រូបរបស់យ័ន ស៊ីខាយ (ឆ្វេង) និងស៊ុន យ៉ាតសេន រួមជាមួយនឹងទង់ជាតិដើមដំបូងនៃសាធារណរដ្ឋចិន

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ក្រុមបដិវត្តន៍ដឹកនាំដោយស៊ុន យ៉ាតសេន បានប្រកាសជាផ្លូវការ បង្កើតរបបសាធារណរដ្ឋមួយឡើង ដោយមានស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្ន។ ក៏ប៉ុន្តែ នៅពេលនោះ បដិវត្តន៍របស់ស៊ុន យ៉ាតសេន នៅមិនទាន់បានទទួលជោគជ័យ ក្នុងការផ្តួលរំលំរាជវង្សឆេងនៅឡើយទេ។

រហូតទាល់តែដល់ខែកុម្ភៈ ទើបរបបរាជានិយមចិនត្រូវដួលរលំជាស្ថាពរ ក្រោយពីស្តេចឆេងសុខចិត្តដាក់រាជ្យ ក្រោមការបង្ខិតបង្ខំរបស់ យ័ន ស៊ីខាយ ដែលជាអតីតមេទ័ព និងជានាយករដ្ឋមន្រ្តីតែងតាំងដោយស្តេចឆេងខ្លួនឯងផ្ទាល់។

សួនអាន៖ បដិវត្តន៍ផ្តួលរំលំរបបរាជានិយមចិន នៅឆ្នាំ១៩១១

ដោយសារតែយ័ន ស៊ីខាយ បានជួយជ្រោមជ្រែងក្រុមបដិវត្តន៍ក្នុងការផ្តួលរំលំរាជវង្សឆេង ហើយម្យ៉ាងទៀត យ័ន ស៊ីខាយ នៅមានអំណាចទ័ពខ្លាំង ស៊ុន យ៉ាតសេន ដែលទើបនឹងបានកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នបានតែជាង ២ខែ ក៏បានសុខចិត្តទុកតំណែងជាប្រធានាធិបតីនេះទៅឲ្យ យ័ន ស៊ីខាយ ជាអ្នកកាន់កាប់វិញ។ យ័ន ស៊ីខាយ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩១២ ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១៣។

នៅក្នុងពេលបច្ចុប្បន្ននេះ តៃវ៉ាន់ ដែលមានឈ្មោះផ្លូវការថា “សាធារណរដ្ឋចិន” ហើយដែលតាំងខ្លួនជារដ្ឋបន្តវេននៃរបបសាធារណរដ្ឋក្រោយបដិវត្តន៍ឆ្នាំ ១៩១១ នៅតែចាត់ទុក ស៊ុន យ៉ាតសេន ជាប្រធានាធិបតិទីមួយនៃសាធារណរដ្ឋចិន បើទោះបីជាលោកបានកាន់តំណែងត្រឹមជាប្រធានាធិបតីបណ្តោះអាសន្នតែ រយៈពេលជាង ២ខែក៏ដោយ។ គណបក្សគួមីនតាង ដែលបង្កើតឡើង ដោយស៊ុន យ៉ាតសេន នៅតែជាគណបក្សកាន់អំណាចនៅតៃវ៉ាន់ រហូតមកទល់នឹងពេលសព្វថ្ងៃ។

គួមីនតាង ដែលមានន័យថា “គណបក្សជាតិនិយមចិន” ត្រូវបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩១២ ដោយមានស៊ុន យ៉ាតសេន ជាស្ថាបនិក និងជាប្រធានបក្ស។ ស៊ុន យ៉ាតសេន មានចក្ខុវិស័យចង់ឲ្យគណបក្សគួមីនតាងនេះ ជាកម្លាំងប្រឆាំងដ៏ធំមួយ ដើម្បីជាតុល្យភាពទប់ទល់នឹងអំណាចរបស់ យ័ន ស៊ីខាយ ដែលជាប្រធានាធិបតី ហើយដែលធ្លាប់ជាមន្រ្តីជាន់ខ្ពស់នៃរាជវង្សឆេង។

នៅខែធ្នូ ឆ្នាំ១៩១២ ការបោះឆ្នោតសភាត្រូវបានរៀបចំធ្វើឡើង ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្តជាង ២ពាន់ឆ្នាំរបស់ចិន។ បើទោះបីជាមិនមានបទពិសោធន៍ខាងប្រជាធិបតេយ្យ ការបោះឆ្នោតសភា នៅឆ្នាំ១៩១២នោះ បានប្រព្រឹត្តទៅដោយរលូន ហើយគណបក្សគួមីនតាង របស់ស៊ុន យ៉ាតសេន បានទទួលជោគជ័យយ៉ាងច្រើនលើសលុប លើគណបក្សណាៗទាំងអស់ ដែលជាគូប្រជែង ដោយរាប់ទាំងគណបក្សរបស់យ័ន ស៊ីខាយផង។

ក៏ប៉ុន្តែ នៅក្រោយទទួលជោគជ័យក្នុងការបោះឆ្នោតនេះ សុង ជៀវចេន (Song Jiaoren) មេដឹកនាំមួយរូបនៃគណបក្សគួមីនតាង ហើយដែលតាមធម្មតាត្រូវឡើងធ្វើជានាយករដ្ឋមន្រ្តី ស្រាប់តែត្រូវបានគេធ្វើឃាតកបាញ់សម្លាប់ នៅក្នុងពេលកំពុងចាំឡើងជិះរថភ្លើង ពីទីក្រុងសៀងហៃ សំដៅមកវិមានរដ្ឋសភា នៅរដ្ឋធានីប៉េកាំង។

នៅក្រោយពី សុង ជៀវចេន ត្រូវគេបាញ់សម្លាប់ ឃាតកមិនត្រូវបានគេរកមុខឃើញនោះទេ ក៏ប៉ុន្តែ គេរកឃើញតម្រ៉ុយជាច្រើនបង្ហាញថា ឃាតកមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរបស់យ័ន ស៊ីខាយ។ ក្រុមរបស់ស៊ុន យ៉ាតសេន បាននាំគ្នាសង្ស័យថា ការធ្វើឃាតនេះ គឺចេញពីបញ្ជារបស់ យ័ន ស៊ីខាយ ផ្ទាល់។

ជម្លោះ រវាងក្រុមស៊ុន យ៉ាតសេន និងក្រុមយ័ន ស៊ីខាយ ក៏បានផ្ទុះឡើងទៅជាជម្លោះប្រដាប់អាវុធ ហើយក្រុមរបស់ស៊ុន យ៉ាតសេន បានប្រកាសធ្វើបដិវត្តន៍ជាលើកទី២ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់យ័ន ស៊ីខាយ។

ក៏ប៉ុន្តែ ដោយមានកម្លាំងប្រដាប់អាវុធទន់ខ្សោយ ចលនាបដិវត្តន៍នេះត្រូវកងទ័ពរបស់យ័ន ស៊ីខាយ វាយបំបាក់ ហើយស៊ុន យ៉ាតសេន ក៏ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅជ្រកកោន ក្នុងប្រទេសជប៉ុនសាជាថ្មីម្តងទៀត។

យ័ន ស៊ីខាយ អតីតមេទ័ពក្នុងរាជវង្សឆេង ប្រធានាធិបតីនៃសាធារណរដ្ឋចិន និងក្រោយមកប្រកាសតាំងខ្លួនជាអធិរាជចិន

យ័ន ស៊ីខាយវិញ ក្រោយពីបានយកជ័យជម្នះលើក្រុមបដិវត្តន៍របស់ស៊ុន យ៉ាតសេន ក៏បានប្រមូលយកអំណាចរដ្ឋទាំងអស់យកមកក្តោបក្តាប់តែម្នាក់ឯង ហើយដោយសារតែមានគំនិតចាក់ឫសតែនៅក្នុងរបៀបដឹកនាំតាមបែបរាជានិយម ដែលជាបទពិសោធន៍ទទួលបានពីពេលធ្វើជាមន្រ្តីក្នុងរាជវង្សឆេង យ័ន ស៊ីខាយ ក៏បានបែកគំនិតចង់បង្កើតទៅជារបបរាជានិយមឡើងវិញ។

នៅក្នុងគំនិតរបស់យ័ន ស៊ីខាយ របបសាធារណរដ្ឋគ្រាន់តែជាសម័យអន្តរកាលមួយ ដើម្បីកម្ចាត់ពួកម៉ាន់ជូពីអំណាចតែប៉ុណ្ណោះ។ ឥឡូវនេះ រាជវង្សឆេងរបស់ពួកម៉ាន់ជូត្រូវដួលរលំទៅហើយ បដិវត្តន៍ និងសម័យអន្តរកាលគួរតែត្រូវបិទបញ្ចប់ ដើម្បីបង្កើតឲ្យមានស្ថិរភាពនយោបាយឡើងវិញ ហើយយ័ន ស៊ីខាយ យល់ថា មានតែរបបរាជានិយមទេ ដែលអាចរក្សាស្ថិរភាពនយោបាយនេះបាន ដោយសារតែតាំងពីរាប់ពាន់ឆ្នាំកន្លងទៅនេះ ប្រជាជនចិនមានទម្លាប់រស់នៅតែក្រោមរបបរាជានិយមបែបនេះ។

នៅខែធ្នូ ឆ្នាំ១៩១៥ យ័ន ស៊ីខាយ ក៏បានប្រកាសតាំងខ្លួនជាអធិរាជ ហើយ ៤ឆ្នាំ ក្រោយបដិវត្តន៍ផ្តួលរំលំរាជវង្សឆេង ចិនក៏បានវិលត្រឡប់ទៅរករបបរាជានិយមផ្តាច់ការដូចពីមុនវិញ។ ក៏ប៉ុន្តែ ផ្ទុយពីការគិតរបស់ យ័ន ស៊ីខាយ មិនមានអ្នកណាម្នាក់គាំទ្រការបង្កើតរបបរាជានិយមនេះឡើងវិញនោះទេ ក្រៅតែពីមន្រ្តីជំនិតៗរបស់យ័ន ស៊ីខាយផ្ទាល់។

ចលនាប្រឆាំងនឹងរបបរាជានិយមរបស់យ័ន ស៊ីខាយ ក៏បានផ្ទុះឡើង ហើយរីកដុះដាលកាន់តែខ្លាំង។ មន្រ្តីដែលធ្លាប់តែគាំទ្រ យ័ន ស៊ីខាយ ពីមុន ក៏ក្លាយជាក្រុមប្រឆាំង។ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័ន ស៊ីខាយ ក៏បានប្រកាសរំលាយរបបរាជានិយម បោះបង់ងារជាអធិរាជ ត្រឡប់ទៅកាន់តំណែងជាប្រធានាធិបតីដូចពីមុនវិញ។ ក៏ប៉ុន្តែ ទាំងអស់នេះមិនបានធ្វើឲ្យក្រុមប្រឆាំងស្ងប់ចិត្តនោះទេ ដោយពួកគេទាមទារឲ្យ យ័ន ស៊ីខាយ ឈប់ដឹកនាំប្រទេស ហើយចុះចេញពីតំណែងជាប្រធានាធិបតីតែម្តង។

ក៏ប៉ុន្តែ យ័ន ស៊ីខាយ ត្រូវទទួលមរណភាពដោយជំងឺ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩១៦ ពោលគឺ តែជាង ២ខែប៉ុណ្ណោះ ក្រោយពីបានប្រកាសរំលាយរបបរាជានិយម និងបោះបង់ងារជាអធិរាជ។

ក្រោយមរណភាពរបស់ យ័ន ស៊ីខាយ អតីតមេទ័ពរបស់ យ័ន ស៊ីខាយ បានបែកខ្ញែកគ្នា ហើយយកកងទ័ពដែលស្ថិតក្រោមបញ្ជារបស់ពួកគេយកទៅធ្វើការបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួនតែរៀងៗខ្លួន។ ចិនត្រូវធ្លាក់ទៅក្នុងភាពចលាចល ដោយគ្មានមេដឹកនាំណា ដែលមានអំណាចគ្រប់គ្រងប្រទេសទាំងមូលបាន។ មេកន្ទ្រាញធំតូច នាំគ្នាត្រួតត្រាទឹកដីរបស់ខ្លួនដូចស្តេច ចំណែកឯរដ្ឋាភិបាលកណ្តាលវិញ គ្រប់គ្រងបានត្រឹមតែនៅរដ្ឋធានីប៉េកាំងមួយប៉ុណ្ណោះ។

សម័យកាលវឹកវរនេះ ដែលគេឲ្យឈ្មោះថា “សករាជមេកន្រ្ទាញ” បានអូសបន្លាយពេលជាង ១០ឆ្នាំ ពោលគឺ ចាប់តាំងពីមរណភាពរបស់យ័ន ស៊ីខាយ នៅឆ្នាំ១៩១៦ រហូតដល់ពេលដែលក្រុមជាតិនិយមគួមីនតាងវិលត្រឡប់មកកាន់អំណាចវិញ នៅឆ្នាំ១៩២៨។ នៅពេលនោះ ក្រុមជាតិនិយមគួមីនតាង ស្ថិតក្រោមការដឹកនាំរបស់ ចាង កាយចៀក (Chiang Kai Shek) ដែលបានបន្តវេនពី ស៊ុន យ៉ាតសេន ដែលទទួលមរណភាព កាលពីឆ្នាំ១៩២៥ ដោយជំងឺមហារីកថ្លើម៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements