ស៊ុន យ៉ាតសេន មេដឹកនាំបដិវត្តន៍ផ្តួលរំលំរាជវង្សឆេង នៅឆ្នាំ១៩១១

នៅក្នុងអំឡុងសង្រ្គាមលោកលើកទី១ ចិនកំពុងស្ថិតនៅក្នុងសង្រ្គាមផ្ទៃក្នុង គឺសង្រ្គាម រវាង យ័ន ស៊ីខាយ និងក្រុមបដិវត្តន៍ស៊ុន យ៉ាតសេន និងក្រោយមកទៀត គឺភាពអនាធិបតេយ្យ និងជម្លោះរវាងមេកន្រ្ទាញ ដែលកើតឡើង នៅក្រោយមរណភាពរបស់ យ័ន ស៊ីខាយ នៅឆ្នាំ១៩១៦។

សូមអាន៖ សាធារណរដ្ឋចិនក្រោយបដិវត្តន៍ឆ្នាំ១៩១១

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ ចិនបានគាំទ្រក្រុមសម្ព័ន្ធមិត្ត អាមេរិក អង់គ្លេស និងបារាំង ដើម្បីច្បាំងទល់នឹងអាល្លឺម៉ង់។ កម្មករចិនប្រមាណជា ១៤ម៉ឺននាក់ ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅអឺរ៉ុប ដើម្បីជួយសម្ព័ន្ធមិត្ត ហើយក្រោយមកទៀត ចិនបានប្រកាសសង្រ្គាមជាផ្លូវការលើអាល្លឺម៉ង់ និងអូទ្រីសហុងគ្រី នៅខែសីហា ឆ្នាំ១៩១៧។

នៅពេលនោះ ចិនរំពឹងថា នៅពេលទទួលជោគជ័យ ប្រទេសសម្ព័ន្ធមិត្តអាមេរិក-អង់គ្លេស-បារាំងនឹងជួយឲ្យចិនយកទឹកដីពី បរទេសមកគ្រប់គ្រងវិញ ជាពិសេស ដែនដីដែលស្ថិតក្រោមការកាន់កាប់របស់អាល្លឺម៉ង់។ ក៏ប៉ុន្តែ ផ្ទុយស្រឡះពីការរំពឹងទុក នៅក្នុងពេលចុះសន្ធិសញ្ញាសន្ធិភាពនៅ Versailles បញ្ចប់សង្រ្គាមលោកលើកទី១ បណ្តាប្រទេសលោកខាងលិចបែរជាបានសម្រេចប្រគល់ដែនដីនៅប៉ែកខាងជើង ប្រទេសចិន ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់ ទៅឲ្យជប៉ុនជាអ្នកកាន់កាប់ទៅវិញ ដោយសារតែជប៉ុន បានចូលរួមធ្វើសង្រ្គាមទល់នឹងអាល្លឹម៉ង់ តាំងពីដើមទី គឺតាំងពីខែសីហា ឆ្នាំ១៩១៤។

ទទួលបានដំណឹងនេះ និស្សិតចិនរាប់ពាន់នាក់បាននាំគ្នាចេញធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងសន្ធិសញ្ញា Versailles ហើយចលនានិស្សិតនេះក៏បានរាលដាលទៅជាចលនាប្រឆាំងទៅនឹង ចក្រពត្តិនិយមបរទេសផង និងប្រឆាំងទៅនឹងផ្នត់គំនិតចាស់គំរឹលរបស់ចិនផង ដែលគេយល់ថាជាដើមហេតុ នៃការធ្លាក់ចុះទន់ខ្សោយរបស់ចិន ទល់នឹងបរទេស។ ចេញពីចលនាប្រឆាំងនេះហើយ ដែលជាឫសគល់នៃការចាប់កំណើតចលនាកុម្មុយនិស្តចិន។

ទង្វើរបស់ប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិច ដែលត្រូវបានប្រជាជនចិនចាត់ទុកថាជាការក្បត់មិត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តចិនសម័យទំនើប ហើយវាក៏ជារបត់ដ៏សំខាន់មួយដែរ នៃចលនាបដិវត្តន៍របស់ស៊ុន យ៉ាតសេន។

សូមអាន៖ បដិវត្តន៍ផ្តួលរំលំរបបរាជានិយមចិន ឆ្នាំ១៩១១

កាលពីមុន ស៊ុន យ៉ាតសេន ដែលទទួលការអប់រំ នៅប្រទេសលោកខាងលិច តែងតែសំឡឹងទៅមហាអំណាចប្រជាធិបតេយ្យលោកខាងលិចថាជាគំរូ និងជាជំនួយ ដើម្បីនាំប្រទេសចិនឆ្ពោះទៅរកគន្លងផ្លូវប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ពេលនេះ ស៊ុន យ៉ាតសេន បានកំណត់ក្នុងចិត្តថា ប្រទេសដែលបិតាប្រជាធិបតេយ្យអស់ទាំងនេះគិតតែពីផលប្រយោជន៍ផ្ទាល់ ខ្លួន និងពីការកេងប្រវ័ញ្ចលើចិនតែប៉ុណ្ណោះ ដោយគ្មានចាប់អារម្មណ៍ទៅនឹងការនាំលទ្ធិប្រជាធិបតេយ្យមកឲ្យចិនអ្វី នោះទេ។

ព្រមពេលជាមួយនឹងការខកចិត្តជាមួយនឹងប្រទេសមហាអំណាចប្រជាធិបតេយ្យ លោកខាងលិច ជោគជ័យនៃបដិវត្តន៍បុលឆេវិកនៅរុស្ស៊ី ក៏បានទាក់ទាញ ស៊ុន យ៉ាតសេន ឲ្យងាកទៅរកពួកកុម្មុយនិស្តវិញម្តង។ ជាការពិតថា ស៊ុន យ៉ាតសេន មិនគាំទ្រទាំងស្រុងនូវមនោគមន៍វិជ្ជាកុម្មុយនិស្តម៉ាក្ស-លេនីននោះទេ ក៏ប៉ុន្តែ មានចំណុចសំខាន់ពីរ ដែលទាក់ទាញលោកឲ្យងាកទៅរកកុម្មុយនិស្តរុស្ស៊ី។

ទីមួយ ស៊ុន យ៉ាតសេនសំឡឹងឃើញពីគំរូនៃប្រសិទ្ធភាពរបស់បដិវត្តន៍កុម្មុយនិស្តនៅ ក្នុងការដណ្តើមអំណាច និងពង្រឹងអំណាចនៅរុស្ស៊ី និងទីពីរ គឺភាពស្មោះត្រង់ និងយុត្តិធម៌របស់រដ្ឋាភិបាលកុម្មុយនិស្តរុស្ស៊ី ដែលបង្ហាញឲ្យឃើញតាមរយៈការស្ម័គ្រចិត្តលុបចោលដោយខ្លួនឯង នូវកិច្ចព្រមព្រៀង ដែលស្តេចត្សារ៍រុស្ស៊ីធ្លាប់បានចុះជាមួយស្តេចឆេង កាលពីសតវត្សរ៍ទី១៩ ហើយដែលជាកិច្ចព្រមព្រៀងមានភាពលម្អៀងខ្លាំងទៅខាងរុស្ស៊ី។

សូមអាន៖ បដិវត្តន៍រុស្ស៊ី ឆ្នាំ១៩១៧

នៅឆ្នាំ១៩២០ ស៊ុន យ៉ាតសេន ក៏បានចាប់ផ្តើមជួបពិភាក្សាជាមួយនឹងតំណាងបក្សកុម្មុយនិស្តសូវៀត ហើយបក្សកុម្មុយនិស្តសូវៀតបានសន្យាជាមួយនឹងស៊ុន យ៉ាតសេនថានឹងផ្តល់ជំនួយយោធា និងផ្តល់ទីប្រឹក្សានៅក្នុងការធ្វើបដិវត្តន៍ ប្រសិនបើគណបក្សជាតិនិយមគួមីនតាងសុខចិត្តចងសម្ព័ន្ធភាពជាមួយនឹងបក្ស កុម្មុយនិស្តចិនដែលទើបនឹងបង្កើតថ្មី ដើម្បីរួមគ្នាដណ្តើមអំណាចពីពួកមេកន្ទ្រាញចិន។ សំណើដែលត្រូវបានស៊ុន យ៉ាតសេន និងគណបក្សជាតិនិយមគួមីនតាងសុខចិត្តទទួលយក។

នៅឆ្នាំ១៩២៣ ស៊ុន យ៉ាតសេន បានចាប់ផ្តើមរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងគោលនយោបាយរបស់គណបក្សគួមីនតាង ដោយដើរតាមមាគ៌ារបស់លេនីន ពោលគឺ សមាជិកបក្សត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យបក្ស និងអនុវត្តនូវអ្វីៗទាំងអស់ដែលសម្រេចដោយមេដឹកនាំបក្ស។

លើសពីនេះទៅទៀត គណបក្សគួមីនតាងបានចាប់ដៃសហការខាងផ្នែកយោធាជាមួយបក្សកុម្មុយនិស្ត ចិន ដោយបានបង្កើតសាលាហ្វឹកហ្វឺននាយទាហានរួមមួយ នៅខេត្តខ្វាងទុង ប៉ែកខាងត្បូងប្រទេសចិន ដោយមានចាង កាយចៀក ជានាយកសាលា។

សូមអាន៖ ប្រវត្តិរបស់លេនីន ស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ី

ក៏ប៉ុន្តែ ជារឿយៗភាពតានតឹងតែងតែកើតមានឡើង នៅក្នុងទំនាក់ទំនងរវាងពួកគួមីនតាង និងពួកកុម្មុយនិស្តចិន ដោយសារតែពួកកុម្មុយនិស្តប្រកាន់នូវជំហរតឹងរ៉ឹងបំផុត នៅក្នុងគោលដៅបង្កើតរដ្ឋកុម្មុយនិស្តចិន និងការលុបបំបាត់វណ្ណៈសក្តិភូមិដែលបន្សល់ទុកពីរបបរាជានិយម។ ចំណែកពួកគួមីនតាងវិញផ្តោតអាទិភាពចម្បងតែទៅលើការដណ្តើមអំណាចពី ពួកមេកន្ទ្រាញ ដើម្បីឈានទៅបង្រួបបង្រួមប្រទេសចិន ឲ្យក្លាយទៅជាប្រទេសមួយដែលមានឧស្សាហកម្មជឿនលឿន។

ក៏ប៉ុន្តែ បើទោះបីជាមានភាពតានតឹងច្រើនក៏ដោយ សម្ព័ន្ធភាពរវាងគួមីនតាង និងបក្សកុម្មុយនិស្ត ចេះតែបន្តស្ថិតស្ថិរទៅមុខ ដោយសារតែមាន ស៊ុន យ៉ាតសេន ជាជំហរ។ ស៊ុន យ៉ាតសេន ដែលជាឥស្សរជនទទួលបាននូវការគោរពកោតខ្លាច ទាំងនៅក្នុងចំណោមអ្នកជាតិនិយមគួមីនតាង និងក្នុងចំណោមពួកកុម្មុយនិស្ត។ តែអ្វីៗចាប់ផ្តើមប្រែប្រួលខ្លាំង នៅឆ្នាំ១៩២៥ នៅក្រោយពីស៊ុន យ៉ាតសេន ទទួលមរណភាពដោយជំងឺមហារីក ហើយចាង កាយចៀក ដែលជាអ្នកនយោបាយស្តាំនិយម ហើយមិនចូលចិត្តពួកកុម្មុយនិស្ត បានឡើងមកដឹកនាំគណបក្សគួមីនតាង។

ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំគណបក្សគួមីនតាងបន្តពី ស៊ុន យ៉ាតសេន

នៅពាក់កណ្តាលឆ្នាំ១៩២៦ ចាង កាយចៀក បានចាប់ផ្តើមបើកប្រតិបត្តិការយោធា ទ្រង់ទ្រាយធំ ដោយបានដណ្តើមកាន់កាប់ទឹកដីពីមេកន្រ្ទាញចិនម្តងមួយៗ សំដៅទៅផ្តួលរំលំរដ្ឋាភិបាល នៅប៉េកាំង។

គិតត្រឹមឆ្នាំ១៩២៧ កងទ័ពរបស់ចាង កាយចៀក មានកម្លាំងកាន់តែខ្លាំង ដោយវាយដណ្តើមកាន់កាប់ទឹកដីចិនបានមួយផ្នែកធំ ជាពិសេស កាន់កាប់បានទីក្រុងណានជីង ដែលជាអតីតរាជធានីនៃរាជវង្សម៉េង និងទីក្រុងសៀងហៃ ដែលជាក្រុងពាណិជ្ជកម្មដ៏សំខាន់។

នៅពេលដែលមើលឃើញថា ជោគជ័យចុងក្រោយកាន់តែខិតជិតចូលមកដល់ នៅខែមេសា ឆ្នាំ១៩២៧ ចាង កាយចៀក ក៏ស្រាប់តែបានបើកប្រតិបត្តិការបោសសម្អាតពួកកុម្មុយនិស្ត ដែលធ្លាប់ជាសម្ព័ន្ធមិត្ត ចេញពីចលនាបដិវត្តន៍ ដោយចាប់ផ្តើមចេញពីទីក្រុងសៀងហៃ ដែលពួកកុម្មុយនិស្តរាប់ពាន់នាក់ត្រូវបានក្រុមរបស់ចាង កាយចៀក ចាប់ខ្លួន និងសម្លាប់ចោល នៅក្នុងហេតុការណ៍មួយ ដែលគេឲ្យឈ្មោះថា “ការសម្លាប់រង្គាលនៅសៀងហៃ” (ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩២៧)។ បន្ទាប់មក ប្រតិបត្តិការបោសសម្អាតពួកកុម្មុយនិស្តនេះត្រូវបានពង្រីកចេញពី ទីក្រុងសៀងហៃ ទៅកាន់តំបន់ផ្សេងៗទៀត។

គិតជាសរុប មេដឹកនាំ សមាជិក ព្រមទាំងអ្នកគាំទ្របក្សកុម្មុយនិស្តចិនប្រមាណជាង ៣០ម៉ឺននាក់ ត្រូវស្លាប់ នៅក្នុងជម្លោះជាមួយក្រុមរបស់ចាង កាយចៀក។ ក្រុមកុម្មុយនិស្តដែលរួចពីស្លាប់ក៏បាននាំគ្នារត់ចេញពីទីក្រុង ទៅលាក់ខ្លួន និងបង្កើតចលនាតស៊ូ នៅតាមទីជនបទ។

ចំណែក ចាង កាយចៀកវិញ បានប្រកាសបង្កើតរដ្ឋាភិបាលសាធាណរដ្ឋមួយឡើង នៅឆ្នាំ១៩២៨ ដោយយកទីក្រុងណានជីងធ្វើជារដ្ឋធានី ហើយចាង កាយចៀកផ្ទាល់ គឺជាប្រធានាធិបតីនៃសាធាណរដ្ឋថ្មីនេះ។

ចាប់ពីឆ្នាំ១៩២៨ ដល់ឆ្នាំ១៩៣៣ សាធារណរដ្ឋចិន ក្រោមការដឹកនាំរបស់ ចាង កាយចៀក បានស្តារឡើងវិញ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ហើយដែនដីដែលស្ថិតក្រោមការត្រួតត្រារបស់បរទេសក៏ត្រូវបាន កាត់បន្ថយអស់ជិតពាក់កណ្តាលផងដែរ។ ម្យ៉ាងទៀត វិស័យឧស្សាហកម្មទំនើបៗរបស់ចិនក៏ចាប់ផ្តើមរីកដុះដាល ហើយសេដ្ឋកិច្ចក៏ស្គាល់នូវការអភិវឌ្ឍ ជាពិសេស នៅតាមទីក្រុងធំៗ។

ក៏ប៉ុន្តែ សុខសន្តិភាព និងការអភិវឌ្ឍនេះបានកើតមានឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ មិនយូរប៉ុន្មានក្រោយមក ចិនក៏បានធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិលសាជាថ្មីម្តងទៀត ម្តងនេះ គឺសង្រ្គាម រវាងរដ្ឋាភិបាលគួមីនតាងរបស់ចាង កាយចៀក និងចលនាបដិវត្តន៍កុម្មុយនិស្តដឹកនាំដោយម៉ៅសេទុង។ សង្រ្គាមស៊ីវិល ដែលមានឫសគល់ចេញពីការកាប់សម្លាប់ពួកកុម្មុយនិស្ត ដោយក្រុមចាង កាយចៀក កាលពីឆ្នាំ១៩២៧៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements