លោក ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំគណបក្សគួមីនតាងបន្តពីលោកស៊ុន យ៉ាតសេន

នៅឆ្នាំ១៩២៨ ក្រុមជាតិនិយមគួមីនតាង ដឹកនាំដោយ ចាង កាយចៀក បានវាយបង្រ្កាបពួកមេកន្ទ្រាញចិន បង្រួបបង្រួមទឹកដី ហើយបង្កើតរដ្ឋាភិបាលសាធារណរដ្ឋមួយឡើង ដែលមានរដ្ឋធានី នៅទីក្រុងណានជីង។ ក្រោមការដឹកនាំរបស់ ចាង កាយចៀក សាធារណរដ្ឋចិនបានស្តារឡើងវិញនូវអធិបតេយ្យភាពរបស់ចិន កាត់បន្ថយទឹកដីដែលស្ថិតក្រោមការកាន់កាប់របស់បរទេស (Concessions) ព្រមទាំងបានអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើតវិស័យឧស្សាហកម្មទំនើប។

ក៏ប៉ុន្តែ ការរីកចម្រើនទាំងនេះកើតមានតែនៅតាមទីក្រុងធំៗប៉ុណ្ណោះ។ ចំណែកនៅតាមទីជនបទវិញ ប្រជាកសិករ ដែលមានចំនួនភាគច្រើនលើសលុប នៅតែបន្តរស់នៅក្នុងភាពក្រីក្រដដែល។ គឺនៅតាមទីជនបទក្រីក្រនេះហើយ ដែលចលនាកុម្មុយនិស្តបានទាក់ទាញការគាំទ្រពីប្រជាកសិករ ដើម្បីធ្វើការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលនៅណានជីង។

ពួកកុម្មុយនិស្ត ដែលបាននាំគ្នារត់ចេញពីទីក្រុង ដើម្បីគេចចេញពីការកាប់សម្លាប់ពីសំណាក់ក្រុមចាង កាយចៀក កាលពីឆ្នាំ១៩២៧ បានបង្កើតជាចលនាតស៊ូនៅតាមទីជនបទ ហើយបានបង្កើតឡើងវិញនូវរចនាសម្ព័ន្ធបក្សកុម្មុយនិស្ត និងកងទ័ពបដិវត្តន៍ ដោយយកគំរូតាមចលនាកុម្មុយនិស្តលេនីន នៅរុស្ស៊ី។

ក៏ប៉ុន្តែ បើនិយាយពីទស្សនវិជ្ជានយោបាយ និងយុទ្ធសាស្រ្តទ័ពវិញចលនាកុម្មុយនិស្តចិនបានដើរមួយជំហានហួសចលនា កុម្មុយនិស្តលេនីន។ ម៉ៅ សេទុង ដែលបានសិក្សាពី “យុទ្ធសាស្រ្តសង្រ្គាម” របស់អ្នកប្រាជ្ញចិន ស៊ុន ហ្ស៊ូ (ស៊ុនអ៊ូ) និងចូលចិត្តអានរឿងនគរទាំងបី (សាមកុក) បានរៀបចំយុទ្ធសាស្រ្តសង្រ្គាមដ៏មានប្រសិទ្ធភាពមួយ គឺយុទ្ធសាស្រ្តទ័ពព្រៃ ដែលអ្នកប្រវត្តិសាស្រ្តខាងកងទ័ពទទួលស្គាល់ថាជាយុទ្ធសាស្រ្តទ័ព ដ៏មានប្រសិទ្ធភាព អាចឲ្យកងឧទ្ទាមដែលមានកម្លាំងខ្សោយយកឈ្នះលើកងទ័ពជាតិដែលមាន កម្លាំងខ្លាំងជាង។

គោលការណ៍គ្រឹះនៃយុទ្ធសាស្រ្តទ័ពព្រៃនេះត្រូវបានម៉ៅ សេទុង បង្កើតជាពាក្យស្លោកឲ្យកងទ័ពកុម្មុយនិស្តចិនយកទៅទន្ទេញយ៉ាងចាំ រត់មាត់ គឺ “សត្រូវវាយលុក យើងដកថយ។ សត្រូវសម្រាក យើងរំខាន។ សត្រូវនឿយហត់ យើងវាយបក។ សត្រូវដកថយ យើងដេញតាម។”

យុទ្ធសាស្រ្តទ័ពព្រៃ រួមជាមួយនឹងការបំពាក់បំប៉នមនោគមន៍វិជ្ជានយោបាយ និងវិន័យតឹងរ៉ឹង បានធ្វើឲ្យកងទ័ពកុម្មុយនិស្តអាចទប់ទល់នឹងការវាយលុកជាច្រើនលើក ពីសំណាក់កងទ័ពរបស់ចាង កាយចៀក ដែលមានចំនួនយ៉ាងច្រើនលើសលុប និងមានសព្វាវុធទំនើបៗ ហើយភាពវ័យឆ្លាតខាងយុទ្ធសាស្រ្តទ័ពនេះបានធ្វើឲ្យ ម៉ៅ សេទុង ត្រូវបានគេគោរពកោតខ្លាច និងបានក្លាយជាប្រមុខដឹកនាំបក្សកុម្មុយនិស្តចិន នៅឆ្នាំ១៩៣៥។

នៅឆ្នាំ១៩៣៥នោះ ក្រុមឧទ្ទាមកុម្មុយនិស្តម៉ៅ សេទុង បានទៅតាំងមូលដ្ឋានធំ នៅប៉ែកពាយ័ព្យប្រទេស ម្យ៉ាង ដើម្បីគេចចេញឲ្យឆ្ងាយពីណានជីង ដែលជាមូលដ្ឋានរបស់កងទ័ពចាង កាយចៀកផង និងម្យ៉ាងទៀត ដើម្បីចូលមកនៅក្បែរតំបន់ម៉ាន់ជូរី ដែលទើបនឹងត្រូវបានជប៉ុនឈ្លានពានចូលកាន់កាប់ កាលពីប៉ុន្មានឆ្នាំមុន។

នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ដោយឆ្លៀតក្នុងពេលដែលចិននៅមានសង្រ្គាមផ្ទៃក្នុង ហើយមិនទាន់អាចបង្រួបបង្រួមទឹកដីបានពេញលេញ ជប៉ុនបានបង្កើនការឈ្លានពានដណ្តើមកាន់កាប់ទឹកដី ដោយចូលកាន់កាប់តំបន់ម៉ាន់ជូរី នៅចុងឆ្នាំ១៩៣១ និងដើមឆ្នាំ១៩៣២។ តំបន់ម៉ាន់ជូរី ដែលស្ថិតនៅខាងជើង និងខាងកើតទីក្រុងប៉េកាំង គឺជាទឹកដីកំណើតរបស់ពួកម៉ាន់ជូនៃរាជវង្សឆេង ហើយជាដែនដីសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេស ព្រៃឈើ ធ្យូងថ្ម និងប្រេង។

អំពើឈ្លានពានរបស់ជប៉ុនទៅលើចិននេះ មិនត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ប៉ុន្មានទេ ដោយសារតែពេលនោះ សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប កំពុងតែវក់វីនឹងបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសខ្លួនឯង។ បញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចពិភពលោក (The Great Depression) ឆ្នាំ១៩២៩។

សង្គមប្រជាជាតិ ដែលជាស្ថាប័នពិភពលោកបង្កើតឡើង ក្រោយសង្រ្គាមលោកលើកទី១ បានត្រឹមតែថ្កោលទោសអំពើឈ្លានពានរបស់ជប៉ុនទៅលើចិន ក៏ប៉ុន្តែ ក៏មិនបានចាត់វិធានការអ្វីមួយទៅលើជប៉ុននោះដែរ។ ផ្ទុយទៅវិញ គឺជប៉ុន ដែលបានប្រកាសដកខ្លួនចេញពីសមាជិករបស់សង្គមប្រជាជាតិ ដើម្បីជាការតវ៉ាប្រឆាំងនឹងការណ៍ដែលសង្គមប្រជាជាតិថ្កោលទោស អំពើឈ្លានពានរបស់ជប៉ុនទៅលើចិន។

ការមិនសូវអើពើពីសហគមន៍អន្តរជាតិ គឺជារឿងមួយ ក៏ប៉ុន្តែ នៅក្នុងប្រទេសចិនខ្លួនឯងវិញ រដ្ឋាភិបាលរបស់ចាង កាយចៀក ក៏មិនសូវជារវីរវល់នឹងរឿងជប៉ុនឈ្លានពាននេះប៉ុន្មានដែរ ដោយសារតែនៅពេលនោះ ចាង កាយចៀក ផ្តោតអាទិភាពតែទៅលើការកម្ចាត់ពួកកុម្មុយនិស្ត ហើយមិនចង់ប្រឈមមុខខាងផ្នែកយោធាជាមួយជប៉ុន។ ចាង កាយចៀក តែងតែធ្វើការប្រៀបធៀបថា ការឈ្លានពានរបស់ជប៉ុនគឺជាជំងឺសើស្បែក ចំណែកចលនាកុម្មុយនិស្ត គឺជាជំងឺបេះដូង។ ដូច្នេះ ចិនត្រូវតែកម្ចាត់ពួកកុម្មុយនិស្តឲ្យអស់ជាមុនសិន ចាំងាកមកទប់ទល់នឹងជប៉ុនជាក្រោយ។ ក៏ប៉ុន្តែ ការប្រកាន់នូវឥរិយាបថបែបនេះបានធ្វើឲ្យចាង កាយចៀក ត្រូវប្រជាជនចិនចាត់ទុកថាជាមេដឹកនាំទន់ជ្រាយ ហើយសុខចិត្តលក់ទឹកដីឲ្យបរទេស ដើម្បីរក្សាអំណាចផ្ទាល់ខ្លួន។ ប្រជាប្រិយភាពរបស់ចាង កាយចៀកក៏ត្រូវធ្លាក់ចុះជាលំដាប់ ចំណែកពួកកុម្មុយនិស្តវិញ ដែលប្រកាន់នយោបាយប្រឆាំងនឹងជប៉ុនជាអាទិភាព បានទទួលនូវការគាំទ្រពីប្រជាជនកាន់តែច្រើនឡើងៗ។

នៅខែធ្នូ ឆ្នាំ១៩៣៦ នៅពេលចុះទៅបំពេញទស្សនកិច្ចនៅតាមខេត្ត ចាង កាយចៀក ត្រូវបានមេទ័ពម្នាក់ចាប់ជំរិត យកទៅឃុំឃាំង ហើយបង្ខំឲ្យចុះកិច្ចព្រមព្រៀងជាមួយម៉ៅ សេទុង ដើម្បីផ្អាកការវាយប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ហើយរួមដៃគ្នាទប់ទល់នឹងការឈ្លានពានរបស់ជប៉ុន។ ក្រោយពីជាប់ឃុំអស់រយៈពេល ២សប្តាហ៍ ចាង កាយចៀក ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយក្រោយពីបានវិលត្រឡប់ទៅដល់ណានជីងលោកក៏បានប្រកាសបញ្ចប់ សង្រ្គាមស៊ីវិលជាមួយពួកកុម្មុយនិស្ត។

ម៉ៅ សេទុង (ឆ្វេង) និង ចាង កាយចៀក ក្នុងពេលចុះសម្ព័ន្ធភាព ដើម្បីប្រឆាំងជប៉ុន

ឃើញបែបនេះ ជប៉ុនមានការបារម្ភខ្លាចចិនរួបរួមគ្នាពិបាកវាយយក ក៏ចាប់ផ្តើមប្រញាប់ប្រញាល់បើកប្រតិបត្តិការពង្រីកការឈ្លានពាន ចេញពីតំបន់ម៉ាន់ជូរី ចុះទៅទិសខាងត្បូង សំដៅទៅរដ្ឋធានីណានជីង។

ចាង កាយចៀក និងរដ្ឋាភិបាលសាធារណរដ្ឋចិនក៏បានបង្ខំចិត្តបោះបង់ក្រុងណានជីង ហើយរត់ទៅបង្កើតរដ្ឋធានីបណ្តោះអាសន្ន នៅក្រុងឆុងឈីង ក្នុងខេត្តស៊ីឈ័ន គឺនៅតំបន់ប៉ែកខាងលិចប្រទេស។ ក្នុងពេលជាមួយគ្នា កងទ័ពរបស់ចាង កាយចៀក ជាពិសេស ទ័ពអាកាសបានធ្វើការវាយឆ្មក់ទៅលើទាហានជប៉ុន ដើម្បីព្យាយាមរាំងដំណើរទាហានជប៉ុនកុំឲ្យវាតទីទៅប៉ែកខាងលិច ប្រទេសចិន។

ទាហានជប៉ុនដែលកាន់កាប់ប្រទេសចិនបានប្រកាន់យកនូវនយោបាយមួយ គឺថា នៅទីណាដែលពួកគេទៅដល់ អ្នកដែលសុខចិត្តចុះចាញ់នឹងត្រូវលើកលែង ឯអ្នកដែលរឹងរូសនឹងត្រូវសម្លាប់ចោល មិនថាជាទាហាន ឬក៏ស៊ីវិលនោះទេ។

នេះគឺជាអ្វីដែលបានកើតឡើង នៅពេលដែលទាហានជប៉ុនចូលដល់ណានជីង នៅចុងឆ្នាំ១៩៣៧។ ក្នុងរយៈពេលប្រមាណជា១ខែកន្លះ ទាហានជប៉ុនបានធ្វើការរំលោភ និងកាប់សម្លាប់ប្រជាជនស៊ីវិលចិនប្រមាណពី១០ម៉ឺន ទៅ៣០ម៉ឺននាក់ នៅក្នុងហេតុការណ៍ ដែលត្រូវបានគេស្គាល់ជាទូទៅថា “ការសម្លាប់រង្គាលនៅណានជីង”។ ការសម្លាប់រង្គាលដែលចិននៅតែបន្តធ្វើការរំឭកខួបជារៀងរាល់ឆ្នាំ រហូតមកទល់នឹងពេលបច្ចុប្បន្ន ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនទើបនឹងបានស្នើសុំឲ្យអង្គការយូណេស្កូបញ្ចូល ហេតុការណ៍នៅណានជីងនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅឆ្នាំ១៩៣៩ នៅពេលដែលសង្រ្គាមលោកលើកទី២ចាប់ផ្តើមផ្ទុះឡើង ប្រទេសចិនត្រូវបែងចែកជា៣ផ្នែក៖ មួយផ្នែកខាងកើតស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ខាងលិចនិងខាងត្បូងស្ថិតក្រោមការកាន់កាប់របស់កងទ័ពចាង កាយចៀក ចំណែកពួកកុម្មុយនិស្តគ្រប់គ្រងតំបន់តូចមួយ នៅប៉ែកពាយ័ព្យ។ ជាផ្លូវការ រដ្ឋាភិបាលសាធារណរដ្ឋរបស់ចាង កាយចៀក និងកងឧទ្ទាមកុម្មុយនិស្តរបស់ម៉ៅ សេទុង គឺជាសម្ព័ន្ធមិត្តនឹងគ្នា។ ក៏ប៉ុន្តែ សម្ព័ន្ធភាពនេះមាននៅលើតែក្រដាសប៉ុណ្ណោះ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

Advertisements