសង្រ្គាមកាន់តែខ្លាំង ហើយចលនាប្រឆាំងនឹងរបបរាជានិយមផ្តាច់ការរុស្ស៊ីក៏កើតមានកាន់តែ ច្រើន រហូតផ្ទុះទៅជាចលនាបដិវត្តន៍ផ្តួលរំលំស្តេចត្សារ៍ នីកូឡាទី២ និងបង្កើតទៅជារបបកុម្មុយនិស្តដឹកនាំដោយលេនីន នៅខែតុលា ឆ្នាំ១៩១៧។

គ្រាន់តែបានឡើងមកកាន់អំណាចភ្លាម លេនីនក៏បានសម្រេចឲ្យរុស្ស៊ីដកខ្លួនចេញពីសង្រ្គាមលោកលើកទី១ ដោយបានចុះយុទ្ធសន្តិភាពជាមួយអាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត នៅខែធ្នូ ឆ្នាំ១៩១៧។

សូមអាន៖ ការចាប់ផ្ទុះឡើងនៃសង្រ្គាមលោកលើកទី១

ការដកខ្លួនថយរបស់រុស្ស៊ី បានធ្វើឲ្យអាល្លឺម៉ង់ធូរចិត្ត និងធូរកម្លាំងច្រើន ដោយអាចបង្វែរកម្លាំងទ័ព យកទៅប្រមូលផ្តុំ នៅសមរភូមិខាងលិច គឺនៅប្រទេសបារាំង។ ក៏ប៉ុន្តែ នៅពេលនោះ បក្សសម្ព័ន្ធ បារាំង និងអង់គ្លេស ថ្វីដ្បិតតែបាត់បង់រុស្ស៊ីមួយ តែបានទទួលជំនួយពីប្រទេសមួយថ្មីមកជំនួសវិញ គឺសហរដ្ឋអាមេរិក ដែលចូលអន្តរាគមន៍ក្នុងសង្រ្គាមលោកលើកទី១ នៅក្នុងឆ្នាំ១៩១៧នោះដែរ។

ចាប់តាំងពីមុនពេលផ្ទុះសង្រ្គាមលោកលើកទី១ សហរដ្ឋអាមេរិក ដែលយល់ថា ខ្លួនជាប្រទេសនៅដាច់ឆ្ងាយពីគេ ហើយមានមហាសមុទ្រធំៗពីរនៅសងខាង ដើម្បីជាខែលការពារខ្លួន តែងតែប្រកាន់យកនូវនយោបាយការពារជាតិ និងនយោបាយការបរទេស ដែលឈរលើមនោគមន៍វិជ្ជា “ឯកោនិយម” (Isolationism) ពោលគឺ អាមេរិកមិនលូកដៃចូលទៅធ្វើអន្តរាគមន៍ នៅបរទេស ដើម្បីបញ្ចៀសកុំឲ្យនាំបញ្ហាដល់សន្តិសុខជាតិរបស់ខ្លួន។

នៅពេលដែលសង្រ្គាមលោកលើកទី១ផ្ទុះឡើង នៅឆ្នាំ១៩១៤ រហូតដល់ឆ្នាំ១៩១៧ លោកវូដ្រូ វីលសុន (Woodrow Wilson) ប្រធានាធិបតីអាមេរិក បានព្យាយាមរក្សាជំហរអព្យាក្រឹត ដើម្បីបញ្ចៀសកុំឲ្យអាមេរិកផុងខ្លួនក្នុងសង្រ្គាមជាមួយអឺរ៉ុប។ ពលរដ្ឋអាមេរិកភាគច្រើន ដែលប្រកាន់ជំហរសន្តិភាពនិយម ក៏បានគាំទ្រជំហរអព្យាក្រឹតនេះដែរ។ ក៏ប៉ុន្តែ អ្នកដែលទាញអាមេរិកឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី១ គឺអាល្លឺម៉ង់។

អាល្លឺម៉ង់ ដែលចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចអង់គ្លេស បានប្រើនាវាមុជទឹក ធ្វើការវាយប្រហារដោយឥតរើសមុខទៅលើនាវាដឹកទំនិញ ដែលធ្វើដំណើរចេញចូលប្រទេសអង់គ្លេស។ នៅខែឧសភា ឆ្នាំ១៩១៥ នាវាមុជទឹកអាល្លឺម៉ង់បានបាញ់ពន្លិចនាវាដ៏ធំមួយរបស់អង់គ្លេស បណ្តាលឲ្យស្លាប់អ្នកដំណើរជាង១ពាន់នាក់ ដោយក្នុងនោះ រួមមានពលរដ្ឋអាមេរិក ១២០នាក់។

ការ បាញ់ពន្លិចនាវាដឹកទំនិញអង់គ្លេសនិងអាមេរិក ដោយនាវាមុជទឹកអាល្លឺម៉ង់ គឺជាដើមហេតុដែលនាំឲ្យអាមេរិកប្រកាសសង្រ្គាមលើអាល្លឺម៉ង់

ហេតុការណ៍នេះបានបង្កឲ្យមានភាពតានតឹងផ្នែកការទូត រវាងអាមេរិក និងអាល្លឺម៉ង់។ ក៏ប៉ុន្តែ ក្រៅពីធ្វើការតវ៉ាតាមផ្លូវទូត អាមេរិកមិនបានចាត់វិធានការអ្វីតបតទៅអាល្លឺម៉ង់វិញនោះទេ។ តែទោះជាយ៉ាងណា ពលរដ្ឋអាមេរិកវិញ ដែលធ្លាប់តែប្រកាន់ជំហរសន្តិភាពនិយម ក៏ចាប់ផ្តើមមានគំនិតប្រឆាំងនឹងអាល្លឺម៉ង់។

នៅខែមករាឆ្នាំ១៩១៧ នៅពេលដែលសង្រ្គាមនៅអឺរ៉ុបអូសបនា្លយពេលកាន់តែយូរជាងការរំពឹង ទុក អាល្លឺម៉ង់ ដែលចង់កាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់បច្ចាមិត្ត ក៏បានប្រកាសបង្កើនការវាយប្រហារដោយឥតរើសមុខ ទៅលើរាល់នាវាទាំងអស់ ដែលធ្វើដំណើរចេញចូលប្រទេសជាប់សង្រ្គាម ដែលមានន័យថា នាវាដែលបើកឆ្លងកាត់មហាសមុទ្រអាត្លង់ទិក រវាងសហរដ្ឋអាមេរិក និងអង់គ្លេស ក៏នឹងត្រូវទទួលរងនូវការវាយប្រហារដោយមិនប្រាប់ជាមុននោះដែរ។

៣ថ្ងៃក្រោយការប្រកាសនេះ អាមេរិកក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអាល្លឺម៉ង់ ក៏ប៉ុន្តែ នៅតែមិនចូលអន្តរាគមន៍ក្នុងសង្រ្គាម។ រហូតដល់ខែមេសា ឆ្នាំ១៩១៧ នៅក្រោយពេលដែលនាវាមុជទឹកអាល្លឺម៉ង់បាញ់ពន្លិចនាវាដឹកទំនិញ ៤គ្រឿងរបស់អាមេរិក ទើបលោកប្រធានាធិបតីវីលសុន ស្នើកោះប្រជុំសភាអាមេរិកជាបន្ទាន់ ដើម្បីប្រកាសសង្រ្គាមលើអាល្លឺម៉ង់។ នៅខែវិច្ឆិកាឆ្នាំដដែល ទាហានអាមេរិកបានចាប់ផ្តើមធ្វើដំណើរទៅដល់ប្រទេសបារាំង ដើម្បីជួយទាហានបារាំង និងអង់គ្លេស វាយតទល់នឹងទាហានអាល្លឺម៉ង់។

តាមពិត នៅពេលនោះ អាមេរិកមិនទាន់ជាមហាអំណាចយោធា ដូចបណ្តាប្រទេសអឺរ៉ុបនោះទេ។ ទាហានអាមេរិកមានចំនួនក៏តិច មិនសូវមានការហ្វឹកហ្វឺន និងបទពិសោធន៍ក្នុងការធ្វើសង្រ្គាម ហើយក៏មិនសូវមានអាវុធយុទ្ធភ័ណ្ឌទំនើបៗប៉ុន្មានដែរ។ ក៏ប៉ុន្តែ អន្តរាគមន៍របស់អាមេរិក គឺជារបត់ដ៏សំខាន់មួយនៃសង្រ្គាម។

សូមអាន៖ ស្ថានភាពពិភពលោកមុនសង្រ្គាមលោកលើកទី១

អាមេរិក ថ្វីដ្បិតតែមានទាហានតិច ក៏ប៉ុន្តែ មានសមត្ថភាពកេណ្ឌទ័ពបានរាប់លាននាក់ នៅក្នុងពេលដ៏ខ្លី។ ម្យ៉ាងទៀត នៅក្នុងពេលដែលទាហានអឺរ៉ុប ទាំងទាហានបារាំង និងអង់គ្លេស និងទាហានអាល្លឺម៉ង់ សុទ្ធតែទទួលរងនូវការខូចខាតយ៉ាងដំណំទាំងខាងផ្លូវកាយ និងផ្លូវចិត្ត ពីការវាយប្រយុទ្ធគ្នា ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ អស់រយៈពេលជាង ៣ឆ្នាំមកហើយនោះ ទាហានអាមេរិកវិញ គឺជាកម្លាំងថ្មី។

ដោយសារតែមានជំនួយពីកម្លាំងថ្មីនេះហើយ ទើបបារាំង និងអង់គ្លេសចាប់ផ្តើមមានប្រៀបលើសមរភូមិ។ នៅខែសីហា ឆ្នាំ១៩១៨ កងទ័ពសម្ព័ន្ធមិត្តក៏បានចាប់ផ្តើមបើកយុទ្ធនាការទ្រង់ទ្រាយធំ វាយរុញច្រានកងទ័ពអាល្លឺម៉ង់ឲ្យដកថយបន្តិចម្តងៗចេញពីប្រទេស បារាំង។

អាល្លឺម៉ង់ដែលទទួលបរាជ័យនៅស្ទើរតែគ្រប់សមរភូមិ ក៏សុខចិត្តចរចាសុំចុះចាញ់ ហើយ ចុះហត្ថលេខាលើបទឈប់បាញ់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ មុននឹងឈានទៅចុះសន្ធិសញ្ញាសន្តិភាព នៅទីក្រុង Versailles (ប្រទេសបារាំង) ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី១ជាផ្លូវការ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements