វ៉្លាឌីមៀរ លេនីន

វ៉្លាឌីមៀរ លេនីន ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលមួយរូប ហើយក៏ជាអ្នកនយោបាយដ៏ចម្រូងចម្រាសមួយផងដែរ នៅក្នុងសតវត្សរ៍ទី២០។ លេនីន គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ី ជាមេដឹកនាំនៃបដិវត្តន៍បុលឆេវិក ឆ្នាំ១៩១៧ និងជាប្រមុខរដ្ឋទីមួយ នៃសហភាពសូវៀត។

លេនីន មានឈ្មោះកំណើតថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើតនៅឆ្នាំ១៨៧០ នៅក្នុងក្រុងមួយ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា “ក្រុងអ៊ូល្យ៉ាណូវ” ស្ថិតនៅចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់ នៃគ្រួសារមួយ ដែលឪពុកម្តាយសុទ្ធតែជាអ្នករៀនសូត្រខ្ពង់ខ្ពស់។ លេនីនផ្ទាល់ក៏ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែ ចូលចិត្តអាន ហើយបានជាប់ឈ្មោះជាសិស្សឆ្នើមនៅវិទ្យាល័យ។

ក៏ប៉ុន្តែ នៅពីក្មេង អ៊ូល្យ៉ាណូវក៏បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឲ្យសោកសៅជាច្រើន ផងដែរ ជាពិសេស គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ដែលជាកត្តាដ៏ចម្បងមួយ ជំរុញឲ្យអ៊ូល្យ៉ាណូវក្លាយខ្លួនជាមេដឹកនាំបដិវត្តន៍ប្រឆាំងនឹង របបរាជានិយម។ ហេតុការណ៍ដែលមានផលប៉ះពាល់ខ្លាំងជាងគេ ដល់បុគ្គលិកលក្ខណៈរបស់អ៊ូល្យ៉ាណូវ គឺនៅពេលដែលបងប្រុសរបស់គាត់ត្រូវគេចាប់ខ្លួន និងកាត់ទោសប្រហារជីវិត នៅឆ្នាំ១៨៨៧ ពីបទថាបានរួមគំនិតក្នុងការរៀបចំផែនការធ្វើឃាតអធិរាជរុស្ស៊ី។

នៅឆ្នាំដែលបងប្រុសត្រូវគេប្រហារជីវិត អ៊ូល្យ៉ាណូវទើបនឹងបានចុះឈ្មោះចូលរៀនផ្នែកច្បាប់ នៅសកលវិទ្យាល័យ ក៏ប៉ុន្តែ រៀនបានមួយឆមាស ក៏ត្រូវបានលុបឈ្មោះចេញពីសាលា ដោយសារតែគាត់បានចូលរួមក្នុងចលនាបាតុកម្មនិស្សិត។ ចាប់ពីពេលនោះហើយ ដែលអ៊ូល្យ៉ាណូវដុះគំនិតប្រឆាំងនឹងរបបរាជានិយមរុស្ស៊ីកាន់តែខ្លាំង ហើយព្រមទាំងបានដក់ចិត្តនឹងទ្រឹស្តីកុម្មុយនិស្តរបស់ទស្សនវិទូ អាល្លឺម៉ង់ ឈ្មោះ Karl Marx ។

នៅឆ្នាំ១៨៩២ ក្រោយពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ អ៊ូល្យ៉ាណូវក៏បានប្រកបរបរជាមេធាវី ដែលមានអតិថិជនភាគច្រើនជាកសិករក្រីក្រ។ អាជីពជាមេធាវីនេះបានធ្វើឲ្យអ៊ូល្យ៉ាណូវកាន់តែមានគំនិតទោរទៅរក មនោគមន៍វិជ្ជាកុម្មុយនិស្តថែមទៀត ដោយសារតែគាត់បានមើលឃើញកាន់តែច្បាស់នូវភាពអយុត្តិធម៌ នៃប្រព័ន្ធតុលាការរុស្ស៊ី។ អ៊ូល្យ៉ាណូវក៏បានប្រឡូកចូលទៅក្នុងសកម្មភាពសម្ងាត់ ក្នុងការធ្វើបដិវត្តន៍ប្រឆាំងនឹងរាជានិយមរុស្ស៊ី ហើយនៅឆ្នាំ១៩០១ បានប្តូរឈ្មោះពីអ៊ូល្យ៉ាណូវ មក លេនីន ដើម្បីបិទបាំងពីការតាមប្រមាញ់របស់អាជ្ញាធរ។

នៅក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលនេះ លេនីនត្រូវបានអាជ្ញាធរចាប់និរទេសខ្លួនឲ្យទៅរស់នៅក្នុងតំបន់ ស៊ីបេរី អស់រយៈពេល ៣ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយពីបានរួចខ្លួនមកវិញ លេនីន ក៏បានប្រឡូកចូលក្នុងសកម្មភាពបដិវត្តន៍កាន់តែខ្លាំងជាងមុន រហូតបានជាប់ឈ្មោះក្នុងចំណោមជួរថ្នាក់ដឹកនាំនៃគណបក្សពលករ រុស្ស៊ី។

ប៉ុន្តែ ដោយមានជម្លោះនៅក្នុងបក្ស នៅឆ្នាំ១៩១២ ក្រុមរបស់លេនីនក៏បានផ្តាច់ខ្លួនទៅបង្កើតចលនាបដិវត្តន៍ថ្មីមួយ ដែលប្រកាន់នូវគំនិតដាច់ខាតថា ដើម្បីបង្កើតសង្គមរុស្ស៊ីមួយយុត្តិធម៌ គេចាំបាច់ត្រូវតែបំបាត់ចោលឲ្យអស់នូវវណ្ណៈសក្តិភូមិ ហើយប្រគល់អំណាចទៅឲ្យកម្មករ និងកសិករជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញ។

ក្រោយមកទៀត នៅក្នុងអំឡុងសង្រ្គាមលោកលើកទីមួយ លេនីន ក្រោយពីត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារមួយរយៈពេលខ្លី ក៏បានរត់ចេញពីរុស្ស៊ី ហើយនិរទេសខ្លួនទៅរស់នៅក្នុងប្រទេសស្វ៊ីស ក៏ប៉ុន្តែ នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងរបបដឹកនាំបែបមូលធននិយម និងចក្រពត្តិនិយម ដោយបានសរសេរសៀវភៅមួយ នៅឆ្នាំ១៩១៦ ដោយបានលើកឡើងថា សង្រ្គាម គឺជាលទ្ធផលនៃមូលធននិយមអន្តរជាតិ។

នៅឆ្នាំ១៩១៧ នៅពេលដែលរុស្ស៊ីត្រូវទទួលរងការខូចខាតខ្លាំង ដោយសង្រ្គាមលោកលើកទី១ ចលនាប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ក៏បានរាលដាលទៅជាចលនាបដិវត្តន៍ (បដិវត្តន៍ខែកុម្ភៈ) ហើយឈានទៅធ្វើការផ្តួលរំលំស្តេចត្សារ៍ នីកូឡាទី២។

ប្រមាណជា១ខែក្រោយបដិវត្ត៍ លេនីន ដោយមានការជួយជ្រោមជ្រែងពីអាល្លឺម៉ង់ ក៏បានបញ្ឈប់ការនិរទេសខ្លួន នៅស្វ៊ីស ហើយធ្វើដំណើរវិលត្រឡប់មករុស្ស៊ីវិញ។ អាល្លឺម៉ង់ជួយលេនីន ដោយមើលឃើញថា លេនីន គឺជាអ្នកប្រឆាំងនឹងការណ៍ដែលរុស្ស៊ីប្រឡូកខ្លួនចូលក្នុងសង្រ្គាម លោក។ ដូច្នេះ អាល្លឺម៉ង់រំពឹងថា លេនីនអាចនឹងធ្វើឲ្យអន្តរាគមន៍របស់កងទ័ពរុស្ស៊ី ក្នុងសង្រ្គាមលោកលើកទី១ត្រូវធ្លាក់ចុះខ្សោយ។

នៅវិលត្រឡប់មកដល់រុស្ស៊ីវិញភ្លាម លេនីនបានចាប់ផ្តើមធ្វើការប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី ដែលកើតចេញពីបដិវត្តន៍ខែកុម្ភៈ។ ប៉ុន្មានខែក្រោយមកទៀត លេនីនបានដឹកនាំចលនាបដិវត្តន៍ថ្មីមួយទៀត គឺបដិវត្តន៍បុលឆេវិក ឬបដិវត្តន៍ខែតុលា ដែលតាមពិតត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជា “រដ្ឋប្រហារ” ទម្លាក់រដ្ឋាភិបាលបណ្តោះអាសន្ន ហើយបង្កើតរបបកុម្មុយនិស្តមួយជំនួសវិញ ដោយមានលេនីន ជាប្រមុខដឹកនាំ។

ក្រោយបដិវត្តន៍ខែតុលា រុស្ស៊ីត្រូវធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល អស់រយៈពេល ៣ឆ្នាំ ដែលនៅក្នុងអំឡុងពេលនោះ លេនីនបានប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាត់អ្នកប្រឆាំងនឹងបដិវត្តន៍ ដែលក្នុងនោះ មានប្រជាជនស៊ីវិលរាប់សិបម៉ឺននាក់ត្រូវបានប៉ូលិសសម្ងាត់របស់លេនីន ចាប់យកទៅធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោល ដោយគ្មានការជំនុំជម្រះ។

នៅទីបំផុត គឺលេនីនជាអ្នកទទួលជោគជ័យ ក្នុងសង្រ្គាមស៊ីវិល ហើយសហភាពសូវៀតក៏ត្រូវបានបង្កើតឡើង ដោយមានលេនីនជាប្រមុខរដ្ឋាភិបាល។ ក៏ប៉ុន្តែ សហភាពសូវៀតថ្មីនេះ ត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការខូចខាតពីសង្រ្គាមលោកលើកទី១ផង និងពីសង្រ្គាមស៊ីវិលក្នុងប្រទេសខ្លួនឯងផង។ ភាពក្រីក្រ និងគ្រោះអត់ឃ្លានបានកើតមានឡើងនៅស្ទើរតែគ្រប់ទីកន្លែង។ នៅទីបំផុត គឺដល់វេនលេនីនវិញម្តង ដែលត្រូវប្រឈមមុខនឹងចលនាបះបោររបស់ប្រជាជន។

ប្រឈមមុខនឹងបាតុកម្ម និងកូដកម្ម ដែលកើតមានឡើងនៅស្ទើរតែគ្រប់ទិសទី លេនីនក៏បានដាក់ចេញនូវនយោបាយសេដ្ឋកិច្ចថ្មី ដោយបន្ធូរបន្ថយកាតព្វកិច្ច លែងចាប់បង្ខំឲ្យប្រជាជនត្រូវតែលក់ស្រូវជូនរដ្ឋដូចកាលពីមុន ហើយបើកចំហឲ្យមានការលក់ស្រូវនៅលើទីផ្សារសេរីវិញ។

នៅឆ្នាំ១៩២២ លេនីនបានធ្លាក់ខ្លួនឈឺដោយជំងឺគាំងបេះដូង រហូតត្រូវពិការមួយចំហៀងខ្លួន ហើយត្រូវដកខ្លួនចេញពីកិច្ចការដឹកនាំប្រទេសប្រចាំថ្ងៃ។ ស្ថិតក្នុងស្ថានភាពសុខភាព ដែលចេះតែធ្លាក់ដុនដាបពីពីមួយថ្ងៃទៅមួយថ្ងៃ លេនីន ចាប់ផ្តើមបារម្ភ អំពីអនាគតរបស់សហភាពសូវៀត នៅក្រោយពេលលោកស្លាប់បាត់ទៅ។ កាន់តែគិត លេនីនកាន់តែមើលឃើញថា បក្សកុម្មុយនិស្ត និងរដ្ឋាភិបាលសូវៀតនៅពេលនោះ ចាប់ផ្តើមដើរកាន់តែឃ្លាតចាកឆ្ងាយពីគោលដៅបដិវត្តន៍។

នៅដើមឆ្នាំ១៩២៣ លេនីនបានរៀបចំសរសេរសំបុត្របណ្តាំមួយ ដោយបានបង្ហាញនូវវិប្បដិសារី ចំពោះរបៀបដឹកនាំតាមបែបផ្តាច់ការ ព្រមទាំងបានស្នើឲ្យបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលសូវៀត រៀបចំធ្វើកំណែទម្រង់លើរបៀបដឹកនាំរបស់ខ្លួន។ នៅក្នុងសំបុត្របណ្តាំនេះ លេនីនក៏បានបង្ហាញនូវក្តីព្រួយបារម្ភផងដែរថា ស្តាលីន ដែលនៅពេលនោះ ជាលេខាបក្សកុម្មុយនិស្ត បានប្រមូលផ្តុំអំណាចយកមកក្តោបក្តាប់ក្នុងដៃតែឯងច្រើនពេក ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ទៅថ្ងៃអនាគត ហើយបានស្នើឲ្យបក្សកុម្មុយនិស្តដកស្តាលីន ចេញពីតំណែងជាលេខាបក្ស។

លេនីនគ្រោងនឹងឲ្យគេយកសំបុត្របណ្តាំនេះទៅអាន នៅក្នុងសមាជរបស់បក្ស ក៏ប៉ុន្តែ សមាជមិនទាន់មកដល់ផង លេនីនត្រូវគាំងបេះដូងសាជាថ្មីម្តងទៀត ដែលម្តងនោះ លេនីនត្រូវពិការទាំងស្រុងរហូតកម្រើកក៏មិនបាន ហើយនិយាយស្តីអ្វីក៏មិនកើត។ ប្រមាណជិត ១០ខែក្រោយមក លេនីនត្រូវគាំងបេះដូងម្តងទៀត ដែលជាលើកចុងក្រោយ ហើយលោកទទួលមរណភាព នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤។ សាកសពរបស់ស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ីត្រូវបានគេរក្សាទុក រហូតមកទល់នឹងពេលបច្ចុប្បន្ន នៅឯទីលានក្រហម ក្នុងក្រុងម៉ូស្គូ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements