អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) អធិការបតីនៃចក្រភពអាល្លឺម៉ង់

រហូតមកទល់នឹងពេលនេះ ១០០ឆ្នាំគត់ ដែលសង្រ្គាមលោកលើកទី១បានចាប់ផ្ទុះឡើង ក៏ប៉ុន្តែ មូលហេតុដែលនាំឲ្យផ្ទុះសង្រ្គាមនេះ នៅតែជារឿងចម្រូងចម្រាស ក្នុងចំណោមអ្នកប្រវត្តិសាស្រ្ត។

ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ នៃចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅខែមិថុនា ឆ្នាំ១៩១៤ គឺជាឆ្នួនដែលដុតបញ្ឆេះសង្រ្គាម ក៏ប៉ុន្តែ ដើមឫសនៃជម្លោះបានកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនម៉្លេះ ដោយដុះពន្លកចេញពីការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចអឺរ៉ុប និងការផ្ទុះឡើងនៃចលនាជាតិនិយម នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។

សង្រ្គាមបារាំង-អាល្លឺម៉ង់ ១៨៧០-១៨៧១

ផ្កាភ្លើងនៃសង្រ្គាមលោកលើកទី១បានចាប់ផ្តើមលេចឡើង តាំងពីឆ្នាំ១៨៧១ គឺចេញពីសង្រ្គាម រវាងអាល្លឺម៉ង់ និងបារាំង។ អាល្លឺម៉ង់ដែលឈ្នះសង្រ្គាមបានបង្រួបបង្រួមប្រទេសបង្កើតជាចក្រភព ថ្មីមួយ ដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចប្រជែងជាមួយនឹងមហាអំណាច ផ្សេងទៀតនៅអឺរ៉ុប។ បារាំងវិញ ដែលចាញ់សង្រ្គាម ត្រូវបានអាល្លឺម៉ង់កាត់យកទឹកដីនៃតំបន់ Alsace-Laurraine យកទៅកាន់កាប់។ ប្រជាជនបារាំង ដែលណាមួយទទួលរងនូវភាពអាម៉ាស់នឹងបរាជ័យផ្នែកយោធា និងណាមួយទៀត ខឹងនឹងការបាត់បង់ទឹកដី ក៏បានចិញ្ចឹមចិត្តរង់ចាំតែឱកាស ដើម្បីសងសឹកនឹងអាល្លឺម៉ង់វិញ។

គំនុំគំគួន ការមិនទុកចិត្តគ្នា និងការប្រណាំងប្រជែងគ្នាដណ្តើមដែនដីអាណានិគម បានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបនាំគ្នាខិតខំពង្រឹងកម្លាំងទ័ព រៀងៗខ្លួនផង និងព្យាយាមចងសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡាគ្នាផង ដើម្បីជាបង្អែកទុកបង្កាក្នុងករណីមានសង្រ្គាមផ្ទុះឡើង។ បារាំងបានទៅបង្កើតសម្ព័ន្ធភាពត្រីភាគីជាមួយអង់គ្លេស និងរុស្ស៊ី។ ចំណែកអាល្លឺម៉ង់វិញបានបង្កើតជាសម្ព័ន្ធមិត្តជាមួយនឹងចក្រភព អូទ្រីសហុងគ្រី និងអ៊ីតាលី។

វិបត្តិបូស្នី ១៩០៨-១៩០៩

នៅក្នុងពេលជាមួយគ្នានោះ បញ្ហានៅតំបន់បាល់កង់បានកើតឡើងកាន់តែខ្លាំង ក្រោយពីចក្រភពអូតូម៉ង់បានធ្លាក់ចុះដុនដាប ហើយបណ្តារដ្ឋដែលធ្លាប់ជាផ្នែកមួយនៃចក្រភពអូតូម៉ង់បាននាំគ្នា ប្រកាសឯករាជ្យជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាពបែបនេះ បណ្តាប្រទេសនៅក្នុង និងនៅក្បែរតំបន់បាល់កង់ បានប្រណាំងប្រជែងគ្នាដណ្តើមត្រួតត្រាប្រទេស ដែលជាអតីតដែនដីរបស់ចក្រភពអូតូម៉ង់។

នៅឆ្នាំ១៩០៨ ចក្រភពអូទ្រីសហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នី ដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់ មកធ្វើជាដែនដីរបស់ខ្លួន។ ទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ស៊ែរប៊ី ដែលមានព្រំដែនជាប់នឹងបូស្នី មានភាសា និងអម្បូរប្រជាជនដូចបូស្នី ហើយធ្លាប់ជាប្រទេសមួយក្នុងចក្រភពអូតូម៉ង់ជាមួយបូស្នី។ ចំណែករុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ែរប៊ី ក៏បានចេញមុខតវ៉ានឹងការកាត់យកទឹកដីបូស្នី ដោយអូទ្រីសហុងគ្រីនេះដែរ។

វិបត្តិនៅបូស្នី បានធ្វើឲ្យជម្លោះ រវាងអូទ្រីសហុងគ្រី និងរុស្ស៊ី ឈានដល់ដំណាក់កាលមួយ ដែលមិនអាចផ្សះផ្សាគ្នាបាន ហើយជម្លោះនេះរាលដាលកាន់តែខ្លាំងឡើងថែមទៀត នៅពេលដែលសង្រ្គាម នៅតំបន់បាល់កង់ បានផ្ទុះឡើង នៅឆ្នាំ១៩១២ និងឆ្នាំ១៩១៣។

សង្រ្គាមបាល់កង់ ១៩១២-១៩១៣

នៅឆ្នាំ១៩១២ ពីរឆ្នាំមុនសង្រ្គាមលោកលើកទី១ ប្រទេសចំនួន ៤ ដែលសុទ្ធតែធ្លាប់ជាអតីតដែនដីក្នុងចក្រភពអូតូម៉ង់ដូចគ្នា គឺ ស៊ែរប៊ី ក្រិក ម៉ុងតេណេហ្គ្រោ និងប៊ុលហ្ការី បានចងសម្ព័ន្ធភាពយោធានឹងគ្នា ដែលគេឲ្យឈ្មោះថា “បក្សសម្ព័ន្ធបាល់កង់” ដើម្បីប្រយុទ្ធតទល់នឹងចក្រភពអូតូម៉ង់។ ក្នុងរយៈពេលតែប៉ុន្មានខែ ក្រុមបក្សសម្ព័ន្ធបាល់កង់ក៏បានយកជ័យជម្នះ ដោយបានដណ្តើមយកដែនដីជាច្រើនរបស់ចក្រភពអូតូម៉ង់មកកាន់កាប់។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានសង្រ្គាមមួយទៀតក៏បានផ្ទុះឡើង ដោយម្តងនេះ ជាសង្រ្គាមរវាងប្រទេសក្នុងបក្សសម្ព័ន្ធបាល់កង់គ្នាឯង គឺរវាងម្ខាង ប៊ុលហ្ការី និងម្ខាងទៀត ស៊ែរប៊ី និងក្រិក។ សង្រ្គាមនេះបានផ្ទុះឡើងដោយមកពីជម្លោះ ក្នុងការបែងចែកដែនដី ដែលពួកគេដណ្តើមបានពីចក្រភពអូតូម៉ង់។

ក្រោយពីសង្រ្គាមនៅបាល់កង់បានបញ្ចប់ទៅ នៅខែសីហា ឆ្នាំ១៩១៣ ស៊ែរប៊ីបានក្លាយជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុត នៅក្នុងតំបន់បាល់កង់ ហើយតុល្យភាពអំណាច នៅបាល់កង់ ក៏បានផ្អៀងទៅរករុស្ស៊ី ដែលជាហេតុធ្វើឲ្យអូទ្រីសហុងគ្រីមិនសប្បាយចិត្ត ហើយមានគំនិតចង់ចាត់វិធានការគ្រប់យ៉ាង ដើម្បីទប់ស្កាត់ស៊ែរប៊ី កុំឲ្យបង្កើនអំណាចនៅបាល់កង់តទៅទៀត។

ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទាយាទនៃចក្រភពអូទ្រីសហុងគ្រី

ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ (Franz Ferdinand) ទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី បានធ្វើដំណើរតាមរថភ្លើងមកដល់ទីក្រុងសារ៉ាយេវ៉ូ រដ្ឋធានីរបស់បូស្នី។ បូស្នី ដែលអូទ្រីសហុងគ្រីបានកាត់ពីចក្រភពអូតូម៉ង់មកធ្វើជាខេត្តរបស់ ខ្លួន កាលពីឆ្នាំ១៩០៨ ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។

ក្រុមយុវជនជាតិនិយមស៊ែរប៊ី ៧នាក់ ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវជនស៊ែរប៊ី បានរៀបគម្រោងការណ៍លបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ដោយបានពង្រាយគ្នា នៅតាមបណ្តោយផ្លូវ ដែលក្បួនរថយន្តរបស់ព្រះអង្គត្រូវឆ្លងកាត់។

ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ថ្វីដ្បិតតែដឹងថា ដំណើរទៅកាន់ទីក្រុងសារ៉ាយេវ៉ូ ជាដំណើរប្រកបដោយគ្រោះថ្នាក់ ក៏ប៉ុន្តែ នៅតែជម្នះជិះក្នុងរថយន្តបើកដំបូល ដើម្បីចង់បង្ហាញពីភាពស្និទ្ធស្នាលដល់ប្រជារាស្រ្ត នៅទីនោះ។

នៅម៉ោងប្រមាណជា ១០ព្រឹក នៅពេលក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បើកមកដល់ ឃាតកម្នាក់ក៏បានគប់គ្រាប់បែកសំដៅទៅលើរថយន្តរបស់ព្រះអង្គ។ ក៏ប៉ុន្តែ គ្រាប់បែកបានធ្លាក់ខុសគោលដៅ ដោយផ្ទុះត្រូវរថយន្តដែលបើកពីក្រោយ។ អ្នកបើកបរក៏បានបើករត់ ហើយនាំព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទៅកាន់សាលាក្រុងសារ៉ាយេវ៉ូ។ ចំណែកឃាតកវិញ បានព្យាយាមសម្លាប់ខ្លួនឯង ក៏ប៉ុន្តែ មិនបានសម្រេច ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនបាន។

នៅសាលាក្រុង ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បានចូលរួមក្នុងពិធីផ្លូវការ ដែលបានគ្រោងទុកពីមុនជាធម្មតា ក៏ប៉ុន្តែ ក្រោយចប់ពិធី ព្រះអង្គបានសម្រេចលុបចោលកម្មវិធីដែលគ្រោងទុកផ្សេងទៀត ដើម្បីយាងទៅសួរសុខទុក្ខអ្នករបួស ដោយគ្រាប់បែក កាលពីព្រឹក ហើយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសារ៉ាយេវ៉ូ។

នៅតាមផ្លូវពីសាលាក្រុងទៅមន្ទីរពេទ្យ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ និងមហេសី គឺម្ចាស់ក្សត្រិយសូហ្វ៊ី (Sophie) ត្រូវបានឃាតកម្នាក់ទៀតបាញ់សម្លាប់។

ចក្រភពអូទ្រីសហុងគ្រីបានទម្លាក់ការទទួលខុសត្រូវនៃការធ្វើឃាត ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទៅលើរដ្ឋាភិបាលស៊ែរប៊ី។ អូទ្រីសហុងគ្រីក៏បានប្រកាសសង្រ្គាមលើស៊ែរប៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ដោយសារតែការចងសម្ព័ន្ធមិត្តគ្នាយ៉ាងប្រទាក់ក្រឡា នៅក្នុងចំណោមប្រទេសមហាអំណាចនៅអឺរ៉ុប សង្រ្គាមទ្វេភាគី រវាងអូទ្រីសហុងគ្រី និងស៊ែរប៊ី ក៏បានរាលដាលទៅដល់ប្រទេសមហាអំណាចអឺរ៉ុបផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស បារាំង និងរុស្ស៊ី៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements