ស៊ុន យ៉ាតសេន មេដឹកនាំបដិវត្តន៍ផ្តួលរំលំរាជវង្សឆេង នៅឆ្នាំ១៩១១

ជាទូទៅ នៅពេលណាដែលគេនិយាយដល់បដិវត្តន៍នៅចិន គេច្រើនតែនាំគ្នាគិតទៅដល់បដិវត្តន៍កុម្មុយនិស្ត ដឹកនាំដោយម៉ៅសេទុង នៅឆ្នាំ១៩៤៩ និងនៅចន្លោះពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៦។ តែតាមពិត នៅចិន ក៏ដូចជា នៅរុស្ស៊ីដែរ បដិវត្តន៍កុម្មុយនិស្តគ្រាន់តែជាជំហានបន្ទាប់ ដែលកើតឡើងក្រោយពីមានបដិវត្តន៍ដើមមួយ គឺបដិវត្តន៍ផ្តួលរំលំរបបរាជានិយម។

សូមអាន៖ បដិវត្តន៍រុស្ស៊ី ឆ្នាំ១៩១៧

នៅរុស្ស៊ីបដិវត្តន៍ផ្តួលរំលំរបបរាជានិយម និងបដិវត្តន៍កុម្មុយនិស្តមានគម្លាតគ្នាតែប្រមាណជា ៨ខែប៉ុណ្ណោះ គឺបដិវត្តន៍ខែកុម្ភៈ និងបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ ចំណែកនៅចិនវិញ បដិវត្តន៍ទាំងពីរនេះមានគម្លាតគ្នារហូតដល់ទៅ ៣៨ឆ្នាំ ពោលគឺ បដិវត្តន៍ផ្តួលរំលំរបបរាជានិយមចិន បានកើតឡើង តាំងពីឆ្នាំ១៩១១។

បដិវត្តន៍ឆ្នាំ១៩១១ គឺជាលទ្ធផលនៃការធ្លាក់ចុះដុនដាបនៃរាជវង្សឆេង (Qing) របស់ពួកម៉ាន់ជូ ដែលបានគ្រប់គ្រងប្រទេសចិន ចាប់តាំងពីឆ្នាំ១៦៤៤ ក្រោយពីបានផ្តួលរំលំរាជវង្សម៉េង (Ming) របស់ជនជាតិហាន។

នៅក្នុងអំឡុងសតវត្សរ៍ទី១៩ នៅពេលដែលបណ្តាប្រទេសលោកខាងលិចស្គាល់នូវភាពរីកចម្រើន តាមរយៈបដិវត្តន៍ឧស្សាហកម្ម ចិនវិញត្រូវធ្លាក់ដុនដាប ដោយរាជវង្សឆេងត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ។ នៅក្នុងស្រុក រាជវង្សឆេងត្រូវប្រឈមមុខនឹងចលនាទាមទារឲ្យធ្វើកំណែទម្រង់របៀបដឹកនាំ រដ្ឋ ចំណែកពីខាងក្រៅប្រទេសវិញ ចិនត្រូវប្រឈមមុខនឹងការឈ្លានពានលុកលុយពីបរទេស ជាពិសេស ប្រទេសលោកខាងលិច។

នៅឆ្នាំ១៨៤០ សង្រ្គាមមួយបានផ្ទុះឡើង រវាងចិន និងអង់គ្លេស ដែលគេឲ្យឈ្មោះថា “សង្រ្គាមអាភៀន”។ សង្រ្គាមនេះបានកើតឡើង ក្រោយពីអាជ្ញាធរចិនបានធ្វើការបង្រ្កាបការជួញដូរអាភៀន ព្រមទាំងបានរឹបអូសយកអាភៀនរាប់តោនរបស់អង់គ្លេសមកបំផ្លាញចោល ដែលជាហេតុធ្វើឲ្យចក្រភពអង់គ្លេសផ្ទុះកំហឹង ហើយលើកទ័ពរាប់ម៉ឺននាក់ ចូលមកឈ្លានពានប្រទេសចិន។

ក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេល ២ឆ្នាំ កងទ័ពចិនត្រូវទទួលបរាជ័យ ហើយរាជវង្សឆេងត្រូវបង្ខំចិត្តកាត់កោះហុងកុងទៅឲ្យចក្រភពអង់គ្លេស ព្រមទាំងត្រូវបើកកំពង់ផែសំខាន់ៗជាច្រើនឲ្យអង់គ្លេស ក៏ដូចជា ប្រទេសលោកខាងលិចផ្សេងទៀតចូលធ្វើជំនួញដោយសេរី។ លើសពីនេះទៅទៀត ពលរដ្ឋទាំងអស់របស់លោកខាងលិច ដែលរស់នៅក្នុងប្រទេសចិន លែងស្ថិតនៅក្រោមច្បាប់ចិនទៀតហើយ តែត្រូវដាក់ឲ្យស្ថិតនៅក្រោមច្បាប់របស់លោកខាងលិចវិញ។ និយាយឲ្យចំ ចិនត្រូវបាត់បង់ស្ទើរតែទាំងស្រុងនូវអធិបតេយ្យភាពខាងនយោបាយ ពាណិជ្ជកម្ម និងនយោបាយការបរទេស។

នៅឆ្នាំ១៨៩៥ ចិនត្រូវបាត់បង់ទឹកដីកាន់តែច្រើនថែមទៀត ក្រោយពីចាញ់សង្រ្គាមទល់នឹងជប៉ុន (សង្រ្គាមដណ្តើមកាន់កាប់កូរ៉េ ឆ្នាំ១៨៩៤-១៨៩៥)។ ក្រៅពីត្រូវដកខ្លួនចេញពីកូរ៉េ ចិនត្រូវបង្ខំចិត្តសងការខូចខាតដល់ជប៉ុន ហើយត្រូវកាត់កោះតៃវ៉ាន់ ព្រមទាំងដែនដីម៉ាន់ជូរីមួយផ្នែកទៅឲ្យជប៉ុនកាន់កាប់។

សូមអាន៖ អាណាចក្រជប៉ុន មហាអំណាចអាណានិគមតែមួយគត់នៅអាស៊ី

នៅឆ្នាំ១៩០៨ រាជវង្សឆេងបានធ្លាក់ចុះកាន់តែដុនដាបរកលេខដាក់គ្មាន ក្រោយពីព្រះមហាក្សត្រចាស់សោយទិវង្គត ហើយរាជបល្ល័ង្កត្រូវធ្លាក់ទៅក្នុងដៃរាជទាយាទ ដែលមានអាយុទើបតែ ៣ឆ្នាំ គឺព្រះអង្គម្ចាស់ពូយី (Puyi) ដែលនឹងត្រូវក្លាយទៅជាអធិរាជចុងក្រោយបង្អស់នៃអាណាចក្រចិន។

បរាជ័យជាបន្តបន្ទាប់ នៅក្នុងសង្រ្គាមទល់នឹងបរទេស ជាពិសេស បរាជ័យដ៏គួរឲ្យអាម៉ាស់ទល់នឹងជប៉ុន ដែលគិតមកត្រឹមពេលនោះ ត្រូវបានគេចាត់ទុកថាជាកូនប្រទេសតូចមួយនោះ បានធ្វើឲ្យប្រជាជនចិនកាន់តែច្រើននាំគ្នាផ្ទុះកំហឹង ជាពិសេស ជនជាតិហាន ដែលជាជនជាតិភាគច្រើន យល់ថា រាជវង្សឆេងរបស់ពួកម៉ាន់ជូ គឺពួកក្បត់ជាតិលក់ប្រទេសទៅឲ្យបរទេស។ អំពើបះបោរជាច្រើនក៏បានផ្ទុះឡើង ដោយខ្លះជាក្រុមបះបោរប្រឆាំងនឹងជនបរទេស ហើយខ្លះទៀតជាចលនាបដិវត្តន៍ ដែលមានគោលដៅផ្តួលរំលំរាជវង្សឆេង ក្នុងចំណោមនោះ មានចលនាបដិវត្តន៍ដ៏ធំមួយ ដឹកនាំដោយស៊ុន យ៉ាតសេន។

ស៊ុន យ៉ាតសេន មានដើមកំណើតមកពីខេត្តខ្វាងទុង ហើយទទួលឥទ្ធិពលនៃការអប់រំ តាមបែបលោកខាងលិច។ ស៊ុន យ៉ាតសេន បានចាកចេញពីប្រទេសចិន ទៅរស់នៅ និងរៀនសូត្រ នៅហាវ៉ៃ តាំងពីអាយុ ១៣ឆ្នាំ។ ក្រោយមក លោកបានក្លាយខ្លួនជាគ្រិស្តបរិស័ទ និងបានទៅរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅក្នុងសកលវិទ្យាល័យអង់គ្លេស នៅកោះហុងកុង។ ក៏ប៉ុន្តែ ស៊ុន យ៉ាតសេន មិនបានចាប់យកអាជីពជាគ្រូពេទ្យនោះទេ ដោយងាកទៅប្រឡូកចូលក្នុងចលនាបដិវត្តន៍ ក្នុងគោលជំនឿមួយថា ក្តីសង្ឃឹមនៃអនាគតចិនមានតែមួយគត់ គឺផ្តួលរំលំរាជវង្សឆេង ហើយបង្កើតរបបសាធារណរដ្ឋមួយ ដែលប្រកាន់យកនូវរបៀបដឹកនាំបែបប្រជាធិបតេយ្យ ហើយធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដោយយកគំរូតាមប្រទេសលោកខាងលិច។

ស៊ុន យ៉ាតសេន បានបង្កើតនូវទ្រឹស្តីនយោបាយមួយថា ដើម្បីអាចក្លាយជាប្រទេសរុងរឿងមួយបាន ចិនត្រូវតែប្រកាន់យកនូវគោលការណ៍ធំៗចំនួន ៣ គឺ ជាតិនិយម ពោលគឺ ប្រទេសចិនសម្រាប់ជនជាតិចិន ហើយមិនមែនសម្រាប់ជនបរទេស, ប្រជាធិបតេយ្យ គឺប្រជាជនជាម្ចាស់អំណាច និង សង្គមនិយម ពោលគឺ សុខមាលភាពរបស់ប្រជាជនជាចម្បង។

នៅក្នុងការធ្វើបដិវត្តន៍ប្រឆាំងនឹងរាជវង្សឆេង ស៊ុន យ៉ាតសេន បានចំណាយពេលភាគច្រើនរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ជាពិសេស នៅជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។

យ័ន ស៊ីខាយ អតីតមេទ័ពក្នុងរាជវង្សឆេង ហើយបានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋចិន ក្រោយបដិវត្តន៍ឆ្នាំ១៩១១

នៅខែតុលា ឆ្នាំ១៩១១ នៅក្នុងក្រុងវូឆាង (Wuchang) ក្រុមបដិវត្តន៍មួយក្រុមដែលស្និទ្ធនឹងស៊ុន យ៉ាតសេន បាននាំគ្នាងើបឡើងបះបោរ រហូតវាយដណ្តើមកាន់កាប់ក្រុងវូឆាងទាំងមូល។ ដំណឹងស្តីពីជោគជ័យរបស់ក្រុមបះបោរនៅវូឆាង បានលេចឮទៅដល់តំបន់ផ្សេងៗទៀត ហើយចៅហ្វាយស្រុក ចៅហ្វាយខេត្តជាច្រើន បាននាំគ្នាប្រកាសផ្តាច់ខ្លួនឈប់ទទួលបញ្ជាពីព្រះមហាក្សត្រឆេង ក្នុងពេលជាមួយគ្នា កងទ័ពឆេងជាច្រើនបាននាំគ្នាផ្តាច់ខ្លួនចុះចូលជាមួយនឹងក្រុម ឧទ្ទាមបដិវត្តន៍។

ស្ថិតក្នុងស្ថានភាពដុនដាបនេះ ស្តេចឆេងបានតែងតាំងអតីតមេទ័ពដ៏ល្បីឈ្មោះម្នាក់ គឺ យ័ន ស៊ីខាយ (Yuan Sikhai) ឲ្យមកធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបង្រ្កាបក្រុមបះបោរ។ ក៏ប៉ុន្តែ ក្រោយពីបានអំណាចក្នុងដៃ យ័ន ស៊ីខាយ បែរជាទៅចរចាត្រូវរ៉ូវគ្នា ជាមួយនឹងក្រុមបដិវត្តន៍របស់ស៊ុន យ៉ាតសេន ដើម្បីបង្ខំឲ្យស្តេចឆេងដាក់រាជ្យ រួចហើយបង្កើតជារបបសាធារណរដ្ឋមួយឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២ ដោយ យ័ន ស៊ីខាយ ខ្លួនឯងផ្ទាល់ ជាអ្នកកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនេះ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
Source: Radio France International
ដោយ លោក សេង ឌីណា

 

 

Advertisements